ប៉ូលិស​ព្រំដែន​មួយ​រូប​នៅ​ប៉ោយប៉ែត​រង​ការ​ចោទ​ថា​ប្រើ​អំពើ​ហិង្សា

ប៉ូលិស​ការ​ពារ​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​វាយ​បុរស​ម្នាក់​បណ្ដាល​ឲ្យ​បែក​ក្បាល កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ដោយ​សារ​ជម្លោះ​ពាក្យ​សំដី​ដាក់​គ្នា​នៅ​ពេល​យប់។

ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដោយ​បាន​ប្ដឹង​ចោទ​ប្រកាន់​ប៉ូលិស​នៃ​វីរសេនា​តូច​ការ​ពារ​ព្រំដែន​៩១១ ពី​បទ​ប្រើ​អំពើ​ហិង្សា វាយ​ប្អូន​ប្រុស​របស់​គាត់​ម្នាក់ អាយុ​២០​ឆ្នាំ បណ្ដាល​ឲ្យ​បែក​ក្បាល។

លោក​ស្រី បុត ស្រីធំ ជា​ម្ចាស់​ហាង​អ៊ុត​សក់ នៅ​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​កញ្ញា​ថា លោក​ស្រី​បាន​ប្ដឹង​ទារ​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​២​ពាន់​ដុល្លារ ពី​ប៉ូលិស​ការ​ពារ​ព្រំដែន​៩១១ ឈ្មោះ រដ្ឋា ដែល​បាន​ប្រើ​ស្វាយ​កាំភ្លើង​វាយ​ប្អូន​ប្រុស​របស់​គាត់ ឈ្មោះ បុត រ៉ា​ណា មាន​វ័យ​២០​ឆ្នាំ ៖ «យក​កាំភ្លើង​មក គេ​អត់​មាន​សួរ​ហេតុ​ផល​ទេ គេ​វ៉ៃ​បណ្ដោយ វ៉ៃ​ខ្ញុំ​តែ​ប្អូន​ខ្ញុំ​ឃើញ យក​ក្បាល​រង​ទាន់ ខ្ញុំ​ទាម​ទារ​សង​ជំងឺ​ចិត្ត​ចំនួន​២​ពាន់​ដុល្លារ ប៉ុន្តែ​គ្រាន់​តែ​ថា សប្បាយ​ចិត្ត​នឹង​ការ​ឈ្លោះ​គ្នា​ចង់​បាន​លុយ អ្នក​ឯង​ទេ ប៉ុន្តែ​ចង់​ឲ្យ​អ្នក​ឯង​ដឹង​ថា តម្លៃ​កិត្តិយស​របស់​មនុស្ស»

អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល បាន​មាន​ប្រសាសន៍​ថា អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​លោក​ស្រី បុត ស្រីធំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ហើយ​សមត្ថកិច្ច​ប៉ូលិស និង​បើក​ការ​ស្រាវ​ជ្រាវ​ជុំវិញ​ករណី​នេះ។

មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន ដែល​រង​ការ​ចោទ​ប្រកាន់ ឈ្មោះ រដ្ឋា មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ប៉ុន្តែ​លោក ឈូក អាង មេ​បញ្ជា​ការ​វីរសេនា​តូច​ការ​ពារ​ព្រំដែន​៩១១ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ៖ «យើង​ការ​ពារ​ព្រំដែន កន្លែង​ហ្នឹង​ជា​កន្លែង​គោល​ដៅ​យាម ហើយ​យើង​ឃើញ​គេ​ផឹក​ស៊ី ម៉ោង​ជិត​១២​យប់​ហើយ យើង​ទៅ​ហាម​គេ​តើ យើង​មិន​មែន​ទៅ​វ៉ៃ​គេ​ទេ អា​ហ្នឹង​ក្បាល​វា​រត់​ទៅ​បុក និង​ជញ្ជាំង​ស៊ីម៉ង់​ទេ ដួល​ទៅ​ក្រឡិត​ក្បាល​ជង្គង់ និង​ស៊ីម៉ង់ រូបភាព​ហ្នឹង​មិន​មែន​ត្រូវ​នឹង​ស្វាយ​កាំភ្លើង​ទេ»

ទោះ​យ៉ាង​នេះ​ក្ដី លោក​ស្រី បុត ស្រី​ធំ បាន​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​២៣ ខែ​កញ្ញា វេលា​ម៉ោង​ជាង​១១​យប់ នៅ​ក្នុង​ផ្ទះ​ជួល​បើក​ហាង​អ៊ុត​សក់ ស្ថិត​នៅ​ជាប់​មាត់​អូរ ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ប្អូន​ប្រុស​របស់​អ្នក​ស្រី និង​កូន​ជាង​អ៊ុត​សក់ មាន​បើក​កម្មវិធី​ទទួល​ទាន​អាហារ​ជួប​ជុំ​គ្នា ហើយ​ក្រោយ​មក លោក​ស្រី​បាន​ស្រែក​ស្ដី​បន្ទោស​កូន​ជាង និង​ប្អូន​ប្រុស​គាត់ ឲ្យ​មើល​កូន​តូច​ម្នាក់​របស់​លោក​ស្រី ដែល​មាន​ជំងឺ​ស្នាក់​នៅ​ទី​នោះ​ស្រាប់។

តែ​ឈ្មោះ រដ្ឋា ជា​មន្ត្រី​ប៉ូលិស​ការ​ពារ​ព្រំដែន ចេញ​ពី​ផ្ទះ​ជួល​នៅ​ជិត​គ្នា​មក ស្រែក​ជេរ​គាត់ ទើប​លោក​ស្រី​ស្រែក​ជេរ​តប​វិញ។ រំពេច​នោះ ឈ្មោះ រដ្ឋា បាន​ចូល​ទៅ​យក​កាំភ្លើង​វែង​១​ដើម ចេញ​ពី​ក្នុង​ផ្ទះ​ជួល មក​វាយ​សំដៅ​ទៅ​លើ​រូប​លោក​​ស្រី តែ​ត្រូវ​ចំ​ក្បាល​ប្អូន​ប្រុស​គាត់ ឈ្មោះ បុត រ៉ាណា អាយុ​២០​ឆ្នាំ ដែល​បាន​ចូល​ខ្លួន​ទៅ​រង​ជំនួស​លោក​ស្រី។

លោក ស៊ុំ ចាន់​គា មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​បាន​អះ​អាង​ថា ករណី​នេះ ប៉ូលិស​ជា​អ្នក​ប្រើ​អំពើ​ហិង្សា។ លោក​ថា សមាគម​អាដហុក (Adhoc) ធ្វើ​អន្តរាគមន៍​ទៅ​អង្គភាព​វីរសេនា​តូច​ការពារ​ព្រំដែន​៩១១ និង​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​ជំរុញ​រឿង​ទំនាស់​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់៕