មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តរតនគិរី អះអាងថា មន្ត្រីប៉ូលិសខេត្តនេះ បានចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង ២នាក់ គឺលេខាធិការគណបក្សសង្គ្រោះជាតិខេត្ត លោក ងិន សុផាត និងប្រធានប្រតិបត្តិក្រុងបានលុង លោក ធឿន ប៊ុនធន បញ្ជូនទៅសាកសួរនៅស្នងការនគរបាលខេត្ត ដោយមិនដឹងមូលហេតុ កាលពីថ្ងៃទី២១ កញ្ញា កន្លងទៅ។
ភរិយាមន្ត្រីគណបក្សសង្គ្រោះជាតិ ក្រុងបានលុង អ្នកស្រី យ៉ាន់ ណារី ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២២ កញ្ញាថា មន្ត្រីប៉ូលិសជាច្រើននាក់បានចូលទៅចាប់ស្វាមីរបស់លោកស្រី នៅក្នុងហាងលក់បាយមួយកន្លែងនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង កាលពីព្រឹកថ្ងៃទី២១ កញ្ញា។ លោកស្រីបន្តថា ការចាប់ខ្លួននេះ គឺជារឿងអយុត្តិធម៌បំផុត ពីព្រោះមន្ត្រីប៉ូលិសចាប់ស្វាមីរបស់លោកស្រីដោយពុំបានប្រព្រឹត្តខុសច្បាប់ឡើយ៖ «ខ្ញុំចង់ប៉ូលិសដោះលែងគាត់មកវិញ ព្រោះប្ដីខ្ញុំអត់មានទោសត្រូវជាប់គុកនោះទេ។ គេថាប្ដីខ្ញុំបង្ហោះព័ត៌មានប្រមូលប្រជាពលរដ្ឋទៅចូលរួមទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញ។ ខ្ញុំយល់ថាអត់ត្រឹមត្រូវទេ ព្រោះនេះជាការសម្ដែងមតិរបស់ប្រជាពលរដ្ឋ»។
មន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់សុំមិនឱ្យបញ្ចេញឈ្មោះ និងសំឡេងឱ្យដឹងថា មន្ត្រីប៉ូលិសបានបញ្ជូនលោក ងិន សុផាត និង លោក ធឿន ប៊ុនធន ទៅឃុំខ្លួនស្នងការដ្ឋាននគរបាលខេត្តរតនគិរី រហូតមកទល់រសៀលថ្ងៃទី២២ កញ្ញា មិនទាន់ដោះលែងវិញនៅឡើយទេ។
អាស៊ីសេរីពុំអាចទាក់ទងស្នងការនគរបាលខេត្តរតនគិរី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះទេនៅថ្ងៃទី២២ កញ្ញា។
គិតត្រឹមរសៀលថ្ងៃទី២២ កញ្ញា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២៩នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ខ្លួន និងកំពុងស្ថិតនៅក្នុងពន្ធនាគារ និងច្រើននាក់ទៀតបានរត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារតែពួកគេធ្វើសកម្មភាពនយោបាយគាំទ្រនយោបាយរបស់គណបក្សប្រឆាំង ដែលច្បាប់កម្ពុជាអនុញ្ញាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។