របបក្រុងភ្នំពេញ ចាប់ខ្លួនសកម្មជនបក្សប្រឆាំងខេត្តកំពង់ស្ពឺម្នាក់ទៀត នៅថ្ងៃទី១០ តុលា ខណៈសមត្ថកិច្ចបានបញ្ជូនសកម្មជនបក្សប្រឆាំង ២នាក់ ដែលចាប់ខ្លួន កាលពីថ្ងៃទី៩ តុលា ទៅឃុំ នៅពន្ធនាគារខេត្ត។ សង្គមស៊ីវិលថា ការបង្កើនយុទ្ធនាការចាប់ខ្លួនសកម្មជនបក្សប្រឆាំង កើតឡើងដោយសារវិវាទនយោបាយ។
សមត្ថកិច្ចចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ទៀត នៅស្រុកភ្នំស្រួច គឺលោក ឈឹម ម៉ារឌី អាយុ ៤០ឆ្នាំ ជាកសិករ រស់នៅភូមិទី៣ ឃុំត្រែងត្រយឹង តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ លោក តុប ឈុនសុង។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីស្នងការខេត្តកំពង់ស្ពឺ លោក សម សាមួន និងអ្នកនាំពាក្យសាលាដំបូងខេត្ត លោក សីន វីរៈ បានទេ ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល នៅថ្ងៃទី១០ តុលា។ ប៉ុន្តែប្រព័ន្ធឃោសនាស្និទ្ធរបបក្រុងភ្នំពេញ (Freshnews) ចុះផ្សាយបង្ហាញរូបថត លោក ឈឹម ម៉ារឌី ត្រូវបានចាប់ខ្លួនហើយ ដោយមានជនស៊ីវិល ២នាក់ អង្គុយអមលោកនៅក្នុងឡាន។
រីឯអ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកំពង់ស្ពឺ លោក អាន ភិន ប្រាប់ ថា លោកមិនទាន់ទទួលបានព័ត៌មានអំពីការចាប់ខ្លួនលោក ឈឹម ម៉ារឌី នៅឡើយទេ។ ប៉ុន្តែសកម្មជនបក្សប្រឆាំង ២នាក់ នៅស្រុកបរសេដ្ឋ គឺលោក ពុយ តាក់ និងលោក អ៊ុំ យ៉ុន ដែលអាជ្ញាធរចាប់ កាលពីថ្ងៃទី៩ តុលា ត្រូវបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តហើយ។
សមត្ថកិច្ចចាប់ខ្លួនសកម្មជនបក្សប្រឆាំងស្រុកបរសេដ្ឋ លោក ពុយ តាក់ និងលោក អ៊ុំ យ៉ុន កាលថ្ងៃទី៩ តុលា ក្នុងបទចោទថា ធ្វើឱ្យបាត់ជំនឿលើការសម្រេចរបស់តុលាការ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ។ សកម្មជនទាំង២ ត្រូវបានចាប់ខ្លួននៅកន្លែងផ្សេងគ្នា។ ប៉ុន្តែនៅពេលសមត្ថកិច្ចចាប់លោក ពុយ តាក់ សមត្ថកិច្ច ក៏បានចាប់ខ្លួនប្អូនប្រុសបង្កើតលោក ពុយ តាក់ ម្នាក់ ឈ្មោះ ហ៊ុន ទីន ដោយសារលោកចូលទៅសួរនាំករណីចាប់ខ្លួនបងប្រុស។
ភរិយារបស់លោក ពុយ តាក់ គឺលោកស្រី ស ស្រីអូន ប្រាប់ថា លោកស្រីបានទៅសួររកប្ដី នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ តុលា តែប៉ូលិសយាមនៅច្រកទ្វារប្រាប់ថា លោកទាំងពីរ ត្រូវបានបញ្ជូនទៅពន្ធនាគារហើយ តែមិនទាន់អនុញ្ញាតឱ្យសាច់ញាតិ ធ្វើលិខិតសុំចូលជួបបានទេ ព្រោះទើបឃុំខ្លួនថ្មីថ្មោង៖ «ទៅសួរគេកន្លែងស្នងការ គេថាបញ្ជូនចូលពន្ធនាគារ អ៊ីចឹងទៅណាបង។ តែយើងចង់ធ្វើសំបុត្រចង់ជួបទៅ គេអត់ទាន់ធ្វើឱ្យ អត់មានទាន់បានជួបទេ មេគេអត់ទាន់ឱ្យច្បាប់ ឱ្យជួបអ៊ីចឹងណា ថាយើងទើបថ្មីៗអ៊ីចឹងហើយ អ្នកធ្វើការក្នុងហ្នឹង ថា ចាំដល់មេគេមក។ និយាយរួម គេមិនប្រាកដថា ឱ្យយើងជួបទេ ខ្ញុំក៏មិនរង់ចាំដែរ យើងមកផ្ទះគិតគូររកស៊ី អ៊ីចឹងទៅណា»។
ចំណែក លោក ហ៊ុន ទីន ប្អូនប្រុសរបស់ លោក ពុយ តាក់ មិនមែនជាសកម្មជនបក្សប្រឆាំងឡើយ តែលោកត្រូវបានចាប់ខ្លួន ដោយចោទពីបទរារាំង សមត្ថកិច្ចអនុវត្តសាលដីកាចាប់ខ្លួនលោក ពុយ តាក់។ លោកស្រី ស ស្រីអូន ថា លោក ហ៊ុន ទីន កំពុងឃុំខ្លួន ក្នុងស្នងការដ្ឋានប៉ូលិសខេត្ត ហើយប៉ូលិសប្រាប់ថា ត្រៀមបញ្ជូនទៅតុលាការ។
ពាក់ព័ន្ធនឹងយុទ្ធនាការចាប់ខ្លួនសកម្មជនបក្សប្រឆាំងរាល់ថ្ងៃនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា កើតពីជម្លោះនយោបាយនៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិលរូបនេះ សង្កេតឃើញថា មេដឹកនាំនយោបាយជាអ្នកបង្កើតវិបត្តិនយោបាយ ហើយនាំឱ្យមានការចាប់ខ្លួនពលរដ្ឋ៖ «ការចោទប្រកាន់គ្នា ទៅវិញទៅមក ហើយដាក់សារគ្នាទៅវិញ ទៅមកអ៊ីចឹងទៅ ហើយរហូតដល់មានការចាប់ខ្លួន នៅពេលកន្លងមក ទាំងអស់ហ្នឹង រហូតមកពេលហ្នឹង យើងចាត់ទុកថា ជាការចាប់ខ្លួនមួយ ដែលពាក់ព័ន្ធទៅនឹងជម្លោះនយោបាយរវាងគណបក្សធំទាំង២ហ្នឹង ជាជាងនូវការអនុវត្តច្បាប់»។
គិតត្រឹមថ្ងៃទី១០ តុលា របបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនបក្សប្រឆាំង ចំនួន ៣៩នាក់ដាក់ពន្ធនាគារ។ ចំណែកសកម្មជនបក្សប្រឆាំង ១៧៩នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ច និងតុលាការ ក្នុងរបបលោក ហ៊ុន សែន ចេញដីកាកោះហៅទៅសួរនាំ ខណៈសកម្មជនបក្សប្រឆាំងច្រើននាក់ផ្សេងទៀត រត់ភៀសខ្លួន ទីរកកន្លែងសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។