អាជ្ញាធររបបក្រុងភ្នំពេញ ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ២នាក់​ទៀត និង​ចោទ​ប្រកាន់​បន្ថែម ៤នាក់

0:00 / 0:00

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​២នាក់​ទៀត​ និង ចោទប្រកាន់បន្ថែម ៤ នាក់​​​ ដោយ​ចោទ​ប្រកាន់​ពី​បទ​រួមគំនិតក្បត់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ហៅ​វិធាន​ការ​របស់​តុលាការ​នេះ​ថា​ ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ ​ផ្នែក​នយោបាយ​លើ​​​ប្រជាពលរដ្ឋ​ ដើម្បី​រារាំង​កុំ​ឱ្យ​ពួកគាត់​ទៅ​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ​។

​មន្ត្រី​ប៉ូលិស​រាជធានី​ភ្នំពេញ ​ចាប់​ខ្លួន​ចៅសង្កាត់​ព្រែកប្រា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ឃិន​ សុខហៀង ​នៅ​យប់​ថ្ងៃ​ទី ០​៧ ខែ ​តុលា និង សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​បាធាយ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង គឺ លោក ហម វុទ្ធី ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ០៨ ​តុលា។

ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម លោក​ស្រី ថាន់ សារ៉ន ប្រាប់​អាស៊ី​សេរី កាលពី​​រសៀល​ថ្ងៃ​ទី​៨ ខែ​តុលា​​ថា ប៉ូលិស​ចាប់​ស្វាមី​របស់​លោក​ស្រី​នៅ​ហាង​លក់​កាហ្វេ​មួយ​កន្លែង​ នៅ​វាល​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ ​ដោយ​​មិន​​ដឹង​​មូលហេតុ។ លោកស្រី​ហៅ​​ការ​​ចាប់​​ខ្លួន​​នេះ​​ថា ជា​​ទង្វើ​​អយុត្តិធម៌​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​​មក​​លើ​​ស្វាមី​ ពីព្រោះ​​លោក ហម វុទ្ធី មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ឡើយ«គាត់​មិន​ដែល​មាន​សត្រូវ​ជា​មួយ​អ្នក​ជិត​ខាង​ទេ មាន​តែ​រឿង​នយោបាយ​តែ​ម្ដង ព្រោះ​គាត់​អត់​មាន​ដើរ​ទៅ​រក​រឿង​អ្នក​ណា​ផង​ មាន​តែ​ពលរដ្ឋ​ស្រលាញ់​គាត់​ពេញតែស្រុក​​​។ គិត​ទៅ​អាជ្ញាធរ​តាម​ចាប់​គាត់​តាំង​ពី​ថ្ងៃ​កាន់​បិណ្ឌ​ថ្ងៃ​ដំបូង​មក​ ហើយ​ដល់​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី​៧​ បាន​គាត់​​រត់​ភៀស​ខ្លួន​ទៅ​ភ្នំពេញ​»។

រីឯ​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញលោក ឃិន រឿន ថ្លែង​ថា មន្ត្រី​ប៉ូលិស ​៤នាក់ ​បាន​ចូល​ទៅ​ចាប់​លោក ឃិន សុខ​ហៀង នៅ​ក្នុង​ផ្ទះ​ស្ថិត​ក្នុង​សង្កាត់​ព្រែកឯង ខណ្ឌច្បារអំពៅ​ទាំង​​កម្រោល ​ដោយ​​ពុំ​​មាន​ដីកា​​ចាប់​​ខ្លួន​​ពី​​តុលាការ​​ឡើយ​។ លោក​ហៅ​ទង្វើ​របស់​ប៉ូលិស​នេះ​ថា ជា​​ការ​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​​មក​​លើ​​សកម្មជន​​ប្រឆាំង ​តាម​​បញ្ជា​​របស់​​មេ​​ដឹក​​នាំ​​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ដើម្បី​បាន​ដឹក​នាំ​ប្រទេស​ទៅ​មុខ​ទៀត តែ​ប៉ុណ្ណោះ៖ «សូម​​ឱ្យ​​សកម្មជន​​នៅ​​តាម​​រាជធានី​​ខេត្ត​​ទាំង​អស់​កុំ​បាក់​ទឹក​ចិត្ត​ឱ្យ​សោះ​ ព្រោះ​​យើង​​នៅ​​តែ​​ជាង ​៣០​ថ្ងៃ​​ទៀត​​ទេ​ យើង​នឹង​ជួប​មេ​ដឹក​នាំ​របស់​យើង​វិញ​ហើយ​ ពេល​នោះ​យើង​នឹង​ក្រោក​ឡើង​ទាំង​អស់​គ្នា​ទាមទារ​យក​សិទ្ធិ​សេរី​ភាព​ យក​ប្រជាធិបតេយ្យ​មក​វិញ​ ដើម្បី​ឱ្យ​ប្រទេស​យើង​រីក​ចំរើន​ដូច​ប្រទេស​ជិត​ខាង​។ ខ្ញុំ​ក៏​សំណូម​ពរ​ដល់​រដ្ឋាភិបាល​ដែរ​ បើ​រដ្ឋាភិបាល​នៅ​តែ​ចាប់​សកម្មជន​បក្ស​ប្រឆាំង​បែប​ ធ្វើ​ឱ្យ​ការ​ឈឺចាប់​របស់​សកម្មជន​កាន់​តែ​ខ្លាំង​ឡើង អ៊‍ីចឹង​ធ្វើ​ឱ្យ​ប្រទេស​មាន​ហានិភ័យ​នៅ​ពេល​ខាងមុខ​​»។

លោក​បន្ត​ថា​ រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ ​មិន​ដឹង​ប៉ូលិស​បញ្ជូន​សកម្មជន​ទាំង​២​រូប​ ទៅ​ឃុំ​ខ្លួន​នៅ​កន្លែង​ណា​នោះ​ទេ។

​​​​​​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ ស្នងការ​រាជធានី​ភ្នំពេញ​លោក ស ថេត​ ដើម្បី​សុំ​អត្ថាធិប្បាយ​ ជុំ​វិញ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ ​បាន​ទេ​ កាលពី​​ថ្ងៃ​ទី ០​៨ ខែ ​តុលា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ ពុំ​មាន​អ្នក​ទទួល​។

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែ​តុលា ​បាន​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៥នាក់​ រួម​មាន​លោក​ គ្រុយ សុខេមរិទ្ធ អ្នក​ស្រី​ សេង ខន អ្នកស្រី​ ទិត្យ សុផាត​ លោក​ រឿង សំណាង និង​លោក ឃិន សុខហៀង ​ពី​បទ​​​រួម​គំនិត​​ក្បត់។ តុលាការ​​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ​កាលពី​​ថ្ងៃ​ទី៧ តុលា​​នោះ​ថា ​សកម្មជន​​បក្ស​​ប្រឆាំង​​​ទាំង​ ៥​នាក់ និង​​មនុស្ស​មួយ​​​​​​​​​​​​​​​ចំនួន​ទៀត បាន​កៀរគរ​បំផុស​ប្រជាពលរដ្ឋ និង​មាន​ផែនការ​ដឹក​នាំ​​ក្រុម​​របស់​​ខ្លួន​ ធ្វើដំណើរ​ទៅ​ក្រុងភ្នំពេញ​ ដើម្បី​ចាំ​​ទទួល​​លោក សម រង្ស៊ី ដែល​គ្រោង​វិល​​ចូល​​មក​​កាន់​​មាតុ​ប្រទេស​​វិញ​ នៅ​​ថ្ងៃ​​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង​នេះ​ គឺ​ជាការ​គំរាមកំហែង​ បំភិតបំភ័យ​ផ្នែក​នយោបាយ​ដល់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បញ្ជាក់​ថា ​ការ​បង្ហោះ​សារ​ពាក់ព័ន្ធ​រឿង​នយោបាយ គឺ​មិន​ខុសច្បាប់​នោះ​ទេ​ ព្រោះ​​គឺ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់ ​ដែល​​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។ លោក​ហៅ​វិធាន​ការ​របស់​សមត្ថកិច្ច​នេះ​ ថា​ជា​ការ​រារាំង ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​​មុខ​នេះ​តែ​ប៉ុណ្ណោះ «ហើយ​អ្វី​ដែល​សំខាន់​ គឺ​អាជ្ញាធរ​​មិន​ចង់​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ ការ​បញ្ចេញ​មតិ​ណា​មួយ​ ដើម្បី​ឱ្យ​មាន​ការ​គាំទ្រ​ ទៅ​លើ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ វិល​ចូល​ស្រុក​វិញ​ទេ​។អីចឹង​ហើយ​ឱ្យ​តែ​សកម្មជន​បក្ស​ប្រឆាំង​ ដែល​សកម្ម​កន្លង​មក​ ដោយ​មាន​ការ​បង្ហោះ​​សារ​គាំទ្រ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ គឺ​ត្រូវ​ការ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន​ហើយ​»។

កាលពីថ្ងៃទី៨ ខែ​តលា តុលាការខេត្ត​ចំនួនពីរបន្ថែមទៀត គឺតុលាការ​ខេត្តបន្ទាយ​មាន​ជ័យ និង តុលាការ​ខេត្ត​សៀម​រាប បានចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិបន្ថែម ៤នាក់​ទៀត ដោយ​ ៣នាក់ នៅខេត្តបន្ទាយ​មាន​ជ័យ និង​ ម្នាក់​នៅខេត្ត​សៀម​រាប។ សកម្មជននៅខេត្ត​បន្ទាយមានជ័យ​ទាំងបីនាក់នោះ មានលោក ឆាំ សុភាន់ សមាជិក​​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​​គណបក្ស​​សង្គ្រោះ​ជាតិ​សង្កាត់​ប៉ោយប៉ែត លោក ផុង សុជាតិ និង​ជំនួយ​​ការ​​មេ​​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី​លោកស្រី ឃុន សាវរ៉ាន។ ឯសកម្មជនម្នាក់នៅខេត្ត​សៀម​រាបនោះ គឺ​​មន្រ្តី​​ក្រុម​​ប្រឹក្សា​​​ជាប់​​ឆ្នោត​​​បក្ស​ប្រឆាំង​ឃុំ​​ក្ដី​រុន ​លោក ឈុន វាន។

មន្រ្តីជាន់ខ្ពស់​ និង​ជា​ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិលោក អ៊ូ ចន្ទ័ឫទ្ធិ ចាត់​ទុក​ការ​ចាប់​ខ្លួន និង​​ចេញ​ដីកា​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​នេះ គឺ​គ្មានអ្វី​ក្រៅ​ពីគ្រាន់តែ​គម្រាម​កំហែង ដល់​​ប្រជា​ពលរដ្ឋ​ និង​សកម្មជន​​បក្ស​ប្រឆាំង​ ដែល​គ្រោង​ទៅទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃទី៩ ខែ​​វិច្ឆិកា​​នោះ​​តែ​​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោកបញ្ជាក់ថា គម្រោង​វិលត្រឡប់​ទៅ​កម្ពុជាវិញនេះ គ្មាន​ប្រែប្រួល​នោះឡើយ ហើយ​លោក​អះអាង​ថា លោកបានទាក់ទងទៅសកម្មជននៅមូលដ្ឋាន ដែលនៅតែ​បង្ហាញ​​ការ​តាំង​ចិត្ត​​ខ្ពស់ ក្នុង​ការ​​ត្រៀម​​ខ្លួន​​ទទួល​​លោក​ សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ​។ លោកអះអាងបន្ថែម​​ថា អ្នក​គាំទ្រ​បក្ស​ប្រឆាំង មិន​​បាក់​ទឹក​ចិត្ត​ទេ ប៉ុន្តែ កំពុង​​រក្សា​ការ​ស្ងៀមស្ងាត់​បន្តិច​សិន៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ កុំ​ឲ្យ​មានការ​តក់ស្លុត ហើយ​យើង​ត្រូ​វ​តែ​រួបរួម​គ្នា ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរជាប្រវត្តិសាស្រ្ត​​​​ នៅប្រទេស​កម្ពុជា។ ទោះ​​បីជាមាន​ការ​គំរាម​​កំហែង​រហូត​ដល់មានការ​អំពាវនាវ ឬ​ការ​ត្រៀម​​កងកម្លាំងប្រដាប់​អាវុធ មក​បង្ក្រាប មក​កម្ទេច ភាសាកម្ទេច​នេះ ​​គឹប្រើជំនាន់ប៉ុលពតទេ។ កាលណា​កម្ទេច គេប្រើកម្ទេច​តែ​ទៅ​លើ​របស់របរ ប៉ុន្តែ​ពេល​ណា​​គេ​ប្រើ​ភាសា​​កម្ទេច​​មកលើ​មនុស្ស គឺជាការ​ប្រឆាំង​នឹង​មនុស្ស​ជាតិ។​ ខ្ញុំ​យល់ថា អន្តរជាតិ​​គេ​​មិន​​អាច​​ឈរ​​មើល​​ឲ្យ​​អាជ្ញាធរ​​របប​ក្រុង​ភ្នំពេញ មក​កម្ទេច​មនុស្ស គ្រាន់តែ​មានមតិ​ផ្ទុយ​ពី​ខ្លួន​នោះទេ។ ដូច្នេះសូមបងប្អូន​កុំមានការ​តក់ស្លុត។ យើង​នឹង​ជួប​ជុំ​គ្នា​​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកាខាង​មុខ​នេះ ដើម្បី​ឲ្យ​មាន​ការ​​ផ្លាស់​​ប្តូរ​​ជា​វិជ្ជមាន​​នៅ​កម្ពុជា​​»។

គិត​មកត្រឹមថ្ងៃទី៩ ខែ តុលានេះ គឺនៅសល់​តែ ៣១ថ្ងៃទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃដែលលោក សម រង្ស៊ី សន្យា​​ថា នឹង​​វិល​ត្រឡប់​​ទៅ​កម្ពុជា​វិញ។ របបក្រុងភ្នំពេញធ្វើទុក្ខបុកម្នេញ​​កាន់​តែ​​ខ្លាំង​ឡើង ពេល​​ថ្ងៃ​នោះ​កាន់​តែ​កៀក​​មក​ដល់។ ត្រឹម​តែ​ពីរ​សប្តាហ៍​ចុងក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី២៦ ខែ​កញ្ញា ដល់​​ថ្ងៃ​ទី៨ ខែ​តុលា តុលាការ​​ខេត្ត​​ ក្រុង​​ចំនួន ៨ បាន​ចេញ​ដីកាជាបន្តបន្ទាប់​ ចោទប្រកាន់មន្រ្តី និង​សកម្មជនបក្សប្រឆាំងចំនួន ២៩នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី៩ ខែតុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣៤​នាក់​ហើយ ត្រូវ​​របប​​លោក ហ៊ុន សែន ចាប់​​ខ្លួន ​និង​​ឃុំឃាំង​​ក្នុង​​ពន្ធនាគារ។ ក្នុងនោះ មានសកម្មជន ១៧៩នាក់​ហើយ ដែល​​​ទទួល​បាន​ដីកា​កោះ​ហៅ​ទៅ​បំភ្លឺ ឬ​ត្រូវ​បាន​​ប៉ូលិស​កោះ​ហៅ​ទៅ​សាកសួរ​។ ក្រៅ​ពី​នេះ​ក៏​មាន​សកម្មជន​បក្ស​​ប្រឆាំង​​ជា​ច្រើន​​នាក់​​ទៀត​ បាន​​រត់​​ភៀស​ខ្លួន​ ដើម្បី​​គេច​​ចេញ​​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​របប​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។