នៅឯខេត្តបាត់ដំបង សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន៥នាក់ បន្ថែមទៀត បានចូលខ្លួនបំភ្លឺតាមការកំណត់របស់តំណាងអយ្យការនៅសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៧ ឧសភា ដោយមានអ្នកគាំទ្រជាច្រើននាក់ឃ្លាំមើលនៅខាងក្រៅរបងតុលាការដូចថ្ងៃមុនៗដែរ។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតស្រុកគាស់ក្រឡគណបក្សសង្គ្រោះជាតិលោក ថោង សារឿន ប្រាប់អាស៊ីសេរី ថា មន្ត្រីតុលាការចំនួន២នាក់បានសាកសួរលោកជាង១ម៉ោង អំពីការជួបជុំគ្នាហូបនំបញ្ចុកនៅផ្ទះរបស់លោក ជា ជីវ ប្រធានគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង កាលពីឆ្នាំ២០១៨កន្លងទៅ។ «»
លោកបន្តថា ពួកគាត់ទាំង៥នាក់បានត្រឡប់ទៅផ្ទះវិញអស់ហើយ បន្ទាប់ពីចូលបំភ្លឺតុលាការរួចនៅសៀលថ្ងៃដដែល។
ក្នុងដីកាកោះហៅចេញដោយតំណាងអយ្យការនៃសាលាដំបូងខេត្តបាត់ដំបងលោក គឺ ប៊ុណ្ណារ៉ា បានចោទប្រកាន់ លោក ថោង សារឿន និងមន្ត្រីបក្សប្រឆាំង៤នាក់ផ្សេងទៀតថា ប្រឆាំងសាលដីកាតុលាការកំពូល រឿងរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៧។
ប៉ុន្តែកន្លងមកមន្ត្រីសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សអន្តរជាតិហៅដីកាកោះនេះថា ជាអំពើគំរាមកំហែងបំភិតបំភ័យដល់មន្ត្រីបក្សប្រឆាំង ដើម្បីកុំឱ្យពួកគាត់ធ្វើសកម្មភាពនយោបាយគាំទ្រលោក សម រង្ស៊ី និង លោក កឹម សុខា បន្តទៀត។
គិតត្រឹមថ្ងៃទី១៧ ខែឧសភា តំណាងអយ្យការនៃសាលាដំបូងខេត្តបាត់ដំបង បានកោះហៅមេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ក្រុង និងក្រុមប្រឹក្សាខេត្តបាត់ដំបង គណបក្ស សង្គ្រោះជាតិ ចំនួន ៣៥នាក់ហើយ ឱ្យចូលបំភ្លឺនៅតុលាការ ចាប់តាំងពីថ្ងៃទី៨ ឧសភាមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។