"៥ឆ្នាំក្រោយឃាតកម្មបណ្ឌិត កែម ឡី របបលោក ហ៊ុន សែន ងាកមកប្រើតុលាការចាប់ចងក្រុមអ្នករិះគន់"
2021.07.01
៥ឆ្នាំក្រោយអំពើឃាតកម្មដ៏កក្រើកលើអ្នកវិភាគសង្គម បណ្ឌិត កែម ឡី មន្ត្រីជំនាញសិទ្ធិមនុស្សអន្តរជាតិ មើលឃើញថា កម្ពុជាហាក់កំពុងដើរចូលរបត់នយោបាយថ្មីមួយ។ របត់នយោបាយនោះគឺរបបលោក ហ៊ុន សែន ទំនងជាផ្លាស់ប្ដូរវិធីសាស្ត្រនៃការគ្រប់គ្រងប្រទេស ពីការផ្អាកប្រើប្រាស់អំពើហិង្សាផ្នែកនយោបាយតាមរយៈករណីឃាតកម្មមកលើសកម្មជនបក្សប្រឆាំង និងក្រុមអ្នករិះគន់ មកជាការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាប់ចងក្រុមអ្នករិះគន់ដាក់ពន្ធនាគារវិញម្តង។ មន្ត្រីជំនាញរូបនោះ លើកឡើងថា ការធ្វើដូច្នេះ គឺដោយសារតែរបបលោក ហ៊ុន សែន យល់ថា ការប្រើប្រាស់អំពើហិង្សាផ្នែកនយោបាយអាចនាំឱ្យមានប្រតិកម្មខ្លាំងក្លាពីសហគមន៍ជាតិ និងអន្តរជាតិ ហើយអាចធ្វើឱ្យលោក ហ៊ុន សែន ប្រឈមនូវបញ្ហាជាច្រើនក្រោយបាត់បង់អំណាច។
ឃាតកម្មលើបណ្ឌិត កែម ឡី ទំនងជាក្លាយជាករណីឃាតកម្មចុងក្រោយនៅកម្ពុជាដែលរងការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ ៥ឆ្នាំក្រោយអំពើឃាតកម្មនេះ ពលរដ្ឋកម្ពុជាហាក់នៅមិនទាន់ឃើញមានករណីស្រដៀងគ្នានេះកើតមានឡើងទៀតនៅក្នុងសង្គមរបស់ពួកគេក្រោមរបបដឹកនាំរបស់លោក ហ៊ុន សែន។ ក៏ប៉ុន្តែ ពួកគេបែរជាឃើញមានការកើនឡើងករណីប្រើប្រាស់អំពើហិង្សាលើរាងកាយ។ ទន្ទឹមនឹងនេះ អ្វីដែលកំពុងក្លាយជានិន្នាការដ៏ពេញនិយមមួយទៀតនោះ គឺការប្រើប្រាស់ប្រព័ន្ធតុលាការចាប់ចងដាក់គុកច្រវាក់ក្រុមអ្នករិះគន់ឥតស្រាកស្រាន្ត មិនថា ពួកគេជាអនីតិជន មានពិការភាពផ្នែកស្មារតី ឬអនាគតទំពាំងស្នងឫស្សីនៃប្រទេសជាតិយ៉ាងណានោះទេ។ គ្មានឡើយការអនុគ្រោះ។
ក្រោមក្រសែភ្នែករបស់គណបក្សកាន់អំណាច ក្រុមអ្នករិះគន់បានក្លាយទៅជា សម្បុក «ភេរវករ» «ឧទ្ទាមក្រៅច្បាប់» ក្នុងយុគសម័យពាក្យស្លោក «អរគុណសន្តិភាព» របស់លោក ហ៊ុន សែន ដែលមិនសូវខុសគ្នាពីសម័យខ្មែរក្រហមដែលយកពលរដ្ឋខ្លួនឯងជាសត្រូវ បើទោះបីជាពួកគេគ្មានអាវុធ ឬគ្រាប់រំសេវសូម្បីតែមួយគ្រាប់នៅនឹងដៃក៏ដោយ។ ពលរដ្ឋដែលជាក្រុមអ្នករិះគន់ទាំងនេះ បានទទួលរងជាហូរហែនូវបទចោទ «រួមគំនិតក្បត់» «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋ ឬ «បង្កអំពើចលាចលធ្ងន់ធ្ងរនៅក្នុងសង្គម» ឬ«ប្រមាថព្រះមហាក្សត្រ» ជាដើម ពីតុលាការដែលមតិទូទៅថា ស្ថិតក្រោមការបង្គាប់បញ្ជារបស់របបឯកបក្ស។ ពីមួយថ្ងៃទៅមួយថ្ងៃ ព័ត៌មាននៃការចាប់ចងមនុស្សដាក់គុកច្រវាក់ កើតមានជាហូរហែ ដែលហាក់បីដូចជាសង្គមកម្ពុជាកំពុងក្លាយជាទីលានសមរភូមិសន្តិភាពក្រោមគំនរគុកច្រវាក់។

នាយកប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាមស៍ (Brad Adams) មើលឃើញថា កាលពីទសវត្ស១៩៩០ នៅពេលដែលអំណាចរបស់លោក ហ៊ុន សែន ស្ថិតក្នុងភាពមិននឹងន មានអំពើហិង្សានយោបាយជាច្រើនរាប់មិនអស់បានកើតឡើងនៅក្នុងសង្គមកម្ពុជា ជាពិសេសករណីឃាតកម្មពាក់ព័ន្ធនឹងរឿងនយោបាយ។ ក៏ប៉ុន្តែ លោកថា នាពេលបច្ចុប្បន្ននេះ អ្វីដែលកំពុងតែកើតមានឡើងនៅកម្ពុជានោះ គឺលោក ហ៊ុន សែន កំពុងប្រើប្រាស់នូវវិធីសាស្ត្រចាប់ចងដាក់គុកច្រវាក់លើក្រុមអ្នករិះគន់លោក ដោយសារតែមានប្រតិកម្មតិចតួចពីសហគមន៍ជាតិ និងអន្តរជាតិ៖ «លោក ហ៊ុន សែន អាចនឹងគិតថា ហេតុអ្វីក៏មិនចាប់ខ្លួនក្រុមអ្នករិះគន់ទាំងនោះទៅ? តើនឹងមានរឿងរ៉ាវអ្វីកើតឡើងចំពោះរូបលោក ឬរដ្ឋាភិបាលរបស់លោក? តើនឹងមានទណ្ឌកម្មដែរឬទេ? ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ហាក់បីដូចជានៅខ្សោយមែនទែន ពោលគឺត្រឹមតែ ២០% ប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំគិតថា លុះត្រាណាតែគាត់ប្រឈមនឹងទណ្ឌកម្មធ្ងន់ធ្ងរ ទើបគាត់ឈប់។ ម្យ៉ាងវិញទៀត គាត់មិនចាំបាច់ងាកទៅប្រើប្រាស់អំពើហិង្សាទេ ព្រោះការធ្វើដូច្នេះអាចនឹងធ្វើឱ្យគាត់ត្រូវប្រឈមនឹងបញ្ហាជាច្រើន។ ការប្រើប្រាស់អំពើហិង្សា នឹងនាំឱ្យមានប្រតិកម្មខ្លាំងក្លាពីក្នុងស្រុក និងអន្តរជាតិ»។
ក្រោយមរណភាពបណ្ឌិត កែម ឡី កាលពី ៥ឆ្នាំមុន របបលោក ហ៊ុន សែន បានបង្កើនយុទ្ធនាការបង្ក្រាបលើក្រុមអ្នករិះគន់ មានដូចជាសកម្មជនបក្សប្រឆាំង សកម្មជនសង្គម បរិស្ថាន អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាដើម ក្រោយរបបនេះបានប្រើប្រាស់ប្រព័ន្ធតុលាការចាប់ខ្លួនមេបក្សប្រឆាំង លោក កឹម សុខា ដាក់គុកទាំងកណ្តាលយប់ និងឈានទៅរម្លាយគណបក្សប្រឆាំងធំជាងគេកាលពីចុងឆ្នាំ២០១៧ បានដោយជោគជ័យដើម្បីធានាការក្តោបក្តាប់អំណាចក្រោមស្លាក «សន្តិភាព» សម្រាប់បក្ខពួកខ្លួនរួចមក។ មនុស្សយ៉ាងហោចណាស់ ២០០នាក់ ត្រូវបានរបបនេះកោះហៅមកសាកសួរ បង្ខំឱ្យសារភាព និងចាប់ខ្លួនកាលពីឆ្នាំ២០១៩ ដោយសារតែពួកគេពាក់ព័ន្ធជាមួយនឹងដំណើរមាតុភូមិនិវត្តរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្ងៃទី០៩ ខែវិច្ឆិកា។
យុទ្ធនាការបង្ក្រាបជាប្រព័ន្ធនេះ ក៏នៅតែបន្តឥតដាច់រហូតមកទល់ពេលបច្ចុប្បន្ននេះ បើទោះជាកម្ពុជាកំពុងប្រឈមនឹងជំងឺរាតត្បាតសាកលកូវីដ១៩យ៉ាងណាក៏ដោយ។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ យ៉ាងហោចណាស់មានក្រុមអ្នករិះគន់ជិត៨០នាក់ត្រូវបានរបបលោក ហ៊ុន សែន ចាប់ដាក់គុក បើទោះបីជាពួកគេមួយចំនួនជាយុវជនក្មេងខ្ចីស្ថិតនៅក្នុងវ័យសិក្សាក៏ដោយ។ ទន្ទឹមនឹងនេះ ក៏មានករណីប្រើប្រាស់អំពើហិង្សាលើក្រុមអ្នករិះគន់មិនតិចជាង ៣០ករណី ក្រោមរូបភាពជាការវាយប្រហារនៅតាមដងផ្លូវសាធារណៈដោយប្រើបំពង់ទីប ឬចោលដុំថ្ម ដែលក្រុមជនល្មើសមិនដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានឡើយ ហើយករណីមួយភាគធំបានធ្វើឱ្យជនរងគ្រោះរងរបួសស្ទើរពិការអស់មួយជីវិតក៏មាន។
លោក ប្រ៊ែដ អាដាមស៍ យល់ថា បើទោះបីជាមានការកើនឡើងនៃនិន្នាការចាប់ខ្លួនក្រុមអ្នករិះគន់យ៉ាងដូច្នេះក៏ដោយ ក៏លោកយល់ឃើញថា នេះមិនមែនមានន័យថា លោក ហ៊ុន សែន នឹងបញ្ឈប់ទាំងស្រុងលែងប្រើប្រាស់អំពើហិង្សាទ្រង់ទ្រាយធំផ្នែកនយោបាយទៀតនោះឡើយ។ លោកថា នៅពេលណាដែលលោក ហ៊ុន សែន មានអារម្មណ៍ថា អំណាចរបស់លោកកំពុងទទួលរងនូវការគំរាមកំហែងខ្លាំង នោះលោកនឹងងាកទៅប្រើប្រាស់វិធីសាស្ត្រអំពើហិង្សាផ្នែកនយោបាយដដែលឡើងវិញ។ ជាក់ស្តែងដូចជាករណីដែលលោក ហ៊ុន សែន បានដឹកនាំធ្វើរដ្ឋប្រហារបង្ហូរឈាមកាលពីខែកក្កដា ឆ្នាំ១៩៩៧ ដែលមន្ត្រី និងទាហ៊ានបក្សហ៊្វុនស៊ិនប៉ិច រាប់រយនាក់ត្រូវបានសម្លាប់ក្រៅប្រព័ន្ធតុលាការ។ លើសពីនោះទៀតសោត ក៏នៅមានព្រឹត្តិការណ៍បោកគ្រាប់បែកមុខរដ្ឋសភាជាតិ កាលពីចុងខែមីនា ឆ្នាំ១៩៩៧ ដែលបានបណ្តាលឱ្យក្រុមអ្នកតវ៉ារាប់សិននាក់រងបួស និងស្លាប់ ខណៈអាជ្ញាធរនៅតែមិនទាន់វែកមុខជនប្រព្រឹត្តិយកមកទទួលទោសតាមផ្លូវច្បាប់បាននៅឡើយ។
ដូចគ្នានេះដែរ ឃាតកម្មលើបណ្ឌិត កែម ឡី ទាំងកណ្តាលថ្ងៃត្រង់នៅរាជធានីភ្នំពេញកាលពី៥ឆ្នាំមុន ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មើលឃើញថា ជាអំពើឃាតកម្មពាក់ព័ន្ធនឹងរឿងនយោបាយ។ លោក ប្រ៊ែដ អាដាមស៍ ថា ឃាតកម្មនេះពិបាកកើតឡើងណាស់ប្រសិនបើគ្មានបញ្ជាណាមួយពីមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនោះ៖ «ខ្ញុំមិនដឹងថាតើលោក ហ៊ុន សែន ជាអ្នកនៅពីក្រោយការបញ្ជាឲ្យសម្លាប់លោក កែម ឡី ឬយ៉ាងណានោះទេ។ ប៉ុន្តែ មនុស្សភាគច្រើនដែលតាមដានស្ថានការណ៍នៅកម្ពុជា គិតថា វាជារឿងមិនអាចទៅរួចទេ ដែលមាននរណាម្នាក់ហ៊ានសម្រេចចិត្តធ្វើដូច្នេះ ដោយគ្មានការបញ្ជាពីថ្នាក់លើបំផុតនោះ»។

ជុំវិញមរណភាពរបស់បណ្ឌិត កែម ឡី នេះ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត សេង សារី មើលឃើញថា គឺជាការបាត់បង់ «ទ្រព្យរស់» របស់ជាតិ ដែលធ្លាប់ផ្តល់យោបល់ និងចំណេះដឹងទូលំទូលាយដល់ការអភិវឌ្ឍន៍សង្គម និងពលរដ្ឋ។ លោកថា គិតរហូតមកទល់ពេលនេះ យុត្តិធម៌នៅមិនទាន់មាននៅឡើយទេសម្រាប់បណ្ឌិត កែម ឡី និងក្រុមគ្រួសារលោក ខណៈឃាតកពិតប្រាកដមិនត្រូវបានអាជ្ញាធរវែកមុខចាប់ខ្លួនបាននៅឡើយ អស់រយៈពេល ៥ឆ្នាំមកនេះ រីឯស្ថានភាពសង្គមកម្ពុជាទៀតសោតក៏កាន់តែមានសភាពធ្លាក់ចុះដុនដាបកាន់តែខ្លាំងឡើង។ លោកយល់ថា អំពើឃាតកម្មនយោបាយនឹងនៅតែបន្តកើតមាន ប្រសិនបើមានពលរដ្ឋខ្មែរណាម្នាក់ដែលលេចធ្លោអាចធ្វើឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិតសង្គមជាថ្មីនោះ៖ «ច្បាស់ណាស់បាទ បើសិនជាក្នុងករណីមានអ្នកណាដែលអាច មិនត្រឹមតែលោកបណ្ឌិត កែម ឡី ទេ អ្នកណាក៏ដោយឱ្យតែអាចធ្វើឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិតពលរដ្ឋ ហើយការផ្លាស់ប្ដូរផ្នត់គំនិតនោះ ធ្វើឱ្យប៉ះពាល់ទៅដល់ផលប្រយោជន៍នយោបាយ ប៉ះពាល់ទៅដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកកាន់អំណាចហ្នឹង គឺនឹងមានកើតឡើងរឿងនេះម្តងទៀត»។

ស្រដៀងគ្នានេះ អ្នកជំនាញសិទ្ធិការងារ និងជានាយកប្រតិបត្តិមជ្ឈមណ្ឌលដើម្បីសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា យល់ស្របថា ករណីឃាតកម្មផ្នែកនយោបាយអាចនឹងមិនទាន់កើតមាន ដោយសារតែក្រុមអ្នកផ្តល់មតិសង្គម លែងហ៊ាននិយាយរិះគន់ចំៗដូចបណ្ឌិត កែម ឡី៖ «បើសិនជាយើងមើលមកវាហាក់ដូចជា មិនមានការបាញ់សម្លាប់អ្នកដែលគេហៅថា Public Figures បុគ្គលសាធារណៈដូចករណីលោកបណ្ឌិត កែម ឡី មែន។ ក៏ប៉ុន្តែ មិនមែនដោយសារការប្តូរឥរិយាបថរបស់រដ្ឋាភិបាល ឬក៏អាជ្ញាធរសព្វថ្ងៃទេ...។ ការណ៍ដែលមិនមានការបាញ់សម្លាប់អ្នកដែល Public Figures ហ្នឹង ប្រហែលជាមួយរយៈចុងក្រោយមក បន្ទាប់ពីមានការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺយើងឃើញថា អ្នកសិក្សាសង្គម អ្នកវិភាគសង្គម អ្នកផ្តល់ការអធិប្បាយពាក់ព័ន្ធនឹងរឿងនយោបាយ សេដ្ឋកិច្ច សង្គម ជាដើម គឺហាក់ដូចជាដូររបៀបក្នុងការផ្តល់យោបល់ ដោយរឿងខ្លះគាត់មិនហ៊ាននិយាយឱ្យអស់ដូចកាលពីជំនាន់លោកបណ្ឌិត កែម ឡី នោះទេ។ ត្រង់នេះហើយប្រហែលជាធ្វើឱ្យការនិយាយ ការផ្តល់ការវិភាគ វាមិនសូវជាចំ ឬក៏មិនសូវជាត្រង់ដូចកាលពីលោកបណ្ឌិត កែម ឡី។ អ៊ីចឹងហើយបានជាធ្វើឱ្យការណ៍ដែលសម្លាប់អ្នកវិភាគអី វាហាក់ដូចជាអត់ទាន់កើតមាន។ ខ្ញុំមិននិយាយថា នឹងមិនកើតមានទេ ប៉ុន្តែខ្ញុំគិតថា វាមិនទាន់កើតមាន»។
លោក មឿន តុលា បន្តថា បើទោះបីជាមិនមានករណីឃាតកម្មលើបុគ្គលលេចធ្លោដែលហ៊ាននិយាយរិះគន់នៅក្នុងសង្គមនារយៈពេលចុងក្រោយនេះក៏ដោយ សង្គមកម្ពុជានៅតែមានករណីអំពើហិង្សាផ្នែកនយោបាយលើក្រុមអ្នករិះគន់រដ្ឋាភិបាលដដែល។ ជាក់ស្តែង លោកថា មានសកម្មជនបក្សប្រឆាំងមិនតិចរូបទេ បានទទួលរងនូវការវាយប្រហារតាមដងផ្លូវជាសាធារណៈពីសំណាក់ក្រុមជនមិនស្គាល់អត្តសញ្ញាណ ព្រមទាំងករណីធ្វើទារុណកម្មមកលើសកម្មជននយោបាយក្នុងពេលឃុំឃាំងរហូតដល់ស្លាប់ជាដើម ហើយអាជ្ញាធរនៅតែបរាជ័យមិនអាចវែកមុខយកជនល្មើសមកផ្ដន្ទាទោសបានដដែល៖ «ខ្ញុំនៅតែមើលឃើញការប៉ុនប៉ងសម្លាប់ អំពើហិង្សាអីផ្សេងៗនៅក្រៅប្រព័ន្ធតុលាការដែរ ទៅលើសកម្មជននយោបាយ ជាពិសេស យើងឃើញរឿងក្តីក្តាំករណីមួយនៅដូចជាខេត្តបន្ទាយមានជ័យ រឿងការធ្វើទារុណកម្មយុវជនម្នាក់ដែលជាអ្នកទោស ហើយគាត់ហាក់ដូចជាសកម្មជននយោបាយផង ធ្វើទារុណកម្មរហូតដល់គាត់ស្លាប់ក្នុងពន្ធនាគារ។ នេះគឺជារឿងមួយធ្ងន់ធ្ងរណាស់។ នេះ គឺជារូបភាពមួយនៃការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការដែរ។ ការប្រើអំពើហិង្សាយកដែក ថ្នាំងឫស្សី យកទៅវាយមនុស្ស ឬសកម្មជននយោបាយកណ្តាលថ្ងៃប៉ុន្មាននាក់កន្លងមកនេះ ក៏សម្រាប់ខ្ញុំ គឺជាការប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា ហើយគ្រាន់ថា បើមើលទំហំនៃការវាយនោះបើមនុស្សមិនស្លាប់ទេ ក៏អាចនឹងមានបញ្ហាសតិដែរ»។
ឆ្លើយតបនឹងរឿងនេះ មិនខុសពីលើកមុនៗ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក កត្តា អ៊ន ច្រានចោលថា ករណីទាំងនោះជារឿងពាក់ព័ន្ធនឹងនយោបាយ។ លោកបដិសេធថា មិនមានករណីឃាតកម្មនយោបាយនៅកម្ពុជាទេ ហើយករណីឃាតកម្មលើបណ្ឌិត កែម ឡី ត្រូវបានអ្នកនយោបាយយកមកធ្វើជារឿងនយោបាយ ដើម្បីកេងចំណេញនយោបាយចំពោះមរណភាពរបស់លោក៖ «យើងមិនអាចវាយតម្លៃដោយគ្មានសេចក្តីសម្រេចពីតុលាការ ឬសមត្ថកិច្ចទេ។ អ៊ីចឹងហើយ ការណ៍ដែលទាញទៅរឿងនយោបាយគ្រាន់តែជាការទាញរឿងទៅតាមនិន្នាការក្រុម និន្នាការនយោបាយតែប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុងចំណាត់ការផ្លូវច្បាប់ទើបយើងដឹងថា នរណាជារឿងអ្វី។ អ៊ីចឹង កន្លងមកនេះ យើងឃើញថា តុលាការបានផ្ដន្ទាទោសជនមួយចំនួន គឺនៅក្នុងបរិបទនៃក្រមព្រហ្មទណ្ឌ វាមិនទាក់ទងទៅនឹងរឿងនយោបាយទេ ប៉ុន្តែនៅក្នុងករណីខ្លះនៃការស៊ើបអង្កេតនៅឡើយ ក៏យើងមិនអាចសន្និដ្ឋានថា រឿងនោះជារឿងនយោបាយ ឬក៏រឿងនោះជារឿងព្រហ្មទណ្ឌដែរ...។ ប៉ុន្តែផ្ទុយទៅវិញ អ្នកនយោបាយបានយកករណីស្លាប់របស់បណ្ឌិត កែម ឡី ធ្វើជារឿងនយោបាយទៅវិញ នេះជាការកេងចំណេញនយោបាយចំពោះមរណភាពរបស់ កែម ឡី ហើយជាការប្រើប្រាស់មនុស្សប្រើប្រាស់ប្រជាជនជាឧបករណ៍នយោបាយទៅវិញ»។
យ៉ាងណាក៏ដោយ នៅកម្ពុជា ស្ថាប័នតុលាការត្រូវមតិជាតិ និងអន្តរជាតិមើលឃើញថាស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាច។ កម្ពុជាជាប់លេខបាតតារាងអន្តរជាតិក្លាយជាប្រទេសពូកែខាងរំលោភច្បាប់ជាងគេនៅលើពិភពលោក ដែលមានប្រព័ន្ធតុលាការជាស្ថាប័នពូកែខាងប្រព្រឹត្តិអំពើពុករលួយខ្លាំងជាងគេ។
៥ឆ្នាំក្រោយឃាតកម្មបណ្ឌិត កែម ឡី បើទោះបីជាគេនៅមិនទាន់ដឹងច្បាស់ថា តើនឹងអាចមានករណីឃាតកម្មស្រដៀងគ្នានឹងករណីបណ្ឌិត កែម ឡី នេះ នៅក្នុងសង្គមកម្ពុជានាពេលអនាគតដែរឬយ៉ាងណានោះ អ្វីដែលគេអាចដឹងច្បាស់នាពេលនេះ គឺថា សង្គមកម្ពុជានឹងនៅតែបន្តមានការកើនឡើងករណីធ្វើទុក្ខបុកម្នេញ និងចាប់ចងក្រុមអ្នករិះគន់ដាក់គុកច្រវាក់ឥតល្ហែ។ ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែបន្តកាន់អំណាចក្រោមកណ្តាប់ដៃដែករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងចាត់ទុកក្រុមអ្នករិះគន់ថា ជា «សត្រូវសន្តិភាព» «ឧទ្ទាមក្រៅច្បាប់» ឬជា «ភេរវករ» ហើយតុលាការនៅតែពុំឯករាជ្យនោះ ដរាបនោះកម្ពុជានឹងនៅតែក្លាយជាប្រទេសដែលពោរពេញទៅដោយអ្នកទោសមនសិការ។ រីឯ «សន្តិភាព» ដែលលោក ហ៊ុន សែន អួតអាងថា លោកបានខិតខំកសាងដោយយកជីវិតទៅប្ដូរនោះ នឹងនៅតែបន្តផុយស្រួយ មិនខុសពីកេរ្តិ៍ដំណែលដ៏ចម្រូងចម្រាសរបស់លោកនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។