ក្រុមអង្គការសង្គមស៊ីវិលចំនួន ៦៤ ស្ថាប័នរួមគ្នា ទាមទារឱ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធានាឱ្យបាននូវលក្ខខណ្ឌអប្បបរមា ៦ ចំណុច ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ក្នុងនោះរួមមានការបង្កើតបរិយាកាសនយោបាយសេរី ការធានាសិទ្ធិនយោបាយ សិទ្ធិអ្នកបោះឆ្នោត សមាភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯករាជ្យភាពតុលាការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងធានាតួនាទី សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយជាដើម។
ចំណុចសំខាន់ៗទាំង ៦ ដែលក្រុមអង្គការសង្គមស៊ីវិលស្នើឡើងនោះ ជាកាតាព្វកិច្ចរបស់រដ្ឋាភិបាល ដែលមានចែងនៅក្នុងក្របខណ្ឌច្បាប់ជាតិ និងអន្តរជាតិ ដែលរដ្ឋាភិបាលបានទទួលស្គាល់។
មន្រ្តីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការ ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា បើទោះបីជារដ្ឋាភិបាលមានកាតព្វកិច្ចធានាការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ក្ដីក៏មួយរយៈចុងក្រោយនេះ មានក្របខណ្ឌច្បាប់មួយចំនួនត្រូវបង្កើតឡើង និងការអនុវត្តរបស់អាជ្ញាធររដ្ឋ បានបង្ហាញមានការប៉ះពាល់រួចទៅហើយទៅដំណើរការបោះឆ្នោតដូចកាលពីឆ្នាំ២០១៨។ លោកថា ចាំបាច់ណាស់ដែលរដ្ឋាភិបាលត្រូវពិចារណាផ្លាស់ប្ដូរ ឬស្ដារឡើងវិញតាមសំណើសង្គមស៊ីវិល យ៉ាងហាចណាស់ឱ្យបានត្រឹមកម្រិតដូចកាលពីឆ្នាំ២០១៧៖ «បើទោះបីជាក្នុងឆ្នាំ២០១៧នេះជាការរៀបចំមួយ ដែលដល់កម្រិតស្តង់ដារសេរី យុត្តិធម៌ និងត្រឹមត្រូវក៏ដោយ យើងមើលឃើញថា ភាគីពាក់ព័ន្ធអាចនឹងទទួលយកបាន។ ហើយក៏វាបានកម្រិតឱ្យការចូលរួមរបស់ពលរដ្ឋហ្នឹង ច្រើនលើសលប់មែនទែន។ ប៉ុន្តែយើងឃើញថា ក្រោយមកក្នុងឆ្នាំ២០១៨ យើងឃើញថា មានច្បាប់ជាច្រើនត្រូវធ្វើការកែទម្រង់ ដូចជាច្បាប់គណបក្សនយោបាយ ច្បាប់ទាក់ទងការបោះឆ្នោត ពិសេសទាក់ទងនឹងសិទ្ធិសេរីភាពបុគ្គល ឬគណក្សនយោបាយក៏ដោយ រួមទាំងកងកម្លាំងប្រដាប់អាវុធ ឬអាជ្ញាធរមានសមត្ថកិច្ចទៀតផង»។
ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលចេញកាលពីថ្ងៃទី១៤ ខែកក្កដាម្សិលម៉ិញ បញ្ជាក់លម្អិតពីចំណុចទាំង៦ ដែលបានស្នើឡើងក្នុងនោះរួមមាន៖ បរិយាកាសនយោបាយសេរី សំដៅដល់ការស្ដារសេរីភាពមូលដ្ឋានគ្រប់បែបយ៉ាងរបស់ពលរដ្ឋ ធានាសិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត ដែលផ្តោតលើការដោះលែងអ្នកជាប់ឃុំដោយសារអនុវត្តន៍សិទ្ធិនយោបាយ និងផ្ដល់សិទ្ធិឱ្យគ្រប់គណបក្សនយោបាយបានដំណើរការនយោបាយឡើងវិញ។ មួយទៀត គឺការធានាឆន្ទៈអ្នកបោះឆ្នោត ដែលសំដៅដល់ការស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយ និងច្បាប់បោះឆ្នោត បញ្ឈប់ការដកហូតអសានៈអ្នកតំណាងជាប់ឆ្នោត ដោយសារការរម្លាយគណបក្សនយោបាយជាដើម។ ជាមួយគ្នានេះ ត្រូវធានាឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ដែលអាចជឿទុកចិត្តបានដោយរក្សាសមាសភាពមកពីភាគីពាក់ព័ន្ធដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺ៤រូបមកពីបក្សកាន់អំណាច ៤រូបទៀតមកពីបក្សគ្មានអាសនៈក្នុងសភា និង១រូបពីខាងសង្គមស៊ីវិលជាដើម។ បន្ថែមពីនេះ គឺត្រូវធានាឯករាជ្យភាព និងអព្យាក្រឹតរបស់កងកម្លាំងប្រដាប់អាវុធ និងតុលាការ។ រីឯចំណុចចុងក្រោយ គឺធានាឱ្យក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចអនុវត្តតួនាទីពួកគេដោយសេរី។
ឆ្លើយតបនឹងសំណើនេះអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សកាន់អំណាចយល់ថា ស្ថាប័នរៀបចំការបោះឆ្នោតបច្ចុប្បន្នអាចធានាការបោះឆ្នោតបានដោយសេរី ដែលពលរដ្ឋអាចទទួលយកបាន៖ «បើសិនណាជា គ.ជ.ប អនុវត្តន៍តាមតួនាទី ភារកិច្ច ដែលកំណត់នីតិវិធីបោះឆ្នោត ស្របទៅតាមច្បាប់បោះឆ្នោត អាហ្នុងហើយជាអព្យាក្រឹត និងឯករាជ្យរបស់ គ.ជ.ប។ អតីតគណបក្សប្រឆាំងក៏ដោយ សង្គមស៊ីវិលមួយចំនួនក៏ដោយអ្នកណាយកព្រះឥន្ទមកធ្វើ គ.ជ.ប ក៏ដោយ ក៏នៅតែយល់ថា អត់អព្យាក្រឹតដែរ ប្រសិនបើគណបក្សប្រជាជននៅតែឈ្នះឆ្នោត។ វាមិនស្ថិតនៅលើអ្នកទទួលស្គាល់ ឬមិនទទួលស្គាល់ទេ វាអាស្រ័យទៅលើឆន្ទៈប្រជាពលរដ្ឋទូទាំងប្រទេស ថាតើគាត់ទទួលស្គាល់ សន្លឹកឆ្នោតរបស់គាត់ ឬអត់? បើប្រជាជនច្រើនលើសលុបដូចការបោះឆ្នោតឆ្នាំ២០១៨ ដល់ទៅជាងប៉ែតសិបភាគរយគេទទួលស្គាល់លទ្ធផលបោះឆ្នោត ដូច្នេះគ្មាននរណាមិនទទួលស្គាល់បានទេ ថាតែពាក្យទេ តែជាក់ស្ដែងទទួលស្គាល់»។
ចាប់តាំងពីការរម្លាយគណបក្សសង្រ្គោះជាតិកាលចុងឆ្នាំ២០១៧ និងព្រឹត្តិការណ៍បោះឆ្នោតបង្កើតរដ្ឋាភិបាល រដ្ឋសភាឯកបក្សកាលពីឆ្នាំ២០១៨មក សហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរដ្ឋាភិបាលលោក ហ៊ុន សែន ដោយសារតែការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងការគាស់រំលើងគ្រឹះប្រជាធិបតេយ្យ។ ក្រុមអ្នកតាមដានស្ថានការណ៍ជំរុញឱ្យរបបលោក ហ៊ុន សែន ប្រញាប់គិតគូរស្ដារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឱ្យបានមុនការបោះឆ្នោតខាងមុខ ដើម្បីបញ្ចៀសទណ្ឌកម្មជាហូរហែរបន្ថែមទៀតពីសហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។