កងទ័ព​កម្ពុជា និង​ចិន បាញ់​កាំភ្លើង​យន្ត​រួម​គ្នា​លើ​ដ្រូន (Drone) ស៊ើបការណ៍​របស់​សត្រូវ​ក្នុង​សម​យុទ្ធ «នាគមាស» លើក​ទី៦

0:00 / 0:00

កងទ័ព​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) ចាប់​ផ្ដើម​ធ្វើ​សម​យុទ្ធ​យោធា «នាគមាស» លើក​ទី៦ រយៈ​ពេល ១៥ថ្ងៃ ខណៈ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ត្រូវ​បាន​ចិន​កុម្មុយនិស្ត​ប្រើ​ជា​ឈ្នាន់​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ។ អ្នក​ជំនាញ​លើក​ឡើង​ថា កម្ពុជា​ហាក់​មិន​បាន​ប្រកាន់​ជំហរ​នយោបាយ​អព្យាក្រឹត្យ ដូច​មាន​ចែង​ក្នុង​ច្បាប់​ឡើយ ព្រោះ​កម្ពុជា​កំពុង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន​តែ​ម្ខាង។

កងទ័ព​កម្ពុជា និង​ចិន​សរុប​ជាង ២ពាន់​នាក់ (២.០៧៥) នៅ​ថ្ងៃ​ទី១៦ ខែឧសភា បាន​ចាប់​ផ្ដើម​បើក​ការ​ធ្វើ​សម​យុទ្ធ​យោធា «នាគមាស» លើក​ទី៦ រួម​គ្នា ក្រោម​ប្រធានបទ «ប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម​រួម និង​ការ​សង្គ្រោះ​មនុស្សធម៌» ស្ថិត​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កង​រាជ​អាវុធហត្ថ​ភ្នំជុំសែនរីករាយ នៅ​ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម​យុទ្ធ​យោធា «នាគមាស» រវាង​កងទ័ព​កម្ពុជា-ចិន ឆ្នាំ​នេះ​មាន​ទំហំ​ធំ និង​មាន​កងទ័ព​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុន ដែល​កាន់តែ​បង្ក​ក្ដី​បារម្ភ​ដល់​អ្នក​ឃ្លាំមើល​នយោបាយ​កម្ពុជា​ថា អាច​នាំ​មក​នូវ​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​ចេតនា​ពង្រីក​មូលដ្ឋាន​ទ័ព​ចិន​នៅ​លើ​ទឹក​ដី​កម្ពុជា។

សម​យុទ្ធ​យោធា «នាគមាស» លើក​ទី៦ កងទ័ព​កម្ពុជា និង​ចិន​ចាប់​ផ្ដើម​បាញ់​កាំភ្លើង​យន្ត​រួម​គ្នា លើ​ដ្រូន (Drone) ស៊ើបការណ៍​របស់​សត្រូវ និង​ការ​ហ្វឹកហ្វឺន​បោះ​សម្អាត​ជំរំ​ភេរវករ​ជា​ដើម។ ចំណែកការ​ធ្វើ​សម​យុទ្ធ​លើ​ទឹក​នៅ​តំបន់​លម្ហ​សមុទ្រ​ក្នុង​ខេត្តព្រះសីហនុ កងទ័ព​កម្ពុជា និង​ចិន នឹង​ចាប់​ផ្ដើម​ការ​អនុវត្ត​ប្រើប្រាស់​នាវា​ចម្បាំង ការ​ដោះ​ស្រាយ​ពេល​នាវា​មាន​បញ្ហា និង​ការ​បញ្ជូន​សារ​ជា​ដើម។

6th_Golden_Dragon_Military_Drill_051624_1a.jpg
ដ្រូន (Drone) ប្រដាប់ដោយកាំភ្លើងយន្ត ដែល​កងទ័ព​ចិនយក​មកប្រើ​ក្នុង​ការ​ហ្វឹកហាត់​ធ្វើ​សម​យុទ្ធ​យោធា «នាគមាស» លើក​ទី៦ រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) រយៈ​ពេល ១៥ថ្ងៃ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៦ ខែឧសភា ឆ្នាំ២០២៤។ រូបពីហ្វេសប៊ុកក្រសួងការពារជាតិ

ក្នុង​ពិធី​បើក​សម​យុទ្ធ «នាគមាស» លើក​ទី៦ នាយ​រង​សេនាធិការ​តំបន់​ភូមិភាគ​ខាង​ត្បូង នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន លោក កៅ សៀវ ឈីង (Kao Siew Ching) លើក​ឡើង​ថា ការ​ធ្វើ​សម​យុទ្ធ «នាគមាស» លើក​ទី៦ ភាគី​កម្ពុជា​បាន​ឯកភាព​គ្នា​ក្នុង​ការ​ពង្រឹង​សមត្ថភាព កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ មេ​ទ័ព​ចិន​រូប​នេះ​អះអាង​ថា តំបន់​អាស៊ី​អាគ្នេយ៍ ពុំ​មែន​ជា​តំបន់ ដែល​ប្រទេស​មហាអំណាច​ប្រកួត​ប្រជែង​ដណ្ដើម​ឥទ្ធិពល​គ្នា​នោះ​ទេ ហើយ​កម្ពុជា ក៏​គឺ​ជា​ប្រទេស​មួយ​ក្នុង​ការ​រួម​ចំណែក​ថែរក្សា​សន្តិភាព​ក្នុង​តំបន់។

លោក កៅ សៀវ ឈីង៖«សម​យុទ្ធ​លើក​នេះ​ភាគី​ទាំង​ពីរ​ធ្វើ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ដើម្បី​ពិភាក្សា​ឈ្មោះ​កង​កម្លាំង ការ​ធានា​ពាក់ព័ន្ធ​តាម​ផែនការ ដែល​កំណត់​ទុក​ជា​មុន ហើយ​ភាគី​ទាំង​ពីរ​បាន​ទទួល​ឯកភាព​គ្នា​គម្រោង​ផែនការ ខ្លឹមសារ​ហ្វឹកហាត់​ក្នុង​សម​យុទ្ធ​ឆ្នាំ​នេះ ក៏ សមស្រប​តាម​លក្ខខណ្ឌ​នៃ​ប្រទេស​ទាំង​ពីរ និង​ក្បួន​ការងារ​ធ្វើ​សង្គ្រាម​របស់​ប្រទេស​ទាំង​ពីរ»។

ជាមួយ​គ្នា​នេះ អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន ប្រកាស​ជា​ថ្មី​ទៀត​ថា កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​ចិន​តែ​មួយ​ជា​និច្ច និង​ប្រឆាំង​ដាច់ខាត​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង ឬ​ចលនា​បំបែក​ទឹក​ដី​ណា​មួយ​របស់​ចិន។ លើស​ពី​នេះ លោក​អះអាង​ថា ការ​ធ្វើ​សម​យុទ្ធ «នាគមាស» គឺ​ស្រប​តាម​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ ហើយ​កម្ពុជា ក៏​មិន​ចូល​បក្ខសម្ព័ន្ធ និង​ក៏​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​កងទ័ព​បរទេស​ណា​ឈរ​ជើង​លើ​ទឹក​ដី​ខ្លួន​ដែរ។

លោក វង្ស ពិសេន៖«កម្ពុជា​ប្រឆាំង​ដាច់ខាត​ការ​ជ្រៀតជ្រែក​ពី​បរទេស ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ខ្លួន ទោះបី​ក្រោម​រូបភាព​ណា​ក៏​ដោយ កម្ពុជា​មិន​ចង​សម្ពន្ធភាព​យោធា ឬ​ចូល​កិច្ច​ព្រមព្រៀង​យោធា​ណា​មួយ ដែល​មិន​ស្រប​នឹង​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន​ឡើយ។ កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស នៅ​លើ​ទឹកដី​របស់​ខ្លួន ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ លើកលែង​ក្នុង​ក្របខ័ណ្ឌ និង​សំណូមពរ​របស់​អង្គការសហប្រជាជាតិ(UN)»។

មេទ័ព​កម្ពុជា លោក វង្ស ពិសេន ក៏​បាន​បង្ហាញ​គោលបំណង​ចង់​ពង្រីក​សម​យុទ្ធ​យោធា​ជាមួយ​ចិន​ឱ្យ​ដល់​កម្រិត​កងទ័ព​ជើង​អាកាស​ផង​ដែរ។

សម​យុទ្ធ «នាគមាស» លើក​ទី៦ នេះ ចាប់​ពី​ថ្ងៃ​ទី១៦ ខែឧសភា ដល់​ថ្ងៃ​ទី៣០ ខែឧសភា។ ក្រសួង​ការពារ​ជាតិ​បាន​ប្រកាស​ឱ្យ​ដឹង នៅ​ថ្ងៃ​ទី១៦ ខែឧសភា​ថា សម​យុទ្ធ​យោធា «នាគមាស» លើក​ទី៦ ធ្វើ​ឡើង​ស្រប​តាម​កិច្ច​សហប្រតិបត្តិការ​ប្រចាំ​ឆ្នាំ និង​ក្នុង​គោលដៅ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​រវាង​កម្ពុជា និង​ចិន​ចំពោះ​ការ​ពង្រឹង​សមត្ថភាព​កងទ័ព​លើ​ការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ភេរវកម្ម ការ​ប្រឆាំង​ដ្រូន (Drone) ស៊ើបការណ៍​របស់​សត្រូវ និង​ពុំ​បាន​គំរាម​កំហែង​ដល់​ប្រទេស​ណា​មួយ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សម​យុទ្ធ​យោធា «នាគមាស» គឺ​ជា​រឿង​ល្អ​សម្រាប់​កងទ័ព​កម្ពុជា​ក្នុង​ការ​ពង្រឹង​សមត្ថភាព និង​ទទួល​បាន​បទ​ពិសោធន៍​ពី​កងទ័ព​ប្រទេស​ចិន។ ថ្វី​បើ​បែប​នេះ​ក្ដី លោក ឯម សុវណ្ណារ៉ា បន្ថែម​ថា កម្ពុជា​គួរ​រិះរក​មធ្យោបាយ​តាម​រយៈ​ការ​ស្ដារ​ស្ថានការណ៍​នយោបាយ​ឱ្យ​ល្អ​ប្រសើរ ដើម្បី​រៀបចំ​ធ្វើ​សម​យុទ្ធ​ជាមួយ​អាមេរិក និង​សម្ពន្ធមិត្ត​អាមេរិក​ឡើង​វិញ ដើម្បី​បង្ហាញ​ថា ខ្លួន​ពិត​ជា​មាន​ជំហរ​ឯករាជ្យ និង​មិន​លម្អៀង​ទៅ​ចិន​តែ​ម្ខាង។

លោក ឯម សុវណ្ណារ៉ា៖«ទូទៅ​ជា​កិច្ចការ​ល្អ​កម្ពុជា​ធ្វើ​សម​យុទ្ធ​យោធា​ជាមួយ​មហាអំណាច គ្រាន់តែ​យើង​ខ្វះ​តុល្យភាព​តិច ដោយសារ​តែ​យើង​អត់​មាន​សម​យុទ្ធ​យោធា​ជាមួយ​លោក​ខាង​លិច។ បើ​ទោះ​បី​ជា​ដំណាក់កាល​បច្ចុប្បន្ន​យើង​មាន​តែ​ជាមួយ​ចិន​ក៏​ដោយ ប៉ុន្តែ យើង​គួរ​ចាប់​ផ្ដើម​ស្ដារ​ឡើង​វិញ នូវ​ចំណុច​សង្ស័យ​គ្នា ចំណុច​មិន​ជឿ​ទុក​ចិត្ត​គ្នា​ឱ្យ​មក​ប្រក្រតីភាព​ឡើង​វិញ ខ្ញុំ​គិត​ថា យើង​អាច​ធ្វើ​បាន។ រឿង​ប្រទាញប្រទង់​ជា​របត់​ប៉ូល​នយោបាយ​ពហុ​ប៉ូល​ហើយ ជៀស​មិន​ផុត​ទេ ក្នុង​ការ​ប្រជែង​គ្នា រវាង​ប្រទេស​មហាអំណាច​ច្រើន ក៏​ប៉ុន្តែ​គ្រាន់​តែ​ថា កម្ពុជា​យើង​តើ​ត្រូវ​រៀប​ខ្លួន​បែប​ណា ជា​នយោបាយ​អព្យាក្រឹត្យ ដើម្បី​ឱ្យ​មហា​អំណាច​លើ​សកល​លោក​ទាំង​ខាង​កើត និង​ទាំង​ខាង​លិច​ជឿ​ថា កម្ពុជា​ពិត​ជា​អព្យាក្រឹត្យ​ពិត​ប្រាកដ»។

សម​យុទ្ធ​យោធា «នាគមាស» ដែល​កម្ពុជា និង​ចិន​បាន​រៀបចំ​ធ្វើ​ឡើង​ចំនួន ៥លើក​នា​ពេល​កន្លង​ទៅ គឺ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ផ្ដោត​សំខាន់​លើ​ការ​បង្ក្រាប​អំពើ​ភេរវកម្ម និង​ហ្វឹកហ្វឺន ពង្រឹង​សមត្ថភាព ចំពោះ​កងទ័ព​ជើងគោក​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ សម​យុទ្ធ​យោធា «នាគមាស» លើកទី៦ នេះ ប្រទេស​ចិន​បាន​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ចំនួន ៣គ្រឿង ដើម្បី​ធ្វើ​សម​យុទ្ធ​យោធា​នៅ​លើ​ផ្ទៃ​សមុទ្រ និង​ដែន​អាកាស​តំបន់​ខេត្តព្រះសីហនុ។

ប្រការ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​វាយ​តម្លៃ​ថា ការណ៍ ដែល​ចិន​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​មក​ចូល​ចត​នៅ​មូលដ្ឋាន​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​អាច​ជា​យុទ្ធសាស្ត្រ​របស់​ចិន ស្ទាបស្ទង់​ប្រតិកម្ម​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ និង​ជា​ការ​ធ្វើតេស្ត​សាកល្បង​ប្រើប្រាស់​កំពង់ផែ​រាម ក្នុង​គ្រា​ដែល​ភាគី​កម្ពុជា និង​ចិន គ្រោង​បិទ​បញ្ចប់​គម្រោង​នេះ នៅ​ចុង​ឆ្នាំ២០២៤។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ព្រមាន​ថា កម្ពុជា​គួរតែ​គិតគូរ​ឱ្យ​បាន​ស៊ីជម្រៅ ចំពោះ​ការ​បង្កើន​សកម្មភាព​យោធា ជាមួយ​ប្រទេស​ចិន​តែ​ម្ខាង ដើម្បី​បញ្ចៀស​កម្ពុជា​ចេញ​ពី​ការ​ធ្លាក់​ចូល​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ។

លោក សេង វណ្ណលី៖«សកម្មភាព​ណា​មួយ​ក៏​ដោយ ថ្វី​ដ្បិត​វា​ជួយ​ការ​ពង្រឹង​សច្ចភាព សមត្ថភាព​យោធា​របស់​កម្ពុជា មិន​ថា យោធា​កងទ័ព​ជើងគោក ឬ​ជើងទឹក កម្ពុជា​គួរតែ​វាយ​តម្លៃ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​ហានិភ័យ នៃ​ការ​ទាញ​ចូល​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ។ បើ​មិន​អ៊ីចឹង​ទេ បើ​យើង​គិត​តែ​អំពី​ផល​ប្រយោជន៍​នៃ​ការ​ធ្វើ​សម​យុទ្ធ ដើម្បី​ពង្រឹង​សច្ចភាព យោធា​របស់​ខ្លួន ដោយ​ព្រងើយ​កន្តើយ​ការ​រិះគន់ ក៏​ដូច​ជា​ហានិភ័យ ដែល​អាច​កើត​មាន​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ វា​នឹង​ធ្វើ​ឱ្យ​មិត្ត​របស់​កម្ពុជា ជាពិសេស ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ដទៃ​ទៀត នឹង​បាត់បង់ វា​នឹង​រាំងស្ទះ​ដល់​ការ​ធ្វើ​ប្រព្រឹត្តិកម្ម នៃ​ទំនាក់ទំនង​របស់​កម្ពុជា ការ​ពង្រីក​សច្ចភាព វិសាលភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា ធ្វើ​ឱ្យ​ប៉ះពាល់​មិន​ត្រឹមតែ​ស្ថានភាព​សេដ្ឋកិច្ច​ទេ បញ្ហា​សន្តិសុខ​ជាតិ ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពលខេមរភូមិន្ទ លោក ថោង សូលីម៉ូ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​លោក ឈុំ សុជាត ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែឧសភា។

ក្រុម​អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ការណ៍ ដែល​រដ្ឋាភិបាល​កម្ពុជា​ព្រងើយ​កន្តើយ​មិន​ធ្វើ​សម​យុទ្ធ​យោធា​ជាមួយ​អាមេរិក​ឡើង​វិញ បន្ទាប់​ពី​លុប​ចោល​ការ​ធ្វើ​សម​យុទ្ធ​យោធា​ជាមួយ​កងទ័ព​អាមេរិក និងអូស្ត្រាលីកាលពីឆ្នាំ២០១៧ ហើយ​ងាក​មក​ចាប់​ប្រទេស​ចិន​ជា​ខ្នង​បង្អែក​នោះ គឺ​ស្មើ​នឹង​កម្ពុជា​មិន​គោរព​កិច្ចសន្យា​របស់​ខ្លួន និង​អនុញ្ញាត​ឱ្យ​ចិន​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​កាន់​តែ​ជ្រៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។