តុលាការរបបក្រុងភ្នំពេញចោទសកម្មជនបក្សប្រឆាំង ៧នាក់ទៀតពីបទរួមគំនិតក្បត់
2019.10.07
សាលាដំបូងខេត្តឧត្ដរមានជ័យ និងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់សកម្មជនគណបក្សប្រឆាំងចំនួន ៧នាក់បន្ថែមទៀត ពីបទ រួមគំនិតក្បត់។ មន្ត្រីអង្គការសង្គមស៊ីវិលហៅវិធានការរបស់តុលាការនេះថា ជាការគំរាមកំហែងបំភិតបំភ័យផ្នែកនយោបាយលើប្រជាពលរដ្ឋ ដើម្បីរារាំងកុំឱ្យពួកគាត់ទៅគាំទ្រប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។
សកម្មជនគណបក្សប្រឆាំងខេត្តឧត្ដរមានជ័យចាត់ទុកការសម្រេចរបស់តុលាការនេះថា ជារឿងអយុត្តិធម៌មកលើពួកគាត់មិនអាចទទួលយកបានឡើយ។
សកម្មជនបក្សសង្គ្រោះជាតិខេត្តឧត្ដរមានជ័យលោក អូន ស្រ៊ាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៧តុលា លោកនិងសកម្មជនបក្សប្រឆាំងដទៃទៀតមិនបានប្រព្រឹត្តខុសច្បាប់ឡើយ។ លោកបន្តថា ការចោទប្រកាន់របស់តុលាការនេះ គឺជាការបំពេញតាមបំណងរបស់លោកហ៊ុន សែន ដើម្បីរក្សាអំណាចរបស់មន្ត្រីតុលាការប៉ុណ្ណោះ។លោកបញ្ជាក់ថា ថ្វីត្បិតតែរបប លោកហ៊ុន សែន ធ្វើទុក្ខបុកម្នេញមកលើពួកគេយ៉ាងនេះក្ដី ក៏ពួកលោកនៅតែប្រកាន់ជំហរអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ នៅថ្ងៃទី៩ វិច្ឆិកាដដែល៖ «ហើយជាពិសេសលោក ហ៊ុន សែន ភ័យខ្លាចបាត់បង់អំណាចរបស់គាត់ គឺគាត់ខំប្រឹងរកវិធីសាស្ត្រគ្រប់បែបយ៉ាងទាំងតុលាការផង ហើយគំរាមប្រជាពលរដ្ឋឱ្យចុះចូល នេះជាសារមួយ ដែលគំរាមដល់ប្រជាពលរដ្ឋ ដែលត្រៀមខ្លួនលោក សម រង្ស៊ី ឱ្យចុះចូលជាមួយលោកហ៊ុន សែន។ អីចឹងសម្រាប់ខ្ញុំ គឺដាច់ខាតមិនចុះចូលជាមួយពួកក្បត់ជាតិពិតប្រាកដនេះទេ អីចឹងហើយបានខ្ញុំសម្រេចចិត្តរួមដំណើរជាមួយលោកប្រធាន»។
អយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យបានសម្រេចចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិ ២នាក់ គឺលោក អូន ស៊្រាន និង លោក ម៉ក់ វណ្ណវិទ្ធី ពីបទរួមគំនិតក្បត់។ ស្របពេលជាមួយគ្នានេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញក៏បានចោទប្រកាន់សកម្មជនបក្សប្រឆាំងចំនួន ៥នាក់ រួមមានលោក គ្រុយ សុខេមរិទ្ធ អ្នកស្រី សេង ខន អ្នកស្រី ទិត្យ សុផាតិ លោក រឿង សំណាង និងលោក ឃិន សុខហៀង ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ ដូចគ្នានេះដែរ។ ស្ថាប័នអយ្យការទាំងពីរនេះបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលមានគំរូដូចគ្នា នៅថ្ងៃទី៧ តុលាថា សកម្មជនបក្សប្រឆាំងទាំង ៧នាក់ និងមនុស្សមួយចំនួនទៀត បានកៀរគរបំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រុមរបស់ខ្លួនធ្វើដំណើរទៅក្រុងភ្នំពេញ ដើម្បីចាំទទួលលោក សម រង្ស៊ី ដែលគ្រោងវិលចូលមកកាន់មាតុប្រទេសវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ចងសកម្មជនបក្សប្រឆាំងនេះ គឺជាគំរាមកំហែងបំភិតបំភ័យផ្នែកនយោបាយដល់អ្នកគាំទ្រគណបក្សប្រឆាំង ច្រើនជាងការអនុវត្តច្បាប់។ មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តថា ការបង្ហោះសារឈឺឆ្អាលរឿងនយោបាយ គឺជាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយស្របច្បាប់ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ លោកហៅវិធានការរបស់សមត្ថកិច្ចនេះ ថាជាចេតនារបស់អាជ្ញាធរ ដើម្បីរារាំងកុំឱ្យប្រជាពលរដ្ឋទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ៖ «ហើយមួយទៀតការធ្វើនេះ គឺបង្ហាញថា យើងកំពុងតែរឹតត្បិតសេរីភាព អ៊ីចឹង វាហាក់ដូចជាមានការរឹតបន្តឹង ជាពិសេសទៅលើអតីតសកម្មជនបក្សប្រឆាំង។ អីចឹងយើងថា ទង្វើទាំងអស់នេះវាអាចធ្វើឱ្យអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប ដែលលក្ខខណ្ឌ EBA ដែលជិតដល់ពេលដំបូងនៃការធ្វើរបាយការណ៍ហ្នឹង គេអាចមើលឃើញទិដ្ឋភាពទាំងអស់នេះ ដែលយើងមិនទាន់បានមានឆន្ទៈប្រាកដប្រជាក្នុងការស្ដារឡើងវិញនូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទេ»។
គិតត្រឹមថ្ងៃទី៦ តុលា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៣១នាក់ហើយ ត្រូវរបបលោក ហ៊ុន សែន ចាប់ខ្លួននិងឃុំឃាំងក្នុងពន្ធនាគារ ហើយមានសកម្មជនចំនួន ១៧៥នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅបំភ្លឺ និងត្រូវសមត្ថកិច្ចតាមចាប់ខ្លួន ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ ក្រៅពីនេះក៏មានសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយី និងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធររបបក្រុងភ្នំពេញ ដោយសារពួកគេឈឺឆ្អាលរឿងនយោបាយ។
ព័ត៌មានចុងក្រោយដែលអាស៊ីសេរីទទួលបាន បានឱ្យដឹងថា ប៉ូលិសនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួន អ្នកស្រី ទិត្យ សុផាតិ នៅម៉ោង ២រសៀលថ្ងៃទី៧ តុលា។ អ្នកស្រី ទិត្យ សុផាតិ គឺជាចៅសង្កាត់រង់ទី១ សង្កាត់ផ្សារដេប៉ូ២ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ។
មន្ត្រីគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ឃិន រឿន បានបញ្ជាក់ប្រាប់អាស៊ីសេរីថា ប៉ូលិសចំនួន ៣នាក់ បានចូលទៅចាប់អ្នកស្រីនៅពេលកំពុងមើលចៅនៅក្នុងផ្ទះ។ លោកបន្តថា ប៉ូលិសបានបញ្ជូនសកម្មជនបក្សរូបនេះទៅឃុំខ្លួននៅស្នងការរាជធានីភ្នំពេញនៅរសៀលថ្ងៃដដែល៕
(អ្នកស្រី ទិត្យ សុផាតិ គឺជាចៅសង្កាត់រង់ទី១ សង្កាត់ផ្សារដេប៉ូ២ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។