ពលរដ្ឋ​បារម្ភ​ខ្លាច​រដ្ឋបាល​ថ្មី​មិន​ប្រើ​គោលនយោបាយ​៧​ចំណុច​របស់​បក្ស​ប្រឆាំង

ដោយ ហ៊ុំ ចំរើន
2013.08.06
Share on WhatsApp
Share on WhatsApp

អ្នក​ខេត្ត​ព្រៃវែង បន្ត​ថា ហេតុ​ដែល​នាំ​ឲ្យ​ពួក​គាត់​មាន​ក្ដី​បារម្ភ​អំពី​បញ្ហា​ខាង​លើ បន្ទាប់​ពី​ពួកគាត់​បាន​ឃើញ​លទ្ធផល​មិន​ផ្លូវការ​ដែល​បាន​ចេញ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ ឬ​តាម​ការ​ផ្សាយ​បន្ត​របស់​វិទ្យុ​ក្នុង​ស្រុក​នៅ​ពេល​កន្លង​មក​ ខ្លះ​ថា គណបក្ស​ប្រឆាំង​ទទួល​បាន​អាសនៈ ៥៦ ហើយ​គណបក្ស​កាន់​អំណាច​ទទួល​បាន​កៅអី​ចំនួន ៦៧។

ប្រជាពលរដ្ឋ​បន្ត​ថា បើ​តាម​លទ្ធផល​មិន​ផ្លូវការ​ខាង​លើ គណបក្ស​សង្គ្រោះ​ជាតិ​ទំនង​ពុំ​មាន​ឱកាស​បាន​ដឹក​នាំ​ប្រទេស​ឡើយ។ លោក​ថា ដូចនេះ​គោល​នយោបាយ ៧​ចំណុច​របស់​គណបក្ស​ប្រឆាំង​ដែល​ជា​តម្រូវការ​របស់​ពលរដ្ឋ​​នោះ​ នឹង​ត្រូវ​រដ្ឋាភិបាល​​ថ្មី​​ធីប​ចោល​ជាក់​ជា​ពុំ​ខាន។

ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​រស់​នៅ​ឃុំ​ជ្រៃឃ្មុំ ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ សីហា ថា អ្នកស្រី​ចង់​ឃើញ​មេដឹកនាំ​ថ្មី​ដឹក​នាំ​ប្រទេស​កម្ពុជា។

លោកស្រី​ថា ទាំង​នេះ​គឺ​ដើម្បី​កាត់​​បន្ថយ​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច​មួយ​ចំនួន​នៅ​កម្ពុជា ដែល​អ្នក​ទាំង​នោះ​បាន​យក​អំណាច​របស់​ខ្លួន​ទៅ​គាប​សង្កាត់​លើ​ពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​អំណាច​ដូច​ខ្លួន​នោះ៖ «ចង់​បាន​មេ​ដឹក​ថ្មី លោក កឹម សុខា និង សម រង្ស៊ី និយាយ​ពី​អរ​ណាស់! ឲ្យ​តែ​ឃើញ​មក​កន្លែង​ណា​អរ​ទៅ​កន្លែង​ហ្នឹង មនុស្ស​ខាប់​ទឹក​ខាប់​ដី។ ប្រជាជន​សព្វ​ថ្ងៃ​បារម្ភ​ណាស់ បារម្ភ​ខ្លាច​ពីរ​នាក់​ហ្នឹង​មិន​បាន​ដឹក​នាំ​មូលហេតុ​ថា មេដឹកនាំ កឹម សុខា សម រង្ស៊ី ហ្នឹង មើល​ទៅ​គេ​ល្អ​ គេ​ចេះ ហើយ​គេ​មាន​មេត្តា»

ចំណែក​ឯ​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​បឹងស្នោរ ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បាន​អះអាង​ស្រដៀង​គ្នា​នេះ​ដែរ​ថា អំពើ​ពុករលួយ​នឹង​ត្រូវ​បាន​ថយ​ចុះ​ភ្លាមៗ ប្រសិន​បើ​រដ្ឋាភិបាល​ថ្មី​នាំ​គោលនយោបាយ ៧​ចំណុច​របស់​គណបក្ស​ប្រឆាំង​មក​ដឹក​នាំ​ប្រទេស​នោះ៖ «ខ្ញុំ​ភ័យ​ខ្លាច​គេ​មិន​យក​គោលការណ៍​ហ្នឹង​ទៅ​ប្រើ ព្រោះ​គោលការណ៍​នេះ​ជា​គោលការណ៍​របស់​អ្នក​ស្នេហា​ជាតិ មិន​មែន​ជា​គោលការណ៍​អ្នក​បំផ្លាញ​ជាតិ ជា​គោលការណ៍​អ្នក​ស្នេហា​ជាតិ​ ព្រោះ​អ្នក​ស្នេហា​ជាតិ​ហើយ​ដែល​ចេញ​គោលការណ៍​នេះ ព្រោះ​ខ្ញុំ​ដឹង​ដែរ​ ការ​អំពើ​ពុករលួយ​បាត់​បង់​ព្រៃ​ឈើ​អី​ទាំង​ឡាយ ខ្ញុំ​ព្រួយ​បារម្ភ​ណាស់​កន្លែង​ហ្នឹង ហើយ​ម្យ៉ាង​ទៀត​អន្តោប្រវេសន្ត​ច្រើន»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា បាន​បញ្ជាក់​ថា​ គណបក្ស​ប្រឆាំង​មាន​គោល​ជំហរ​ច្បាស់​លាស់​របស់​ខ្លួន គឺ​ទី​១ ធ្វើ​យ៉ាង​ណា​ការពារ​ផល​ប្រយោជន៍​របស់​រាស្ត្រ​ជា​ធំ ទី​២ លោក​ថា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូល​រួម​ប្រជុំ​សភា​ជា​ដាច់ខាត ប្រសិន​បើ​មិន​មាន​ស៊ើបអង្កេត​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បោះឆ្នោត​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ។

លោក កឹម សុខា៖ «ទី​៣ យើង​អត់​មាន​ចូល​ចម្រុះ​ជា​មួយ​រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ជា​ដាច់ខាត ព្រោះ​យើង​ដឹង​ថា យើង​ឈ្នះ​ហើយ។ ដូច្នេះ​យើង​ត្រូវ​តែ​ទៅ​រក​​ជោគជ័យ បោះ​យើង​ជូន​ប្រជាពលរដ្ឋ»

ទោះ​ជា​យ៉ាង​​នេះ​ក្ដី អ្នក​វិភាគ​សង្គម​ លោក កែម ឡី បាន​អះអាង​ថា ជំហាន​ដំបូង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចូល​ប្រជុំ​សភា និង​ដើម្បី​ឲ្យ​មាន​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។ ប៉ុន្តែ​លោក​ថា​ ក្នុង​ការ​ប្រជុំ​សភា​ដើម្បី​បង្កើត​រដ្ឋាភិបាល​នោះ​ គណបក្ស​ប្រឆាំង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចរចា​កែ​តម្រូវ​លក្ខណៈ​បច្ចេកទេស​ជា​មួយ​​គណបក្ស​កាន់​អំណាច​ឲ្យ​បាន។

លោក​ថា ទាំង​នេះ​គឺ​ដើម្បី​ជៀសវាង​​កុំ​ឲ្យ​ពលរដ្ឋ​អ្នក​ដែល​គាំទ្រ​​គណបក្ស​ប្រឆាំង​ខក​ចិត្ត​ចំពោះ​បញ្ហា​នេះ៖ «ហើយ​គណបក្ស​ប្រឆាំង​ចុះ​ប្រជាប្រិយភាព​យ៉ាង​គំហុក​តែ​ម្ដង។ ក្នុង​ករណី​ដែល​គណបក្ស​ប្រឆាំង​ចូល​ប្រជុំ​សភា ឬ​ក៏​ចូល​បង្កើត​រដ្ឋាភិបាល​ដោយ​មិន​បាន​កែ​តម្រូវ​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ហើយ​ផ្ដល់​តម្លាភាព​ដល់​ពលរដ្ឋ»

លោក កែម ឡី បន្ត​ថា វិធីសាស្ត្រ​ដែល​ល្អ​ គឺ​គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​នាំ​យក​គោល​នយោបាយ​ទាំង​សង​ខាង​ទៅ​ច្របាច់​បញ្ចូល​គ្នា និង​​នាំ​គោល​នយោបាយ​ទាំង​នោះ​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី។ លោក​ថា ធ្វើ​ដូច​នេះ​គឺ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់​ក៏ ៩០​ភាគរយ​ដែរ។

តែ​យ៉ាង​ណា​ក៏​ដោយ​ លទ្ធផល​ការ​បោះឆ្នោត​ពិត​ប្រាកដ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ពុំ​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ ហើយ​លទ្ធផល​ឆ្នោត​នឹង​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ខែ​កញ្ញា។

គោល​នយោបាយ ៧​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រជាពលរដ្ឋ​មាន​ក្ដី​កង្វល់​នោះ​ រួម​មាន ទី​១ ប្រជាពលរដ្ឋ​ដែន​មាន​អាយុ​ចាប់​ពី ៦៥ ឡើង​ទៅ​នឹង​ទទួល​បាន​ប្រាក់​ចំនួន ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ ទី​២ កម្មករ​ក្នុង​ម្នាក់​នឹង​ទទួល​បាន​ប្រាក់​ខែ​ទាប​បំផុត ៦០​ម៉ឺន​រៀល​ក្នុង​១​ខែ ទី​៣ មន្ត្រី​រាជការ​ក្នុង​ម្នាក់​នឹង​ទទួល​បាន​ប្រាក់​ខែ​ទាប​បំផុត ១​លាន​រៀល​ក្នុង​១​ខែ ទី​៤ ប្រជា​ពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម នឹង​​ទទួល​បាន​ការ​ធានា​តម្លៃ​កសិផល (តម្លៃ​ស្រូវ​ទាប​បំផុត ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម) ទី​៥ ប្រជាពលរដ្ឋ​ក្រីក្រ​នឹង​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ដោយ​ឥត​យក​ប្រាក់ ទី​៦ ប្រជាពលរដ្ឋ​គ្រប់រូប​នឹង​ទទួល​បាន​ឱកាស​អប់រំ​ដូច​គ្នា​ និង​ទទួល​បាន​ការងារ​ធ្វើ​ត្រឹម​ត្រូវ និង​ទី​៧ បញ្ចុះ​តម្លៃ​ប្រេង​ ជី កសិកម្ម​ អគ្គិសនី ​និង​បញ្ចុះ​អត្រា​ការ​ប្រាក់​ក្រោម ១​ភាគរយ​ក្នុង​១​ខែ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល