APHR ជំរុញឱ្យអឺរ៉ុបប្រើគ្រប់មធ្យោបាយដែលខ្លួនមានដើម្បីដាក់សម្ពាធរបបក្រុងភ្នំពេញ

ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR ជំរុញគណៈកម្មការអឺរ៉ុប ប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមាន រួមទាំងការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាឱ្យរបបនេះលុបចោលរាល់ការរឹតត្បិតលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ អង្គការ APHR គូសបញ្ជាក់ថា ការដាក់សម្ពោធនេះ គឺដើម្បីទាមទារឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ការផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញដល់មន្ត្រីគណបក្សនេះ អនុញ្ញាតឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងការដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស APHR ក៏បានជំរុញគណៈកម្មការអឺរ៉ុប ឱ្យពិគ្រោះយោបល់ និងពិចារណា ក្នុងអំឡុងពេលដំណើរការនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន ចំពោះរាល់ទស្សនៈនានារបស់អង្គការសង្គមស៊ីវិលឯករាជ្យនៅកម្ពុជា ក៏ដូចជាបរិបទទូលំទូលាយនៃដំណើរធាក់ថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ អង្គការ APHR ជំរុញឱ្យគណៈកម្មការអឺរ៉ុប ធ្វើការអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យងាកមកគោរព និងលើកកម្ពស់សិទ្ធិមនុស្សស្របតាមបទដ្ឋានអន្តរជាតិ ដូចដែលមានចែងក្នុងបទបញ្ញត្តិរបស់សហភាពអឺរ៉ុប ស្ដីពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់ខ្លួន។
ការជំរុញរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស APHR នេះ ធ្វើឡើងក្នុងរបាយការណ៍ស្ដីពីស្ថានភាពធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលអង្គការនេះបានចងក្រងឡើងកាលពីថ្ងៃទី១១ មីនា ដើម្បីដាក់ជូនគណៈកម្មការអឺរ៉ុប យកទៅធ្វើការពិចារណា ក្នុងការឈានទៅធ្វើការសម្រេចចិត្តជាផ្លូវការ ជុំវិញការដកហូតប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន។ ក្នុងរបាយការណ៍នេះ អង្គការនេះ បានរំឭកឡើងវិញអំពីដំណើរធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០១៥ មកម្ល៉េះ រហូតដល់ការឈានទៅរម្លាយគណបក្សសង្គ្រោះជាតិ ចុងឆ្នាំ ២០១៧ ព្រឹត្តិការណ៍បោះឆ្នោតក្លែងក្លាយខែកក្កដា ឆ្នាំ ២០១៨ និងដំណើរវិវត្តន៍នានា ក្រោយព្រឹត្តិការណ៍បោះឆ្នោតនេះ។ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗទាំងនេះ អង្គការនេះ បានលើកឡើងពីករណីវាយប្រហារដោយហិង្សាមកលើតំណាងរាស្ត្រគណបក្សប្រឆាំង ការធ្វើបច្ចុប្បន្នភាពលើករណីសំណុំរឿងលោក កឹម សុខា និងសមាជិកគណបក្សសង្គ្រោះជាតិដទៃទៀត៕