អ្នកវិភាគនយោបាយ បណ្ឌិត មាស នី គូសបញ្ជាក់ថា ការដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែអាវុធ» ឬហៅកាត់ថា EBA មិនមែនជាការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបមកលើកម្ពុជានោះទេ។ ក៏ប៉ុន្តែ លោកថា បញ្ហាសំខាន់គឺសហភាពអឺរ៉ុប មិនចង់ឲ្យការធ្វើជំនួញពាណិជ្ជកម្មរបស់ខ្លួនជាមួយកម្ពុជា មានការប្រឡាក់ប្រឡូក ឬពាក់ព័ន្ធទៅនឹងបញ្ហានៃការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការរម្លាយប្រជាធិបតេយ្យនៅកម្ពុជា។ លោកបណ្ឌិត មាស នី បន្តថា ដូច្នេះ ប្រសិនបើកម្ពុជា មិនព្រមដើរថយក្រោយទៅរកស្ថានភាពដូចប្រក្រតីនោះទេ នោះសហភាពអឺរ៉ុប ក៏មានសិទ្ធិលុបចោលប្រព័ន្ធអនុគ្រោះពន្ធ EBA នេះដែរ៖ « នេះវាជារឿងធម្មតារបស់ប្រទេស។ កាលណាការធ្វើជំនួញណាមួយ វាមិនត្រូវនឹងគុណតម្លៃរបស់គេ នោះគេមានសិទ្ធិក្នុងការដកចេញ។ អ៊ីចឹង យើងមិនអាចបន្ទោសគេថា នេះជាទណ្ឌកម្មរបស់គេទេ។ គេគ្រាន់តែដកខ្លួនចេញ ហើយបើសិនជាយើងនៅតែបន្តអ្វីដែលទៅទៀត អាន្នុង យើងទៅតែយើងទៅ។ ប៉ុន្តែគេៗ មានសិទ្ធិក្នុងការដកចេញបាទ !»។
ជាមួយគ្នានេះ លោកបណ្ឌិត មាស នី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះថា បានជួយជ្រោមជ្រែងទៅដល់ការលូតលាស់សេដ្ឋកិច្ចថ្នាក់ជាតិ ឬ GDP ដល់ទៅប្រមាណ ៧០ភាគរយ ដែលទំហំនៃការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប មានប្រមាណពី ៦ ទៅ ៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ លោកថា ការធ្វើឲ្យមានការរអាក់រអួលណាមួយ ទៅលើការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ នោះនឹងមានផលប៉ះពាល់ធំធេងដល់សេដ្ឋកិច្ចទាំងថ្នាក់ជាតិ និងទាំងថ្នាក់មូលដ្ឋាន ខណៈពលរដ្ឋខ្មែរប្រមាណជា ៨សែននាក់ កំពុងតែពឹងផ្អែកទៅលើការងារនៅតាមបណ្តារោងចក្រនានា៖ « បើសិនជាយើងគ្រាន់តែនិយាយត្រឹមតែការប៉ះពាល់ទៅដល់កម្មករម្នាក់ៗ បាត់បង់ប្រាក់ខែនោះ នោះវាឃើញតិចតួចទេ។ ក៏ប៉ុន្តែសំខាន់យើងត្រូវទទួលស្គាល់ថា នៅក្នុងកម្មករម្នាក់ត្រូវចិញ្ចឹមមនុស្ស ២ ឬ ៣នាក់ទៀត។ ទោះបីជាប្រាក់ខែនោះមានតែ ១៦៨ដុល្លារ ឬក៏ ២០០ដុល្លារ នៅក្នុងមួយខែមែន ក៏ប៉ុន្តែគាត់ម្នាក់ៗ ត្រូវទទួលក្នុងការចិញ្ចឹមដល់គ្រួសារបងប្អូននៅខាងក្រោយដល់ទៅ ២ ឬ ៣នាក់យ៉ាងតិច។ ហើយបើយើងមើលទៅក្នុងគ្រួសារនៅតាមជនបទទៀត ចំនួនប្រាក់ដែលខ្ចីពីធនាគារ ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ មានរហូតទៅដល់ ៣ពាន់ទៅ ៤ពាន់លានដុល្លារ។ នេះនៅជំពាក់ប្រាក់។ មានភូមិខ្លះរហូតដល់ ៨០ ទៅ ៩០ភាគរយ គឺពាន់ព័ន្ធនឹងការខ្ចីប្រាក់នេះឯង។ ការខ្ចីប្រាក់នេះ គឺសង្ឃឹមទៅលើបានប្រាក់សំណង ដែលបានពីប្រាក់ខែមកហ្នឹង យកទៅសងបណ្តោះគេ ហើយយកលុយនេះ អាចទៅសង់ផ្ទះ ឬទិញម៉ូតូថ្មី ដើម្បីជិះ ដែលយើងឃើញជាក់ស្តែងសម្រាប់ជីវិតកម្មករ»។
ការលើកឡើងរបស់លោកបណ្ឌិត មាស នី យ៉ាងដូច្នេះ គឺស្របពេលដែលសហភាពអឺរ៉ុប បានជូនដំណឹងជាផ្លូវការដល់របបក្រុងភ្នំពេញ អំពីការអនុវត្តនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលត្រូវប្រើពេលយ៉ាងតិចពី ៦ ខែ ទៅ ១ឆ្នាំ គិតចាប់ពីដើមខែតុលានេះ មុននឹងធ្វើការសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធនេះ ជាផ្លូវការពីកម្ពុជាតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
