មេដឹកនាំខ្មែរពីមួយជំនាន់ ទៅមួយជំនាន់ បានធ្វើសង្រ្គាមពាក្យសំដីឌឺដងដាក់គ្នារកទីបញ្ចប់គ្មាន ហើយពេលខ្លះក៏រត់ទៅពឹងបរទេសរៀងៗ ខ្លួន។ បញ្ហានេះ អ្នកវិភាគលើកឡើងថា មេដឹកនាំខ្មែរមិនចុះសម្រុងគ្នា ហើយរត់ទៅពឹងបរទេសរៀងខ្លួននេះ គឺមិនធ្វើឲ្យកម្ពុជាក្លាយទៅជារដ្ឋឯករាជ្យបានឡើយ។
អ្នកវិភាគលើកឡើងថា កម្ពុជាមិនទាន់ក្លាយជារដ្ឋឯករាជ្យពេញលេញនៅឡើយ នៅខណៈមេដឹកនាំកំពុងតែរកប្រទេសមហាអំណាចជាខ្នងបង្អែករៀងៗ ខ្លួននោះ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មានប្រសាសន៍ថា ស្ថានភាពនយោបាយកម្ពុជាបច្ច្បន្ននេះ មេដឹកនាំងាកចេញពីប្រទេសបស្ចិមលោក ងាកទៅរកចិនជាខ្នងបង្អែក នៅខណៈមេដឹកនាំគណបក្សកាន់អំណាច និងបក្សប្រឆាំង កំពុងតែជម្លោះផ្ទៃក្នុងរកទីបញ្ចប់បាននេះ៖ «»
ការលើកឡើងរបស់លោក បណ្ឌិត មាស នី បែបនេះ គឺនៅស្របពេលដែលព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងពន្លត់ភ្លើងជ័យ កាលពីថ្ងៃទី១១ វិច្ឆិកា ដើម្បីបញ្ចប់ពិធីបុណ្យរំឭកទិវាឯករាជ្យជាតិលើកទី៦៥ ដែលបានដុតបំភ្លឺអស់រយៈពេល ៣ថ្ងៃនៅក្នុងវិមានឯករាជ្យ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកាមក។
ទោះបីជាកម្ពុជាទទួលបានឯករាជ្យកាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ មកក្ដី ក៏ការអនុវត្តជាក់ស្ដែងរបស់មេដឹកនាំជាក់ស្ដែងចំពោះការដឹកនាំនាវាកម្ពុជា មិនទាន់ក្លាយទៅជាប្រទេសឯករាជ្យ និងឈប់ពឹងលើបរទេសបានទាំងស្រុងឡើយ។ លើសពីនេះទៀត នយោបាយការបរទេស ឬនយោបាយពឹងលើបរទេសរបស់មេដឹកនាំខ្មែរពីមួយជំនាន់ទៅមួយជំនាន់ ហាក់ដឹកដើរជាន់លើប្រវត្តិសាស្រ្តដដែលៗ ហើយការដឹកនាំប្រទេសបច្ចុបន្នរបស់របបលោក ហ៊ុន សែន នេះ ត្រូវបានអ្នកវិភាគមើលឃើញថាហាក់មិនខុសអ្វីពីរបបសង្គមរាស្រ្តនិយម ដែលសម្ដេចឪ នរោត្តម សីហនុ រត់ទៅពឹងចិន ហើយបានបោះបង់ប្រទេសលោកខាងលិច ពិសេសអាមេរិក និងមានបាតុកម្មបណ្ដេញស្ថានទូតសហរដ្ឋអាមេរិកចេញពីកម្ពុជាជាដើម ដែលនៅពេលនោះ ត្រូវបានបង្ហាញឲ្យឃើញថា កម្ពុជាមិនមែនជារដ្ឋឯករាជ្យឡើយ។
ងាកមកបច្ចុប្បន្ននេះវិញ ក៏មិនខុសពីទសវត្សរ៍ឆ្នាំ១៩៦៨ ឆ្នាំ១៩៦៩ នោះដែរ ដែលមេដឹកនាំខ្មែរឈ្លោះគ្នា រកទីបញ្ចប់គ្មាន។ កាលពីពេលថ្មីៗ នេះ លោក ហ៊ុន សែន ហាក់ចាត់មេដឹកនាំបក្សប្រឆាំងជាសត្រូវរបស់ខ្លួន និងមិនអាចអត់ឱនឲ្យបានឡើយ៖ «»
ឆ្លើយតបនិងបញ្ហានេះ អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ថ្លែងហាក់ហួសចិត្តថា លោក ហ៊ុន សែន តែងតែចាត់ទុកគណបក្សប្រឆាំងជាសត្រូវ ហើយក្រៅពីបានរំលាយគណបក្ស សង្រ្គោះជាតិ ចាប់លោក កឹម សុខា និងសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារជាច្រើននាក់ហើយ លោក ហ៊ុន សែន នៅតែធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ដែលខ្លួនបានរំលាយម្ដងហើយៗ ម្ដងទៀត ឥតឈប់ឈរទៅវិញ៖ «»
សង្រ្គាមពាក្យសំដីរបស់មេដឹកនាំគណបក្សទាំងពីរ បានផ្ទុះឡើងកាន់តែខ្លាំងបែបនេះ នៅស្របពេលសហភាពអឺរ៉ុប អំពាវនាវឲ្យមេដឹកនាំរបបក្រុងភ្នំពេញ ត្រូវស្ដារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស សិទ្ធិការងារឡើងវិញ ដើម្បីទទួលបានការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបបន្តទៅទៀត បើមិនដូច្នេះទេ កម្ពុជានឹងលែងទទួលបានការលើកលែងពន្ធលើទំនិញគ្រប់មុខលើកឡើងតែអាវុធ EBA នេះបន្តទៀត ដែលអ្នកវិភាគមើលឃើញថា បើសិនជាសហភាពអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះមែន កម្ពុជានឹងខាតបង់សេដ្ឋកិច្ច វិបត្តិអត់ការងារ និងវបត្តិសង្គមនឹងផ្ទុះឡើងជាដើម។
ទោះបីជាបែបណាក៏ដោយ ក៏នៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ នៅមុនពេលអតីតព្រះមហាក្សត្រ នរោត្តម សីហនុ សោយទិវង្គត ព្រះអង្គបានផ្ដាំឲ្យមដឹកនាំខ្មែរទាំងអស់ ត្រូវរួបរួមគ្នាជាធ្លុងតែមួយ ដោយព្រះអង្គមានព្រះរាជបន្ទួលថា ការរួបរួមគ្នា នឹងធ្វើឲ្យខ្មែរខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
