កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៨ និង ថ្ងៃទី១៩ ខែតុលា ជជែកពីបញ្ហាជាច្រើន ទាក់ទងនឹងសន្តិសុខ និងការផ្សារភ្ជាប់ពាណិជ្ជកម្មរវាងសហគម៍អឺរ៉ុប និងអាស៊ី។ នៅទន្ទឹមគ្នានឹងនេះ ពលរដ្ឋខ្មែរនៅសហភាពអឺរ៉ុប ក៏គ្រោងធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន ដែលលោកគ្រោងនឹងទៅចូលរួមកិច្ចប្រជុំដែរនោះ។
អ្នកវិភាគអះអាងថា របបលោក ហ៊ុន សែន នឹងមិនទទួលបានផលប្រយោជន៍ច្រើនពីកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១២ (12th ASEM Summit) នៅទីក្រុងប្រ៊ុយស៊ែល បែលហ្ស៊ិក ដូចបណ្ដារដ្ឋជាង ៥០ទៀតឡើយ។
អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរា មានប្រសាសន៍ថា កិច្ចប្រជុំអាស៊ី-អឺរ៉ុប ឬហៅថា ASEM គឺជាការបង្កើនទំនាក់ទំនងនៃបណ្ដាមេដឹកនាំនៃរដ្ឋជាសមាជិក និងពង្រីកទីផ្សារពាណិជ្ជកម្ម រវាងតំបន់ទាំងពីរ គឺអាស៊ី និងតំបន់អឺរ៉ុប។ ក៏ប៉ុន្តែដោយសារតែកម្ពុជារៀបចំការបោះឆ្នោតដោយមានការថ្កោលទោសពីប្រទេសមួយចំនួន និងសហភាពអឺរ៉ុប កំពុងតែអនុវត្តនីតិវិធីដកប្រពន្ធអនុគ្រោះពន្ធផងនោះ កម្ពុជានឹងមិនមានអ្នកវិនិយោគចូលមកច្រើនដូចបណ្ដាប្រទេសផ្សេងទៀតទេ៖ «កម្ពុជាមិនទាន់រឹងមំា។ ដូច្នេះ មិនទទូលបានឱកាសទាំងស្រុងទេ។ កម្ពុជានៅនាំចូលវត្ថុធាតុដើមពីបរទេស ដូចជា ខាងវិស័យវាយនភណ្ឌកាត់ដេរនៅនាំវត្ថុធាតុដើមពីចិនជាដើម។ ដូច្នេះ កម្ពុជាមិនទទួលបានផលប្រយោជន៍ច្រើននៅឡើយទេ»។
ប្រធានបទសំខាន់ ដែលកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នឹងយកមកពិភាក្សានោះ គឺ "អឺរ៉ុប និង អាស៊ី៖ ដៃគូសកល សម្រាប់បញ្ហាប្រឈមជាសកល "ដែលមេដឹកនាំនៃទ្វីបទាំងពីរ នឹងស្វែងរកការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិ កសាងកម្លាំងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាច្រើន រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ ការផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមផ្នែកសន្តិសុខ អំពើភេរវកម្ម សន្តិសុខអ៊ីនធឺណែត បម្រែម្រួលអាកាសធាតុ និងការធ្វើចំណាកស្រុកមិនទៀងទាត់ជាដើម។
កាលពីថ្ងៃទី១៥តុលា ក្រុមប្រឹក្សាអាស៊ីអឺរ៉ុប បានអនុម័ត យុទ្ធសាស្រ្តសហភាពអឺរ៉ុប សម្រាប់តភ្ជាប់ទ្វីបអឺរ៉ុប និងអាស៊ី ដើម្បីលើកកម្ពស់វិធីសាស្រ្តតភ្ជាប់មួយ ដែលមាននិរន្តភាពទូលំទូលាយលើការវិនយោគពាណិជ្ជកម្ម ដោយផ្អែកលើមូលដ្ឋានច្បាប់ និងស្តង់ដារខ្ពស់នៃការការពារសង្គម បរិស្ថានបំផុសគំនិតការពារ និងពង្រីកទីផ្សាររបស់សហភាពអឺរ៉ុប ដែលអាចឱ្យប្រទេសនានា ទទួលបាននូវផលប្រយោជន៍ពាណិជ្ជកម្ម ប្រកបដោយចីរភាព និងគោរពនូវសិទ្ធិបុគ្គល ដែលធានានូវគុណភាពជីវិតទៀតផង។
ក្រសួងការបរទេសកម្ពុជាបានចេញសេក្ដីប្រកាសព័ត៌មានព័ត៌មានថា លោក ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូនៃរបបរបស់លោក ទៅចូលរួមកិច្ចប្រជុំនេះដែរ ដែលលោក ហ៊ុន សែន គ្រោងនឹងថ្លែងអំពីរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកដោយចីរភាព និងកំណើនសេដ្ឋកិច្ច។
ការបើកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះ ស្របពេលសហភាពអឺរ៉ុបបានតម្រូវឲ្យរបបលោក ហ៊ុន សែន គោរពនូវលក្ខខណ្ឌគោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងប្រជាធិបតេយ្យនៅកម្ពុជា ដូចដែលរបបលោក ហ៊ុន សែន បានព្រមព្រៀង បើពុំនោះទេ សហភាពអឺរ៉ុបនឹងលុបចោលប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗ ទាំងអស់លើកលែងតែអាវុធ ឬហៅកាត់ថា EBA ចេញពីប្រទេសកម្ពុជា។
ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម អ្នកស្រី សេស៊ីលៀ ម៉ាល់ស្ត្រុម (Cecilia Malmstrom) គូសបញ្ជាក់ថា នៅកម្ពុជា មានការវិវត្តគួរឲ្យព្រួយបារម្ភ អំពីការធ្លាក់ចុះដុនដាបយ៉ាងច្បាស់ក្រឡែត នៃបញ្ហាគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ ដោយគ្មានសង្ឃឹមពីការកែលម្អស្ថានភាពណាមួយ គួរឲ្យជឿទុកចិត្តបានឡើយ។ អ្នកស្រីថា បេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុប ទៅកាន់ប្រទេសកម្ពុជា កាលពីពេលកន្លងមក បង្ហាញឲ្យឃើញថា របបលោក ហ៊ុន សែន ការរំលោភធ្ងន់ធ្ងរ និងជាប្រព័ន្ធ លើសេរីភាពនៃការបញ្ចេញមតិ សិទ្ធិការងារ និងសេរីភាពនៃការជួបប្រជុំ បន្ថែមលើបញ្ហារ៉ាំរ៉ៃដទៃទៀត ដែលកំពុងតែកើតមានស្រាប់ ពាក់ព័ន្ធនឹងសិទ្ធិកម្មករនិយោជិក និងការរំលោភដីធ្លីជាដើម។
ប្រធានគណៈកម្មាការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភា លោក ឈាង វុន បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗ នេះថា នៅពេលប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុប ឬASEM នេះ គឺមន្រ្តីរបបលោក ហ៊ុន សែន នឹងជជែកក្រោមតុឲ្យបានច្រើនជាមួយមន្រ្តីសហភាពអឺរ៉ុបអំពីទីផ្សារទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនេះ៖ «យើងធ្វើការក្រោមតុច្រើន យើងនិយាយវេទិកាសភា គឺធ្វើការក្រៅតុហ្នឹងហើយ យើងដឹងហើយសហគមន៍អឺរ៉ុបមានសភា ២៧ប្រទេស ក្នុងនោះមានប្រទេសមួយចំនួនចង់បានផលប្រយោជន៍របស់គេ។ ដូច្នេះយើងនឹងនិយាយជាមួយប្រទេសទាំងនោះ»។
មន្រ្តីទំនាក់ទំនងពលរដ្ឋខ្មែរនៅសហភាពអឺរ៉ុបលោក ថៃ មករា អះអាងថា ពលរដ្ឋខ្មែរមកពីតំបន់ផ្សេងៗ គ្នា នឹងទៅជួបជុំគ្នានៅទីក្រុងប៊្រុយសែល នៅថ្ងៃទី១៩តុលា ដើម្បីបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន ដូចដែលពលរដ្ឋខ្មែរនៅប្រទេសដទៃទៀត ធ្លាប់បានបាតុកម្ម និងមិនទទួលស្គាល់របបថ្មីរបស់លោក ហ៊ុន សែន ដូច្នោះដែរ៖ «ដូចជាសារបែកធ្លាយគំរាមសម្លាប់អីហ្នឹង បើគាត់ គឺគាត់ជាប់ជុងហើយ នៅស្រុកគេទោះជាសំណុំរឿងគ្រោះថ្នាក់ចរាចរ ២០ឆ្នាំហើយ ក៏គេនៅតាមរកឃើញវិញដែរ។ ដូច្នេះ លោក ហេង សួរ អីហ្នឹង បើគេហ៊ានធ្វើដឹងតែវ័ណ្ឌកហើយ»។
កិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM) គឺជាដំណើរការអន្តររដ្ឋាភិបាល ដែលបានបង្កើតឡើងកាលឆ្នាំ ១៩៩៦ ដើម្បីជំរុញកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុប ដែលបច្ចុប្បន្នមានរដ្ឋជាសមាជិកចំនួន ៥៣។
អ្នកវិភាគនយោបាយលើកឡើងថា ក្នុងរយៈពេល ៦ខែទៅ ១ឆ្នាំ ដែលសហភាពអឺរ៉ុប ទុកពេលឲ្យរបបលោក ហ៊ុន សែន វិលមកគោពកិច្ចព្រមព្រៀងរបស់អឺរ៉ុបទៀតនេះមិនបានទេ កម្ពុជានឹងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរនៅពេលអឺរ៉ុប ឈប់ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ ឬ EBAនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
