ក្រុម​អ្នក​វិភាគ​ចាត់​ទុក​សមាជ​ជាតិ​ជា​រឿង​សំខាន់​ក្នុង​សង្គម​ប្រជាធិបតេយ្យ

0:00 / 0:00

ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​វប្បធម៌​សន្ទនា​រវាង​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ ដែល​ធ្លាប់​តែ​វាយ​ប្រហារ​ពាក្យ​សម្ដី​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​លើ​ឆាក​នយោបាយ​នោះ តែ​ឥឡូវ​អ្វីៗ​បាន​ផ្លាស់ប្ដូរ មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង បាន​ធ្វើ​ការ​ស្អិតល្មួត​នឹង​គ្នា​តាម​រយៈ​ការ​សន្ទនា​នេះ។

នៅ​ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​សប្ដាហ៍​មុន​នោះ លោក សម រង្ស៊ី បញ្ជាក់​ថា លោក​បាន​ជជែក​ជាមួយ លោក ហ៊ុន សែន ដើម្បី​ឲ្យ​មាន​វប្បធម៌​សន្ទនា​រវាង​ថ្នាក់​ដឹក​នាំ និង​ម្ចាស់​ឆ្នោត ឬ​អាច​ឈាន​ទៅ​ដល់​ការ​ធ្វើ​សមាជ​ជាតិ​ទៀត​ផង។

អ្នក​វិភាគ​បាន​ស្វាគមន៍​ចំពោះ​ជំហរ​របស់​មេ​ដឹក​នាំ​ប្រទេស ដែល​ចង់​ឲ្យ​មាន​សមាជ​ជាតិ​មួយ​ឆ្នាំ​ម្ដង ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ។

ក្រុម​អ្នក​វិភាគ​ពន្យល់​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ សមាជ​ជាតិ​ជា​គន្លឹះ​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ព្រោះ​ថា រាស្ត្រ និង​រដ្ឋ ត្រូវ​នៅ​ជាមួយ​គ្នា ដែល​រដ្ឋាភិបាល​ជា​អ្នក​គ្រប់គ្រង​រដ្ឋ​នោះ​ត្រូវ​តែ​ដឹង​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​របស់​ខ្លួន។ ការ​ធ្វើ​សមាជ គឺ​ជា​ការ​បង្ហាញ​ពី​ទុក្ខ​កង្វល់​ឲ្យ​អ្នក​ដឹក​នាំ​ប្រទេស​បាន​ដឹង។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា វប្បធម៌​សន្ទនា​មាន​សារសំខាន់​នៅ​គ្រប់​ស្ថាប័ន ឬ​នៅ​គ្រប់​ប្រទេស ហើយ​លោក​គាំទ្រ​វប្បធម៌​សន្ទនា​របស់​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​បច្ចុប្បន្ន ព្រោះ​វប្បធម៌​សន្ទនា​នេះ ឆ្លុះ​បញ្ចាំង​ពី​កត្តា​ពីរ​សំខាន់។ ទី​១ បង្ហាញ​ពី​ក្រម​សីលធម៌​របស់​មេ​ដឹក​នាំ​នយោបាយ និង​ទី​២ ឆ្លុះ​បញ្ចាំង​ពី​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​ចំពោះ​ការ​តវ៉ា ឬ​ការ​បញ្ចេញ​មតិ​ណា​មួយ៖ «»។

ប្រធាន​ក្រុម​ភាគ​តិច​នៅ​រដ្ឋសភា លោក សម រង្ស៊ី និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ជំនួប​រវាង​លោក និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​ជជែក​ជាមួយ លោក ហ៊ុន សែន អំពី​វប្បធម៌​សន្ទនា។ លោក​អះអាង​ថា លោក ហ៊ុន សែន ចង់​ឲ្យ​មាន​ការ​សន្ទនា​នេះ​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ឈាន​ទៅ​ដល់​ដំណើរ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ។

លោក សម រង្ស៊ី បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​ត្រូវ​ត្រៀម​ខ្លួន​សន្ទនា​ជាមួយ​ប្រជារាស្ត្រ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លើក​ពី​ចំណុច​អវិជ្ជមាន​ផ្សេងៗ​នៅ​ក្នុង​សង្គម ពិសេស​ទៅ​ទៀត នឹង​អាច​ឈាន​ដល់​ការ​ធ្វើ​សមាជ​ជាតិ​នៅ​ពេល​ខាង​មុខ៖ «»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​វប្បធម៌​សន្ទនា​នេះ​បញ្ជ្រាប​ទៅ​ដល់​ថ្នាក់​មូលដ្ឋាន ហើយ​ត្រូវ​បញ្ចប់​វប្បធម៌​រើសអើង​គ្នា​រវាង​ខ្មែរ និង​ខ្មែរ និង​ត្រូវ​ដោះស្រាយ​បញ្ហា​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា បាន​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ហើយ​គេ​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​ជាច្រើន​លើក​នៅ​ពេល​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​នោះ។ រដ្ឋធម្មនុញ្ញ​ដែល​គេ​បង្កើត​ចុង​ក្រោយ​នេះ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ចេញ​ពី​ការ​បោះឆ្នោត​នៅ​ក្រោយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។ បច្ចុប្បន្ន រដ្ឋធម្មនុញ្ញ​នេះ​មាន ១៥៨​មាត្រា និង ១៦​ជំពូក ហើយ​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​ទាន់​គោរព​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ពេញ​លេញ​នៅ​ឡើយ។ ឧទាហរណ៍​ដូចជា​មាត្រា​១ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យភាព សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍​មិន​ចូល​បក្ស​សម្ព័ន្ធ និង​មាត្រា​១៤៧​ថ្មី និយាយ​ពី​សមាជ​ជាតិ ដែល​រដ្ឋាភិបាល​មិន​បាន​គោរព​នោះ​ឡើយ​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ។

លោក​បណ្ឌិត រស់ រ៉ាវុធ លើក​ឡើង​ថា ជំហរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​មាន​ការ​សន្ទនា​ដោយ​ផ្ទាល់​ជាមួយ​ម្ចាស់​ឆ្នោត ឬ​ការ​ធ្វើ​សមាជ​ជាតិ​នេះ គឺ​ជា​បរិបទ​មួយ​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ លោក​អះអាង​ថា ការ​ធ្វើ​សមាជ​ជាតិ ជា​គន្លឹះ​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​ជា​ការ​បើក​ឲ្យ​ឃើញ​ចំពោះ​មន្ត្រី​ខិលខូច​មួយ​ចំនួន​ដែរ៖ «»។

មាត្រា ១៤៧​ថ្មី ចែង​ថា សមាជ​ជាតិ​បើក​ឲ្យ​ប្រជារាស្ត្រ​ជ្រាប​ដោយ​ផ្ទាល់​អំពី​កិច្ចការ​ផ្សេងៗ ដែល​ជា​ប្រយោជន៍​ជាតិ លើក​បញ្ហា និង​សំណូមពរ​ជូន​រដ្ឋ​អំណាច​ដោះស្រាយ។ ប្រជារាស្ត្រ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ទៅ​ចូលរួម​សមាជ​ជាតិ។ មាត្រា ១៤៨​ថ្មី និង​មាត្រា ១៤៩​ថ្មី ចែង​ថា សមាជ​ជាតិ​ប្រជុំ​ម្ដង​ក្នុង​មួយ​ឆ្នាំ​នៅ​ដើម​ខែ​ធ្នូ តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី។ សមាជ​ជាតិ ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះ​រាជាធិបតី​ភាព​នៃ​ព្រះមហាក្សត្រ។ សមាជ​ជាតិ អនុម័ត​សំណូមពរ​ជូន​ព្រឹទ្ធសភា ជូន​រដ្ឋសភា និង​ជូន​រដ្ឋ​អំណាច ពិចារណា។ ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមាជ​ជាតិ នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី លោក​គាំទ្រ​ឲ្យ​មាន​សមាជ​ជាតិ​នេះ ព្រោះ​ដើម្បី​យន្តការ​ប្រជាធិបតេយ្យ​បាន​ប្រសើរ​ជាង​បច្ចុប្បន្ន។ លោក​បន្ថែម​ថា កន្លង​មក​រដ្ឋាភិបាល​ក៏​សន្ទនា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ សន្ទនា​ជាមួយ​រដ្ឋាភិបាល និង​វិស័យ​ឯកជន និង​ការ​សន្ទនា​បន្តិចបន្តួច​រវាង​រដ្ឋាភិបាល ជាមួយ​អង្គការ​សង្គម​ស៊ីវិល តែ​សេចក្ដី​សម្រេច​ចុង​ក្រោយ រដ្ឋាភិបាល​ហាក់​មិន​បាន​ស្ដាប់​តាម​ភាគី​ដែល​បាន​សន្ទនា​នោះ​ទេ។ លោក​បណ្ឌិត កែម ឡី អះអាង​ថា ការ​ធ្វើ​សមាជ​ជាតិ​នេះ សំខាន់​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​នឹង​ទទួល​យក​ការ​រិះគន់ និង​ការ​កែ​ទម្រង់​ក្នុង​កម្រិត​ណា៖ «»។

ការ​ធ្វើ​សមាជ​ជាតិ​នេះ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​មាន​កំណែ​ទម្រង់​រដ្ឋ​មួយ​ដែល​ល្អ រដ្ឋ​មួយ​ប្រកប​ដោយ​យុត្តិធម៌ គ្មាន​ការ​ជិះ​ជាន់ មាន​ការ​អនុវត្ត​ច្បាប់​ដោយ​តម្លាភាព រដ្ឋ​មួយ​ធានា​ឲ្យ​មាន​ភាព​សុខដុម​របស់​ប្រជាពលរដ្ឋ និង​គ្មាន​ការ​ភ័យ​ខ្លាច។

អ្នក​វិភាគ​បញ្ជាក់​ថា ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋ​ឲ្យ​បាន​ពិត​ប្រាកដ​នោះ គឺ​មិន​ឋិត​នៅ​លើ​ការ​ធ្វើ​សមាជ​ជាតិ ឬ​ការ​សន្ទនា​នោះ​ទេ លុះត្រា​ណា​មាន​ធនធាន​មនុស្ស​ពិត​ប្រាកដ មាន​យន្តការ ឬ​ប្រព័ន្ធ​ច្បាស់​លាស់ ប្រព័ន្ធ​ច្បាប់ និង​គោលការណ៍​ជាក់លាក់ ស្ថាប័ន​ជាតិ​នីមួយៗ​ជា​ស្ថាប័ន​ប្រជាធិបតេយ្យ និង​ការ​ចូលរួម​ពី​បុគ្គល​នីមួយៗ​ដែល​ចង់​ឲ្យ​មាន​ការ​កែ​ទម្រង់​រដ្ឋ​ល្អ​មួយ នៅ​ក្នុង​របប​ប្រជាធិបតេយ្យ។ មក​ទល់​ពេល​នេះ គេ​មិន​ទាន់​កំណត់​ថា តើ​សមាជ​ជាតិ​នេះ​នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ តែ លោក សម រង្ស៊ី អះអាង​ថា នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។