សមាជិកសភាអាស៊ាន៖ ការធ្វើវិសោធនកម្មច្បាប់បក្សនយោបាយជាការស្លាប់លទ្ធិប្រជាធិបតេយ្យ
2017.02.20
សមាជិកសភាអាស៊ាន ចាត់ទុកការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលស្នើដោយតំណាងរាស្ត្របក្សកាន់អំណាច គឺជាការស្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនពីទីក្រុងហ្សាកាតា (Jakarta) ប្រទេសឥណ្ឌូនេស៊ី (Indonesia) កាលពីថ្ងៃទី១៩ ខែកុម្ភៈ សមាជិកសភាអាស៊ានបានថ្កោលទោសចំពោះការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើច្បាប់យ៉ាងប្រញាប់ប្រញាល់ដែលមានបំណងសំដៅដល់គណបក្សប្រឆាំង។ សមាជិកសភាអាស៊ានអំពាវនាវដល់អង្គការអន្តរជាតិ និងតំបន់ ថ្កោលទោសចំពោះការកែប្រែច្បាប់របស់បក្សកាន់អំណាចនៅពេលនេះ។
ប្រធានអង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី (Malaysia) លោក ឆាល សេនទីអាហ្គោ (Charles Santiago) ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់របស់គណបក្សប្រជាជនកម្ពុជា ពេលនេះ នឹងបង្ហាញពីការស្លាប់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ឆាល សេនទីអាហ្គោ ថ្លែងបន្តថា អ្វីដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន គឺជាសូចនាករដំបូងនៃការវាយប្រហារចំពោះលទ្ធិប្រជាធិបតេយ្យក្នុងតំបន់ទាំងមូល។
ចំណែកសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការសមាជិកសភាអាស៊ាន និងជាអតីតសមាជិកសភាហ្វីលីពីន លោក វ៉ាល់ឌែន ប៊ែឡូ (Walden Bello) បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍នេះថា មាត្រាច្បាប់ដែលស្នើឡើងដោយគណបក្សប្រជាជនកម្ពុជានេះ ច្បាស់ណាស់មានការប្រកាន់បក្ខពួក និងមានបំណងសំដៅដោយផ្ទាល់ចំពោះបក្សប្រឆាំង។ លោកថា នេះជាផ្នែកមួយរបស់បក្សកាន់អំណាចក្នុងការកម្ទេចបក្សប្រឆាំងដោយមិនបានពិចារណាអំពីផលប៉ះពាល់អវិជ្ជមានចំពោះប្រព័ន្ធគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាស្នូលនោះឡើយ៕