អាជ្ញាធរ​ក្រុង​បាត់ដំបង​ត្រួត​ពិនិត្យ​ទីតាំង​ដាក់​លូ​រំដោះ​ទឹក​របស់​ចៅ​សង្កាត់​អូរចារ

ដោយ ហ៊ុំ ចំរើន
2017-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​រដ្ឋបាល​ស្ដីទី​សាលាក្រុង​បាត់ដំបង លោក លាង វាសនា ជជែក​ជាមួយ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចៅសង្កាត់​អូរចារ ពេល​ចុះ​ពិនិត្យ​ទីតាំង​ធ្វើ​លូ​រំដោះ​ទឹក​នៅ​ភូមិ​អណ្ដូងចេញ សង្កាត់​អូរចារ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៧។
នាយក​រដ្ឋបាល​ស្ដីទី​សាលាក្រុង​បាត់ដំបង លោក លាង វាសនា ជជែក​ជាមួយ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចៅសង្កាត់​អូរចារ ពេល​ចុះ​ពិនិត្យ​ទីតាំង​ធ្វើ​លូ​រំដោះ​ទឹក​នៅ​ភូមិ​អណ្ដូងចេញ សង្កាត់​អូរចារ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៧។
RFA

អាជ្ញាធរ​ក្រុង​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​សីហា ចុះ​ត្រួត​ពិនិត្យ​​ទីតាំង​ដាក់​លូ​រំដោះ​ទឹក​របស់​ចៅ​សង្កាត់​អូរចារ ដែល​បាន​ដាក់​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​នេះ។ នាយក​រដ្ឋបាល​ស្ដីទី​សាលា​ក្រុង​បាត់ដំបង អះអាង​ថា ការ​​​ត្រួត​ពិនិត្យ​នេះ​ដើម្បី​រៀបចំ​ការ​ដាក់​លូ​ឲ្យ​​ត្រូវ​តាម​បច្ចេកទេស។

ចៅសង្កាត់​អូរចារ និង​ប្រជាពលរដ្ឋ​ប្រហែល ៣០​នាក់​ ក៏​​បាន​ចូល​រួម​ជា​មួយ​អាជ្ញាធរ​ដែរ​ ដើម្បី​ស្ដាប់​យោបល់ និង​ចង់​ដឹង​ពី​ការ​ដាក់​លូ​រំដោះ​ទឹក​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់។ ភ្លាមៗ​ក្រោយ​ពី​ត្រួត​ពិនិត្យ​ទី​តាំង​សង់​លូ​​រំដោះ​ទឹក​របស់​ចៅសង្កាត់​អូរចារ នោះ​ នាយក​ស្ដីទី​រដ្ឋបាល​​សាលា​ក្រុង​បាត់ដំបង លោក លាង វាសនា អះអាង​ថា​ មូលហេតុ​ដែល​លោក​ចុះ​​ពិនិត្យ​ដល់​ទីតាំង​ដាក់​លូ​រំដោះ​ទឹក​នេះ​ គឺ​ដើម្បី​មក​សម្រួល និង​បកស្រាយ​ជូន​ពលរដ្ឋ​កុំ​ឲ្យ​ពួកគាត់​យល់​ច្រឡំ​ថា អាជ្ញាធរ​ក្រុង​ហាម​​ចៅ​សង្កាត់​មិន​ឲ្យ​អភិវឌ្ឍន៍​នៅ​តំបន់​ពួកគាត់​រស់​នៅ​នោះ។

លោក​សង្កត់​ធ្ងន់​​ថា ប្រសិន​បើ​​​​មាន​គេ​ឲ្យ​ផ្អាក​សាងសង់​លូ​រំដោះ​ទឹក​ គឺ​​ចៅ​សង្កាត់​អាច​ដាក់​លិខិត​ទៅ​សាលា​ក្រុង​ដើម្បី​សាងសង់​បន្ត​បាន៖ «យើង​ឲ្យ​ជំនាញ​ខាង​សុរិយោដី​សិក្សា​មើល ព្រោះ​វា​អាច​ចូល​ដល់​ដី​កម្មសិទ្ធិ​ប្រហែល ២​គ្រួសារ។ ខ្ញុំ​នឹង​ធ្វើ​កំណត់​ហេតុ ដោយ​ខ្ញុំ​សួរ​ទៅ​ម្ចាស់​សាមី ហើយ​គាត់​ថា​ឯកភាព ព្រោះ​រដ្ឋបាល​ក្រុង​ត្រូវ​តែ​គិត​ ព្រោះ​រាល់​ថ្ងៃ​ជា​កម្មសិទ្ធិ​របស់​គាត់​ ប៉ុន្តែ​យើង​មិន​ដឹង​ថា ពេល​ក្រោយ​គាត់​លក់​ទៅ​ឲ្យ​ឈ្មោះ​អ្នក​ផ្សេង​ ដែល​នាំ​ឲ្យ​កើត​រឿង​រ៉ាវ​ទៅ​ថ្ងៃ​ក្រោយ​បាន»

ទាក់ទង​នឹង​បញ្ហា​នេះ ចៅ​សង្កាត់​អូរចារ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែល​បាន​រួម​ដំណើរ​ជាមួយ​អាជ្ញាធរ​ក្រុង​ដែរ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​កញ្ញា​ដាក់​​លូ​រំដោះ​ទឹក​នៅ​តំបន់​នោះ​ ដោយ​សារ​មាន​សំណូម​ពរ​ពី​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​លំបាក​ធ្វើ​ដំណើរ ​ព្រោះ​ទឹក​លិច​ជា​ច្រើន​ឆ្នាំ​ហើយ៖ «ខ្ញុំ​ក៏​សុំ​ជម្រាប​វិញ​ដែរ​ថា លិខិត​ក្រុង​ឲ្យ​ខ្ញុំ​ផ្អាក​សង់ តែ​លោក ឈាង វុន ឲ្យ​ខ្ញុំ​ទទួល​ខុស​ត្រូវ​ ដូច្នេះ​ទៅ​មុខ​ក៏​មិន​បាន ថយ​ក្រោយ​ក៏​មិន​រួច។ ដូច្នេះ​ក្នុង​នាម​ខ្ញុំ​ជា​ចៅ​សង្កាត់​ ខ្ញុំ​ត្រូវ​គោរព​ទៅ​តាម​សាលា​ក្រុង​ ហើយ​ខ្ញុំ​ក៏​ត្រូវ​ជម្រាប​ជូន​ពលរដ្ឋ​ដែរ​ រឿង​ការ​ផ្អាក​នេះ​ ព្រោះ​ពួកគាត់​ជា​អ្នក​សំណូមពរ»

ពលរដ្ឋ​មើល​អាជ្ញាធរ​ក្រុង​បាត់ដំបង ចុះ​ពិនិត្យ​ទីតាំងដាក់​លូ​រំដោះ​ទឹក​នៅ​ភូមិ​អណ្ដូងចេញ សង្កាត់​អូរចារ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៧។
ពលរដ្ឋ​មើល​អាជ្ញាធរ​ក្រុង​បាត់ដំបង ចុះ​ពិនិត្យ​ទីតាំង​​ដាក់​​លូ​រំដោះ​ទឹក​នៅ​ភូមិ​អណ្ដូងចេញ សង្កាត់​អូរចារ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Hum Chamroeun RFA/Hum Chamroeun

​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះ​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ​នៅ​តំបន់​អភិវឌ្ឍន៍​មួយ​នេះ ​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​រុះរើ​លូ​រំដោះ​ទឹក​ចេញ ដោយ​​ពុំ​បាន​សាងសង់​បន្ត​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ធ្វើ​ដំណើរ​ទៀត។

ពលរដ្ឋ​រស់​នៅ​ភូមិ​អណ្ដូងចេញ សង្កាត់​អូរចារ អ្នកស្រី ឃឹម សុភា ផ្ដល់​សម្ភាសន៍​ថា អ្នកស្រី​សប្បាយ​ចិត្ត​នៅ​ពេល​ចៅសង្កាត់​សង់​លូ​រំដោះ​ទឹក​ជូន​ពួកគាត់ ព្រោះ​​ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​អាជ្ញាធរ​ពុំ​អើពើ​នោះ៖ «ខ្ញុំ​ព្រួយបារម្ភ​ខ្លាច​លុយ​ទឹក​ទៀត ព្រោះ​ផ្លូវ​ដើរ​មិន​ស្រួល​ ដល់​ពេល​បាន​គាត់​មក​ធ្វើ​ខ្ញុំ​អរ​មែន ព្រោះ​ផ្លូវ​ដើរ​ស្រួល កូន​ទៅ​សាលា​រៀន​ក៏​ស្រួល​ដែរ បើ​មិន​ទាន់​ធ្វើ​ភក់​ប្រឡាក់​អស់​ហើយ​ សំពត់​អី​ទៅ​រៀន​ស្រ​ម៉កៗ»

ទីតាំង​អភិវឌ្ឍន៍​លូ​រំដោះ​ទឹក​ដ៏​ចម្រូងចម្រាស​មួយ​នេះ ស្ថិត​នៅ​ភូមិ​អណ្ដូងចេញ សង្កាត់​អូរចារ​ ក្រុង​បាត់ដំបង ដែល​​មាន​ពលរដ្ឋ​រស់​នៅ​ជាង ៤០០​គ្រួសារ ប្រើប្រាស់​លូ​រំដោះ​ទឹក​នេះ។ ចៅ​សង្កាត់​អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អះអាង​ថា ថវិកា​អភិវឌ្ឍន៍​នេះ​បាន​​មក​ពី​សប្បុរសជន​ក្នុង និង​ក្រៅ​ប្រទេស។

លូ​រំដោះ​ទឹក​នេះ​ ប្រវែង​ជាង ១០០​ម៉ែត្រ​ ក្នុង​នោះ​ផ្ទៃ​ដី​ប្រមាណ ៦៥​ភាគរយ​​បាន​ដាក់​លូ​បង្កប់​ក្នុង​រួច​ហើយ​ រីឯ​កន្លែង​ដែល​​នៅ​​​សល់​ដោយសារ​មាន​លិខិត​ពី​អាជ្ញាធរ​ក្រុង​បាត់ដំបង​ ឲ្យ​ផ្អាក​សង់​បណ្ដោះអាសន្ន​ ដើម្បី​ពិនិត្យ និង​រៀបចំ​សាងសង់​ឲ្យ​ត្រូវ​តាម​បច្ចេកទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល