ប្រជាពលរដ្ឋដែលផ្ទះត្រូវខ្យល់កន្ត្រាក់បក់ប៉ើងដំបូលនៅស្រុកសង្កែ ខេត្តបាត់ដំបង ចោទប្រកាន់អាជ្ញាធរស្រុក ថានាំអំណោយកាកបាទក្រហមចែកជនរងគ្រោះប្រកាន់និន្នាការគណបក្សនយោបាយ ប៉ុន្តែអភិបាលស្រុកបដិសេធការចោទប្រកាន់នេះ។
ពលរដ្ឋនៅស្រុកសង្កែ សម្ដែងការខកចិត្តជាខ្លាំងចំពោះទង្វើរបស់អាជ្ញាធរមូលដ្ឋានស្រុកនេះ ថាគិតគូរតែពីរឿងនយោបាយហួសហេតុ ដោយមិនខ្វល់ពីទុក្ខលំបាករបស់ពលរដ្ឋជួបគ្រោះធម្មជាតិនោះទេ។
ពលរដ្ឋពិការជើងឆ្វេង ឈរនៅខាងមុខផ្ទះក្នុងភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ លោក មី ឡុងឌី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ មេសា ថា ខ្យល់កន្ត្រាក់បក់ប៉ើងស័ង្កសីដំបូលផ្ទះរបស់លោកប្រមាណ ៤០សន្លឹក កាលពីរសៀលថ្ងៃទី២៦ មេសា ហើយពុំមានអាជ្ញាធរណានាំអំណោយចែកគ្រួសារលោកនៅឡើយ។ លោកអះអាងថា អាជ្ញាធរស្រុកសង្កែ មិនបានចែកអំណោយរបស់កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២គ្រួសារ គឺក្រុមគ្រួសាររបស់លោក និងផ្ទះប្អូនស្រីលោក។ លោកបន្ថែមថា អាជ្ញាធរចែកអំណោយប្រកាន់បក្ខពួកនេះ ដោយសារឃើញលោក និងប្អូនស្រី មាននិន្នាការគាំទ្រគណបក្សប្រឆាំង៖ « ខ្ញុំមានអារម្មណ៍តូចចិត្តណាស់ដែលក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប បានបម្រើជាតិមាតុភូមិរហូតពិការជើងមួយចំហៀង បែរជាថ្នាក់ដឹកនាំក្នុងមូលដ្ឋានមើលរំលងគ្រួសារខ្ញុំទៅវិញ »។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អភិបាលស្រុកសង្កែ លោក គឹម វណ្ណៈ មានប្រសាសន៍ទទួលស្គាល់ថា អាជ្ញាធរពិតជាពុំបានចែកអំណោយដល់ពលរដ្ឋចំនួន ២គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នោះប្រាកដមែន។ លោកអះអាងថា មូលហេតុដែលចែកអំណោយពលរដ្ឋមិនគ្រប់គ្នានេះ ដោយសារអាជ្ញាធរភូមិ និងឃុំ ស្រង់ឈ្មោះគ្រួសាររងគ្រោះភ័ន្តច្រឡំ៖ « បាទ ! នេះជាកំហុសតិចតួចរបស់អាជ្ញាធរភូមិ ដែលគាត់មិនបានផ្ដល់ឈ្មោះមកស្រុកឲ្យបានជាក់លាក់។ ហើយខ្ញុំបានផ្ដាំផ្ញើទៅអាជ្ញាធរមូលដ្ឋានថា នៅពេលមានគ្រោះធម្មជាតិ សូមឲ្យស្រង់ឈ្មោះឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យប្រជាពលរដ្ឋអាក់អន់ចិត្តទៀត »។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរមិនត្រូវចែកអំណោយរបស់កាកបាទក្រហមជូនពលរដ្ឋ រើសអើងនិន្នាការគណបក្សនយោបាយឡើយ។ លោកពន្យល់ថា អំណោយរបស់កាកបាទក្រហម ជាអំណោយមនុស្សធម៌សម្រាប់ចែកជូនពលរដ្ឋរងគ្រោះទូទៅ៖ « ខ្យល់កន្ត្រាក់រលំផ្ទះពលរដ្ឋប៉ុណ្ណឹងហើយ ហេតុអីបានជាអាជ្ញាធរស្រង់ឈ្មោះខុស។ ចំហើយនេះយើងទទួលយកមិនបានទេ។ អាជ្ញាធរស្រុក គប្បីតែយកចិត្តទុកដាក់ចំពោះពួកគាត់ ពីព្រោះគាត់ជាមន្ត្រីយោធាពិការផង »។
កាលពីថ្ងៃទី២៦ មេសា ខ្យល់កន្ត្រាក់បានបក់ប៉ើងដំបូលផ្ទះពលរដ្ឋចំនួន ២៨គ្រួសារ ខូចខាតដំបូលសាលារៀនមួយខ្នង និងរបើកដំបូលសាលាឆាន់វត្តទួលស្នួល អស់ស័ង្កសីប្រហែល ៥០សន្លឹក នៅភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយមក នៅថ្ងៃទី២៧ មេសា អាជ្ញាធរស្រុកសង្កែ បានដឹកនាំកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទៅជួសជុល និងនាំអំណោយចែកពលរដ្ឋបានចំនួន ២៦គ្រួសារ ចំណែក ២គ្រួសារទៀត មិនទាន់បានទទួលអំណោយនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។