នាយកប្រតិបត្តិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់ទុកល្បិចនយោបាយរបស់លោក ហ៊ុន សែន ដែលខំកែច្បាប់គណបក្សនយោបាយ ដើម្បីជាលេសថាផ្ដល់សម្បទាឱ្យមន្ត្រីបក្សប្រឆាំងនោះ ថាជារឿងគួរឱ្យអស់សំណើច និងមានចេតនាគ្រាន់តែដើម្បីបំបែកបំបាក់ មន្ត្រីបក្សប្រឆាំងនេះតែប៉ុណ្ណោះ។
លោក Brad Adams ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៨ ខែមីនា ថា នរណាក៏ដឹងដែរថា អ្នកធ្វើច្បាប់រម្លាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សិទ្ធិនយោបាយមន្ត្រីទាំង ១១៨រូប ក៏លោក ហ៊ុន សែន អ្នកធ្វើ។ ដូច្នេះលោកថា មានរឿងអីដែលមន្ត្រីបក្សប្រឆាំង ត្រូវសុំសិទ្ធិធ្វើនយោបាយពីលោក ហ៊ុន សែន។
លោកបន្តថា លោក ហ៊ុន សែន ទៅវិញទេ ដែលជាអ្នកបង្កើតបញ្ហាទាំងអស់នេះឡើង ដូច្នេះលោក ហ៊ុន សែន ត្រូវតែផ្ដល់សិទ្ធិនយោបាយនេះមកឱ្យមន្ត្រីទាំងនោះវិញ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
ទោះជាយ៉ាងនេះក្តី លោកបញ្ជាក់ថា លោក ហ៊ុន សែន កំពុងតែចាញ់ល្បែងនយោបាយនេះ ដោយខ្លួនឯង ព្រោះរហូតមកដល់ពេលនេះ មានមន្ត្រីគណបក្សសង្គ្រោះជាតិ តែបីរូបប៉ុណ្ណោះ ដែលសុំសិទ្ធិធ្វើនយោបាយនេះ។ លោក Brad Adams កោតសរសើរអំពីគុណតម្លៃរបស់មន្ត្រីបក្សប្រឆាំងឯទៀត ដែលក្លាហាន និងអត់ធ្មត់ មិនលុះតាមល្បិចនយោបាយរបស់លោក ហ៊ុន សែន៖ «បំណងធំរបស់លោក ហ៊ុន សែន គឺបំបែកបំបាក់គណបក្សប្រឆាំង។ លោក ហ៊ុន សែន ប្រហែលយល់ថា ខ្លួនឯងឆ្លាតវៃក្នុងរឿងនេះ។ គាត់ចាប់លោក កឹម សុខា ដាក់គុក។ គាត់ព្យាយាមបំបែកបំបាក់ក្រុមអ្នកគាំទ្របក្សប្រឆាំង ដែលនិយមលោក កឹម សុខា និង ក្រុមអ្នកនិយមលោក សម រង្ស៊ី។ គាត់ដាក់សម្ពាធ ឱ្យក្រុមលោក កឹម សុខា ធ្វើសម្បទានដើម្បីឱ្យបានដោះលែងលោក កឹម សុខា។ គាត់បញ្ចុះបញ្ចូលក្រុមលោក កឹម សុខា ឱ្យដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយវិញ។ បន្ទាប់មកទៀត គាត់នឹងបំបែកឱ្យគណបក្សសង្គ្រោះជាតិ នៅជាកូនបក្សតូចមួយ ក្រោមការដឹកនាំរបស់លោក កឹម សុខា និង ស្របពេលលោក សម រង្ស៊ី មិននៅក្នុងប្រទេស។ ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺយូរណាស់ហើយ មានមនុស្សតែបីនាក់ប៉ុណ្ណោះ ក្នុងចំណោម ១១៨ នាក់ ដែលចាញ់ល្បិចនយោបាយរបស់លោក ហ៊ុន សែន។ ចំនួនមន្ត្រីបក្សប្រឆាំងដ៏ច្រើនលើសលន់ មិនចុះចូលបែបនេះ គឺជារឿងមួយអស្ចារ្យណាស់ ព្រោះអីលោក ហ៊ុន សែន ខំប្រឹងដាក់សម្ពាធខ្លាំងប៉ុនណា ក៏អ្នកទាំងនោះ នៅតែរឹងមាំ។ នេះជាសញ្ញាបញ្ជាក់ថា លោក ហ៊ុន សែន កំពុងតែបរាជ័យហើយ»។
ទោះបីជាលោក ហ៊ុន សែន អាចស្មានថា ការផ្តល់សិទ្ធិនយោបាយឱ្យមន្ត្រីបក្សប្រឆាំងទាំងនេះឡើងវិញ ប្រហែលលួងចិត្តសហគមន៍អន្តរជាតិបានក្តី ក៏លោក ប្រែដ អាដាម ថាលោក ហ៊ុន សែន យល់ខុសធំណាស់ ព្រោះសហភាពអឺរ៉ុបជាពិសេស មិនចាញ់ការបញ្ឆោតរបស់លោក ហ៊ុន សែន នោះទេ។ អ្វីដែលសហគមន៍អន្តរជាតិចង់បាន គឺការស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដែលមានគណបក្សប្រឆាំងចូលរួម ក្នុងការបោះឆ្នោតមួយ ដែលសេរី ត្រឹមត្រូវ និង យុត្តិធម៌៖ «សហភាពអឺរ៉ុបនឹងមិនចាញ់បញ្ឆោតដ៏លីលារបស់លោក ហ៊ុន សែន ដូច្នេះនោះទេ។ ពួកគេនឹងមិនចាញ់បោកលោក ហ៊ុន សែន ដែលប្រើល្បិច ដោយយកច្បាប់ និងតុលាការបែបឡប់ឡែ មកធ្វើជាឧបករណ៍ដាក់សម្ពាធ មន្ត្រីបក្សប្រឆាំងឱ្យសុំសិទ្ធិធ្វើនយោបាយវិញនោះទេ។ អ្វីដែលសហភាពអឺរ៉ុបចង់បាន គឺភាពពហុនិយមពិតប្រាកដ គឺគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ។ អ្វីដែលជាគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ គឺភាពមានសេរីភាពពេញលេញ និង ពិតប្រាកដ ដើម្បីបេក្ខជនគណបក្សនយោបាយ និងពលរដ្ឋខ្មែរទៅទៅ អាចចូលរួម ក្នុងជីវភាពនយោបាយ ដោយមិនភ័យខ្លាចការធ្វើបាប គំរាមកំហែង និង អំពើហិង្សា ទៅលើអ្នកទាំងនោះ។ បើចំណុចទាំងអស់នេះ នៅតែលោក ហ៊ុន សែន ស្ដារមិនបានទេ គឺកុំសង្ឃឹមថា សហភាពអឺរ៉ុប នឹងបន្ធូរបន្ថយឱ្យលោក ហ៊ុន សែន ឱ្យសោះ»។
លោក Brad Adams មានសុទិដ្ឋិនិយមថា លោក ហ៊ុន សែន ចៀសមិនផុតពីដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញ ឆាប់ៗ ព្រោះសម្ពាធអន្តរជាតិកាន់តែខ្លាំងណាស់ហើយ។ ម្យ៉ាងទៀត បើលោក ហ៊ុន សែន មិនដោះលែងលោក កឹម សុខា ឆាប់ៗ និងស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញទេ លោកថា កម្ពុជាចៀសមិនផុត ពីការព្យួរការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងអាច GSP របស់អាមេរិក ជាក់ជាមិនខាន៕