តុលាការខេត្តបាត់ដំបង ចេញដីកាកោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិដែលរបបក្រុងភ្នំពេញ រំលាយចោលចំនួន ៦នាក់បន្ថែមទៀតនៅថ្ងៃទី១០ ខែឧសភា ដែលសរុបកើនឡើងដល់ ៣២នាក់ហើយ។ មន្ត្រីបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្សយល់ថា ចំណាត់ការរបស់តុលាការនេះ គឺជារឿងនយោបាយ និងមានបំណងបំបាក់ស្មារតីពួកគេ កុំឱ្យបន្តគាំទ្រគណបក្សសង្គ្រោះជាតិតទៅទៀត។
មន្ត្រី និងសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបង សម្ដែងការហួសចិត្តដែលតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងលោក ឈីន សុផុន និងលោក គី ប៉ុណ្ណារ៉ា បានចេញដីកាកោះហៅទៅបំភ្លឺជាបន្តបន្ទាប់ ខណៈដែលពួកគេអះអាងថា មិនបានប្រព្រឹត្តអ្វីខុសច្បាប់ទាល់តែសោះ។
ក្រុមប្រឹក្សាស្រុកមោងឬស្សីជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ លោក អ៊ុត ជឿន ប្រាប់អាស៊ីសេរីថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលនៅសុខៗ ស្រាប់មានមន្ត្រីនគរបាលយកដីកាតុលាការជូនលោក ឱ្យទៅបំភ្លឺនៅថ្ងៃទី២៤ ខែឧសភា ខាងមុខ។ លោកអះអាងថា នឹងទៅបំភ្លឺតាមដីកាកោះហៅនេះ ទោះបីជាលោកដឹងថា វាគឺជារឿងនយោបាយក្ដី៖ «ដីកានោះបញ្ជាក់ថា ខ្ញុំបំពានសាលដីកាតុលាការកំពូល ហើយខ្ញុំមិនដែលធ្វើអ្វីខុសច្បាប់សោះតាំងពីគេរំលាយមកនោះ គឺខ្ញុំទៅជាពលរដ្ឋធម្មតា និងរត់តាក់ស៊ីដើម្បីចិញ្ចឹមគ្រួសារ។ ខ្ញុំអត់បានទៅប្រមូលផ្តុំទីណា ឬហៅនរណាទៅប្រជុំទីណាក្នុងនាមជានយោបាយអីគឺអត់ទេ។ បើជួបជុំគ្នាក្នុងនាមជាមិត្តភ័ក្ដិ ជួបជុំគ្នា បែកគ្នា និងសំណេះសំណាលគ្នាគឺមានតែមិនមែនជារឿងនយោបាយ និងគណបក្សនោះទេ។ ការកោះហៅនេះជារឿងនយោបាយសុទ្ធសាធ»។
លោក អ៊ុត ជឿន ឱ្យដឹងថា នៅពីថ្ងៃទី១០ ឧសភា តុលាការ ក៏បានកោះហៅមេឃុំជ្រៃជាប់ឆ្នោត គឺអ្នកស្រី សេង រ័ត្នមុនី មេឃុំគារជាប់ឆ្នោត លោក ឈរ សែលី ជំទប់ទី១ ឃុំរបោះមង្គល លោក សេង ប៊ុនថន និងសមាជិកក្រុមប្រឹក្សាឃុំរបោះមង្គលជាប់ឆ្នោត លោក ប៊ុន សារ៉េត រួមទាំងអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ស្រុកមោងឬស្សី លោក លីន ស៊ីថ។
មេឃុំជ្រៃជាប់ឆ្នោត អ្នកស្រី សេង រ័ត្នមុនី ឱ្យអាស៊ីសេរីដឹងថា អ្នកស្រីនឹងចូលទៅបំភ្លឺនៅតុលាការតាមដីកាកោះ ហើយអ្នកស្រីមិនមានអារម្មណ៍ភ័យខ្លាចនោះទេ ព្រោះអ្នកស្រីមិនបានធ្វើអ្វីខុសច្បាប់នោះឡើយ៖ «ឆ្ងល់ដែរនៅផ្ទះសុខៗ ហើយជាស្ត្រីសាមញ្ញធម្មតាម្នាក់ដែលក្រោយពីគេរំលាយអស់ទៅ គឺយើងជាស្ត្រីមេផ្ទះដាំបាយឱ្យប្ដី និងកូនញាំសោះ ស្រាប់តែគេមកឱ្យដីកាកោះហៅអ៊ីចឹង គឺដូចជាឆ្ងល់ដែរ ហួសចិត្តដែរ។ អ្វីដែលយើងធ្វើគឺជាសិទ្ធិសេរីភាពរបស់យើងក្នុងនាមជាពលរដ្ឋខ្មែរ។អត់ភ័យផងព្រោះខ្ញុំអតមានកំហុសអីផង»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យនិងជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបូងគឺលោក ហេង លុយ បានទេ ដោយទូរស័ព្ទចូលជាច្រើនតែគ្មានអ្នកទទួល។ ចំណែកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តបាត់ដំបង គឺអ្នកស្រី ទៀង សំបូរ អះអាងថា មិនបានដឹង ករណីនេះទេ ដោយសារជាប់រវល់សិក្ខាសាលានៅរាជធានីភ្នំពេញ៖ «ខ្ញុំមិនដឹងឆ្លើយថា ម៉េចបើខ្ញុំមិនបានសួរគេ និងមិនបានចូលកន្លែងធ្វើការផង។ ខ្ញុំជាប់សិក្ខាសាលាម្សិលមិញហើយមកវិញចូលពេទ្យមើលកូនឈឺរហូត»។
គិតត្រឹមថ្ងៃទី១០ ខែឧសភា សាលាដំបូងខេត្តបាត់ដំបង បានកោះហៅមេឃុំចៅសង្កាត់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក ក្រុងនិងក្រុមប្រឹក្សាខេត្តបាត់ដំបង គណបក្សសង្គ្រោះជាតិចំនួន ៣២នាក់ហើយ ឱ្យចូលបំភ្លឺនៅតុលាការចាប់តាំងពីថ្ងៃទី៨ ឧសភាមក ក្នុងនោះមានមន្ត្រីគណបក្សសង្គ្រោះជាតិ ១១នាក់ហើយបានចូលបំភ្លឺរួច។
មន្ត្រីសម្របសម្រួលអង្គការ លីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត ប្រាប់អាស៊ីសេរីថា ការកោះហៅទៅបំភ្លឺទ្រង់ទ្រាយធំនេះ ព្រោះតំណាងអយ្យការចង់ប្រមូលព័ត៌មានបឋម បន្ទាប់ពីសង្ស័យថា មន្ត្រីបក្សប្រឆាំងទាំងនោះ បានទៅជួបជុំគ្នាហូបនំបញ្ចុកនៅផ្ទះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ក្នុងបំណងគាំទ្រលោកសម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងមានបំណងប្រឆាំងសាលដីការំលាយគណបក្សសង្គ្រោះជាតិ។ លោកយល់ថា បើទោះបីជាមន្ត្រី គណបក្សសង្គ្រោះជាតិទាំងនោះ ទៅជួបជុំហូបនំបញ្ចុកនិងបានបញ្ចេញមតិពាក់ព័ន្ធនឹងគណបក្ស សង្គ្រោះជាតិក្ដី គឺគ្មានអ្វីខុសច្បាប់ទេ ដូច្នេះតុលាការគួរទម្លាក់សំណុំរឿងនេះឥតចាត់ការ។ លោកបន្តថា ប្រសិនបើតុលាការនៅតែបន្តចំណាត់ការនេះ គឺនឹងរងការចោទពីមជ្ឈដ្ឋានទូទៅថា កំពុងប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ ដើម្បីធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំង ដែលធ្វើឱ្យប៉ះពាល់ដល់ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា៖ «វាអត់មានប្រឆាំងទៅនឹងសាលដីកាតុលាការកំពូលនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ទេ ព្រោះនៅក្នុងសាលដីកានោះមានចំណុចសំខាន់ពីរ។ ទី១ រំលាយគណបក្សសង្គ្រោះជាតិ ហើយទី២ ការហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ១១៨រូប មិនឱ្យធ្វើនយោបាយ។ អ៊ីចឹងពួកគាត់នៅមូលដ្ឋាននេះមិនមានឈ្មោះក្នុងបញ្ជីហាមឃាត់ធ្វើនយោបាយទេ។ គាត់គ្រាន់តែមកហូបនំបញ្ចុកលក្ខណៈរប៉េះរប៉ោះ និងនឹករលឹកគណបក្សដែលបាត់បង់ និងរំលឹកអនុស្សាវរីយ៍ដែលគាត់ធ្លាប់ធ្វើការជាមួយគ្នាដែលបែកគ្នាយូរហើយនោះ ដូច្នេះសកម្មភាពរបស់គាត់គឺជាការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
លោក អ៊ិន គង់ជិត ព្រួយបារម្ភដែរថា ចំណាត់ការនេះនឹងកាន់តែបន្ថែមបន្ទុកឱ្យសហគមន៍អន្តរជាតិពិចារណាដាក់ទណ្ឌកម្មលើកម្ពុជា ជាពិសេស ការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ព្រោះសហគមន៍អន្តរជាតិ តែងតែស្នើសុំឱ្យរដ្ឋាភិបាល ស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។
ចំណាត់ការរបស់តុលាការខេត្តបាត់ដំបងនេះ គឺបន្ទាប់ពីមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ធ្លាប់បានប្រកាសជាបន្តបន្ទាប់ថា លោកនឹងតាមកម្ទេចមន្ត្រីបក្សប្រឆាំងមិនឱ្យមានជីវិតឡើយ ប្រសិនបើអន្តរជាតិហ៊ានដាក់គំនាបសេដ្ឋកិច្ចលើកម្ពុជា។ ជាពិសេសលោក ហ៊ុន សែន ធ្លាប់បានចេញបញ្ជាឱ្យចាប់ដាក់គុក និងប្រើហិង្សាលើសកម្មជនបក្សប្រឆាំងរូបណា ដែលហ៊ានងើបតវ៉ា និងចង់រៀបចំគម្រោងទទួលលោក សម រង្ស៊ី ឱ្យវិលត្រឡប់មកកម្ពុជាវិញ។ ថ្មីៗ នេះ លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនគ្រប់គ្រងសភាពការណ៍ទូទាំងប្រទេស និងអប់រំពលរដ្ឋឱ្យបានយល់ដឹងអំពីផលវិបាកនៃការផ្ដួលរំលំរបបរបស់លោកដែរ។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ស្នើឱ្យរបបលោក ហ៊ុន សែន បិទបញ្ចប់យុទ្ធនាការធ្វើទុក្ខបុកម្នេញខាងនយោបាយ ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ តទៅទៀត ហើយត្រូវទម្លាក់ចោលឱ្យអស់នូវសំណុំរឿងដែលមិនសមទំនងទាំងឡាយនេះ។
ចំណែកអង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា (APHR) ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរបបលោក ហ៊ុន សែន ដែលនៅតែកំណត់មុខសញ្ញា និងវាយប្រហារលើសមាជិកគណបក្សសង្គ្រោះជាតិ។ អង្គការអន្តរជាតិមួយនេះ ទាមទារឱ្យមានការបញ្ឈប់ជាបន្ទាន់នូវការធ្វើទុក្ខបុកម្នេញទាំងឡាយ លើគណបក្សប្រឆាំង ដែលកំពុងរីករាលដាលពេញប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
