ព្រះអង្គ ប៊ុត ប៊ុនតិញ ថា​ក្នុង​សមរភូមិ​ផ្ដាច់ការ អ្នក​នយោបាយ​ប្រឆាំង​ត្រូវ​ចេះ​ល្បិច​ទល់​ល្បិច

0:00 / 0:00

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រដូច​ការ​តស៊ូ​ទាមទារ ឲ្យ​មាន​យុត្តិធម៌​សង្គម ឲ្យ​មាន​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោម​របប​លោក ហ៊ុន សែន សព្វថ្ងៃ​ដែល​ពោរពេញ​ទៅ​ល្បិចកល​បំបែកបំបាក់​គ្រប់​រូបភាព​បែបនេះ គឺ​ល្បែង​ប្រជាធិបតេយ្យ​ដែល​មាន​គោលការណ៍​ត្រឹមត្រូវ ប្រហែលជា​លេង​មិន​ឈ្នះ​ជន​ផ្ដាច់ការ​ទេ៖ «វា​មានតែ​ល្បិច​ទល់​ល្បិច​ ! បើ​យើង​ធ្លាប់​អាន​សៀវភៅ ល្បិច​ទល់​មេឃ នោះ​យើង​នឹង​ដឹង​ថា គេ​មិន​អាច​យក​គោលការណ៍​នីតិរដ្ឋ គេ​មិន​អាច​យក​គោលការណ៍​សីលធម៌ គេ​មិន​អាច​យក​គោលការណ៍​សម្របសម្រួល​សម្បទាន​ហ្នឹង ឲ្យ​ជន​ផ្ដាច់ការ​ងាក​មក​ចរចា​ជាមួយ​យើង​ទេ»។

ល្បិច​ទល់​ល្បិច​នេះ ព្រះតេជព្រះគុណ ប៊ុន ប៊ុនតិញ សំដៅ​ទៅលើ​យុទ្ធសាស្ត្រ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​ជោគជ័យ ក្នុង​ការ​ចាក់​ឲ្យ​លោក ហ៊ុន សែន លោត​មក​ទទួល​ការ​ភ្នាល់​គ្នា អំពី​រឿង​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា។ ព្រះតេជព្រះគុណ​បន្ត​ថា ល្បិច​របស់​លោក សម រង្ស៊ី គឺ​ចង់​បកអាក្រាត​ភាព​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ឲ្យ​អន្តរជាតិ​បាន​ឃើញ​កាន់តែ​ច្បាស់ ថា​តុលាការ​ខ្មែរ គ្មាន​ឯករាជ្យ ដូច​អ្វី​ដែល​អន្តរជាតិ កំពុង​ទាមទារ​ឲ្យ​កែ​ឡើងវិញ​នោះ​មែន។ ជោគជ័យ​មួយទៀត ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកឡើង​ថា គឺ​ការ​ដាក់​ឲ្យ​លោក ហ៊ុន សែន ទទួលខុសត្រូវ​ចំពោះ​មុខ នៃ​ការ​កាត់ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ ពី​សហភាព​អឺរ៉ុប៖ «ទាក់ទង​រឿង​មួយទៀត គឺ សម រង្ស៊ី ទាក់​ឲ្យ ហ៊ុន សែន​ហ្នឹង​ទទួលខុសត្រូវ ចំពោះ​មុខ​គោលការណ៍ EBA​ ។ បើសិនជា​យើង​មិន​ចាប់ផ្ដើម​មើល​ឥរិយាបថ​នយោបាយ ហ៊ុន សែន នឹង​លាងខ្លួន​រួច​ទៀត EBA ក៏​អត់​រងគ្រោះ ច្បាប់ ៥៧៥៤ , ២៤១២ នៅ​អាមេរិក​ក៏​មេម៉ាយ​ចោល ដូច្នេះ ហ៊ុន សែន នឹង​រួច​បញ្ហា​ទាំងអស់ ហ៊ុន សែន នឹង​ទិញ​ពេល​ប្រាំ​ឆ្នាំ​តទៅទៀត កំដរ​នយោបាយ តើ​យើង​ចង់បាន​ប៉ុណ្ណឹង​ឬ​ ? រឿង​ថា​ល្បែងភ្នាល់ វា​មើល​ទៅ​ឃើញ​អាក្រក់​បន្តិច ប៉ុន្តែ អាត្មា​ជឿ​ថា សម រង្ស៊ី មិនមែន​ភ្នាល់​ទេ គ្រាន់តែ​ចង់​ដាក់​អន្ទាក់ ហ៊ុន សែន ឲ្យ​ជាប់​ជាមួយ​អន្តរជាតិ មានន័យថា​រុញ​ព្រឹត្តិការណ៍​នយោបាយ​ខ្មែរ ឲ្យ​ផុត​ពី​ដៃ សម រង្ស៊ី និង កឹម សុខា»។

ភាសា​ការទូត ក៏​ត្រូវ​បាន​ប្រទេស​ជាច្រើន នៅ​ក្នុង​សហគមន៍​អន្តរជាតិ លែង​ប្រើ​ជាមួយ​របប​លោក ហ៊ុន សែន តទៅទៀត​ដែរ ដោយសារតែ​ប្រទេស​ទាំងនោះ មិន​អាច​អត់ឱន​បាន​ចំពោះ​ការ​យក​ប្រព័ន្ធ​តុលាការ មក​ធ្វើជា​ឧបករណ៍ ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម​នោះ។

សហរដ្ឋអាមេរិក ចេញ​សារ​ថ្កោលទោស​របប​លោក ហ៊ុន សែន ចំៗ ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប្រទេស​មហាអំណាច​មួយ​នេះ ក៏បាន​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ជា​បណ្តើរៗ និង​ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែម។ ចំណែក​ឯ​សហភាព​អឺរ៉ុប​ឯណោះ ដែល​មាន​ប្រទេស​សមាជិក​ចំនួន ២៨​ប្រទេស ក៏​លែង​ប្រើ​ភាសា​ការទូត​ជាមួយ​របប​លោក ហ៊ុន សែន ទៀត​ដែរ ក្រោយ​របប​នេះ មិន​ស្ដារ​ស្ថានការណ៍​អាក្រក់​សព្វថ្ងៃ។

សហភាព​អឺរ៉ុប បាន​ជូនដំណឹង​របប​លោក ហ៊ុន សែន កាលពី​ដើមខែ​តុលា រួច​ទៅ​ហើយ អំពី​នីតិវិធី​ដក​ការ​អនុគ្រោះ​ពន្ធ ក្រោម​កិច្ចព្រមព្រៀង “​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ ឬ EBA” បើ​របប​លោក ហ៊ុន សែន មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ក្នុង​រយៈពេល ១២ ខែ យ៉ាង​យូរ គិត​ចាប់​ថ្ងៃ​ជូនដំណឹង​នោះ​តទៅ។

ពេលវេលា​កំពុងតែ​ខើច​ខ្លី​ណាស់​ទៅ​ហើយ ដែល​របប​លោក ហ៊ុន សែន ត្រូវ​ស្តារ​ស្ថានភាព​អាក្រក់​បច្ចុប្បន្ន​ឡើងវិញ​ឲ្យ​ទាន់ ដើម្បី​ចៀស​ផុត​ពី​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​នោះ​។ អ្វី​ដែល​សហគមន៍​អន្តរជាតិ ទាមទារ​ឲ្យ​ស្តារ​ឡើងវិញ រួមមាន ដោះលែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ ផ្ដល់​នីតិសម្បទា​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨​រូប លុបចោល​សេចក្ដីសម្រេច​ដែល​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អាច​បើក​ដំណើរការ​ឡើងវិញ​ដោយ​គ្មាន​ការ​រឹតត្បិត ឬ​ការ​ធ្វើទុក្ខបុកម្នេញ និង រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ប្រកបដោយ​ភាព​សេរី ត្រឹមត្រូវ និង យុត្តិធម៌​ជាដើម។

ទោះជា​យ៉ាង​នេះ​ក្តី របប​លោក ហ៊ុន សែន នៅតែ​អះអាង​ថា របប​នេះ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​អះអាង​ថា មិន​ឱន​ក្បាល​ចំពោះ​សម្ពាធ​អន្តរជាតិ​ឡើយ។

ប៉ុន្តែ តាំងពី​អន្តរជាតិ​គំរាម និង​ដាក់ទណ្ឌកម្ម​ជា​បណ្ដើរៗ របប​លោក ហ៊ុន សែន បាន​ដោះលែង​អ្នក​ទោស​នយោបាយ​ជាច្រើន​រូប។ បន្ត​មក​ទៀត​ក៏​បាន​ផ្ទេរ​ការ​ឃុំខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង មក​ឃុំខ្លួន​ក្នុង​ផ្ទះ​នៅ​ភ្នំពេញ​វិញ។ ថ្មីៗ​នេះ លោក ហ៊ុន សែន ប្រកាស​ឲ្យ​បញ្ចប់​រឿង​ក្តី ប្រឆាំង​មេដឹកនាំ​សហជីព​កម្មករ ជាដើម។

ទោះជា​របប​លោក ហ៊ុន សែន ខំប្រឹង​ស្វះស្វែង​កែ​ស្ថានការណ៍​បន្តិចបន្តួច ដើម្បី​លួង​ចិត្ត​សហគមន៍​អន្តរជាតិ ឲ្យ​បន្ធូរ​ការ​ដាក់​ទណ្ឌកម្ម​លើ​របប​នេះ​ក្តី ក៏​អ្នកវិភាគ​នយោបាយ និង​សង្គម យល់ឃើញ​ថា លោក ហ៊ុន សែន អេះ​មិនទាន់​ចំ​រមាស់​នៅឡើយ​ទេ ពោល​គឺ​អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់បាន គឺ​ការ​ស្ដារ​ឡើង​វិញ នូវ​អ្វី​ដែល​របប​នេះ បាន​បំផ្លាញ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ចុងក្រោយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។