កម្ពុជា​និង​ថៃ​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់

0:00 / 0:00

រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​យោធា​ថៃ ប្ដេជ្ញា​ថា​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ សេសសល់ ដើម្បី​សម្រួល​ដល់​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេសជិតខាង​ទាំង​២ ជាពិសេស ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​តាម​បណ្ដោយ​ព្រំដែន ដើម្បី​ធ្វើ​ឲ្យ​តំបន់​ព្រំដែន​រវាង​ប្រទេស ទាំង​២ ក្លាយ​ជា​ព្រំដែន​សន្តិភាព និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ។ ការ​ប្ដេជ្ញា​បែបនេះ ធ្វើឡើង​នៅ ពេល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ជួបពិភាក្សា​គ្នា​ដាច់ដោយឡែក​មួយ ក្រៅ​ជំនួប​កំពូល អាស៊ី​-​អឺរ៉ុប​លើក​ទី​១០ ក្នុង​ទីក្រុង​មី​ឡង់ (Milan) ប្រទេស​អ៊ីតាលី (Italy) កាលពី ថ្ងៃ​ទី​១៦​ដល់​១៧ តុលា។

​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ការ​ជំរុញ​ការអភិវឌ្ឍន៍​តាម​តំបន់​ព្រំដែន ការ​បង្កើន​ការ​ផ្លាស់ប្ដូរ ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា​និង​ថៃ សុទ្ធសឹងតែ​ជា​ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់ អូចា (Prayuth Chan O Cha) លើក​មក​ពិភាក្សា​ជាមួយគ្នា ក្នុង​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ក្នុង​ប្រទេស​អ៊ីតាលី​។

​ព័ត៌មាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តី ការ​គណៈរដ្ឋមន្ត្រី ឲ្យ​ដឹង​ថា ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក ប្រាយុទ្ធ ចាន់ អូចា នោះ មេដឹកនាំ​ប្រទេស​ទាំង​២ បាន​ឯកភាព​ថា នឹង​មិន​ត្រូវ​ទុក​បញ្ហា​ព្រំដែន​ដែល​នៅ​សេស សល់ ឲ្យ​ក្លាយ​ជា​ឧបសគ្គ​ដល់​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​២​នោះ​ឡើយ។ ពួកគេ​ក៏​ប្ដេជ្ញា​ខិតខំ​ពង្រីក​កិច្ច​សហប្រតិបត្តិការ ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត ជាពិសេស រិះរក​គ្រប់​មធ្យោបាយ ក្នុង​ការ​អភិវឌ្ឍន៍​តំបន់​ព្រំដែន មួយ​ប្រកបដោយ​សន្តិភាព កិច្ច​សហ ប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ ការ​ផ្លាស់ប្ដូរ​ទេសចរណ៍ វប្បធម៌ កីឡា និង​ភាព​រីកចម្រើន របស់​ពលរដ្ឋ ដែល​រស់​នៅ​តាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំង​២។

ក្នុង​ជំនួប​នោះ​ដែរ លោក ប្រាយុទ្ធ ចាន់ អូចា បាន​ថ្លែង​ថា រដ្ឋាភិបាល​ថៃ​មាន​គោ​លន​យោ បាយ និង​គោលបំណង បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ព្រំ ដែន​កម្ពុជា ថៃ ពិសេស​នៅ​តំបន់​ប៉ោយប៉ែត ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ សម្រាប់​ធ្វើជា​តំបន់ ពាណិជ្ជកម្ម សណ្ឋាគារ ទីក្រុង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​រោងចក្រ​ខ្នាត​តូច ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន និង​ពលករ​ខ្មែរ​អាច​រក​ការងារ ក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ។

ក្រៅពីនោះ លោក ប្រាយុទ្ធ ចាន់ អូចា ក៏បាន​សន្យា​ថា នឹង​ជួយ​សម្រួល និង​ផ្ដល់​ភាព​អនុគ្រោះ​ផ្នែក​ច្បាប់​ដល់​ពលករ​កម្ពុជា ដែល​ចូល​ទៅ​បម្រើ​ការងារ​ក្នុង​ប្រទេស​ថៃ។

យ៉ាងណាក៏ដោយ ប្រមុខ​ដឹកនាំ​ថៃ​រូប​នេះ ក៏​មិន​ភ្លេច​ថ្លែងអំណរគុណ រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដោះលែង​អ្នកទោស​ថៃ​ឈ្មោះ វីរៈ ស៊ុមខ្វាមឃីត ឲ្យ​មាន​សេរីភាព​ឡើងវិញ កាល​ពី​ពេល​កន្លងមក​នោះ​ដែរ។

ជំនួប​រវាង​មេដឹកនាំ​ប្រទេសជិតខាង​ទាំង​២ ដែល​ជា​សមាជិក​អាស៊ាន នៅ​ក្នុង​ទឹកដី​អឺរ៉ុប​នេះ​គឺជា​ជំនួប​ផ្លូវ​ការ​លើក​ទី​១ គិត​ចាប់​តាំងពី​មេដឹកនាំ​យោធា​ថៃ​លោក ប្រា​យុទ្ធ ចាន់ អូចា ត្រូវ​បាន​រដ្ឋសភា​ថៃ​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី ក្នុង​ខែ​សីហា ឆ្នាំ​២០១៤ កន្លងមក ដែល​នៅ​ពេលនោះ លោក ហ៊ុន សែន ក៏បាន​ផ្ញើ​លិខិត​ចូលរួម អបអរសាទរ ផង​ដែរ។

​យ៉ាងណាក៏ដោយ ក្នុង​ជំនួប​នៅ​ប្រទេស​អ៊ីតាលី​នោះ ភាគី​ទាំង​២​មិនបាន​បញ្ជាក់ ថា​តើ​ពួកគេ​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​សេសសល់​នៅ​ពេលណា ពិតប្រាកដ​នោះ​ឡើយ។

ទាក់ទង​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​ថៃ​នេះ ជាពិសេស​គឺ​ជម្លោះព្រំដែន​នៅ​តំបន់​ប្រាសាទ ព្រះវិហារ ភាគី​ថៃ​មិន​ទាន់​បាន​អនុវត្ត តាម​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅឡើយ ដែល​បាន​សម្រេច​ជាថ្មី​ឲ្យ​ប្រទេស​ថៃ​ដក​គ្រប់​កងកម្លាំង ប្រដាប់​អាវុធ កង​នគរបាល ឬ​ឆ្មាំ​យាម​ផ្សេងទៀត ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ។

ចំណែក​ខាង​ភាគី​កម្ពុជា​វិញ ក៏បាន​ទុក​ពេល​វេលា​ឲ្យ​ភាគី​ថៃ​ដោះស្រាយ​បញ្ហា វិបត្តិ នយោបាយ​ផ្ទៃក្នុង​ជាមុន​សិន​ដែរ​។ ប៉ុន្តែ​ពេលនេះ វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ថៃ ហាក់​ស្ងប់ស្ងាត់​ទៅវិញ​ហើយ​។ តើ​វា​គួរ​ដល់​ពេល​ដែល​ប្រទេស​ថៃ ងាក​មក​អនុវត្ត សាលដីកា​របស់​តុលាការ យុត្តិធម៌​អន្តរជាតិ ឬក៏​យ៉ាងណា?

ចំពោះ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត សុខ ទូច កត់​សម្គាល់​ថា តាមពិត កម្ពុជា​គួរតែ​ជំរុញ​ឲ្យ​ភាគី​ថៃ​អនុវត្ត​សាលដីកា​របស់​តុលាការ តាំង​សម័យ​រដ្ឋាភិបាល របស់​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Sinawatra) មក​ម្ល៉េះ ប៉ុន្តែ​លោក​ថា កម្ពុជា​ហាក់​ថ្នម​សុខភាព​រដ្ឋាភិបាល​របស់​អ្នកស្រី យីងឡាក់ ហើយ​ទុក​រហូតដល់​ប្រទេស ថៃ​មាន​បញ្ហា​នយោបាយ។ យ៉ាងណាក៏ដោយ លោក​បណ្ឌិត សុខ ទូច ថា បញ្ហា​នៅតែ​អាច ដោះស្រាយ​បាន​ដដែល ប្រសិនបើ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​នេះ មាន​ឆន្ទៈ​ពិតប្រាកដ៖ «ការដែល​យើង​គោរព​ទៅតាម​ច្បាប់​អន្តរជាតិ ឬ​តុលាការ​អន្តរជាតិ អា​ហ្នឹង​គឺជា​ការ ស្រេច​ទៅ​ហើយ ប៉ុន្តែ​ខ្លាច​ក្រែងតែ គ្រាន់តែ​នីតិវិធី ភាព​លោង​លោម គេ​ដឹង​ខ្មែរ​យើង​ចូល ចិត្ត ពាក្យ​ផ្អែមល្ហែម ប៉ុន្តែ​នៅ​ពេល​ខាងមុខនេះ យើង​តាមដាន​ថា​តើ ថៃ​មានបំណង​យ៉ាង ដូចម្ដេច​នៅ​ក្នុង​ការចរចា​ពី​បញ្ហា​ប្រាសាទ​ព្រះវិហារ»។

ព័ត៌មាន​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក៏​ឲ្យ​ដឹង​ដែរ​ថា តប​តាម​ការ​អញ្ជើញ​របស់​លោក ហ៊ុន សែន លោក ប្រាយុទ្ធ ចាន់ អូចា សន្យា​ថា​នឹង​ដឹកនាំ​គណៈប្រតិភូ​រដ្ឋាភិបាល​ថៃ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​៣០​ដល់​៣១ ខែ​តុលា ខាងមុខ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ ប្រទេស​ទាំង​២ ឈាន ដល់​ចំណុច​កំពូល​ថ្មី​មួយទៀត។

យ៉ាងណាក៏ដោយ លោក​បណ្ឌិត សុខ ទូច ថា ប្រសិនបើ​ថៃ​ពិត​ជា​មាន​ឆន្ទៈ​ធ្វើ​ឲ្យ​ប្រសើរ កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា​មែន​នោះ រដ្ឋាភិបាល​ថៃ​ត្រូវ​គោរព​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជាមុន នោះ​មានន័យថា រដ្ឋាភិបាល​ថៃ​ត្រូវ​ដក​កងទ័ព របស់​ខ្លួន​ជា​ឯកតោភាគី ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។