ពលករ​ខ្មែរ​មួយ​ក្រុម​នៅ​ថៃ​ធ្វើ​យុទ្ធនាការ​ស្នើ​ពលករ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក

ដោយ សុ ជីវី
2019-10-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​ធ្វើ​យុទ្ធនាការ​បញ្ចុះបញ្ចូល​ដល់​ពលករ​នៅ​ប្រទេស​ថៃ ឱ្យ​នាំ​គ្នា​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ ថត​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី២៩ កញ្ញា ឆ្នាំ​២០១៩។
ពលករ​ខ្មែរ​ធ្វើ​យុទ្ធនាការ​បញ្ចុះបញ្ចូល​ដល់​ពលករ​នៅ​ប្រទេស​ថៃ ឱ្យ​នាំ​គ្នា​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ ថត​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី២៩ កញ្ញា ឆ្នាំ​២០១៩។
Photo Provided

ពលករ​ខ្មែរ​មួយ​ក្រុម​ធ្វើការ​នៅ​ប្រទេស​ថៃ​នាំគ្នា​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ឱ្យ​ពលករ​ទៅ​ចូលរួម​អម​ដំណើរ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ​ឱ្យ​បាន​ច្រើន​កុះករ។ ពួកគេ​សង្ឃឹម​ថា នៅ​ពេល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​នឹង​មាន​ដំណោះស្រាយ​នយោបាយ​ជា​មិនខាន​ឡើយ។

ពលករ​ខ្មែរ​ធ្វើ​នៅ​រោងចក្រ​អេឡិចត្រូនិក​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក​ប្រទេស​ថៃ លោក ជីម ផាត ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ កញ្ញា ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​រាប់​ម៉ឺន​នាក់​ពុះកញ្ជ្រោល​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ជាមួយ​លោក សម រង្ស៊ី ដើម្បី​ទៅ​ទាមទារ​អំណាច​ពី​របប​លោក ហ៊ុន សែន ជូន​ពលរដ្ឋ​វិញ និង​ទៅ​ស្ដារ​មុខមាត់​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​ឱ្យ​បាន​ប្រសើរ​ឡើងវិញ​។ ពលករ​រូប​នេះ​បន្ថែម​ទៀត​ថា ប្រមាណ ១ ខែ​មកនេះ គឺ​ពួក​លោក​បាន​ចុះ​ជួប​ពលករ​ខ្មែរ​នៅ​ថៃ និង​បាន​ថ្លែង​សារ​រួមគ្នា​តាម​ហ្វេសប៊ុក បំផុស​ដល់​ពលករ​ដ​ទៃ​ទៀត​ឱ្យ​ត្រៀមខ្លួន​វិល​ទៅ​កម្ពុជា​វិញ​ទាំងអស់​គ្នា​។ លោក​បញ្ជាក់​ថា ពលករ​នៅ​ថៃ​ភាគច្រើន​សប្បាយចិត្ត នឹង​បន់​ឱ្យ​ឆាប់​ដល់​ថ្ងៃ​កំណត់​របស់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ពួកគេ​ទៅ​ទទួល​លោក ឱ្យ​មក​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៖ «ខ្ញុំ​ចង់​ដាស់តឿន​ធ្វើ​ម៉េច​កុំ​គាត់​ភ្លេច​ថ្ងៃ​ភ្លេច​ខែ ព្រោះ​នេះ​ជា​ពេល​ចុង​នៃ​ការ​ប្ដូរ​មេដឹកនាំ​ផ្ដាច់ការ​នេះ​ហើយ។ ខ្ញុំ​ក៏បាន​លើក​ជា​ឧទាហរណ៍​ជាច្រើន​ថា នៅ​ក្នុង​ប្រទេស​និមួយៗ​បើ​យើង​ចង់​បញ្ចប់​របប​ផ្ដាច់ការ​បាន ទាល់តែ​ប្រើ​អំណាច​ពលរដ្ឋ​ដូចជា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ហើយ​ខ្ញុំ​ជឿជាក់​ថា លោក ហ៊ុន សែន នៅ​ពេល​ប្រហែល ៤១​ថ្ងៃនេះ បើ​មិន​ព្រម​បន្ទន់​ឥរិយាបថ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ទេ គឺ​វាសនា​របស់​គាត់​មិន​ខុស​អី​នឹង​មេដឹកនាំ​ផ្ដាច់ការ​នៅ​លើ​ពិភពលោក​នោះ​ទេ»

លោក​បន្ត​ថា ពួក​លោក​មាន​គ្នា ១០​នាក់ បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​ចុះ​ជួប​ពលករ​ខ្មែរ​នៅ​ថៃ​ប្រទេស​ថៃ​ជាច្រើន​កន្លែង​មក​ហើយ ដើម្បី​ត្រៀមខ្លួន​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ ។ កាលពី​ថ្ងៃ​ទី​២៩ កញ្ញា កន្លងទៅ ពួក​លោក​បាន​ប្រមូលផ្ដុំ​ពលករ​ខ្មែរ​ប្រមាណ ៤០​នាក់ នៅ​ខេត្ត​ទីក្រុង​បាងកក ប្រកាស​រួមគ្នា​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដោយ​មិន​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ​ឡើយ។

ចំណែក​ពលការិនី​ធ្វើការ​នៅ​ថៃ​ម្នាក់ទៀត លោកស្រី ស្ងួន សុខុម ថ្លែង​ថា មូលហេតុ​ដែល​លោកស្រី​ចូលរួម​ធ្វើ​យុទ្ធនាការ​ជំរុញ​ឱ្យ​ពលករ​ត្រៀមខ្លួន​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ គឺ​ដោយសារ​ស្អប់ខ្ពើម​របប​ដឹកនាំ​សព្វថ្ងៃ ធ្វើបាប​ពលរដ្ឋ​ទន់ខ្សោយ ចាប់​ពលរដ្ឋ​ដាក់គុក​ច្រវាក់ ដោយ​គ្រាន់តែ​ពួកគេ​សម្ដែង​មតិ​ឈឺឆ្អាល​រឿង​នយោបាយ​ដែល​ច្បាប់​កម្ពុជា​អនុញ្ញាត​។ លោកស្រី​បន្ត​ថា ពលរដ្ឋ​ខ្លះ​នាំគ្នា​តវ៉ា​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​បាន​ដី​ដាំ​ដុះ​ចិញ្ចឹម​គ្រួសារ ប៉ុន្តែ​អាជ្ញាធរ​បែរជា​បាន​ចោទប្រកាន់​ពួកគេ​ថា ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទៅវិញ។ លោកស្រី​បញ្ជាក់​ថា ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​រួចផុត​ពី​របប​ផ្ដាច់ការ​នេះ គឺ​មានតែ​កម្លាំង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង និង​ក្រៅ​ស្រុក​រួមគ្នា​អម​ដំណើរ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​ឱ្យ​បាន​ច្រើន​កុះករ​ទេ ទើប​អាច​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន ពីព្រោះ​អាជ្ញាធរ​មិន​អាច​ចាប់​ពលរដ្ឋ​រាប់​លាន​នាក់​ដាក់គុក​បាន​ទេ ហើយ​លោក ហ៊ុន សែន នឹង​យល់ព្រម​ចរចា​ជាមួយ​គណបក្សប្រឆាំង​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​ជា​មិន​ខាន៖ «អីចឹង​ធ្វើ​ប្អូន​រឹតតែ​មាន​កម្លាំង ព្រោះ​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដល់ពេល​ឃើញ​ប្រទេស​ដទៃ​គេ​ធ្វើ​បាន​គ្រប់យ៉ាង គេ​មាន​សិទ្ធិ​សេរីភាព គេ​មិន​គំរាម​ពលរដ្ឋ​ខ្លួន អីចឹង​ពួកគាត់​ជា​ពលរដ្ឋ​ខ្មែរ​ក៏​ចង់បាន​ភាព​យុត្តិធម៌​ដូចគ្នា​ដែរ ចង់​ក្លាហាន​ចង់បាន​ប្រទេស​មាន​សេរីភាព ដែល​មេដឹកនាំ​ស្រលាញ់​ពលរដ្ឋ​ខ្លួន មិន​យក​ជនជាតិ​ដទៃ​ចូល​មក​រស់នៅ​ក្នុង​ប្រទេស ហើយ​ជួយ​មើលថែ​ពលរដ្ឋ មិនមែន​ដូច​សព្វថ្ងៃ នេះ​គឺ​ពិបាក​នឹង​មើល»

លោក សម រង្ស៊ី បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រស់នៅ​ក្រៅ​ប្រទេស នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាង​មុខ។ ទោះជា​យ៉ាងណាក្ដី របប​ក្រុងភ្នំពេញ​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​វិធានការ​លើ​លោក សម រង្ស៊ី និង​អ្នក​ហែហម ប្រសិនបើ​ហ៊ាន​វិល​ចូល​កម្ពុជា​តាម​កាលកំណត់​មែន​នោះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា លោក​មិន​ជឿ​ថា លោក សម រង្ស៊ី នឹង​វិល​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​ទេ​។ លោក​បន្ថែម​ថា កន្លងមក​ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​រូប​នេះ ប្រកូក​ប្រកាស​ជា​ច្រើនដង​រួច​មក​ហើយ តែ​លោក​មិនបាន​ចូល​ស្រុក​ដូច​ការសន្យា​នោះ​ទេ​។ ទោះជា​យ៉ាងណា​លោក​គំរាម​ថា ពលរដ្ឋ​ដែល​ទៅ​អម​ដំណើរ​ក្រុម​បក្ស​ប្រឆាំង​នោះ អាច​ប្រឈម​បញ្ហា​ផ្លូវច្បាប់ ព្រោះ​លោក សម រង្ស៊ី ជា​ទណ្ឌិត​មាន​ដីកាចាប់ខ្លួន​ពី​តុលាការ៖ «ហើយ​ទី​២ ទណ្ឌិត​ដែល​ទៅ​នឹង​ក្នុងនាម​ខ្លួនឯង​ជា​ប្រធាន​ស្ដីទី​គណបក្ស អីចឹង​គណបក្ស​នឹង​ត្រូវ​រំលាយ​រួចហើយ វា​អត់​មាន​ត្រូវ​ច្បាប់​ទេ ពីព្រោះ​យើង​ដឹង​ថា សាលដីកា​របស់​តុលាការ​កំពូល​ជា​សាលដីកា​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា ដូច្នេះ​រាល់​អ្នកណា​គាំទ្រ​ជន​ណា​ដែល​មាន​ដីកា​ពី​តុលាការ​ជន​នោះ​គឺ ផ្ទុយ​ពី​សាលដីកា​តុលាការ​ហើយ»

អ្នក​សម្របសម្រួល និង​អង្កេត​អង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើង​ថា ការចូលរួម​កិច្ចការ​នយោបាយ គឺជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ម្នាក់ៗ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ ទោះជា​យ៉ាងណា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ឱ្យ​មេដឹកនាំ​គណបក្ស​កាន់អំណាច​និង​គណបក្ស​ប្រឆាំង​រក​ផ្លូវ​ចរចា​ត្រូវរ៉ូវ​គ្នា ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ប្រសើរ​ជាង​ទាស់ទែង​គ្នា​នាំ​ឱ្យ​ខាតបង់​ដល់​ប្រយោជន៍​ជាតិ៖ «គឺ​មានតែ​អ្នកនយោបាយ​ទេ​ដែល​លោក​អាច​ធ្វើ​ការ​ជជែក ជាពិសេស​យើង​មើល​ឃើញ​ហើយ​ការ​ទាមទារ​របស់​សហគមន៍​ជាតិ​និង​អន្តរជាតិ ទាក់ទង​លើ​ការងារ​រឿង​សិទ្ធិមនុស្ស និង​រឿង​សិទ្ធិ​នយោបាយ​អី​ជាដើម​នឹង​ដែល​ត្រូវ​គិត​ពិចារណា​ឡើងវិញ»

ក្រុម​ពលករ​អះអាង​ថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស ឱ្យ​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ រហូតដល់​ដើមខែ​វិច្ឆិកា​ខាងមុខ។ ពួកគេ​ក៏​សង្ឃឹម​ថា នៅ​ពេល​ដែល​លោក សម រង្ស៊ី វិល​ចូល​ស្រុក ពេលនោះ​នឹង​មាន​ដំណោះស្រាយ​នយោបាយ​ជាក់​ជាមិនខាន​។ លោក ជិម ផាត យល់ថា លោក ហ៊ុន សែន មិន​ហ៊ាន​ចាប់ខ្លួន​លោក សម រង្ស៊ី ដូច​ការព្រមាន​ឡើយ ពីព្រោះ​ប្រទេស​ប្រជាធិបតេយ្យ ដូចជា សហរដ្ឋអាមេរិក​និង សហភាព​អឺរ៉ុប ជាដើម បាន​យល់​ច្បាស់​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ហើយ​ប្រទេស​ទាំងនោះ​នឹង​ដាក់​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​លើ​របប​ក្រុងភ្នំពេញ ប្រសិនបើ​របប​នេះ​ចាប់ខ្លួន​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​មែន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល