ពលរដ្ឋ​ខ្មែរ​នៅ​បារាំង​គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​កម្ពុជា​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​បារាំង និង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​សហភាព​អឺរ៉ុប​ប្រមាណ​ជាង​៥០០​នាក់ នៅ​ថ្ងៃ​សៅរ៍​ទី​២៦ តុលា ខាងមុខនេះ គ្រោង​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​ធំ​មួយ​នៅ​ទីលាន​សិទ្ធិមនុស្ស​ក្នុង​ទីក្រុង​ប៉ារីស ដើម្បី​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​វិលត្រឡប់​ទៅ​រក​ការ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឡើងវិញ។

អនុប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង លោក ធុច រតនា ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​២៤ តុលា​ថា ក្រៅពី​ធ្វើ​បាតុកម្ម ពួកគាត់ ក៏​មាន​គម្រោង​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដើម្បី​ត្រៀមខ្លួន​អម​ដំណើរ លោក សម រង្ស៊ី វិល​ចូល​មាតុប្រទេស​វិញ​នៅ​ថ្ងៃ​ទី៩ ខែ វិច្ឆិកា ខាង​មុខ​នេះ។

លោក​មានប្រសាសន៍​ថា វត្តមាន​របស់​លោក សម រង្ស៊ី វិលត្រឡប់​ទៅ​កម្ពុជា​វិញ គឺជា​កាតព្វកិច្ច​ចាំបាច់​បំផុត​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​ផង និង​ដើម្បី​នាំមក​នូវ​សន្តិភាព​ក្នុង​តំបន់​ផង៖ «ប្រជាពលរដ្ឋ​ទូទៅ​ដែល​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​សិទ្ធិមនុស្ស សេរីភាព​បរិបូរណ៍​ក្នុង​ការ​បញ្ចេញមតិ​គ្រប់​បែប​យ៉ាង គេ​ឃើញ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង វា​បាត់បង់​ទាំងស្រុង​រហូតដល់​មានការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដោយ​របប​ក្រុងភ្នំពេញ​រាល់ថ្ងៃ។ អ៊ីចឹង​គេ​ត្រូវការ​លំនឹង​នយោបាយ​មួយ គឺថា​ឱ្យ​មាន​តុល្យភាព​នយោបាយ​ទាំងសងខាង កុំ​ឱ្យ​មាន​គណបក្ស​តែមួយគត់ ដូចជា​គណបក្ស​ប្រជាជន​ក្ដោបក្ដាប់​អំណាច​រាល់ថ្ងៃ​អ៊ីចឹង។ គេ​ចង់បាន​គណបក្ស​មួយ​ដែល​ធំ ដែល​ប្រជាពលរដ្ឋ​គាំទ្រ​ហ្នឹង ឱ្យ​កម្លាំង​ប្រជាធិបតេយ្យ​វិលត្រឡប់​មកវិញ​ដែល​ជា​ទី​សង្ឃឹម​ក្នុង​ការ​ផ្លាស់ប្តូរ និង​ស្វែងរក​សុភមង្គល​របស់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ទូទៅ​ឡើងវិញ»។

គិត​ត្រឹម​ថ្ងៃ​ទី​២៥ តុលា​នេះ គឺ​នៅ​សល់​តែ​១៦​ថ្ងៃ​ទៀត ដល់ពេល​ដែល​លោក សម រង្ស៊ី និង មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង នឹង​វិលត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​ដើម្បី ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​នាំ​ឱ្យ​មានការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។