អ្នក​វិភាគ​មើល​ឃើញ​យុវជន​នៅ​ថៃ និង​ខ្មែរ មាន​សន្ទុះ​ផុលផុស​បាតុកម្ម​ប្រឆាំង​នឹង​រឿង​អយុត្តិធម៌​សង្គម ទោះ​ជា​មាន​ការ​បង្ក្រាប

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ លើក​ឡើង​ថា ក្រុម​យុវជន ជា​ទំពាំង​ស្នង​ឫស្សី និង​ដើរ​តួនាទី​យ៉ាង​សំខាន់ លើ​កិច្ច​ការងារ​សង្គម។ នៅ​ប្រទេស​ពីរ​នៅ​ក្នុង​សមាគម​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន​មាន​ប្រទេស​ពីរ ដែល​យុវជន​បាន​ចេញ​មុខ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​រឿង​អំពើ អយុត្តិធម៌​សង្គម និង​ទាមទារ​ឲ្យ​មេ​ដឹក​នាំ​លាលែង​ពី​តំណែង ដូចជា​នៅ​ថៃ និង​កម្ពុជា​ដើម។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ថា ក្រុម​យុវជន​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ធ្វើ​បាតុកម្ម​ទាមទារ​រឿង​អយុត្តិធម៌​សង្គម ដែល​ជា​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង សង្គមប្រជាធិបតេយ្យ តែ​ទោះ​បី​ជា​ដូច្នេះ​ក្ដី បើ​ប្រៀប​នឹង​យុវជន​ថៃ​វិញ សន្ទុះ​យុវជន​ដែល​ឈឺ​ឆ្អាល​រឿង​សង្គម​នេះ នៅ​មាន​កម្រិត​នៅ​ឡើយ៖ «

កូន​ប្រុស​ច្បង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត បាន​ប្ដេជ្ញា​ចិត្ត​ថា ក្នុង​នាម​ជា​មេទ័ព លោក​មិន​ឲ្យ​ក្រុម​យុវជន​ចេញ​មក​តវ៉ា​ទាមទារ​យុត្តិធម៌​សង្គម​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក ហ៊ុន ម៉ាណែត បាន​ចោទ​ប្រកាន់ ឬ​លាប​ពណ៌​ក្រុម​យុវជន​នេះ​ថា ជា​ក្រុម​ចង់​បំផ្លាញ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ទៅ​វិញ៖ «

ទោះ​បី​ជា​បែប​នេះ​ក្ដី ជា​ការ​កត់​សម្គាល់ ក្រុម​យុវជន​មួយ​ចំនួន​បាន​ផ្ទុះ​ការ​តវ៉ា​រឿង​អយុត្តិធម៌​សង្គម​នេះ ពួក​គេ​អះអាង​ថា មិន​មែន​ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​អ្វី​ឡើយ គឺ​របប​ឯក​នេះ​ទៅ​វិញ​ទេ ដែល​បំផ្លាញ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នោះ។ លើស​ពី​នេះ​ទៀត​សន្ទុះ​ងើប​តវ៉ា​របស់​ក្រុម​យុវជន​នេះ គឺ​កើត​មាន ក្រោយ​ពី​ចាប់​ខ្លួន​ប្រធាន​សហជីព​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ​មក។ ទោះ​បី​ជា​របប​ឯក​បក្ស​បាន​ចាប់​ខ្លួន​យុវជន​មួយ​ចំនួន​ដាក់​ពន្ធនាគារ​ក្ដី ប៉ុន្តែ នៅ​មាន​យុវជន​មួយ​ចំនួន​ទៀត នៅ​តែ​មាន​ស្មារតី​មោះមុត​បន្ត​ធ្វើ​បាតុកម្ម ប្រឆាំង និង​ការ​ចាប់​ខ្លួន​មនុស្ស​ទាំង​អយុត្តិធម៌​នេះ។ ទោះ​បី​ជា​អ្នក​វិភាគ​មើល​ឃើញ​ថា សកម្មភាព​ចេញ​តវ៉ា​របស់​យុវជន​នេះ នៅ​មាន​កម្រិត​ក្ដី តែ​យ៉ាង​ហោច​ណាស់ ក៏​មាន​យុវជន​មួយ​ចំនួន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​នូវ​អំពើ​អយុត្តិធម៌​សង្គម ស្រប​ពេល​មនុស្ស​ស្ទើរ​ពេញ​មួយ​នគរ​សម្ងំ​ស្ងៀម​ស្ងាត់​ដែរ។

ទាក់ទង និង​បញ្ហា​នេះ លោក ឯម សុវណ្ណារ៉ា បន្ថែម​ថា មូលហេតុ​ដែល​សន្ទុះ​យុវជន​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ​ក្នុង​ការ​ចូលរួម​តវ៉ា​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សង្គម​នេះ គឺ​មាន​កត្តា​មួយ​ចំនួន ដែល​ជា​ការ​រាំង​ស្ទះ​រួម​មាន មនុស្ស​ជំនាន់​មុន​ដែល​ជា​ឪពុក​ម្ដាយ ជីដូន ជីតា​របស់​ពួក​គាត់​ធ្លាប់​រស់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជួប​ប្រទះ​នូវ​ការ​ឈឺ​ចាប់ ដោយ​ការ​ចាប់ចង និង​កាប់​សម្លាប់ បាក់ស្បាត ហើយ​ពួក​គាត់​មិន​គាំទ្រ​កូនៗ របស់​ខ្លួន ចេញ​មុខ​ឈឺ​ឆ្អាល​រឿង​សង្គម​នេះ​ទេ។ ម្យ៉ាង​ទៀត​នៅ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​មាន​ទស្សនៈ "រក្សា​ការ​ស្ងៀម​ស្ងាត់ ដើម្បី​សេចក្ដី​សុខ" នៅ​នៅ​ស្រប​ពេល​អាជ្ញាធរ​កំពុង​តែ​គាប​សង្កត់ និង​រឹតត្បិត​បែប​នេះ៖ «

លោក ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ
លោក ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ

ទោះ​បី​ជា​បែប​នេះ​ក្ដី ទីប្រឹក្សា​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា លើក​ឡើង​ថា បញ្ហា​សំខាន់ ដែល​យុវជន​ចូលរួម​ទាមទារ​រឿង​យុត្តិធម៌​សង្គម​មិន​មាន​ចំនួន​ច្រើន ដូច​នៅ​ប្រទេស​ថៃ​នោះ ដោយសារ​តែ​នៅ​ប្រទេស​ថៃ ការ​ចេញ​ធ្វើ​បាតុកម្ម​ផុស​ចេញ​ពី​ស្រទាប់​និស្សិត ហើយ​ក្រុម​និស្សិត​ទាំង​នេះ មាន​សិទ្ធិ​ក្នុង​ការ​ជជែក​អំពី​រឿង​នយោបាយ​នៅ​ក្នុង​សាលារៀន ខុស​ពី​នៅ​កម្ពុជា ដែល​របប​លោក ហ៊ុន សែន ហាម​ឃាត់។ លោក​បញ្ជាក់​ថា សាលា​រៀន​នៅ​ថៃ​ភាគ​ច្រើន​ឯករាជ្យ មិន​ស្ថិត​នៅ​ក្រោម​ការ​ក្ដោបក្ដាប់​របស់​រដ្ឋាភិបាល​ដូច​នៅ​កម្ពុជា​ឡើយ៖ «

លោក គល់ បញ្ញា ទីប្រឹក្សា​អង្គការ​ខុមហ្វ្រែល
លោក គល់ បញ្ញា ទីប្រឹក្សា​អង្គការ​ខុមហ្វ្រែល (RFA)

យុវជន​នៅ​ប្រទេស​ថៃ បាន​ធ្វើ​បាតុកម្ម ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​មក ទោះ​បី​ជា​ប្រទេស​នេះ កំពង់​ស្ថិត​នៅ​ក្នុង​បម្រាម​មិន​ឲ្យ​មនុស្ស​ជួបជុំ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ក្ដី ប៉ុន្តែ​ក្រុម​យុវជន​នៅ​តែ​ផុលផុស​ចេញ​មក​តវ៉ា នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល គឺ​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា Prayuth Chan O-Cha ចុះ​ចេញ​ពី​តំណែង។ បាតុកម្ម​នៅ​ថៃ​នេះ ដំបូង​ឡើយ​ក្រុម​និស្សិត​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​សាលា ក៏​ប៉ុន្តែ​ក្រោយ​ពី​ជំងឺ​កូវីដ១៩ ផ្ទុះ​ឡើង ពួក​គេ​បាន​ផ្អាក​ទៅ​វិញ។ ក៏​ប៉ុន្តែ​ចលនា​នេះ ចលនា​យុវជន​បាន​ផុលផុស​កាន់​តែ​ខ្លាំង​ឡើង​ចាប់​ពី​ពាក់​កណ្ដាល​ខែកក្កដា​មក ដែល​បាតុកម្ម។ ជា​ការ​កត់​សម្គាល់​បាតុកម្ម​នៅ​ថៃ​នេះ បាន​ផ្ទុះ​ឡើង​ពី​ដំបូង នៅ​បន្ទាប់​ពី​តុលាការ​បាន​រំលាយ​គណបក្ស​ឆ្ពោះ​ទៅ​អនាគត (Future Forward Party) នៅ​ចុង​ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុម​និស្សិត​ថៃ​ដែល​ប្រមូល​ផ្ដុំ​គ្នា​មនុស្ស​ច្រើន​កកកុញ​ធ្វើ​បាតុកម្ម​នេះ គឺ​មិន​ខុស​ពី​អ្វី ដែល​កំពុង​តែ​កើត​មាន​នៅ​កម្ពុជា ដែល​សហគមន៍​អឺរ៉ុប និង​ប្រទេស​លោក​សេរី ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ​នោះ​ឡើយ។ និស្សិត​ថៃ ក្រៅ​ពី​ទាមទារ​ឲ្យ​លោក ប្រាយុទ្ធ ចុះ​ចេញ​ពី​តំណែង​នោះ គឺ​ពួក​គេ​ទាមទារ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ស្ដារ​ប្រជាធិបតេយ្យ​បោះ​ឆ្នោត​ឡើង​វិញ និង​រហូត​ដល់​ហ៊ាន​ទាមទារ​អំណាច​ព្រះមហាក្សត្រ ដែល​មាន​អំណាច​លើសលប់​មិន​មុន​មក​គ្មាន​ហ៊ាន​ប៉ះ​អង្គ​ព្រះមហាក្សត្រ​ទៀត​ផង។ ការ​ទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​អំណាច​ព្រះមហាក្សត្រ ទៅ​លើ​ចំណុច ដែល​ច្បាប់​ថៃ​ចែង​ថា អ្នក​ណា​ហើយ​ហ៊ាន​រិះគន់​ព្រះមហាក្សត្រ​នឹង​ត្រូវ​ជាប់​ទោស​រយៈ​ពេល ១៥ឆ្នាំ ដែល​ក្រុម​និស្សិត​ប្រឆាំង​ដាច់​ខាត​ចំពោះ​ដាក់​ទោស​ទណ្ឌ​នេះ។

ទោះ​បី​ជា​បែប​នេះ​ក្ដី រដ្ឋាភិបាល​ថៃ​មិន​ប្រើ​កណ្ដាប់​ដៃ​ក្ដៅ​បង្ក្រាប ឬ​ចាប់​ចង​ក្រុម​យុវជន និង​និស្សិត​ដូច​របប​លោក ហ៊ុន សែន ឡើយ។ ទាក់ទង​នឹង​បញ្ហា​នេះ ទាំង​លោក ឯម សុវណ្ណារ៉ា ទាំង​លោក គល់ បញ្ញា លើក​ឡើង​ដូច​គ្នា​ថា រដ្ឋាភិបាល​ថៃ​បើក​ទូលាយ​សិទ្ធិ​សេរីភាព និង​គោរព​សិទ្ធិ​មនុស្ស​ជាង​កម្ពុជា បញ្ហា​នេះ​ហើយ​ទើប​រដ្ឋាភិបាល​នេះ មិន​ចាប់ចង ឬ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដូច​នៅ​កម្ពុជា។ លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ថៃ​មិន​ប្រើ​សន្តិសុខ​ស៊ី​ឈ្នួល​ដូច​នៅ​កម្ពុជា​ទេ កង​កម្លាំង​របស់​ថៃ គឺ​មាន​វិជ្ជាជីវៈ​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់៖ «

អ្នក​វិភាគ​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា បើ​សិន​ជា​ពលរដ្ឋ​ខ្មែរ​នៅ​តែ​ប្រកាន់​ទស្សនៈ​ថា " ត្រូវ​តែ​រក្សា​ការ​ស្ងៀមស្ងាត់ ដើម្បី​សម្ងំ​យក​សេចក្ដី​សុខ​នោះ " ក៏​មិន​ខុស​ពី​អ្វី​ពី​ការ​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​រដ្ឋ​ប្រព្រឹត្តិ​អំពើ​ហិង្សា​លើ​ក្រុម​យុវជន​មួយ​ចំនួន​កំពុង​តែ​ឈឺ​ឆ្អាល​រឿង​អយុត្តិធម៌​សង្គម​នោះ ហើយ​អំពើ​យុត្តិធម៌​នេះ​នឹង​កាន់​តែ​រីក​ធំធាត់​ឡើង​ជា​មិន​ខាន។ ជាង​នេះ​ទៅ​ទៀត អំពី​រឿង​បូរណភាព​ទឹក​ដី​វិញ បើ​សិន​ជា​ពលរដ្ឋ​គ្រប់​រូប​មិន​នាំ​គ្នា​បញ្ចេញ​មតិ​ឲ្យ​របប​លោក ហ៊ុន សែន ទប់​ស្កាត់​អំពើ​ឈ្លាន​របស់​ប្រទេស​ជិត​ខាង​ទេ ដូច​ជា វៀតណាម​ជា​ដើម​នេះ ផ្ទៃ​ដី​របស់​កម្ពុជា​នឹង​កាន់​តែ​រួម​តូច​នៅ​ពេល​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។