សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា នៅរសៀលថ្ងៃទី១៧ មករា បង្ហាញរបាយការណ៍បូកសរុបបឋមរបស់ខ្លួនមួយ ស្ដីពីភាពមិនប្រក្រតីក្នុងការចុះឈ្មោះបោះឆ្នោត ដែលបានបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០១៦។ អង្គការនេះ នឹងបញ្ចេញរបាយការណ៍វាយតម្លៃរួមនៅខែមីនា។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា រកឃើញថា ការចុះឈ្មោះធ្វើបញ្ជីបោះឆ្នោតថ្មីមានភាពមិនប្រក្រតីខ្លះៗ ទោះមិនទាន់មានបញ្ហាធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដំណើរការចុះឈ្មោះ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ មករា ថា លទ្ធផលនៃការចុះឈ្មោះបោះឆ្នោតមិនបានពេញលេញទេ ព្រោះអ្នកមានសិទ្ធិចុះឈ្មោះចំនួន ៩,៦លាននាក់ មានតែ ៧,៨លាននាក់បានចុះឈ្មោះ។ ពលរដ្ឋនៅតែចង់មកចុះឈ្មោះនៅពេលបញ្ជីបិទក៏ដោយ ហើយការកែតម្រូវឈ្មោះក៏លំបាក៖ « ប៉ុន្តែ នៅពេល ដែលយើងតាមមើលកិច្ចការងារ ការដាក់បញ្ជីដំបូងនេះ ដើម្បីឲ្យប្រជាពលរដ្ឋពិនិត្យនេះ ការសង្កេត របស់យើងឃើញថា ប្រជាពលរដ្ឋមកផ្ទៀងផ្ទាត់ មកពិនិត្យឈ្មោះ មិនមានចំនួនច្រើនទេ ហើយបញ្ហារឿងផ្ទៀងផ្ទាត់ឈ្មោះ ការកែឈ្មោះហ្នឹង ឃើញមានបញ្ហាស្មុគស្មាញនីតិវិធី ដែលតម្រូវឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងដើម្បីកែឈ្មោះ។ នេះជាបញ្ហាមួយដែរ »។
ទន្ទឹមគ្នានេះ វិវាទបណ្ដឹងជំទាស់ដែលសង្ស័យថា មានអ្នកមិនមានសញ្ជាតិខ្មែរចុះឈ្មោះ ការដោះស្រាយនៅឃុំ-សង្កាត់ ឬ គ.ជ.ប មិនមានតម្លាភាពដែលធ្វើឲ្យភាគីបណ្ដឹងមិនអស់ចិត្តទេ៖ « ជាពិសេសនៅក្រុមប្រឹក្សាឃុំ - សង្កាត់ អត់មានការដេញដោល អត់មានការរកភស្តុតាងបន្ថែមអីទៀតទេ គឺថាគ្រាន់តែពិនិត្យមើលឯកសារ ហើយមិនបានគ្រប់គ្នាទៀត។ បានតែចំនួនណាដែលបានជាសំណាកយកមកសួរ មកដេញដោល ហើយមកដល់ គ . ជ . ប នេះ ក៏ដូច្នេះដែរ មិនមានការរកឲ្យអស់ចិត្ត ដូចថារកភស្តុតាងបញ្ជាក់ ហៅមកសួរនាំដេញដោលអីអត់បានទេ គឺថាហៅតែមួយចំនួនណាជាសំណាកហ្នឹង ហើយក៏សម្រេចចិត្តទៅ ដែលធ្វើគូភាគីដាក់បណ្ដឹងនោះមិនអស់ចិត្តអំពីបញ្ហារឿងដែលបណ្ដឹងជំទាស់ ថាអ្នកដែលមាននៅក្នុងឈ្មោះហ្នឹង មានការសង្ស័យថាមិនមានសញ្ជាតិខ្មែរ។ ទាំងនេះដែលយើងរកឃើញបញ្ហាក្នុងបណ្ដឹង »។
លោកបន្តថា ប្រព័ន្ធ គ.ជ.ប ពេលនេះ អាចត្រួតពិនិត្យកំហុសទិន្នន័យ ឬក៏ឈ្មោះស្ទួន ហើយកែលំអបានមួយចំនួន ប៉ុន្តែនៅតែមានបញ្ហាទាំងនេះ។
ទាក់ទងនឹងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនៅឃុំ-សង្កាត់ ត្រូវបាននាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) លោក សំ គន្ធាមី រកឃើញថា មានពលរដ្ឋប្រមាណ ៣០% ប៉ុណ្ណោះដែលទៅពិនិត្យឈ្មោះ។ អ្នកខ្លះប្រាប់ថា មិនបានទទួលព័ត៌មានអំពីការបិទប្រកាសនោះ៖ « អ្នកខ្លះគាត់ថា គាត់ដឹងតែអត់ទៅផ្ទៀង ដោយសារគាត់ប្រាប់យើងថា គាត់ជឿលើប្រព័ន្ធចុះឈ្មោះ លើកនេះមានកុំព្យូទ័រ វាមិនបាត់ទៅណាទេ។ គាត់ប្រាប់អ៊ីចឹង។ មានថតរូបថតអីអ៊ីចឹង គាត់ជឿលើប្រព័ន្ធ មិនបាច់ទៅមើលក៏បានដែរ។ នេះជាការធ្វេសប្រហែសមួយដែរ ដោយសារការផ្សព្វផ្សាយយើងមានកម្រិត អត់បានពន្យល់ពីសារសំខាន់នៃការផ្ទៀងផ្ទាត់ហ្នឹងវាមានប្រយោជន៍យ៉ាងម៉េចខ្លះ ? នេះជាផលវិបាកមួយដែលយើងរកឃើញភាពមិនប្រក្រតី ហើយចំណុចខ្វះខាតរបស់ស្ថាប័ន គ . ជ . ប និងស្ថាប័នពាក់ព័ន្ធខាងក្រោម »។
រីឯយុវជនវិញ ត្រូវបានមន្ត្រីកម្មវិធីយុវជននៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក សេង រិទ្ធី ឲ្យដឹងថា ក្នុងចំណោមអ្នកចុះឈ្មោះទាំងអស់ មានយុវជនជិត ៣៦%៖ « យុវជនដែលបានទៅចុះឈ្មោះ គឺមានជាង ២លាននាក់ គឺ ២លាន ៨សែននាក់ជាង ស្មើនឹង ៣៥ , ៩ % គឺ ៦ % ក្នុងនោះបាត់ ៤ % ទៀត ហើយបាត់ ៤ % ហ្នឹង ភាគច្រើនគឺជាយុវជននៅតាមឃុំនីមួយៗដែលនៅសេសសល់។ បញ្ហាហ្នឹង គឺគាត់ធ្វើចំណាកស្រុកទៅក្រៅ ឬក៏ទៅកន្លែងផ្សេង។ គាត់អត់អាចមកចុះឈ្មោះបាន។ អ៊ីចឹងបើនិយាយពីចំនួនយុវជនច្រើន ស្ទើរតែពាក់កណ្ដាលនៃប្រជាពលរដ្ឋសរុប ៩លាននាក់ តែឥឡូវយើងចុះបាន ៧លាននាក់ជាង ស្មើនឹង ៨១ , ៤៧ % ក្នុងនោះ យើងយុវជនបាន ៣៥ , ៩ %»។
កន្លងទៅ គ.ជ.ប បានរកឃើញមានបញ្ហាឈ្មោះស្ទួន និងមានបណ្ដឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតថ្មី។ មន្ត្រី គ.ជ.ប ថ្លែងថា បញ្ហាទាំងនេះមកពីបញ្ហាបច្ចេកទេស ហើយបណ្ដឹងពេលនេះក៏កំពុងដោះស្រាយ។
ទោះបីជាខាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត រកឃើញបញ្ហាទាំងនេះក្ដី ក៏លោក គល់ បញ្ញា មានប្រសាសន៍ថា ខាងក្រុមលោកមិនទាន់អាចវាយតម្លៃបញ្ហាទាំងនេះបានទាំងស្រុងទេ៖ « យើង មានកិច្ច ការងារបន្តទៀត ដើម្បីធ្វើសវនកម្មឲ្យបញ្ជាក់ថា តើវាមានទំហំប៉ុនណា ដែលកើតឡើង នៅឈ្មោះ ស្ទួន ហើយនិងកើតឡើងនូវឈ្មោះដែលវា ខុសឆ្គង ដែល គ . ជ . ប រកឃើញហើយ ហើយកែលំអ ហើយវានៅតែមានទៀតនោះ វាមានប៉ុនណាទៀត ? អានេះដែលយើងធ្វើសវនកម្មពីរទៀត ហើយនៅខែ៣ បានយើងចេញរបាយការណ៍ចុងក្រោយ »។
លោក គល់ បញ្ញា ថ្លែងទៀតថា ទន្ទឹមគ្នានឹងការចុះឈ្មោះមានភាពស្មុគស្មាញ ដែលអ្នកចុះឈ្មោះនៅលំបាក បញ្ជីឈ្មោះមិនមានភាពសុក្រឹត ចំនួនអ្នកចុះឈ្មោះមិនទាន់ពេញលេញក្ដី ក៏លោកជឿថា ប្រព័ន្ធបោះឆ្នោតថ្មី ជាពិសេសបញ្ជីបោះឆ្នោតថ្មីនេះមានគុណភាពល្អជាងបញ្ជីឈ្មោះលើកមុនៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
