លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រាប់កម្មករកុំឱ្យខ្វល់ពីរឿង EBA ខណៈរបបលោកកំពុងដោះស្រាយបញ្ហានេះ។ លោកថ្លែងបែបនេះ កាលពីថ្ងៃទី២០ កុម្ភៈ អំឡុងពេលចុះជួបកម្មករ-កម្មការិនីរោងចក្រជាង ១ ម៉ឺននាក់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ សហជីពឯករាជ្យអះអាងថា បញ្ហា EBA គឺជាក្តីបារម្ភដ៏ធំរបស់កម្មករ ព្រោះបើប្រព័ន្ធអនុគ្រោះពន្ធនេះបាត់បង់ នោះនឹងជះឥទ្ធិពលអវិជ្ជមានដល់ការងារ និងប្រាក់ចំណូលរបស់កម្មករ។
មេដឹកនាំរបបក្រុងភ្នំពេញ ហ៊ុន សែន អះអាងថា ប្រជាពលរដ្ឋខ្មែរនៅតែមានប្រាក់ចំណូល និងអាចបង្កបង្កើនផលបានដដែល ដូច្នេះលោកស្នើកម្មករ-កម្មការិនីទាំងអស់ កុំឱ្យខ្វាយខ្វល់ពីបញ្ហាទាំងឡាយ ដែលលោកហៅថា ជាការឃោសនាអកុសលនោះ។ លោកថ្លែងទៀតថា ពលរដ្ឋខ្មែរមិនមានការតក់ស្លុតចំពោះការបំផុសសង្គ្រាមចិត្តសាស្ត្រនោះឡើយ ព្រោះពួកគាត់នៅតែមានការងារធ្វើ និងបើកប្រាក់បៀវត្សរ៍ទៀងទាត់ដដែល៖ «កុំខ្វល់ថាអ្នកណានិយាយពីអ្វី ពីព្រោះការឃោសនាអកុសលវាមានច្រើនពេកហើយ ក៏ប៉ុន្តែពូមានការលើកទឹកចិត្តណាស់ ( ដែល ) មិនបានឃើញប្រជាពលរដ្ឋរបស់យើងតក់ស្លុតជាមួយនឹងអ្វីដែលជាការបំផុសសង្គ្រាមចិត្តសាស្ត្រទេ ព្រោះសព្វថ្ងៃក្មួយៗកំពុងធ្វើការតើ។ ថ្ងៃហ្នឹងមកជួបពូ ល្ងាចនេះឈប់សម្រាក ថ្ងៃស្អែកចូលធ្វើការ ហើយជិតដល់ពេលបើកប្រាក់ខែទៀតហើយ ពីព្រោះឥលូវពីរអាទិត្យបើកម្ដង ដូច្នេះវាជាការដែលយើងត្រូវបន្តដំណើរតទៅទៀត»។
លោក ហ៊ុន សែន បានប្រាប់កម្មករយ៉ាងដូច្នេះ បន្ទាប់ពីសហភាពអឺរ៉ុប កាលពីសប្ដាហ៍មុន បានប្រកាសពីដំណើរការពិចារណាព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ចំណាត់ការនេះ ធ្វើឡើងក្រោយពេលសហភាពអឺរ៉ុបបានរកឃើញថា របបក្រុងភ្នំពេញ បានរំលោភបំពានធ្ងន់ធ្ងរលើវិស័យសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារ។
ថ្វីត្បិតតែលោក ហ៊ុន សែន មិនបាននិយាយឱ្យចំថា តើបញ្ហានោះជាអ្វីក៏ដោយ ក៏គេអាចដឹងបានដែរថា លោកចង់សំដៅលើរឿងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ព្រោះកាលពីពេលកន្លងទៅ លោកធ្លាប់បាននិយាយថា បញ្ហា EBA នេះ គឺជាសង្គ្រាមចិត្តសាស្ត្រដែលត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហាររបបរបស់លោក។
ទោះជាយ៉ាងណា ប្រសាសន៍របស់លោក ហ៊ុន សែន នេះ មិនអាចរំលត់ក្តីបារម្ភរបស់កម្មករបានឡើយ។ កម្មការិនីម្នាក់នៅខេត្តកណ្តាល លោកស្រី ដោក សាវ៉ាន់ ថ្លែងថា ប្រសិនបើ EBA ត្រូវបានដកហូត នោះនឹងមានហានិភ័យច្រើនសម្រាប់លោកស្រី និងកម្មកររោងចក្រទូទៅ មានជាអាទិ៍ការបាត់បង់ការងារតាមរយៈការផ្តាច់កិច្ចសន្យាការងារ និងការព្យួរការងារពីសំណាក់ថៅកែរោងចក្រជាដើម។ លោកស្រីបន្តថា រោងចក្រខ្លះអាចនឹងមិនរងផលប៉ះពាល់ពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសារពួកគេផលិតទំនិញនាំចេញទៅប្រទេសដទៃ មិនមែនសហភាពអឺរ៉ុប៖ «បើគេដក (EBA) ចេញ ពួកយើងបញ្ហា។ អត់មានអ៊ីវ៉ាន់ចូល អត់មានការងារធ្វើប្រាកដជា ទីមួយគេឱ្យស៊ី ៥០ % ទីពីរអាចនឹងផ្ដាច់កិច្ចសន្យាការងារក្នុងកិច្ចសន្យាខ្លី អ៊ីចឹងពួកយើងប្រឈមនឹងអត់ការងារធ្វើបាត់ហើយ។ សម្ដេចគាត់អាចដោះស្រាយបញ្ហាបាន លើកលែងតែគាត់មានការត្រិះរិះ ឬពិចារណាមួយឱ្យបានគ្រប់ជ្រុងជ្រោយថា គាត់អាចការពារសុវត្ថិភាពប្រជាពលរដ្ឋគាត់ និងកម្មកររបស់គាត់បានច្រើនប៉ុនណា។ បើ គាត់អាចការពារបាន គាត់គិតថា គាត់មិនខ្វល់ទេ ទោះជា EBA គេដកចេញ ក៏ដកទៅ គាត់អាចការពារ គាត់អាចចិញ្ចឹមកម្មករគាត់ ជំនួស EBA បាន ដោយក្នុងមួយខែ២៥០ដុល្លារ ឬ៣០០ដុល្លារ តាមតែកម្មករធ្វើការជាក់ស្ដែងបាន អូខេ ! មិនប៉ះពាល់នោះទេ»។
កម្មការិនីរូបនេះបន្តថា រោងចក្រដែលលោកស្រីកំពុងធ្វើការសព្វថ្ងៃ កំពុងមានបញ្ហាបណ្ដើរហើយៗ ដោយសារមានក្រុមហ៊ុនបញ្ជាទិញមួយចំនួនបានផ្អាកការបញ្ជាទិញ ហើយកម្មករមិនសូវសំបូរការងារធ្វើដូចកាលពីមុនឡើយ។ ម្យ៉ាងវិញទៀត ភាគីរោងចក្របានព្យាយាមផ្ដាច់កិច្ចសន្យាការងារចំពោះកម្មករដែលមានអតីតភាពការងារយូរឆ្នាំ។ លោកស្រីទទូចឱ្យលោក ហ៊ុន សែន ដោះស្រាយរឿង EBA នេះ ដោយធ្វើយ៉ាងណាកុំឱ្យកម្មករបាត់បង់អត្ថប្រយោជន៍៖ «ឃើញថាឥឡូវការងារក៏រាងខ្សត់ដែរ ដូចរោងចក្រខ្ញុំផ្ទាល់ ខ្ញុំធ្វើឱ្យ Levis ធ្វើឱ្យ Gap ធ្វើឱ្យ Target អីហ្នឹង ដូចថាមានបញ្ហាត្រង់ថា គេបន្ថយការបញ្ជាទិញ។ ការបញ្ជាទិញពីមុន១០ម៉ឺនខោ ឬក៏២០ម៉ឺនខោ ឥឡូវធ្លាក់នៅសល់៥ម៉ឺនខោ ឬ២ម៉ឺនខោអ៊ីចឹង ដូរស្តាយ៍គ្រប់ប្រភេទទាំងអស់។ អ៊ីចឹងយើងឃើញថា ការបញ្ជាទិញថយចុះ ហើយពួកយើងក៏អត់សូវបានថែមម៉ោងថ្ងៃបុណ្យនោះដែរ។ ពីដើមមករោងចក្ររបស់ខ្ញុំ គឺថែមម៉ោងថ្ងៃបុណ្យ ហើយថែមម៉ោងថ្ងៃធម្មតា គឺម៉ោង៦ល្ងាច តែឥឡូវម៉ោង៦នៅដូចជារដាក់រដុប ហើយថ្ងៃបុណ្យ ភាគច្រើនគឺអត់ធ្វើតែម្ដង»។
ដំណើរការពិចារណាព្យួរប្រព័ន្ធអនុគ្រោះ EBA ដែលសហភាពអឺរ៉ុបទើបតែបានដាក់ចេញនេះ មានរយៈពេលសរុបទាំងអស់១៨ ខែគិតចាប់ពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១៩នេះ តទៅ ហើយចែកចេញជាបីដំណាក់កាល។ សហភាពអឺរ៉ុបបានទុកពេលឱ្យរបបក្រុងភ្នំពេញចំនួន៦ខែ ដើម្បីស្ដារស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្ស បើពុំដូច្នេះទេ ក្នុងរយៈពេល៦ខែ បន្ទាប់ទៀតអឺរ៉ុបនឹងចាប់ផ្ដើមដំណាក់កាលធ្វើការសម្រេចចិត្ត ថាតើត្រូវរក្សា ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ បើមានការសម្រេចថា ព្យួរ សហភាពអឺរ៉ុប ទុកពេលឱ្យកម្ពុជា៦ខែទៀត ដើម្បីត្រៀមខ្លួន មុននឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធនោះ ចូលជាធរមាន។
ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែងថា រឿង EBA នេះ ជាបញ្ហាដ៏ធំរបស់ជាតិ ព្រោះការអនុគ្រោះពន្ធនេះបានផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់កម្មករ-កម្មការិនី និងគ្រួសាររបស់ពួកគាត់ ព្រមទាំងអ្នកទទួលផលពីវិស័យកាត់ដេរ។ អ្នកស្រីបន្តថា ជារឿងគួរឱ្យសោកស្ដាយបំផុតដែលសហជីព និងកម្មករ-កម្មការិនី មិនមានសិទ្ធិសម្រេចណាមួយក្នុងរឿងនេះ ដូច្នេះអ្នកស្រីសង្ឃឹមថា ថ្នាក់ដឹកនាំរដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះដោយគិតពីប្រយោជន៍កម្មករ និងពលរដ្ឋជាធំ។ អ្នកស្រីសង្កត់ធ្ងន់ថា អ្វីដែលកម្មករចង់បាននោះ គឺការងារជាប់លាប់ និងមានការគោរពសិទ្ធិការងារត្រឹមត្រូវ៖ «EBA នេះ គឺជាប្រព័ន្ធនៃការអនុគ្រោះពន្ធ ដែលភ្ជាប់មកជាមួយនូវលក្ខខណ្ឌ ( ដែល ) នៅក្នុងនោះលក្ខខណ្ឌធំបំផុត គឺពាក់ព័ន្ធជាមួយការគោរពសិទ្ធិមនុស្ស។ យើងមានឱសានវាទនៅក្នុងការដែលគេទុកឱកាសឱ្យនោះគឺ១៨ខែទេ អ៊ីចឹងខ្ញុំគិតថា ដើម្បីឱ្យប្រជាពលរដ្ឋ ឬក៏កម្មករមានការងារធ្វើ ជួយដល់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ ខ្ញុំគិតថា មានតែសម្តេចនាយករដ្ឋមន្ត្រីទេ ដែលមានសិទ្ធិក្នុងការត្រួតពិនិត្យមើលឡើងវិញថា គួរតែសម្រេចចិត្តបែបណាពាក់ព័ន្ធនឹង EBA ហ្នឹង»។
កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ” ហៅកាត់ថា EBA កាលពីឆ្នាំ ២០១២។ ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាបានរួចផុតពីកាតព្វកិច្ចពន្ធជិត ៧ រយលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ចំពោះការនាំចេញទំនិញទៅលក់នៅទីផ្សារអឺរ៉ុប។ តួលេខពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាបង្ហាញថា ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ទំនិញកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុបមានទឹកប្រាក់ដល់ទៅជាង ៦ ពាន់លាន ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ដែលភាគច្រើននៃទំនិញទាំងនោះ គឺជាផលិតផលវាយនភណ្ឌ សំលៀកបំពាក់ និងស្បែកជើង ព្រមទាំងផលិតផលកសិកម្ម។
ទោះជាយ៉ាងណា សហភាពអឺរ៉ុបធ្លាប់បានប្រកាសរួចហើយថា មានតែការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានប៉ុណ្ណោះ ទើបជាលក្ខខណ្ឌចាំបាច់នៃនយោបាយពាណិជ្ជកម្ម និងជាមូលដ្ឋានច្បាប់ឈានទៅទទួលបានការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនេះ។ លក្ខខណ្ឌដែលសហភាពអឺរ៉ុបតម្រូវឱ្យរបបលោក ហ៊ុន សែន អនុវត្តនោះ គឺការស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលរបបនេះបានវាយកម្ទេចកាលពីពេលកន្លងទៅ ប្រសិនបើរបបនេះនៅចង់បានការអនុគ្រោះពន្ធនាំចេញទៅទីផ្សារអឺរ៉ុបបន្តទៅទៀត។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ជឿជាក់ថា គ្មានអ្នកណាយកការព្រួយបារម្ភរឿងដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ជាសង្គ្រាមចិត្តសាស្ត្រវាយប្រហាររបបលោក ហ៊ុន សែន ឡើយ។ ផ្ទុយទៅវិញ ការទទូចរបស់សហជីព និងកម្មករជាហូរហែមកនេះ គឺចង់ឱ្យរដ្ឋាភិបាលធ្វើយ៉ាងណា ឱ្យកម្ពុជានៅតែទទួលបានផលប្រយោជន៍ពីការអនុគ្រោះពន្ធ EBA បន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
