មជ្ឈដ្ឋានទូទៅថា ជោគវាសនានៃសេដ្ឋកិច្ចកម្ពុជាដែលអាចប៉ះពាល់ដល់ពលរដ្ឋខ្មែររាប់លាននាក់ គឺស្ថិតនៅលើរបបលោក ហ៊ុន សែន ជាអ្នកសម្រេច ព្រោះបាល់នៃដំណោះស្រាយ ដើម្បីអាចបញ្ចៀសការដកប្រព័ន្ធអនុគ្រោះពន្ធ EBA កំពុងស្ថិតនៅជើងរបស់លោក ហ៊ុន សែន។
មន្ត្រីអង្គការសង្គមស៊ីវិល មន្ត្រីសហជីពកម្មករ អ្នកនយោបាយ អ្នកវិភាគ និងពលរដ្ឋទូទៅ សុទ្ធតែសម្ដែងក្តីព្រួយបារម្ភអំពីគ្រោះថ្នាក់ និងផលប៉ះពាល់ខ្លាំង នៃពពកខ្មៅ នៃស្ថានការណ៍អាក្រក់ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ដែលកំពុងបោកបក់ មកលើផ្ទៃមេឃកម្ពុជា។ ទាំងអស់គ្នា សុទ្ធតែយល់ថា ពពកខ្មៅនេះ នឹងអាចបក់វៀសចៀសឆ្ងាយពីកម្ពុជា ប្រសិនបើរបបលោក ហ៊ុន សែន យល់ព្រមធ្វើតាមសំណូមពរសហគមន៍អន្តរជាតិ រឿងស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
អ្នកឯកទេសខាងវិស័យកសិកម្ម និងវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិត យ៉ង សាំងកុមារ ចាត់ទុកការចាប់ផ្ដើមនីតិវិធីព្យួរការអនុគ្រោះពន្ធ ដែលសហភាពអឺរ៉ុបប្រកាសថា ចាប់ផ្តើមពីថ្ងៃទ១២ ខែកុម្ភៈតទៅថា ជាសារមួយពញ្ញាក់ស្មារតីរដ្ឋាភិបាលកម្ពុជា អំពីការទទួលខុសត្រូវ នៅចំពោះមុខពលរដ្ឋរបស់ខ្លួន ក្នុងការកែទម្រង់ជាបន្ទាន់ កុំឱ្យគេដាក់ទណ្ឌកម្មទាន់៖ «អ៊ីចឹងខ្ញុំគិតថា ការចាត់ចែងវិធានការបើកនីតិវិធី ដើម្បីឈានរហូតដល់ការព្យួរ ឬ មិនព្យួរនោះ ជារឿងមួយបើយើងក្នុងន័យវិជ្ជមាន ជារឿងមួយល្អដែរ ដើម្បីឱ្យរដ្ឋាភិបាលយើងយកចិត្តទុកដាក់ទៅលើអ្វីដែលសហភាពអឺរ៉ុប គេបានខំប្រឹងប្រែងជាមួយយើងកន្លងមក។ កុំមើលស្រាលលើការងារនេះ។ យើងត្រូវគិតផលប្រយោជន៍ប្រទេសជាតិ វែងឆ្ងាយ ក្នុងនាមយើងជាអ្នកដឹកនាំប្រទេស។ ការកសាងសេដ្ឋកិច្ចជាតិមួយ ដើម្បីជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ ជារឿងអាទិភាព និងជាកាតព្វកិច្ចមួយរបស់រដ្ឋាភិបាល»។
តំណាងសហជីពកម្មករលោក អាត់ ធន់ ដែលជាប្រធានសហភាពការងារកម្ពុជា ក៏យល់ឃើញថា រដ្ឋាភិបាលមានភារកិច្ច ទទួលខុសត្រូវក្នុងការរកដំណោះស្រាយនេះដែរ។ លោកបន្ថែមថា ការធ្វើតាមសំណូមពររបស់សហគមន៍អន្តរជាតិនេះ មិនមែនធ្វើឡើងត្រឹមតែសេចក្ដីប្រកាសរបស់រដ្ឋាភិបាល ដែលគ្មានការអនុវត្តជាក់ស្ដែងនោះឡើយ៖ «យើងនៅមានជំនឿថា នៅមានឱកាសក្នុងការកែប្រែស្ថានភាពនេះ។ យើងមានសុទិដ្ឋិនិយម ថានឹងអាចកែប្រែបានមួយចំនួន។ ខ្ញុំគិតថារដ្ឋាភិបាលបានព្រាងមួយចំនួនហើយដែរ។ ចំណុចខ្លះអាចមានលទ្ធផល។ ប៉ុន្តែ លទ្ធផលយ៉ាងណា គឺអាស្រ័យលើសកម្មភាពរបស់រដ្ឋាភិបាល និងសហគមន៍អឺរ៉ុប»។
ចំណែកឯប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល ក៏យល់ឃើញថា ពេលនេះទ្រនិចនាឡិកាចាប់ផ្ដើមវិល ហើយបង្កការព្រួយបារម្ភដល់ពាណិជ្ជករ និងប្រជាពលរដ្ឋខ្មែររាប់លាននាក់ វាក៏ជាឱកាសមួយសម្រាប់ ភាគីនយោបាយពាក់ព័ន្ធ អាចជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយ ដែលអាចឈានទៅបញ្ចៀសការព្យួរ EBA នេះ។ នៅក្នុងសារតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) លោក ព្រាប កុល ថា រដ្ឋាភិបាលកម្ពុជា ត្រូវតែកែលម្អបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនេះ។
ជុំវិញរឿងនេះដែរ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង សរសេរលើបណ្ដាញសង្គមហ្វេសប៊ុក ដោយខ្លីថា កូនសោសម្រាប់ដោះស្រាយបញ្ហាការព្យួរការអនុគ្រោះពន្ធ EBA នេះ គឺស្ថិតនៅលើដៃ លោក ហ៊ុន សែន។ បាត់ ឬ នៅ គឺអាស្រ័យលើលោក ហ៊ុន សែន។
ជាមួយគ្នានេះដែរ កសិករ កម្មករ អាជីវករ និង ពលរដ្ឋទូទៅ ក៏អំពាវនាវឱ្យរបបលោក ហ៊ុន សែន រិះរកវិធីយ៉ាងណា ស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ឱ្យបានឆាប់ ដើម្បីកុំឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់នេះ។
ក្ដីកង្វល់របស់មជ្ឈដ្ឋានទូទៅ និងការសម្លឹងមើលឃើញរបបលោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវ ក្នុងការបញ្ចៀសការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ធ្វើឡើងក្រោយសហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃទី១១ ខែកុម្ភៈ ថា ខ្លួនចាប់ផ្ដើមជាផ្លូវការ នូវនីតិវិធីព្យួរការអនុគ្រោះពន្ធ ដោយសារការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា។ ទោះជាយ៉ាងនេះក្តី សហភាពអឺរ៉ុបទុកពេលឱ្យកម្ពុជា សមល្មមនឹងស្ដារស្ថានភាពនេះឡើងវិញ ជាថ្នូរនឹងការមិនព្យួរ ឬដកការអនុគ្រោះពន្ធនេះ។
ភ្លាមៗក្រោយការប្រកាសជំហររបស់សហភាពអឺរ៉ុប ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១២ ខែកុម្ភៈ អំពាវនាវដល់ថ្នាក់ដឹកនាំកម្ពុជា ឱ្យស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ ឱ្យបានទាន់ពេលវេលា ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ សហរដ្ឋអាមេរិក ស្នើឱ្យកម្ពុជាទម្លាក់ចោលនូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់តាមទំនើងចិត្តទាំងអស់ ប្រឆាំងនឹងអ្នកទោសនយោបាយដទៃទៀត ហើយអនុញ្ញាតឱ្យសហជីព ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ និងក្រុមដទៃទៀតនៃសង្គមស៊ីវិល ដំណើរការដោយគ្មានការរឹតត្បិត។
ស្ថានទូតអាមេរិកបញ្ជាក់ថា ដើម្បីបញ្ចៀសការផ្អាកការអនុគ្រោះពន្ធ (EBA) ថ្នាក់ដឹកនាំកម្ពុជា នៅមានឱកាសនៅឡើយ នៅក្នុងការជៀសផុតពីផលវិបាកអវិជ្ជមានផ្នែកសេដ្ឋកិច្ច នៃការដកការអនុគ្រោះពន្ធ EBA នេះ។
ជាការឆ្លើយតប របបលោក ហ៊ុន សែន នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស នៃរបបក្រុងភ្នំពេញ កាលពីថ្ងៃទី១២ ខែ កុម្ភៈនេះដែរ ក្រសួងនេះបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដោយចាត់ទុកការសម្រេចបែបនេះ ថា ជារឿងអយុត្តិធម៌បំផុត។ របបលោក ហ៊ុន សែន នៅតែប្រកាន់ជំហរមិនងាករេរបស់ខ្លួនថា ទោះក្នុងតម្លៃណាក៏ដោយ ក៏របបនេះនៅតែរក្សាការពារចំណាត់ការកន្លងមករបស់ខ្លួន ទោះរងការរិះគន់ និងថ្កោលទោសជុំទិសក៏ដោយ ថាជាការការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងអធិបតេយ្យភាពជាតិ។
ក្នុងស្ថានភាពបែបនេះ លោកបណ្ឌិត យ៉ង សាំងកុមារ យល់ថា ប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត និងម្ចាស់ស្រុក ដែលជាអ្នករងគ្រោះ ដោយសារផលប៉ះពាល់ ដែលអាចកើតមានពីវិបត្តិសេដ្ឋកិច្ច ដែលកើតមានជាយថាហេតុ បើសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធ ត្រូវត្រៀមខ្លួន ចេះតស៊ូមតិ ឱ្យរដ្ឋាភិបាលទទួលខុសត្រូវ ដើម្បីឱ្យមានការកែទម្រង់៖ «អ្វីដែលយើងត្រូវគិតគូរ ដើម្បីត្រៀមខ្លួននេះ ប្រជាពលរដ្ឋទាំងអស់ត្រូវយល់ថា នយោបាយ និងសេដ្ឋកិច្ចមិនអាចបែងចែកគ្នាបានទេ។ នយោបាយដើម្បីអំណាចបុគ្គលអ៊ីចឹង វាធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងសេដ្ឋកិច្ច។ ដូច្នេះពលរដ្ឋត្រូវធ្វើការតស៊ូមតិ ឱ្យរដ្ឋាភិបាលកែទម្រង់ កាន់តែឆាប់តែល្អ»។
ចំណែកឯលោក ព្រាប កុល ក៏លើកឡើងអំពីសិទ្ធិរបស់ពលរដ្ឋខ្មែរទូទៅ ក្នុងការដោះស្រាយបញ្ហានេះដែរ។ លោកបញ្ជាក់ថា បញ្ហា EBA មិនមែនជាបញ្ហាពាក់ព័ន្ធតែជាមួយអ្នកនយោបាយប៉ុណ្ណោះទេ។ វាជាបញ្ហាដែលជះឥទ្ធិពល ដល់ពលរដ្ឋខ្មែររាប់លាននាក់ និងប៉ះពាល់ដល់អ្នកជំនួញ/ពាណិជ្ជករ ដែលវិនិយោគនៅកម្ពុជា។ ដូច្នេះពលរដ្ឋខ្មែរទាំងអស់ មានសិទ្ធិ និងមានកាតព្វកិច្ចដឹងឮ ឈឺឆ្អាល និងចូលរួមស្វែងរកដំណោះស្រាយ ដោយមិនគួរនៅស្ងៀម ហើយរង់ចាំក្លាយជាជនរងគ្រោះនោះទេ។
ពិភពលោក នៅរង់ចាំមើល ថា តើការតស៊ូមតិរបស់ពលរដ្ឋ និងការចូលរួមស្វែងរកដំណោះស្រាយនេះ ប្រព្រឹត្តទៅបានយ៉ាងដូចម្ដេច ក្នុងស្ថានភាពដែលរបបលោក ហ៊ុន សែន បង្ក្រាបរាល់ការជួបជុំ និង ចាត់ទុកអ្នកតវ៉ាដោយសន្តិវិធី ថាជាក្រុមបដិវត្តពណ៌បែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
