អឺរ៉ុប និងអាមេរិកនឹងចេញវិធានការដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន ក្នុងពេលឆាប់ៗនេះ
2018.09.09
របបលោក ហ៊ុន សែន នឹងរងទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នៅក្នុងខែកញ្ញានេះ ដរាបណា របបនេះ មិនដោះលែងលោក កឹម សុខា និងស្ដារលទ្ធិប្រជាធិបតេយ្យវិញទេនោះ។ ក៏ប៉ុន្តែរបបលោក ហ៊ុន សែន អះអាងថា មិនខ្វល់អំពីការដាក់ទណ្ឌកម្មណាមួយពីប្រទេសលោកខាងលិចឡើយ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា របបលោក ហ៊ុន សែន នៅតែបោះជំហានទៅមុខ ទោះបីជាមានការគំរាម កំហែងពីសហគមន៍អន្តរជាតិយ៉ាងណាក្ដី។
ថ្ងៃទី១៣ កញ្ញា ខាងមុខនេះ អាចជាថ្ងៃដែលសហភាពអឺរ៉ុប នឹងសម្រេចថា តើនឹងចាត់វិធានការដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន ដោយរបៀបណា ដើម្បីឲ្យរបប លោក ហ៊ុន សែន ដោះលែង លោក កឹម សុខា វិញ និងគោរពគោលការណ៍ប្រជាធិបតេយ្យឡើវិញ។
តំណាងសហគមន៍ខ្មែរនៅប្រទេសបារាំង លោក ថៃ មករា ឲ្យដឹងកាលពីថ្ងៃទី៩ កញ្ញាថា សភាសហភាពអឺរ៉ុប ដែលមានសមាជិកចំនួន២៨ប្រទេស នឹងបញ្ចេញវិធានការរបស់ខ្លួន នៅក្នុងកិច្ចប្រជុំមួយ ដែលគេលើកយករបៀបវារៈអំពីការ បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មកពិភាក្សាក្នុងចំណោមរបៀបវារៈផ្សេងទៀត។ លោកអះអាងថា សហភាពអឺរ៉ុបនឹងសម្រេចពីវិធានការដាក់ទណ្ឌកម្មនេះ នៅពេលនោះតែម្ដង៖ «យើងនឹងបកអាក្រាតឲ្យអន្តរជាតិដឹង អំពីការបោះឆ្នោតដោយខុសច្បាប់ ហើយយើងនឹងមិនទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់ សុំឲ្យរដ្ឋាភិបាលចិនដកការគាំទ្ររដ្ឋាភិបាលខុសច្បាប់»។
សភាសហភាពអឺរ៉ុប នឹងកោះប្រជុំបន្ទាន់មួយ នៅថ្ងៃទី១៣ ខែកញ្ញា ខាងមុខ។ ការបើកកោះប្រជុំបន្ទាន់ ដើម្បីពិភាក្សា អំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពិសេសការឃុំខ្លួនលោក កឹម សុខា ដែលអូសបន្លាយពេលជាងមួយឆ្នាំមកនេះ គឺជាប្រធានបទមួយ ក្នុងប្រធានបទបីសំខាន់ៗ ដែលសភាសហភាពអឺរ៉ុប ត្រូវលើកមកពិភាក្សា និងសម្រេចអនុម័តដោយការបោះឆ្នោត។
ប្រធានបទ ពីរផ្សេងទៀតគឺ ការចាប់ខ្លួនសមាជិកសភាបក្សប្រឆាំងក្នុងប្រទេស អ៊ូហ្គាន់ដា (Uganda) និងការឃុំខ្លួនអ្នកកាសែតជនជាតិភូមា ២នាក់ ដែលធ្វើការឲ្យទីភ្នាក់ងារសារព័ត៌មានអង់គ្លេស រ៉យទ័រ (Reuters) នៅក្នុងប្រទេសភូមា។
ក្រៅពីនេះទៀត លោក ថៃ មករា បញ្ជាក់ថា លោក និងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ នឹងទៅចូលរួមក្នុងកិច្ចប្រជុំនៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនៅពេលខាងមុខ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដើម្បីរាយការណ៍ជាក់ស្ដែងបន្ថែម នូវអ្វីដែលកំពុងកើតឡើងនៅកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ របបលោក ហ៊ុន សែន ក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា ដែលគេចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយនោះ របបឯកបក្ស បានបន្ធូរស្ថានការណ៍នយោបាយបន្តិច ដោយបានដោះលែងមន្ត្រី និងសកម្មជនគណបក្សប្រឆាំងជាង ១០នាក់ អ្នកវិភាគពីបញ្ហាសង្គម នយោបាយ និងសកម្មជនដីធ្លីអ្នកតំបន់បឹងកក់ ព្រមទាំងអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបទៀត។ ក៏ប៉ុន្តែចំពោះលោក កឹម សុខា វិញ លោក ហ៊ុន សែន បានប្រកាសថា សំណុំរឿងលោក កឹម សុខា គឺជាទោសក្បត់ជាតិ មិនអាចលើកលែងឲ្យបានឡើយ។
បន្ថែមពីនេះទៀត ថ្វីដ្បិតតែលោក ហ៊ុន សែន ប្រកាសជាញឹកញយថា របបលោក គ្មានឥទ្ធិពលអ្វីទៅលើស្ថាប័នតុលាការក្ដី ប៉ុន្តែនៅទន្ទឹមនឹងនេះ លោក ហ៊ុន សែន ក៏ប្រកាសក្ដែងៗថា ការលើកលែងទោសឲ្យអ្នកណាម្នាក់ ឬមិនលើកលែងនោះ គឺជាសិទ្ធិរបស់លោកទៅវិញ។
ទោះបីជាយ៉ាងនេះក្ដី លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិវិញ សម្ដែងសុទិដ្ឋិនិយមថា របបលោក ហ៊ុន សែន មិនអាចបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀតឡើយ។ លោក សម រង្ស៊ី ឲ្យដឹងថា លោកក៏នឹងទៅចូលរួមកិច្ចប្រជុំជាមួយសភាសហភាពអឺរ៉ុបដែរ នៅថ្ងៃទី១៣ កញ្ញា ខាងមុខ។ លោកមានជំនឿថា សភាសហភាពអឺរ៉ុបនឹងបោះឆ្នោតគាំទ្រញត្តិមួយ ដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនោះ ដើម្បីឲ្យរដ្ឋាភិបាលរបស់សហភាពអឺរ៉ុបអនុវត្តលើញត្តិទណ្ឌកម្មនោះ។
លោក សម រង្ស៊ី ក៏បង្ហើបប្រាប់ពីលទ្ធផលរបស់លោក នៅសហរដ្ឋអាមេរិក ដែលលោក បានជួបសមាជិករដ្ឋសភា ព្រឹទ្ធសភា និងតំណាងរដ្ឋាភិបាលអាមេរិកនេះថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងបោះឆ្នោតសម្រេចលើសេចក្ដីស្នើច្បាប់ ស្ដីពី «ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨» (លេខH.R. 5754) នៅក្នុងពេលឆាប់ៗនេះ៖ «ឥលូវនេះ យើងនៅចាំតែព្រឹទ្ធសភានឹងអនុម័ត ខ្ញុំបានជួបសហការីរបស់ពួកគាត់សុំឲ្យពន្លឿនអនុម័តឲ្យបានឆាប់»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសរសេរលើតេឡេក្រាម (Telegram) របស់លោក កាលពីថ្ងៃទី៩ កញ្ញា ថា របបក្រុងភ្នំពេញបានបង្កើតសភា និងរដ្ឋាភិបាល ក្រោយការបោះឆ្នោតនេះ គឺជាការជោគជ័យដ៏ត្រចះត្រចង់របបឯកបក្ស ដែលជាការបង្ហាញឲ្យឃើញថា ជាការបរាជ័យរបស់ក្រុមប្រឆាំង និងលោក សម រង្ស៊ី ដែលអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោតនោះ។ លោក សុខ ឥសាន អះអាងថា ក្រោយពីបង្កើតរដ្ឋាភិបាលបានសម្រេចហើយនោះ របបឯកបក្សនេះ គឺមានការគាំទ្រពីរដ្ឋាភិបាលជាមិត្តជាបន្តបន្ទាប់ដែរ។
ប្រទេសដែលចេញសារគាំទ្ររបបឯកបក្សនេះ ភាគច្រើន គឺទេសដែលប្រកាន់របបកុម្មុយនិស្ត ដូចជាចិន និងវៀតណាមជាដើម។ ចិនប្រកាសជំហរថា របបក្រុងប៉េកាំងនៅតែបន្តគាំទ្រដល់របបលោក ហ៊ុន សែន ទាំងជំនួយថវិកា និងនយោបាយ។
ទាក់ទងនឹងបញ្ហានេះ លោក ថៃ មករា អះអាងថា របបក្រុងភ្នំពេញមិនអាចយកចិន និងប្រទេសផ្សេងទៀតជាខ្នងបង្អែកបានឡើយ ព្រោះថា ទាំងរបបក្រុងភ្នំពេញខ្លួនឯង ទាំងរបបក្រុងប៉េកាំងផង ត្រូវការទីផ្សារនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប៖ «អ្នកនាំពាក្យគាត់ថា មិនប៉ះពាល់អីទេ មិនអ៊ីចឹងទេ ច្បាស់ជាប៉ះពាល់ ចាំមើលថ្ងៃទី១៣ បើគេផ្ដាច់ការអនុគ្រោះពន្ធ នោះ គឺចិន នឹងស្រែកមុនគេ»។
មុនការបោះឆ្នោតជាតិថ្ងៃទី២៩ កក្កដា ដែលគេចាត់ទុកថាជាបោះឆ្នោតក្លែងក្លាយ និងមិនឆ្លុះបញ្ចាំងពីឆន្ទៈម្ចាស់ឆ្នោតនោះ សហភាពអឺរ៉ុបបានបញ្ជូនក្រុមបេសកកម្មពិសេសរបស់ខ្លួនមកកម្ពុជា ដើម្បីធ្វើការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ក្រោយបញ្ចប់បេសកកម្មហើយ ក្រុមតំណាងសហភាពអឺរ៉ុបបានព្រមានថា ពួកគេនឹងពិចារណា ថាតើនឹងដក ឬបន្តផ្ដល់ឲ្យរបបក្រុងភ្នំពេញ នូវប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញលើកលែងតែអាវុធចូលអឺរ៉ុប ប្រសិនបើកិច្ចខិតខំរបស់ពួកគេ មិនទទួលបានជោគជ័យ។
ក្រៅពីសហគមន៍អឺរ៉ុប ក៏មានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកដែរ ដូចជា ការបង្កកទ្រព្យសម្បត្តិដែលមាននៅក្រៅប្រទេស និងមិនផ្ដល់ទិដ្ឋាការឲ្យមន្ត្រីជំនិតលោក ហ៊ុន សែន រួមទាំងកូនលោក ហ៊ុន សែន ផង ដែលរួមដៃគ្នាសម្លាប់ប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដោយចាប់មេបក្សប្រឆាំងដាក់គុក និងរំលាយបក្សប្រឆាំងដ៏ធំនៅកម្ពុជា។
ក៏ប៉ុន្តែ អ្វីដែលសហគមន៍អន្តរជាតិ ចង់បានពីរបបក្រុងភ្នំពេញនោះ គឺតម្រូវឲ្យលោក ហ៊ុន សែន ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយត្រូវដោះលែង លោក កឹម សុខា ឲ្យមានសេរីភាពវិញ ហើយបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ និងអ្នកនយោបាយបក្សប្រឆាំងទាំង១១៨នាក់ មានសិទ្ធិធ្វើនយោបាយឡើងវិញ និងឈានទៅរកការបោះឆ្នោតមួយ ដោយត្រឹមត្រូវ សេរី និងយុត្តិធម៌ តាមគន្លងលទ្ធិប្រជាធិបតេយ្យ។
លោក ថៃ មករា បញ្ជាក់ពីផែនការរបស់ពលរដ្ឋខ្មែរនៅអឺរ៉ុបថា សហគមន៍ខ្មែរនៅអឺរ៉ុប មិនខុសពីពលរដ្ឋខ្មែរនៅអូស្ត្រាលី ជប៉ុន កូរ៉េ និងសហរដ្ឋអាមេរិកឡើយ ពួកគាត់នឹងនាំគ្នាធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន បើសិនជាលោក ហ៊ុន សែន ជាន់ទឹកដីអឺរ៉ុប ដើម្បីចូលរួមកិច្ចប្រជុំនានានោះ៕