អ្នក​ជំនាញ​ស្នើ​ឲ្យ​យុវជន​ងាក​មក​ចាប់​អារម្មណ៍​រឿង​ថវិកា​ជាតិ

ដោយ យ៉ង ចាន់តារា
2017.06.15
វេទិកា​យុវជន​ថវិកា​ជាតិ ២០១៧ ១៤៤០ អ្នក​ចូលរួម​វេទិកា​ស្ដីពី​តួនាទី​របស់​យុវជន​ក្នុង​ដំណើរការ​រៀបចំ​ថវិកា​ជាតិ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Yang Chandara

វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា រៀបចំ​វេទិកា​មួយ​ស្ដីពី​តួនាទី​របស់​យុវជន​ក្នុង​ដំណើរការ​រៀបចំ​ថវិកា​ជាតិ ដើម្បី​បង្កើន​ចំណេះ​ដឹង និង​ជំរុញ​ឲ្យ​យុវជន​ចូលរួម​ក្នុង​ដំណើរការ​ថវិកា​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។ អ្នក​ជំនាញ​លើក​ឡើង​ដូច​គ្នា​ថា ថវិកា​ជាតិ​ជា​រឿង​មួយ​ដ៏​សំខាន់ ដែល​យុវជន​មិន​ត្រូវ​មើល​រំលង ដោយសារ​តែ​វា​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​ការ​អភិវឌ្ឍ​ជាតិ និង​បំពេញ​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​គ្រប់​រូប។

ការ​អំពាវនាវ​របស់​អ្នក​ជំនាញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​សង្កេត​ឃើញ​ថា មាន​យុវជន​តិចតួច​ដែល​ចាប់​អារម្មណ៍​នឹង​រឿង​ថវិកា​ជាតិ ដែល​បម្រើ​ដល់​ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​ទាំងអស់។

ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​នៃ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក ស៊ុន យូរ៉ា យល់​ឃើញ​ថា មាន​បញ្ហា​ពីរ​យ៉ាង​ដែល​ធ្វើ​ឲ្យ​រឿង​ថវិកា​ជាតិ​នេះ​ត្រូវ​បាន​មើល​រំលង​ដោយ​យុវជន និង​ប្រជាពលរដ្ឋ​ទូទៅ។ នោះ គឺ​ដោយសារ​បញ្ហា​ថវិកា​ជាតិ​នេះ​ជា​រឿង​បច្ចេកទេស​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ ហើយ​ម្យ៉ាង​ទៀត​គឺ​ដោយសារ​ខ្វះ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ៖ «កាល​ណា​និយាយ​អំពី​ថវិកា គឺ​ជា​​ការ​គាំ​ទ្រអ្វី​ទាំង​អស់​សម្រាប់​ការ​អភិវឌ្ឍ​ អ៊ីចឹង​បើ​សិន​ជា​គាត់​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​កិច្ច​ការងារ​ថវិកា​ជាតិ​​នេះ​កាន់​តែ​ច្រើន​ គាត់​នឹង​បញ្ជាក់​អំពី​តម្រូវ​ការ​របស់​គាត់​បាន​កាន់តែ​ច្បាស់​សម្រាប់​ការ​ធ្វើ​​​ផែនការ​អភិវឌ្ឍ។ អ៊ីចឹង​ផែនការ​ថវិកា ឬ​ក៏​ច្បាប់​ថវិកា​ជាតិ​នឹង​ឆ្លើយ​តប​សម្រាប់​តម្រូវ​ការ​របស់​គាត់​ក្នុង​ពេល​ខាង​មុខ»

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង វិញ កត់​សម្គាល់​ថា ការ​យល់​ដឹង និង​ការ​ចូលរួម​របស់​ពលរដ្ឋ និង​យុវជន​ក្នុង​ដំណើរការ​ថវិកា​ជាតិ​នេះ​មាន​តិចតួច​បំផុត ដោយសារ​តែ​កង្វះ​ខាត​ព័ត៌មាន។ លោក​ថា ការ​បើក​ចំហ​ព័ត៌មាន​ដើម្បី​ឲ្យ​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​ពលរដ្ឋ ជុំវិញ​ផែនការ​ថវិកា​នេះ មាន​តែ​នៅ​ថ្នាក់​ឃុំ-សង្កាត់​តែ​ប៉ុណ្ណោះ ចំណែក​នៅ​ថ្នាក់​ជាតិ​វិញ គឺ​មាន​ភាព​ស្មុគស្មាញ​ច្រើន ដែល​ពលរដ្ឋ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ផង មិន​អាច​ចូលរួម​បាន៖ «ថវិកា​ទាំង​អស់​ហ្នឹង​ គឺ​របស់​ប្រជាពលរដ្ឋ​ជា​អ្នក​បង់​ពន្ធ​ ទោះ​បី​ជា​រដ្ឋ​ខ្ចី​គេ​ពី​ណា​មក​ក៏ដោយ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ជា​អ្នក​សង​ដដែល​ អ៊ីចឹង​ប្រជាពលរដ្ឋ​ត្រូវ​តែ​ដឹង​ឮ​ ដើម្បី​ខ្លួន​មាន​ទឹក​ចិត្ត​​សង ហើយ​ម្យ៉ាង​ទៀត​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​សង្គម​មួយ​ ធ្វើ​យ៉ាង​ណា​ឱ្យ​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ ការ​ចំណាយ និង​ការ​គ្រប់គ្រង​​ថវិកា​ឱ្យ​មាន​ប្រសិទ្ធភាព​ ​បម្រើ​ដល់​ផលប្រយោជន៍​សង្គម​ទាំង​មូល»

ថវិកា​ជាតិ គឺ​ជា​របាយការណ៍​ផែនការ​ចំណូល និង​ចំណាយ​របស់​រដ្ឋាភិបាល ដើម្បី​កំណត់​ថា រដ្ឋាភិបាល​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទូទាត់​ចំណាយ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នីមួយៗ។

ប្រាក់​ចំណូល​របស់​ជាតិ​មាន​ពីរ គឺ​ចំណូល​ក្នុង​ស្រុក និង​ចំណូល​ក្រៅ​ស្រុក។ ចំណូល​ក្នុង​ស្រុក​បាន​មក​ពី​ចំណូល​ពន្ធ និង​ចំណូល​មិន​មែន​ពន្ធ ចំណែក​ចំណូល​ក្រៅ​ស្រុក​វិញ បាន​មក​ពី​កម្ចី និង​ជំនួយ។

ថវិកា​ជាតិ​ត្រូវ​បាន​ចំណាយ​ទៅ​លើ​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ មុខ​ទំនិញ​សម្រាប់​ផ្តល់​សេវាកម្ម​ជូន​ពលរដ្ឋ ដូចជា​ថ្នាំ​ពេទ្យ និង​សៀវភៅ ការ​អន្តរាគមន៍​ផ្នែក​សង្គម ឬ​សេដ្ឋកិច្ច ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ធារាសាស្ត្រ គម្រោង​អគ្គិសនី និង​ការ​ទិញ​រថយន្ត​រដ្ឋ ជាដើម។

នៅ​កម្ពុជា ថវិកា​ជាតិ​ត្រូវ​បាន​សំដៅ​ទៅ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ ដែល​ត្រូវ​បាន​ហៅ​ជាទូទៅ​ថា ច្បាប់​ថវិកា​ជាតិ ហើយ​ដែល​ត្រូវ​អនុម័ត​មួយ​ឆ្នាំ​ម្តង។

យុវជន​មួយ​ចំនួន​បញ្ជាក់​ថា ពួក​គេ​មាន​ការ​យល់​ដឹង​តិចតួច​បំផុត​ពី​បញ្ហា​ថវិកា​ជាតិ​នេះ។ អ្នក​ខ្លះ​បាន​ដឹង​ពី​រឿង​នេះ​តាម​រយៈ​មេរៀន​នៅ​សាលា ខ្លះ​តាម​រយៈ​សិក្ខាសាលា​របស់​អង្គការ​សង្គម​ស៊ីវិល និង​ខ្លះ​ទៀត​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង៖ «បើ​យើង​អាច​ដឹង​ថា ប្រទេស​ជាតិ​យើង​ មាន​ចំណាយ​ចំណូល​អ្វី​ខ្លះ ហើយ​បាន​ចេញ​ជា​សមិទ្ធផល​អ្វី​ខ្លះ​ បើ​យើង​ដឹង​ក៏​វា​ជា​ការ​ល្អ​ដែរ។ យុវជន​ខ្លះ​គាត់​អត់​មាន​ចំណាប់​អារម្មណ៍​រឿង​ថវិកា​ជាតិ​ គឺ​គាត់​ហៃ​អើៗ អ៊ីចឹង​ទៅ​ គាត់​​អត់​ដឹង​ពី​បញ្ហា​ហ្នឹង​ទេ តែ​ក៏​មាន​យុវជន​ខ្លះ​គាត់​គិត​ដែរ ទោះ​បី​ជា​គាត់​មិន​បាន​រៀន​ខ្ពស់​ក៏ដោយ។ សំណូម​ពរ​របស់​ខ្ញុំ​ទៅ​កាន់​រដ្ឋាភិបាល​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​រឿង​ហិរញ្ញវត្ថុ​ ខ្ញុំ​ចង់​ឱ្យ​ពួក​គាត់​បង្ហាញ​ព័ត៌មាន​ឱ្យ​មាន​តម្លាភាព​ជា​សាធារណៈ​ដើម្បី​ឱ្យ​ពល​រដ្ឋ​កាន់តែ​យល់​ដឹង។ នៅ​ពេល​ទទួល​បាន​ព័តមាន​​ ពលរដ្ឋ​នឹង​ចាប់​ផ្តើម​ចាប់​អារម្មណ៍»

យុវជន​ទាំងនេះ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ច្រើន​ទាក់ទង​នឹង​ដំណើរការ​ថវិកា​ជាតិ ហើយ​និង​របៀប​ដែល​យុវជន និង​ពលរដ្ឋ​ទូទៅ​អាច​ចូលរួម​ក្នុង​ដំណើរការ​នេះ​បាន។ ពួក​គេ​ក៏​សំណូមពរ​ដល់​យុវជន​ផ្សេង​ទៀត​ផង​ដែរ ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​បញ្ហា​ថវិកា​ជាតិ​ដែល​ជា​រឿង​ដ៏​សំខាន់​ប៉ះពាល់​ដល់​អនាគត និង​ការ​រីក​ចម្រើន​នៃ​ប្រទេស​ជាតិ។

កាល​ពី​ចុង​ឆ្នាំ​២០១៦ កន្លង​ទៅ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ​២០១៧ ដែល​មាន​ទំហំ​ទឹកប្រាក់​ជិត ៥​ពាន់​លាន​ដុល្លារ​អាមេរិក។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ប្រមាណ ១​ពាន់​លាន​ដុល្លារ បើ​ធៀប​ទៅ​នឹង​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៦ ដែល​មាន​ត្រឹម​ជិត ៤​ពាន់​លាន​ដុល្លារ​អាមេរិក។

ក្នុង​ចំនួន​ថវិកា​ជាតិ​ជិត ៥​ពាន់​លាន​ដុល្លារ​នេះ រាជ​រដ្ឋាភិបាល​បាន​បង្កើន​ទៅ​ក្នុង​វិស័យ​ការពារ​ជាតិ​ច្រើន និង​បាន​ត្រៀម​ទុក​ដោយឡែក​ចំនួន​ជាង ៨៥០​លាន​ដុល្លារ​សម្រាប់​ចំណាយ​ផ្សេងៗ​គ្មាន​មុខ​សញ្ញា​ច្បាស់លាស់ ដែល​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​បារម្ភ​ថា កញ្ចប់​ថវិកា​បម្រុង​នេះ​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។