គណៈកម្មការអឺរ៉ុប បានប្រកាសកាលពីថ្ងៃទី១២ កុម្ភៈ អំពីការចាប់ផ្ដើមដំណើរការជាផ្លូវការ នៃនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA ពីកម្ពុជា។ ហេតុការណ៍នេះ អាចបណ្ដាលឱ្យកម្ពុជា ត្រូវខាតបង់ជិត ៧០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដោយសារតែការតម្រូវឱ្យបង់ពន្ធផលិតផលនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
ក្នុងនាទី «កិច្ចការអន្តរជាតិ» សប្ដាហ៍នេះ យើងមានសេចក្ដីពន្យល់ពិស្ដារ ភាគទី២ ដែលជាភាគបញ្ចប់ ស្ដីពីប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA របស់សហភាពអឺរ៉ុប។ ខ្លឹមសារដើមនៃសេចក្ដីពន្យល់នេះ ដកស្រង់ចេញពីអត្ថបទផ្សាយទាំងស្រុងរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៩។
នេះជាការពន្យល់ភាគបញ្ចប់តាមការសាកសួរនិងឆ្លើយឆ្លងរបស់ លោក មាន ឫទ្ធិ និងលោក សេក បណ្ឌិត ដូចតទៅ៖
សំណួរ៖ តើអ្វីកម្ពុជាត្រូវធ្វើចំណាត់ការអ្វីខ្លះ ដើម្បីបញ្ចៀសពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបនេះ?
ចម្លើយ៖ សេចក្ដីសន្និដ្ឋានរបស់ក្រុមប្រឹក្សាកិច្ចការបរទេសរបស់សហភាពអឺរ៉ុប ចុះថ្ងៃទី២៦ កុម្ភៈ ឆ្នាំ ២០១៨ និងការប្រាស្រ័យទាក់ទងផ្ទាល់របស់សហភាពអឺរ៉ុប ជាមួយភាគីកម្ពុជា មានលើកឡើងច្បាស់ណាស់អំពីបញ្ហានានា ដែលចាំបាច់ត្រូវតែដោះស្រាយ។ បញ្ហាសំខាន់ៗ ដែលបានបណ្ដាលឱ្យឈានទៅសម្រេចចាប់ផ្ដើមដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ ផ្ដោតលើការបដិសេធនូវសិទ្ធិនយោបាយ ចំណាត់ការបែបរឹតត្បិតមកលើអង្គការសង្គមស៊ីវិល និងសហជីព ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ជាពិសេសពាក់ព័ន្ធនឹងការផលិតស្ករអំពៅ។ សហភាពអឺរ៉ុប បានបញ្ជាក់ពីជំហានមួយចំនួន ដែលខ្លួនរំពឹងចង់បានពីភាគីកម្ពុជាវិញ ដើម្បីធានាឱ្យបាននូវបរិយាកាសនយោបាយមួយ ដែលគណបក្សប្រឆាំង សង្គមស៊ីវិល សហជីព និងប្រព័ន្ធផ្សព្វផ្សាយ អាចដំណើរការបានដោយសេរី និងដើម្បីដោះស្រាយបញ្ហាដទៃទៀត រាប់ចាប់តាំងពីការផ្តល់សំណងដោយតម្លាភាព និងដោយមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធនឹងការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ជាពិសេសស្ករអំពៅ។
សំណួរ៖ តើកម្ពុជាបានចាត់វិធានការជាវិជ្ជមានណាមួយហើយឬនៅ ក្រោយពីមានការប្រកាសពីលទ្ធភាពនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះជាបណ្ដោះអាសន្ននោះ?
ចម្លើយ៖ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការណ៍ជាជំហានវិជ្ជមានមួយចំនួន។ ជំហានទាំងនោះ រួមមានការដោះលែង អ្នកទោសនយោបាយ សកម្មជនអង្គការសង្គមស៊ីវិល និងអ្នកកាសែត កាលពីខែសីហា និងកញ្ញា ឆ្នាំ២០១៨ ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ អនុញ្ញាតឱ្យបុគ្គលដែលត្រូវហាមប្រាមមិនឱ្យធ្វើសកម្មភាពនយោបាយ មានសិទ្ធិធ្វើនយោបាយឡើងវិញ និងជំហានមួយចំនួនទៀត ក្នុងការដោះស្រាយលើការរឹតត្បិតលើសកម្មភាពអង្គការសង្គមស៊ីវិល និងសហជីព។ យ៉ាងណាក៏ដោយ ទាំងអស់នេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សហភាពអឺរ៉ុប ជុំវិញកង្វះខាតធ្ងន់ធ្ងរ ដែលបានកើតមានឡើងក្នុងវិស័យទាំងអស់នេះ។
សំណួរ៖ តើប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ មានសារសំខាន់ខ្លាំងប៉ុណ្ណា ចំពោះសេដ្ឋកិច្ចកម្ពុជា?
ចម្លើយ៖ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់មួយរបស់កម្ពុជា ស្មើនឹង ៤៥ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា ក្នុងឆ្នាំ២០១៨ ។ ការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារតែមួយរបស់សហភាពអឺរ៉ុប មានតម្លៃ ៤,៦ ប៊ីលានយូរ៉ូ ឬជាង ៥,២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៨ ពោលគឺស្ទើរតែទ្វេដងនៃតម្លៃនាំចេញសរុបកាលពីឆ្នាំ ២០១៣ ដែលស្មើនឹង ២,៥ ប៊ីលានអឺរ៉ូ ឬ ជាង ២,៨ ប៊ីលានដុល្លារអាមេរិក។ ៩៥,៧ ភាគរយ នៃការនាំចេញទាំងនេះ ចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ដែលមានន័យថា មិនចាំបាច់បង់ពន្ធ។ នេះជាកម្រិតមួយខ្ពស់បំផុតក្នុងចំណោមប្រទេសទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងអស់។ ជារួមកម្ពុជា គឺជាប្រទេសទទួលបានអត្ថប្រយោជន៍ធំជាងគេបំផុតទីពីរ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ គឺឈរនៅក្រោយតែប្រទេសបង់ក្លាដេសតែប៉ុណ្ណោះ។
សំណួរ៖ ហេតុអ្វីបានជាសហភាពអឺរ៉ុប ផ្ដោតតែទៅលើប្រទេសកម្ពុជា ក្នុងការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ ហើយមិនផ្ដោតលើប្រទេសទទួលអត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពន្ធទូទៅដទៃទៀត ដែលមានប្រវត្តិអាក្រក់ខាងអំពើរំលោភសិទ្ធិមនុស្ស ដូចគ្នាដែរនោះ?
ចម្លើយ៖ សេចក្ដីសន្និដ្ឋានរបស់ក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុប ខែកុម្ភៈ ឆ្នាំ ២០១៨ កំណត់ថា ប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់យ៉ា ឬភូមា ត្រូវចូលរួមពិគ្រោះយោបល់កែលម្អ ក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ផ្អែកលើភាពធ្ងន់ធ្ងរនៃការចោទប្រកាន់ពីការរំលោភបំពាននេះ (ដូចដែលបានកំណត់ដោយរបាយការណ៍អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិថ្មីៗនេះ) និងផ្អែកលើពាណិជ្ជកម្មជារួមជាមួយសហភាពអឺរ៉ុប។ ប្រទេសបង់ក្លាដេស ក៏ធ្លាប់ត្រូវបានកំណត់ ក្នុងរបាយការណ៍ប្រព័ន្ធអនុគ្រោះពន្ធទូទៅចេញផ្សាយពីរឆ្នាំម្ដង សម្រាប់ឆ្នាំ២០១៦ - ២០១៧ របស់គណៈកម្មការអឺរ៉ុប ដោយសារតែហេតុផលដូចគ្នានេះដែរ។
សហភាពអឺរ៉ុប តាមដានជាប្រក្រតីនូវស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងាររបស់គ្រប់ប្រទេសទទួលអត្ថប្រយោជន៍ទាំងអស់នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់ខ្លួន។ ក៏ប៉ុន្តែ គួរបញ្ជាក់ថា ឧបករណ៍ពាណិជ្ជកម្ម គឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ សហភាពអឺរ៉ុប ប្រើប្រាស់មធ្យោបាយដទៃទៀត ដើម្បីចូលរួមកែលម្អជាមួយដៃគូរបស់ខ្លួន រាប់ចាប់តាំងពីកិច្ចសន្ទនាអំពីសិទ្ធិមនុស្ស ការពិគ្រោះយោបល់បែបការទូត កិច្ចព្រមព្រៀងអំពីនិរន្តរភាព (ក្នុងករណីនៅបង់ក្លាដេស) កិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ រួមទាំងឧបករណ៍ដទៃៗទៀត។ ជម្រើសថា តើត្រូវប្រើឧបករណ៍បែបណាមួយដើម្បីដោះស្រាយបញ្ហា គឺអាស្រ័យតាមកម្រិតនៃការធ្វើពាណិជ្ជកម្មទ្វេភាគី រវាងសហភាពអឺរ៉ុប និងប្រទេសដៃគូ៕
