គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ​រដ្ឋាភិបាល​​ឱ្យ​បកស្រាយ​អំពី​ភាព​ស្របច្បាប់​នៃ​ផែនទី​ខ្នាត​ថ្មី

ដោយ មួង ណារ៉េត
2020.08.04
ផែនទី រូប​សញ្ញា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (ឆ្វេង) និង​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ព្រមព្រៀង​គ្នា​បោះ​ពុម្ព​ថ្មី តាម​ខ្នាត ១ លើ ២៥ពាន់​នោះ (១/២៥.០០០)។
រូប៖ ហ្វេសប៊ុក

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ​ឲ្យ​រដ្ឋាភិបាល​បកស្រាយ​អំពី​ធម្មនុញ្ញភាព ឬ​ភាព​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ផែនទី​ថ្មី ដែល​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ព្រមព្រៀង​គ្នា​បោះ​ពុម្ព​ថ្មី យក​តាម​ខ្នាត ១ លើ ២៥ពាន់​នោះ (១/២៥.០០០)។

ក្នុង​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី៤ ខែសីហា​នេះ គណបក្ស​ដែល​មាន​បណ្ឌិត កែម ឡី ជា​សហ​ស្ថាបនិក លើក​សំអាង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​កំណត់​ច្បាស់​ថា ព្រំដែន​របស់​ប្រទេស​កម្ពុជា មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ មិនមែន ១/២៥.០០០ នោះ​ទេ។

ក្រៅពី​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ឯកសារ​ផែនទី​ខ្នាត ១/២៥.០០០ បង្ហាញ​ផែនទី​បង្គោល​ព្រំដែន​សម័យ​បារាំង និង​បង្ហាញ​របាយការណ៍​ផ្ទាល់​មាត់​ពី​អ្នក​ភូមិ ដែល​ជា​សាក្សី​រស់ ដើម្បីឲ្យ​សាធារណៈ​ជន​បាន​ដឹង។

ប្រតិកម្ម​របស់​គណបក្ស​នេះ ធ្វើឡើង​ក្រោយ​របប​ក្រុងភ្នំពេញ កាលពីដើម​ខែ សីហា បាន​ព្រមព្រៀង​គ្នា​ជាមួយ​ភាគី​វៀតណាម បោះពុម្ព​ផែនទី​ថ្មី ដែល​មាន​ខ្នាត ១/២៥.០០០។ មន្ត្រី​ព្រំដែន​កម្ពុជា​អ្នកស្រី កុយ ពិសី អះអាង​ប្រាប់​អាស៊ី​សេរី​ថា ការ​ប្ដូរ​ខ្នាត​ផែនទី​នេះ គឺ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​វាស់វែង និង​កំណត់​បង្គោល​ព្រំ​ដែន​រវាង​ប្រទេស​ទាំងពីរ ដែល​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​និង​វៀតណាម​ឯកភាព​គ្នា​បោះ​បង្គោល​បាន ៨៤% ហើយ។

កន្លង​មក បង្ហាញ​ព្រំដែន​នេះ របប​ក្រុង​ភ្នំពេញ មិន​ស្វាគមន៍​មន្ត្រី​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​ចូលរួម​នោះ​ទេ។ ការ​ប្ដូរ​ខ្នាត​ផែនទី​នេះ​ទៀត​សោត រង​ការ​រិះគន់​ថា ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ។

អ្នក​វិភាគ​សង្គម និង​នយោបាយ លោក គឹម សុខ មិន​ជំទាស់​ទេ បើ​ការ​ប្ដូរ​ខ្នាត​ផែនទី​នេះ ធ្វើឡើង​តាម​លក្ខណៈ​បច្ចេកទេស មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់។ ប៉ុន្តែ​លោក​ថា ពេល​នេះ មិនមែន​ជា​ពេល​សមស្រប ដើម្បី​ប្ដូរ​ខ្នាត​ផែនទី​នោះ​ទេ ព្រោះ​កម្ពុជា​ចាញ់​ប្រៀប​វៀតណាម​ខ្លាំង។ ម្យ៉ាង​ទៀត លោក​បន្ថែម​ថា របប​សព្វថ្ងៃ​ជា​របប​ឯក​បក្ស ដែល​ខ្វះ​សំឡេង​ចូលរួម។ លោក គឹម សុខ ថា​រឿង​អាយុ​ជីវិត​ជាតិ​បែប​នេះ គឺ​ត្រូវ​ចាំ​ស្រុក​មាន​រដ្ឋាភិបាល​ថ្មី ដែល​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​សិន សឹម​សម្រេច​លើ​បញ្ហា​ដូរ​ខ្នាត​ផែនទី​នេះ​បាន

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។