មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បង្ហាញក្ដីបារម្ភចំពោះគណបក្សប្រឆាំងនៅកម្ពុជា ខណៈស្ថានភាពនយោបាយម្ដងក្ដៅម្ដងត្រជាក់នៅពេលនេះ។ ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ពុំបានធ្វើអត្ថាធិប្បាយវែងឆ្ងាយអំពីរឿងនេះ នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទេ។
នៅក្នុងជំនួបទ្វេភាគីដែលប្រើពេលប្រមាណជិត ១ម៉ោង នៅទីស្ដីការក្រសួងការបរទេសកម្ពុជា មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បញ្ជាក់ថា ខ្លួនមានក្ដីបារម្ភចំពោះជីវិតនយោបាយគណបក្សជំទាស់ នៅក្នុងដំណាក់កាលចុងក្រោយនេះ។
ការចេញដីកាចាប់ខ្លួនដោយចៅក្រមតុលាការក្រុងភ្នំពេញ ប្រឆាំង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជាសម្ពាធនយោបាយថ្មីមួយទៀត ដែលសហរដ្ឋអាមេរិក មើលឃើញថា ពុំមានតុល្យភាព ឬភាពមិនស្មើគ្នាក្នុងការប្រកួតប្រជែងផ្នែកនយោបាយនៅពេលនេះ។
ថ្លែងនៅចំពោះមុខ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ចន ឃែរី (Jonh Kerry) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បញ្ជាក់ថា លោកមានភាពតានតឹង និងក្ដីកង្វល់ចំពោះជោគវាសនាគណបក្សក្រៅរដ្ឋាភិបាល ខណៈច្រកទ្វារនយោបាយរបស់គណបក្សជំទាស់ ស្ទើរតែត្រូវបានបិទជិតអស់ទៅហើយនោះ។ នេះជាការថ្លែងរបស់ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បន្ទាប់ពីជំនួបបិទទ្វារបានបញ្ចប់ទៅកាលពីព្រឹកថ្ងៃទី២៦ មករា។
ឆ្លើយតបរឿងនេះ លោក ហោ ណាំហុង ទទួលស្គាល់ថា លោក ចន ឃែរី ពិតជាបានលើកពីគណបក្សប្រឆាំងនៅក្នុងជំនួបទ្វេភាគីមែន ក៏ប៉ុន្តែ លោក ហោ ណាំហុង ឆ្លើយដោយខ្លីថា លោកពុំបានបកស្រាយអ្វីទាំងអស់ចំពោះរឿងនេះ ទៅដល់ដៃគូសន្ទនារបស់លោកនៅក្នុងជំនួបនោះ។ ម្យ៉ាងវិញទៀត លោក ហោ ណាំហុង រំពឹងថា បញ្ហាដូចគ្នានេះប្រហែលជា លោក ចន ឃែរី អាចនឹងជជែកដែរជាមួយ លោក ហ៊ុន សែន។ ហេតុនេះ បន្ទុកដ៏សំខាន់នេះ គឺលោក ហោ ណាំហុង និយាយថា ទុកឲ្យលោកនាយករដ្ឋមន្ត្រីវិញចុះ។ លោកបន្តថា «គាត់គ្រាន់តែលើកថា នែ៎! គាត់មានការបារម្ភអំពីបញ្ហាទាក់ទងគណបក្សប្រឆាំងនៅកម្ពុជា។ ខ្ញុំក៏មិនឆ្លើយដែរ អាចគាត់ជាមួយសម្ដេច ខ្ញុំក៏មិនដឹងដែរ»។
បើទោះជាបែបណា របៀបវារៈដែលគេរំពឹងថា លោក ចន ឃែរី នឹងលើកយកស្ថានភាពរបស់ លោក សម រង្ស៊ី ដាក់លើតុចរចាដែរនោះ មិនត្រូវបានគេលាតត្រដាងជាសាធារណៈណាមួយឡើយ។ លោក កឹម សុខា ប្រធានស្ដីទីគណបក្សជំទាស់ ឲ្យដឹងក្រោយជំនួបក្នុងថ្ងៃតែមួយជាមួយ លោក ចន ឃែរី ដែរនោះ បញ្ជាក់នៅក្នុងបណ្ដាញសង្គមរបស់លោកថា ពុំមានការលើករបៀបវារៈដាច់ដោយឡែករឿង លោក សម រង្ស៊ី ទេ។ ផ្ទុយទៅវិញ ប្រធានចម្បង គឺដំណើរឆ្ពោះទៅរកការបោះឆ្នោត និងការវិវឌ្ឍន៍នយោបាយនៅកម្ពុជា នាពេលនេះ។ លោក កឹម សុខា បញ្ជាក់ថា បើទោះជាលោកពុំបានលើកបញ្ហាដោយចំ ក៏សហរដ្ឋអាមេរិក បានដឹងរួចអស់ទៅហើយ។
កាលពីពេលថ្មីៗនេះ កូនប្រុសរបស់ លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ប្រាប់កាសែត អេ.ភី (AP) នៅក្នុងបទសម្ភាសន៍មួយនៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក (Washington, DC) ដោយ លោក ហ៊ុន ម៉ានី លើកឡើងថា ប្រធានគណបក្សជំទាស់ គឺលោក សម រង្ស៊ី អាចនឹងមានឱកាសចូលប្រឡូកនយោបាយឡើងវិញនៅឆ្នាំ២០១៨ ខាងមុខ។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព យល់ថា សហរដ្ឋអាមេរិក នៅតែដើរតួនាទីដ៏សំខាន់ក្នុងក្របខ័ណ្ឌលើកស្ទួយការគោរពសិទ្ធិមនុស្ស និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកស្រីបន្តថា របៀបវារៈនៃភាពចម្រូងចម្រាសផ្នែកនយោបាយ ក៏ជាប្រធានដែលមិនអាចខ្វះបានដែរ ក្នុងការពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលលើកនេះ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ លោក ចន ឃែរី៖ «គាត់បានលើកអំពីបញ្ហារសើបមួយចំនួនដូចជា ការវិវឌ្ឍន៍ផ្នែកនយោបាយដែលគួរឲ្យបារម្ភ ហើយគាត់បានលើកទំនាក់ទំនងដែលកំពុងតែប្រឈមរវាងគណបក្សកាន់អំណាច ហើយនិងគណបក្សប្រឆាំង។ បន្ថែមទៀត ក៏បានលើកមេដឹកនាំគណបក្សកំពុងតែនៅក្រៅប្រទេស ជាដើម»។
យ៉ាងនេះក្ដី លោក ហោ ណាំហុង អះអាងថា ថ្វីបើជំនួបពុំបានជជែកច្រើនទៅលើស្ថានភាពនយោបាយ កិច្ចពិគ្រោះយោបល់ភាគច្រើនលើកនេះរបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គឺស្នើឲ្យអាមេរិក លើកលែងពន្ធនាំចូលផ្នែកសម្លៀកបំពាក់ពីកម្ពុជា បញ្ហាសមុទ្រចិន និងរឿងដ៏រសើបមួយទៀត គឺការប្រយុទ្ធប្រឆាំងរបស់កម្ពុជា ទៅលើក្រុមភេរវកម្ម អាយស៊ីស (ISIS)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។