លោក ហ៊ុន សែន ចោទលោក សម រង្ស៊ី ប្រធានចលនា សង្គ្រោះជាតិ ថា ជាចោរដែលលួចចូលគ្រប់គ្រង Facebook។ លោក ហ៊ុន សែន អះអាងថា ការលួច Facebook របស់លោក ទៅបង្ហោះព័ត៌មានពីការបែងចែកអាសនៈឲ្យគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្ស ហ៊្វុនស៊ិនប៉ិច គឺជាចេតនាបំផ្លាញការប្រកាសលទ្ធផលនៃព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដា។
មេដឹកនាំដែលរងការថ្កោលទោសពីសហគមន៍អន្តរជាតិពីការសម្លាប់លទ្ធិប្រជាធិបតេយ្យរូបនេះ អះអាងថា នេះគឺជាអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយសមត្ថកិច្ចជំនាញរបស់កម្ពុជានឹងជំរុញឲ្យប៉ូលិសអន្ដរជាតិ (អាំងទ័រប៉ូល) បើកការស៊ើបអង្កេតបន្ថែម។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា ការដែលយក Facebook មកគ្រប់គ្រងវិញបាន ដោយសារតែមានកិច្ចសហប្រតិបត្តិការពីក្រុមហ៊ុន Facebook ហើយកម្លាំងជំនាញបានរកឃើញតម្រុយមួយចំនួន ដែលជាក្រុមមាននិន្នាការប្រឆាំងកំពុងលាក់ខ្លួននៅក្រៅប្រទេស។
លោក សម រង្ស៊ី ធ្លាប់បដិសេធព័ត៌មាននៃការលួចគ្រប់គ្រងទំព័រ Facebook របស់លោក ហ៊ុន សែន។ លោក សម រង្ស៊ី លោក ហ៊ុន សែន សរសេរសារខ្លួនឯង ប៉ុន្តែក្រោយមកស្តាយក្រោយ ហើយចង់កែតម្រូវក៏ប្រកាសថា ទំព័រFacebook មានអ្នកលួចទៅគ្រប់គ្រងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
