លោក ហ៊ុន សែន ប្រកាសកាន់អំណាចរហូតដល់អាយុ៩៩ឆ្នាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងអាចរស់បានដល់ ៩៩ឆ្នាំ បើអ្នកណាចង់បានអំណាចពីលោក កុំទាន់អាលសង្ឃឹម ហើយក៏កុំទាន់អាលគំរាមចង់បានអំណាចដែរ។ ការប្រកាសសារនយោបាយពីលោកនាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងក្រោយពីមេបក្សប្រឆាំង ព្រមានកម្ចាត់ក្រុមណាដែលមិនព្រមទទួលយកលទ្ធផលបោះឆ្នោតនាពេលខាងមុខ។ សម្រាប់អ្នកវិភាគនយោបាយយល់ថា សារគំរាមឆ្លើយឆ្លងរវាងមេបក្សនយោបាយធំៗទាំងពីរ គឺជាការធ្វើឲ្យពលរដ្ឋភ័យខ្លាច។
ស្របពេលមានអាយុ ៦៥ឆ្នាំទៅហើយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា តាមទំនាយ លោកនឹងអាចរស់នៅដល់អាយុ ៩៩ឆ្នាំ។ លោកបញ្ជាក់ថា នៅក្នុងចន្លោះនេះ គ្មានអ្នកណាអាចមកផ្ទេរអំណាចពីលោកបានទេ។
ប្រធានគណបក្សប្រជាជនកម្ពុជា រូបនេះ ក៏បានព្រមានហាក់សំដៅទៅមេបក្សប្រឆាំង លោក សម រង្ស៊ី ដែរថា ស្របពេលលោកនៅមានវត្តមាននៅឡើយ កុំទាន់អាលព្រហើនព្រមានធ្វើការបង្ក្រាបចំពោះអ្នកដែលមិនព្រមផ្ទេរអំណាចនោះដែរ៖ «អ៊ីចឹងទេមានន័យថា ខ្ញុំនៅមានអាយុជិត ៤០ឆ្នាំទៀត ហើយអ្នកចង់ទទួលបានតំណែងពី ហ៊ុន សែន កុំទាន់អាលសង្ឃឹម ហើយកុំទាន់អាលគំរាម បើ ហ៊ុន សែន នៅឈរនៅទីនេះ កុំសង្ឃឹម សូមប្រាប់ទៅវិញ»។
ការប្រកាសសារនយោបាយរបស់លោកនាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងនៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ធ្នូ និងបន្ទាប់ពីកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានចុះផ្សាយសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ចុះផ្សាយកាលពីថ្ងៃទី១៩ ធ្នូ ដែលលោក សម រង្ស៊ី ព្រមានកម្ចាត់ក្រុមឧទ្ទាមណាដែលមិនគោរពតាមលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ។
សារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាលោកនឹងកាន់អំណាចដល់អាយុ ៩៩ឆ្នាំនេះ ត្រូវបានអ្នកវិភាគលើកឡើងថា ហាក់ដូចជាដើរបញ្ច្រាសពីរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលធានានៅក្នុងរដ្ឋធម្មនុញ្ញ។ មាត្រា៥១ ថ្មី ចែងថា ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្ដី។
សារនយោបាយព្រមានគ្នាទៅវិញទៅមករវាងមេបក្សធំៗទាំងពីរ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយបង្ហាញការសោកស្ដាយ និងលើកឡើងថា អ្នកនយោបាយគួរដល់ពេលប្រកាន់យកឥរិយាបថចាស់ទុំជាងមុនបន្តិច ដើម្បីធ្វើយ៉ាងណាបម្រើប្រទេសជាតិ ជាជាងការព្រមានគ្នាទៅវិញទៅមក ដែលធ្វើឲ្យពលរដ្ឋមានការភ័យខ្លាចបែបនេះ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា បញ្ហាកើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា នឹងមិនមាននរណាអាចហាមឃាត់បានឡើយ រីឯការផ្ទេរអំណាចនៅក្នុងពិភពលោកវិញ ក៏នឹងមានការផ្លាស់ប្ដូរផងដែរ ដូច្នោះលោកយល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន គ្រាន់តែជាវោហារសាស្ត្រនយោបាយ គំរាមដៃគូប្រកួតរបស់លោក កុំឲ្យក្ដីសង្ឃឹមលើការប្រែប្រួលស្ថានភាពនយោបាយនាពេលខាងមុខប៉ុណ្ណោះ៖ «ប្រទេសប្រជាធិបតេយ្យ អ្នកដែលនៅកាន់អំណាច ឬក្នុងអំណាចបាន លុះត្រាតែមានការគាំទ្រពីប្រជាពលរដ្ឋ ប៉ុន្តែបើគ្មានការគាំទ្រពីពលរដ្ឋ គឺមិនអាចនៅកាន់អំណាចទៀតទេ»។
លោក សូ ចន្ថា យល់ថា ការជួបប្រទះបញ្ហាសង្គមនានារបស់ពលរដ្ឋនាពេលបច្ចុប្បន្ន នឹងអាចធ្វើឲ្យមានការផ្លាស់ប្ដូរស្ថានការណ៍នយោបាយនាពេលខាងមុខ។ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយរូបនេះបន្ថែមថា អ្វីដែលពលរដ្ឋចង់បាន គឺមិនមែនជាការគំរាមកំហែងពីអ្នកនយោបាយឡើយ ប៉ុន្តែពលរដ្ឋនឹងគាំទ្រ និងជ្រើសរើសអ្នកនយោបាយណាដែលមានកម្មវិធីនយោបាយ ឬគោលនយោបាយល្អ ដែលបម្រើផលប្រយោជន៍ដល់ប្រទេសជាតិ ដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ និងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ជាដើម។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក ហ៊ុន សែន នេះដែរ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា ការដឹកនាំប្រទេស គឺអាស្រ័យលើឆន្ទៈពលរដ្ឋ និងមិនអាស្រ័យលើបុគ្គលណាម្នាក់ឡើយ។ លោកបន្តថា ការបោះឆ្នោតធ្វើឡើងដោយសេរី និងយុត្តិធម៌ និងអាចទទួលយកបាន គឺការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ត្រូវធ្វើឡើងឲ្យបានប្រសើរជាងពេលកន្លងមក ហើយមេគណបក្សនយោបាយគ្រប់រូបអាចចេញមកធ្វើសកម្មភាពឃោសនារកសន្លឹកឆ្នោតដែរ៖ «ដំណាក់កាលទីមួយ ការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប ដំណើរការទៅ ហើយនៅសល់ពលរដ្ឋប្រមាណ ២០% ទៀត ជំរុញកិច្ចការហ្នឹងដើម្បីឲ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ឲ្យបានចុះឈ្មោះបោះឆ្នោត»។
មន្ត្រីនាំពាក្យគណបក្សប្រឆាំងបន្តថា ការរួមចំណែកធ្វើឲ្យការបោះឆ្នោតដោយសេរី និងយុត្តិធម៌នាពេលខាងមុខ ក៏ត្រូវតែដោះស្រាយបញ្ហានយោបាយសេសសល់ឲ្យចប់សព្វគ្រប់ ព្រោះពេលបច្ចុប្បន្ន នៅមានមន្ត្រីបក្សប្រឆាំងកំពុងជាប់ខ្លួន រីឯលោក សម រង្ស៊ី វិញ ក៏កំពុងនិរទេសខ្លួននៅក្រៅប្រទេសនៅឡើយ។
អ្នកវិភាគនយោបាយបញ្ជាក់ថា ការគំរាមកំហែងរបស់អ្នកនយោបាយបច្ចុប្បន្ន មិនត្រឹមតែធ្វើឲ្យពលរដ្ឋមានការភ័យខ្លាចឡើយ ក៏ធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចដែរ ព្រោះអ្នកវិនិយោគទុនបរទេស នឹងមិនហ៊ានមកបណ្ដាក់ទុករកស៊ីនៅកម្ពុជា នោះទេ។ អ្នកវិភាគនយោបាយក៏ចង់ឃើញអ្នកនយោបាយ ប្រើប្រាស់ភាពស្មោះត្រង់ជាមួយពលរដ្ឋ និងហ៊ានប្រកួតប្រជែងនយោបាយដោយស្មើភាពគ្នា តាមរយៈគោលនយោបាយបម្រើជាតិ ប្រសើរជាងការគំរាមកំហែងគ្នាទៅវិញទៅមក៕