លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីណែនាំមួយឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ចាត់តាំងឲ្យមានក្រុមតាមដានស្រង់ព័ត៌មានប្រចាំថ្ងៃ ពីពលរដ្ឋដែលបានប្ដឹង និងសំណូមពរបញ្ហាផ្សេងៗតាមរយៈហ្វេសប៊ុក (Facebook) របស់លោក ដើម្បីយកមកត្រួតពិនិត្យ និងដោះស្រាយ។ លោក ហ៊ុន សែន បានណែនាំដូច្នេះ បន្ទាប់ពីលោកបានប្រកាសជាសាធារណៈថា ហ្វេសប៊ុករបស់លោកមានអ្នកចុចចូលចិត្ត (Like) និងផ្ដល់យោបល់ (Comment) ច្រើនលាននាក់។
តើសង្គមស៊ីវិលយល់យ៉ាងណា ចំពោះការចេញសេចក្ដីណែនាំនេះ?
អ្នកឃ្លាំមើលការវិវឌ្ឍន៍សង្គម បានវាយតម្លៃថា ការដែលលោកនាយករដ្ឋមន្ត្រីចេញការណែនាំឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ចាត់ឲ្យមានក្រុមតាមដានស្រង់ព័ត៌មានប្រចាំថ្ងៃ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋតាមហ្វេសប៊ុករបស់លោក គឺគ្រាន់តែជានយោបាយប្រជាភិថុតិមួយប៉ុណ្ណោះ។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានទស្សនៈថា ការធ្វើបែបនេះគ្រាន់តែជាមធ្យោបាយមួយសម្រាប់ដឹង និងទទួលព័ត៌មានប៉ុណ្ណោះ។ លោកថា បច្ចុប្បន្ននៅតាមឃុំនីមួយៗមានប្រអប់គណនេយ្យភាពក្រុមប្រឹក្សាឃុំ។ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក៏មានកិច្ចប្រជុំក្រុមប្រឹក្សាជាតិសាធារណៈ ហើយនៅតាមក្រសួងនីមួយៗ ក៏មានក្រុមការងារចម្រុះដើម្បីយកព័ត៌មានដែរ។ ក្រៅពីនោះ មានដៃគូអភិវឌ្ឍន៍ មានអង្គការក្រៅរដ្ឋាភិបាល និងមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតដែលផ្ដល់យោបល់។ លោកបញ្ជាក់ថា ការយកព័ត៌មានតែមួយមធ្យោបាយនោះ មិនគ្រប់នោះទេ ការធ្វើនេះមិនបានជោគជ័យនោះឡើយ គឺត្រូវវិភាគ និងសិក្សាស្រាវជ្រាវបន្ថែម និងកំណត់អាទិភាពនៃបញ្ហា ហើយត្រូវឆ្លើយតបជាប្រព័ន្ធ ទើបមានប្រសិទ្ធភាព។
លោកបណ្ឌិត កែម ឡី៖ «បើសិនជាគាត់គិតថាអាហ្នឹងវាមានប្រសិទ្ធភាពខ្ពស់ គាត់ត្រូវលុបចោលអាមានស្រាប់សិន ។ គាត់គិតថាអាហ្នឹងវាមានប្រសិទ្ធភាព អាច ឆ្លើយតប ទៅនឹងប្រជាពលរដ្ឋបាន ចឹងលុបចោលទៅប្រព័ន្ធគណនេយ្យភាព ប្រព័ន្ធអីដែលគាត់ខំវិនិយោគរាប់ឆ្នាំមកហើយ។ វាបង្ហាញ នូវយន្តការ ដទៃៗទៀត អត់មានប្រសិទ្ធភាព ហើយយើងពិនិត្យមើលយន្តការទាំងអស់ហ្នឹង បើអត់មានប្រសិទ្ធភាពទេ យើងទុកឲ្យចាយលុយអត់ប្រយោជន៍ធ្វើអី ? ប៉ុន្តែតាមពិត យន្តការដទៃទៀត មានប្រសិទ្ធភាព បើសិនជាយើងពង្រឹងវិនិយោគ តាមដាន ហើយរៀបចំជាផែនការ សកម្មភាពវា ទូលំទូលាយ វាគ្រប់ជ្រុងជ្រោយជាងប្រព័ន្ធ សង្គម»។
ការបញ្ចេញទស្សនៈនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីណែនាំមួយនៅថ្ងៃទី៨ កុម្ភៈ ទៅឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឲ្យយកចិត្តទុកដាក់ដោះស្រាយលើបញ្ហានានាដែលសព្វថ្ងៃលោកទទួលបានព័ត៌មានចម្រុះ រួមទាំងពាក្យបណ្ដឹង និងសំណូមពរពីប្រជាពលរដ្ឋទូទាំងប្រទេសឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។ សេចក្ដីណែនាំដដែល បានតម្រូវឲ្យចាត់តាំងក្រុមការងារតាមដានស្រង់របាយការណ៍ព័ត៌មានប្រចាំថ្ងៃ និងសំណូមពរនានារបស់ប្រជាពលរដ្ឋដែលលោកបានទទួលផ្ទាល់ ក្នុងប្រអប់សំបុត្រហ្វេសប៊ុកពីប្រជាពលរដ្ឋ។
តែទោះជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា នេះជាឱកាសមួយទៀតសម្រាប់ពលរដ្ឋរងគ្រោះដែលអាចបញ្ជូនព័ត៌មានរបស់ខ្លួន ទៅកាន់បណ្ដាញសង្គមរបស់នាយករដ្ឋមន្ត្រី ប៉ុន្តែកន្លងមក បើសិនជាអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនដល់ពលរដ្ឋ ប្រហែលជាពួកគាត់មិនមានការតវ៉ាបញ្ហាដីធ្លី និងបញ្ហាផ្សេងៗនៅភ្នំពេញនោះទេ។ លោកសង្កេតឃើញថា បទបញ្ជានេះអាចនឹងមានប្រសិទ្ធភាពខ្លះ៖ «ការចេញបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី មិនមែន អត់មានប្រសិទ្ធភាព ប៉ុន្តែមានប្រសិទ្ធភាពទាំងស្រុងនោះទេ ប៉ុន្តែមានប្រសិទ្ធភាពមួយឆាវៗនៅពេលនាយករដ្ឋមន្ត្រីដាក់បញ្ជាទៅ។ យើងឃើញថា មន្ត្រីខាងក្រោម ខ្វែងដៃខ្វែងជើង ក្នុងការអនុវត្តតាម បទបញ្ជា»។
នៅមុនចេញសេចក្ដីប្រកាសផ្លូវការនេះ កាលពីថ្ងៃទី៥ កុម្ភៈ លោក ហ៊ុន សែន បានថ្លែងនៅចំពោះមុខនិស្សិតជាង ៤.០០០នាក់ នៅក្នុងពិធីចែកសញ្ញាបត្រ ដោយលោកបានអួតពីប្រជាប្រិយភាពហ្វេសប៊ុករបស់ខ្លួន ដែលទទួលបានមានអ្នកចុចចូលចិត្តជាង ២លាននាក់ ហើយ លោក ហ៊ុន សែន បង្អាប់ថា នាយករដ្ឋមន្ត្រីហ្វេសប៊ុកធ្លាក់ពីតំណែងហើយ។ ទោះថ្លែងមិនចេញឈ្មោះ ប៉ុន្តែអ្នកដែល លោក ហ៊ុន សែន ហាក់ចំអកឲ្យនោះ គឺលោក សម រង្ស៊ី ខណៈដែលហ្វេសប៊ុករបស់ លោក សម រង្ស៊ី នៅពេលនេះមានអ្នកចុចចូលចិត្តតិចជាងហ្វេសប៊ុករបស់ លោក ហ៊ុន សែន។
ម្យ៉ាងវិញទៀត ទោះជាលោកនាយករដ្ឋមន្ត្រីបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់របស់លោក បង្កើតក្រុមការងារដើម្បីដោះស្រាយបណ្ដឹងតាមរយៈហ្វេសប៊ុករបស់លោកយ៉ាងនេះក្ដី ប៉ុន្តែមានចម្ងល់ពីសាធារណជនជាច្រើនបានចោទសួរថា តើប្រជាពលរដ្ឋដែលកន្លងមកមានអ្នករងគ្រោះរឿងដីធ្លី ឡើងមកដាក់ញត្តិសុំអន្តរាគមន៍ពីលោក និងពេលខ្លះ មានការបង្ក្រាបពីសមត្ថកិច្ចផងនោះ ហេតុអ្វីបានជាលោកហាក់មិនដឹងឮអំពីករណីនេះ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
