ប្រធានរណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី អះអាងថា ប្អូនប្រុសរបស់លោកដែលត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៨ឆ្នាំកាលពីឆ្នាំ២០១៤ បានស្លាប់ក្នុងពន្ធនាគារព្រៃស នៅថ្ងៃទី១៤ ធ្នូ ដោយសង្ស័យថាមានថ្នាំពុលនៅក្នុងអាហារដែលប្អូនលោកបរិភោគ។ ទោះជាយ៉ាងណា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ឲ្យដឹងថា លោកមិនទាន់ទទួលបានព័ត៌មាននៃការស្លាប់នេះនៅឡើយទេ។
ប្រធានរណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី សម្ដែងក្តីតក់ស្លុតក្រោយពីទទួលដំណឹងថា ប្អូនប្រុសរបស់លោកបានស្លាប់ក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១៤ ធ្នូ។
បន្ថែមទៅលើសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១៧ ខែធ្នូ លោក សម សេរី ឲ្យអាស៊ីសេរី ដឹងតាមទូរស័ព្ទពីប្រទេសដាណឺម៉ាក (Denmark) នៅថ្ងៃទី១៩ ធ្នូ ថា ប្អូនប្រុសលោកឈ្មោះ យាន យឿប ដែលលោកថាកាលពីពេលកាត់ទោស តុលាការហៅថា យ៉ាន យឿន នោះ បានស្លាប់ដោយសារថ្នាំពុល ក្រោយពីប្អូនលោកបានបរិភោគអាហារដែលផ្តល់ដោយមន្ត្រីពន្ធនាគារ។
លោក សម សេរី បញ្ជាក់ថា ក្រោយពេលប្អូនប្រុសលោកស្លាប់ អាជ្ញាធរមិនបានអនុញ្ញាតឲ្យនរណាម្នាក់ចូលពិនិត្យ ឬធ្វើកោសល្យវិច័យសាកសពប្អូនប្រុសលោកឡើយ។ លើសពីនេះ លោកថា អាជ្ញាធរមិនអនុញ្ញាតឲ្យឪពុករបស់លោកដែលធ្វើដំណើរមកពីខេត្តព្រះវិហារ យកសពប្អូនទៅធ្វើបុណ្យទៅតាមប្រពៃណីនោះទេ ប៉ុន្តែអាជ្ញាធរបានចាត់ចែងយកសពប្អូនប្រុសលោកទៅបូជានៅវត្តក្នុងរាជធានីភ្នំពេញយ៉ាងតក់ក្រហល់ គឺនៅថ្ងៃទី១៥ ធ្នូ៖ « នៅក្នុង គុកហ្នឹង គឺសមាជិក របស់ខ្ញុំ ហើយអ្នកដែលនៅជិតៗហ្នឹងគេបានប្រាប់ ព្រោះថា ពេលល្ងាចឡើងប្អូនខ្ញុំបានរត់ ហាត់ប្រាណ និយាយជាមួយ សមាជិកធម្មតា អត់មានបញ្ហាអ្វីទេ ប៉ុន្តែ ក្រោយពី ហូបម្ហូបដែលអាជ្ញាធរឲ្យហ្នឹង ស្រាប់តែស្ទះដង្ហើមភ្លាមៗតែម្តង ដកដង្ហើម អត់ចេញ ហើយប្រកាច់ស្លាប់តែម្តង ហើយ ក្រោយពី ការ ស្លាប់ទៅ អាជ្ញាធរអត់មានឲ្យនរណាទៅជិត ឬទៅមើលនោះទេ ទុក ទាល់តែ ព្រឹកគេ យកសាកសពមក ដុតតែម្តង »។
កាលពីខែមេសា ឆ្នាំ២០១៤ ប្អូនប្រុសលោក សម សេរី គឺលោក យាន យឿប ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៨ឆ្នាំពីបទរួមគំនិតក្បត់ ចូលរួមក្នុងចលនារណសិរ្សរំដោះជាតិខ្មែរដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីលោកត្រូវបានអាជ្ញាធរខ្មែរសហការជាមួយអាជ្ញាធរថៃ ចាប់បញ្ជូនខ្លួនមកកម្ពុជា វិញកាលពីឆ្នាំ២០១៣។
ក្រៅពីលោក យាន យឿប មនុស្សចំនួន ១២នាក់ផ្សេងទៀត ក្នុងនោះក៏មានលោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ ក៏ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចន្លោះពី ៥ឆ្នាំដល់ ៩ឆ្នាំ ពីបទរួមគំនិតក្បត់ដូចគ្នា។ ក្នុងចំណោមមនុស្សទាំង ១៣នាក់ដែលត្រូវបានតុលាការកាត់ទោសនោះ ៦នាក់គឺជាពលរដ្ឋខ្មែរក្រោម។
ទោះជាយ៉ាងណា ចំពោះការស្លាប់របស់ប្អូនប្រុសពេលនេះ លោក សម សេរី ទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់៖ « រដ្ឋាភិបាល និងអាជ្ញាធរ គួរណា ស៊ើបអង្កេត និង ផ្តល់របាយការណ៍ ជាក់លាក់ ដើម្បីផ្តល់ យុត្តិធម៌ដល់ ប្អូនប្រុស ខ្ញុំ បើសិន រដ្ឋាភិបាលមិនផ្តល់ របាយការណ៍ណា ពិតប្រាកដ គឺពួកគេហ្នឹងហើយ ដែលសម្លាប់ ប្អូនប្រុស ខ្ញុំ ព្រោះ ក្រោយពី ខ្ញុំប្រារព្ធខួបទី៤ រណសិរ្សរំដោះជាតិ ខ្មែរ ខ្ញុំបានថ្លែងសុន្ទរកថា ហើយ ក្រោយពី ២ថ្ងៃហ្នឹង ស្រាប់តែ ប្អូនប្រុស ខ្ញុំស្លាប់ តែម្តង។ អ៊ីចឹងខ្ញុំគិតថា វាជាហេតុផលនយោបាយដែលគេសម្លាប់ ប្អូនប្រុស ខ្ញុំ ដើម្បីបំបាក់ស្មារតីលើក្រុមរណសិរ្សរំដោះជាតិខ្មែរ ហើយខ្ញុំ មានការ ខ្វាយខ្វល់ គេនឹងធ្វើទុក្ខបុកម្នេញអ្នកដែលនៅក្នុងគុកបន្តទៀត។ សមាជិកខ្ញុំជិត ១៧នាក់ »។
អាស៊ីសេរី មិនអាចទាក់ទងប្រធានពន្ធនាគារព្រៃស លោក ស៊ុន លាន ដើម្បីបញ្ជាក់ពីការស្លាប់នេះបានឡើយនៅថ្ងៃទី១៩ ធ្នូ។ ចំណែកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក គុយ ប៊ុនសន បញ្ជាក់ដោយខ្លីថា លោកមិនទាន់ទទួលបានព័ត៌មានពីថ្នាក់ក្រោមនៅឡើយ៖ « សួរ ខាងក្រោម មើលសិន មិនទាន់មាន ព័ត៌មានដល់ខ្ញុំផង អធ្យាស្រ័យតិច »។
រីឯប្រធានផ្នែកអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ផ្អែកលើច្បាប់ពន្ធនាគារ នៅពេលមានមនុស្សស្លាប់នៅក្នុងពន្ធនាគារដែលមានចំណុចសង្ស័យ គេត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឲ្យបានច្បាស់លាស់ និងផ្តល់ព័ត៌មានជាក់លាក់ដល់ក្រុមគ្រួសារអ្នកស្លាប់៖ « ការស៊ើបអង្កេត គឺជា ការល្អ មួយ ។ ទី១ គឺបំបាត់ មន្ទិលសង្ស័យ ហើយបង្កើន ទំនុកចិត្តអ្នកទោសដទៃទៀត។ ទី២ បំបាត់ មន្ទិលសង្ស័យ ដែលនាំឲ្យ មានការ រិះគន់ថា ស្លាប់ហ្នឹង មកពី រឿងផ្សេងទៀត ការស៊ើបអង្កេត និងបង្ហាញលទ្ធផលនៃការស៊ើបអង្កេត វាជាតម្លាភាពមួយ បើរក ទៅឃើញ បទល្មើស ត្រូវ ចាត់វិធានការ »។
រដ្ឋាភិបាលកម្ពុជា ចាត់ទុករណសិរ្សរំដោះជាតិខ្មែរថាជាចលនាប្រឆាំងបង្កើតឡើងដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ទោះជាយ៉ាងណា កន្លងទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានទាមទារឲ្យអាជ្ញាធរកម្ពុជា ទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងជនជាប់ចោទទាំង ១៣នាក់ដែលត្រូវបានតុលាការខ្មែរកាត់ទោសជាប់ពន្ធនាគារ។ យូមែន រ៉ៃត៍ វ៉ច្ឆ បានកត់សម្គាល់ថា អាជ្ញាធរកម្ពុជា មិនបានបង្ហាញភស្តុតាងគួរឲ្យជឿជាក់បានចំពោះការចោទប្រកាន់នេះឡើយ ហើយថាការចោទប្រកាន់អំពីការផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន គឺមានពាក់ព័ន្ធនឹងរឿងនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។