មន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញអះអាងថា ទោះបីជាថ្ងៃកំណត់នៃការវិលត្រឡប់របស់លោក សម រង្ស៊ីកាន់តែខិតជិតមកដល់ក៏ដោយ រដ្ឋាភិបាលនៅតែបើកចំហព្រំដែន រវាងកម្ពុជានិង ប្រទេសថៃ។ លោក សម រង្ស៊ី បានឲ្យដឹងថាលោក នឹងដឹកនាំកម្លាំងមហាជនចូលប្រទេសកម្ពុជាតាមច្រកព្រំដែនកម្ពុជា និងប្រទេសថៃ។
អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ប្រាប់អាស៊ីសេរីថា ច្រកទ្វារព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេស ថៃ នៅតែបើកចំហរសម្រាប់ប្រជាពលរដ្ឋឆ្លងដែន និងដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។ ប៉ុន្តែដាក់បម្រាមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ៩នាក់ ដែលមានឈ្មោះក្នុងបញ្ជីខ្មៅស្វែងរកចាប់ខ្លួនពីអាជ្ញាធរក្រុងភ្នំពេញពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនិងគម្រោងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ៩នាក់ ដែលរបបក្រុងភ្នំពេញចេញដីកាបង្គាប់ឱ្យចាប់ខ្លួនរួមមាន៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អនុប្រធានគណបក្សលោក ស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឬទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោកស្រី ជូ ឡុងសូមូរ៉ា និង លោក នុត រំដួល។
តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២៦ កញ្ញា បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំង៩នាក់ ពីបទ« ឧបឃាត» តាមមាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែតុលាការបានភ្ជាប់លក្ខខណ្ឌដល់មន្ត្រីជាន់ខ្ពស់ទាំងនោះបើចូលសារភាពទាន់ពេលវេលា តុលាការនឹងអាចលើកលែងទោសតាមបទបញ្ញត្តិច្បាប់ពិសេសនៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ។
លោក នេត សាវឿន មានប្រសាសន៍ថា កម្ពុជាគ្មានគោលការបិទច្រកទ្វារព្រំដែនទេ បើទោះបីជាថ្ងៃកំណត់នៃការវិលចូលមាតុប្រទេសវិញរបស់លោក សម រង្ស៊ី កាន់តែខិតជិតចូលមកដល់ក៏ដោយ។លោកបានអះអាងថា ចំពោះអ្នកដែលតុលាការបង្គាប់ឱ្យចាប់ខ្លួនសមត្ថកិច្ចនឹងអនុវត្តតួនាទីរបស់ខ្លួន នៅពេលមន្ត្រីជាន់បក្សប្រឆាំងទាំងនោះវិលចូលកម្ពុជាតាមច្រកព្រំដែនថៃ៖ «មិនបាច់ចង់ដឹងទេគ្រាន់តែមានសមត្ថភាពអនុវត្តតាមផ្លូវតុលាការ។ មិនបាច់ម៉េចទេ មកបើមានដីកាត្រូវចាប់ខ្លួន។ប៉ុណ្ណឹងចុះខ្ញុំមានការ»។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានបង្ហើបប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៨ តុលា ថា ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រគណបក្សជាច្រើននាក់នឹងធ្វើដំណើរដោយថ្មើរជើងពីច្រកទ្វារព្រំដែនកម្ពុជា ថៃចូលមកប្រទេសកម្ពុជានៅថ្ងៃទី៩ ខែ វិច្ឆិកាខាងមុខនេះ។
អាស៊ីសេរីបានព្យាយាមទាក់ទងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយ៖ «សូមទោសខ្ញុំជាប់រវល់»។
តែទោះជាយ៉ាងណាអ្នកនាំពាក្យរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន បញ្ជាក់ថា កម្ពុជាមិនមានគោលការណ៍បិទច្រកព្រំដែនទេ ដោយសារខ្លាចក្រែងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៖ «យើងអត់មានគោលការណ៍ធំបំផុតច្រកហ្នឹងគឺច្រកសេដ្ឋកិច្ចតើ។ វាជាពិសេសយើងអត់មានគោលការណ៍ ទៅបិទពីព្រោះច្រកហ្នឹងជាច្រកសេដ្ឋកិច្ច ហើយយើងអត់មានព្រឹត្តិការណ៍ណាមួយធ្ងន់រហូតដល់យើងបិទច្រកនោះទេ»។
ប្រទេសកម្ពុជាមានព្រំដែនគោកជាប់ប្រទេសជិតខាងតែបីប៉ុណ្ណោះ គឺប្រទេសវៀតណាម ឡាវ និង ថៃ។ កន្លងមករដ្ឋាភិបាលឡាវ បានប្រកាសជាសាធារណៈរួចទៅហើយថា រដ្ឋាភិបាលប្រទេសនេះ នឹងមិនអនុញ្ញាតឱ្យក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី ដើរឆ្លងព្រំដែនប្រទេសនេះ ដើម្បីចូលមកប្រទេសកម្ពុជានោះទេ។ ប្រទេសវៀតណាមឯណោះ បើទោះបីជាមិនទាន់បានបង្ហាញជំហរផ្លូវការ ជុំវិញបញ្ហានេះក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ធ្លាប់បញ្ជាក់ហើយថា នឹងមិនជ្រើសរើសច្រកចូលកម្ពុជាតាមប្រទេសវៀតណាមនោះទេ។ ដូច្នេះ ប្រទេសចុងក្រោយតែមួយគត់ ដែលនៅជាប់ព្រំដែនកម្ពុជា គឺប្រទេសថៃ។
ប្រធានគណៈកម្មការគ្រប់គ្រងនយោបាយគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុងបាងកក លោក ម៉ោញ សារ៉ាត់ បញ្ជាក់ថា គណបក្សបានកំណត់ជាគោលការណ៍រួចហើយដើម្បីវិលត្រឡប់ចូលនៅក្នុងប្រទេសកម្ពុជាដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឱ្យខាងតែបាន៖ «ផែនការមាតុភូមិនិវត្តន៍គឺជាគន្លឹះ មួយដ៏សំខាន់បំផុតសម្រាប់ការផ្លាស់ប្ដូររបបផ្ដាច់ការ ហលយយើងក៏មើលឃើញថា អ្វីដែលលោក ហ៊ុន សែន ខំឆ្លេឆ្លារត់ខ្ទប់គ្រប់ផ្លូវដើម្បីរារាំងដំណើរមាតុភូមិនិវត្តន៍របស់លោកប្រធាននេះ។ គឺជាលទ្ធភាពចុងក្រោយដែលលោក ហ៊ុន សែន ខំប្រវេប្រវាដង្ហក់ខ្យល់។ ដូច្នេះយើងមើលឃើញថា នេះ ជាចំណុចងាប់រស់របស់លោក ហ៊ុន សែន ហើយ។ ប្រសិនបើគាត់អស់លទ្ធភាពក្នុងការទប់ទល់ដំណើរវិលត្រឡប់របស់លោក ប្រធាន សម រង្ស៊ី នៅពេលនេះគឺរបបផ្ដាច់ការ ត្រូវចប់ជាស្ថាពរ។ ដូច្នេះសូមឱ្យបងប្អូនពលរដ្ឋទាំងអស់គ្នាក្រោកឈរនៅថ្ងៃទី៩ វិច្ឆិកា ហ្នឹងទាំងអស់គ្នា ផ្លាស់ប្ដូររបបផ្ដាច់ការហ្នឹងឱ្យទាល់តែបាន»។
គិតមកដល់ថ្ងៃទី២៣ តុលា នេះនៅសល់តែ ១៧ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃកំណត់លោក សម រង្ស៊ី វិលចូលមាតុប្រទេសវិញ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ក្រុមតំណាងរាស្ត្រអាមេរិកាំងព្រមានទៅរបបលោក ហ៊ុន សែន ថារបបនេះនឹងជួបនូវទណ្ឌកម្មកាន់តែធ្ងន់ធ្ងរបើហ៊ានជ្រើសរើសយកការបង្ហូរឈាមនៅថ្ងៃទី៩ វិច្ឆិកា ក្នុងដំណើរមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទៅកម្ពុជាវិញនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
