សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិកកំពុងរៀបចំសំណើជាលើកទី៣ ទៅអង្គការសហប្រជាជាតិដើម្បីសុំចូលជាសមាជិករបស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមកិច្ច នៃអង្គការសហប្រជាជាតិដែលហៅកាត់ថា អេកូសុក (ECOSOC)។
អង្គការសហប្រជាជាតិនៅដើមខែឧសភា ខាងមុខ នឹងបើកឱកាសឲ្យសមាគម ឬអង្គការនៅលើពិភពលោក អាចដាក់ពាក្យស្នើសុំធ្វើជាសមាជិកគណៈកម្មាធិការនេះ ប្រយោជន៍ដើម្បីឲ្យពួកគេមានសិទ្ធិចូលរួមប្រជុំ ផ្ដល់យោបល់ក្នុងកិច្ចប្រជុំជាលក្ខណៈអន្តរជាតិ។ ប្រសិនបើជាប់ជាសមាជិកនោះ អង្គការសហប្រជាជាតិនឹងចាត់ចែងឲ្យមានអ្នកប្រចាំការរបស់អង្គការទាំងនោះនៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerlan) និងនៅក្នុងទីក្រុងវ្យែន (Vienna) ប្រទេសអូទ្រីស (Austria) ថែមទៀត។
កាលពីឆ្នាំ២០១២ សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្លាប់បានដាក់ពាក្យស្នើសុំទៅអង្គការសហប្រជាជាតិ ដើម្បីចូលជាសមាជិករបស់អេកូសុក (ECOSOC) ដែរ ប៉ុន្តែរដ្ឋាភិបាលទីក្រុងហាណូយ បានចេញសេចក្ដីប្រកាសប្រឆាំងដល់ក្រុមខ្មែរកម្ពុជាក្រោម។ ទោះជាយ៉ាងណាក៏ដោយ ក្រុមសហព័ន្ធខ្មែរកម្ពុជាក្រោម អះអាងថា ពួកគេនៅតែបន្តការតស៊ូមតិទៅមុខទៀត ដើម្បីស្នើសុំចូលជាសមាជិករបស់ អេកូសុក នេះ ឲ្យបានជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
