អង្គការខ្មែរកម្ពុជាក្រោមទទូចឲ្យតុលាការទម្លាក់បទចោទប្រឆាំងព្រះសង្ឃខ្មែរក្រោម២អង្គ
2016.03.22

អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ទទូចឲ្យតុលាការទម្លាក់បទចោទប្រឆាំងព្រះសង្ឃខ្មែរក្រោម ២អង្គ ពាក់ព័ន្ធនឹងការរក្សាសារធាតុញៀន ការគំរាមសម្លាប់ និងការប្រើប្រាស់លិខិតសាធារណៈក្លែង។ ការទទូចនេះ គឺនៅបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះព្រះសង្ឃទាំង ២អង្គ តែសាលក្រមនឹងត្រូវប្រកាសនៅថ្ងៃទី១ ខែមេសា ខាងមុខ។
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ចាត់ទុកការចោទប្រកាន់លើព្រះសង្ឃខ្មែរក្រោម ២អង្គនៅពេលនេះ ថាជារឿងអយុត្តិធម៌ និងជាការបំបាក់ស្មារតីលើព្រះសង្ឃខ្មែរក្រោមទូទៅ។
ព្រះសង្ឃព្រះនាម ដាវ ទេព្យ និង ជា វណ្ណដា ដែលមានស្រុកកំណើតនៅខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចាប់ព្រះកាយផ្សឹកកាលពីដើមខែសីហា ឆ្នាំ២០១៥ នៅវត្តអង្គតាមិញ ហៅវត្តគោកចំបក់ ដោយចោទប្រកាន់ថា មានពាក់ព័ន្ធនឹងការរក្សាសារធាតុញៀន ការគំរាមសម្លាប់ និងការប្រើប្រាស់លិខិតសាធារណៈក្លែង។ ព្រះសង្ឃទាំង ២អង្គ ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្នតាំងពីពេលនោះមក ហើយទើបត្រូវបាននាំខ្លួនមកជំនុំជម្រះនៅថ្ងៃទី២២ ខែមីនា។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយពីបានចូលរួមស្តាប់ការជំនុំជម្រះរបស់តុលាការអស់រយៈពេលជិត ៣ម៉ោង នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ថា តុលាការពុំមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចោទប្រកាន់ព្រះសង្ឃទាំង ២អង្គឡើយ ដោយហេតុថា វត្ថុតាងដែលសមត្ថកិច្ចអះអាងថាឆែកឆេររកបានក្នុងកុដិរបស់ព្រះអង្គ រួមមានថ្នាំញៀន ពូថៅ កាំបិត ដាវ ដំបង ខោទ្រនាប់ និងសម្ភារៈមួយចំនួនទៀត ធ្វើឡើងដោយមិនមានវត្តមានរបស់ព្រះសង្ឃ ២អង្គឡើយ។ ផ្ទុយទៅវិញ ពួកគាត់ត្រូវបានសមត្ថកិច្ចបង្ខំឲ្យផ្តិតមេដៃទទួលយកវត្ថុតាងទាំងអស់នេះទៅវិញ។
លើសពីនេះ លោក សឺន ជុំជួន មានប្រសាសន៍ថា ដើមចោទជានិស្សិតរស់នៅក្នុងកុដិជាមួយ ដែលបានដាក់ពាក្យប្ដឹងព្រះសង្ឃ ២អង្គពាក់ព័ន្ធនឹងការគំរាមសម្លាប់ ក៏បានដកពាក្យបណ្ដឹងរបស់ខ្លួនរួចហើយដែរ ភ្លាមៗក្រោយពីបានដាក់ពាក្យប្ដឹងប្រឆាំងព្រះសង្ឃទាំង ២អង្គ ហើយដើមចោទបានប្រាប់ព្រះសង្ឃថា រូបគេមិនមានចេតនាប្ដឹងនោះទេ តែត្រូវបានសមត្ថកិច្ចបង្ខំឲ្យផ្ដិតមេដៃលើពាក្យបណ្ដឹង។
លោក សឺន ជុំជួន ចាត់ទុកការចោទប្រកាន់លើព្រះសង្ឃខ្មែរក្រោមនេះ ថាជារឿងអយុត្តិធម៌ និងស្នើឲ្យតុលាការលើកលែងបទចោទ៖ «ខ្ញុំថាជាចេតនាចង់បង្ហាញនូវការគំរាមកំហែងក្នុងការចូលរួមផ្សេងៗរបស់ព្រះសង្ឃ ២អង្គ ក្នុងការចូលរួមកិច្ចការសង្គម ពិសេសកិច្ចការនយោបាយក្នុងសង្គម ដោយសារពាក់ព័ន្ធការធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ដោយសារលោកពាក់ព័ន្ធនឹងព្រះតេជព្រះគុណ សឺន ហាយ ដោយសារតេជគុណ សឺន ហាយ ជាជនជាប់ចោទមួយរូបដែរ វាជារឿងបំបាក់ស្មារតីមួយទៅថ្ងៃអនាគត»។
សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមជំនុំជម្រះលើព្រះសង្ឃខ្មែរក្រោម នៅថ្ងៃទី១ មេសា។
មេធាវីការពារក្តីឲ្យព្រះសង្ឃខ្មែរក្រោម លោក ហម ស៊ុនរិទ្ធិ សុំមិនធ្វើអត្ថាធិប្បាយនៅក្រោយសវនាការ ប៉ុន្តែក្នុងពេលជំនុំជម្រះ លោកបានស្នើឲ្យតុលាការលើកលែងការចោទប្រកាន់ចំពោះកូនក្តីលោក ដោយសំអាងថា ពេលសមត្ថកិច្ចចុះឆែកឆេររកវត្ថុតាង កូនក្តីលោកមិននៅកន្លែង ពួកគេគ្មានប្រវត្តិប្រើប្រាស់គ្រឿងញៀន ពួកគេត្រូវបានសមត្ថកិច្ចបង្ខំឲ្យផ្ដិតមេដៃទទួលយកវត្ថុតាង មិនមានចេតនាសម្លាប់ ហើយដើមបណ្ដឹងពួកគេក៏ថែមទាំងបានដកពាក្យបណ្ដឹងទៅវិញ ជាដើម។
ចំណែកព្រះសង្ឃទាំងពីរអង្គក្នុងសម្លៀកបំពាក់ជាជនជាប់ចោទ បានស្រែកពេលសមត្ថកិច្ចចាប់ច្រកបញ្ចូលឡានដឹកទៅកាន់ពន្ធនាគារ ទាមទារឲ្យតុលាការផ្តល់យុត្តិធម៌ឲ្យពួកគាត់៖ «អាត្មាសង្ឃឹមថាតុលាការនឹងរកយុត្តិធម៌ឲ្យអាត្មា»។
ចាប់តាំងពីចុងឆ្នាំ២០១៤ មក មានព្រះសង្ឃខ្មែរក្រោមចំនួន ៥អង្គហើយ ត្រូវបានសមត្ថកិច្ចខ្មែរចាប់ខ្លួន ក្នុងនោះមានអតីតព្រះសង្ឃ សឺន ហាយ ឃិន វណ្ណៈ សាន កុសល ព្រមទាំងព្រះសង្ឃ ដាវ ទេព្យ និង ជា វណ្ណដា នៅពេលនេះ។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទប្រើប្រាស់ឆាយាក្លែងក្លាយ បទប្រឆាំងអ្នករាជការសាធារណៈ បទចូលរួមសមាគមទុច្ចរិត បទគំរាមសម្លាប់ និងការរក្សាសារធាតុញៀន។ មកទល់ពេលនេះ មានតែព្រះសង្ឃព្រះនាម ដាវ ទេព្យ និង ជា វណ្ណដា ដែលកំពុងជាប់ពន្ធនាគារ៕