ព្រះមហាក្សត្រខ្មែរបង្ហាញព្រះជំហរគាំទ្រទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងមហាអំណាចចិន។ ព្រះអង្គមានបន្ទូលថា កម្ពុជានឹងនៅឈរខាងប្រទេសចិន ទោះជាមានបញ្ហាអ្វីក៏ដោយ។ អ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋមួយចំនួន ចង់ឃើញកម្ពុជាពង្រឹងទំនាក់ទំនងជាមួយគ្រប់ប្រទេសទាំងអស់ មិនមែនទោរទន់ខ្លាំងទៅរកមហាអំណាចតែមួយបែបនេះឡើយ។
ព្រះមហាក្សត្រ ព្រះបាទបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទូលថា ប្រជាពលរដ្ឋខ្មែរនឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនចិន នៅគ្រប់កាលៈទេសៈទាំងអស់។ ព្រះអង្គបន្តថា កម្ពុជាសូមអបអរសាធារណរដ្ឋប្រជាមានិតចិនចំពោះសមិទ្ធផលដ៏ធំធេងដែលខ្លួនសម្រេចបាន ចាប់តាំងពីត្រូវបានបង្កើតឡើងកាលពី៧០ ឆ្នាំមុន។ ព្រះអង្គបានកោតសរសើរអំពីតួនាទីដ៏សំខាន់របស់ប្រទេសចិន នៅក្នុងកិច្ចការអន្តរជាតិ ហើយទ្រង់ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះការស្ថាបនារួមគ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវផងដែរ។
ព្រះមហាក្សត្រមានព្រះបន្ទូលបែបនេះ នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃទី១៤ ឧសភា និងត្រូវបានស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ (Xinhua)។
ចំណែក មេដឹកនាំកំពូលរបស់ចិនលោក ស៊ី ជីនពីង វិញ បានថ្លែងថា ប្រទេសចិនគោរពស្រឡាញ់ចំពោះមិត្តភាពដ៏ពិសេសជាមួយរាជវង្សានុវង្សកម្ពុជា។ លោកបានគូសបញ្ជាក់ថា ចិននឹងបន្តជួយជ្រោមជ្រែងកម្ពុជានៅលើវិថីនៃការអភិវឌ្ឍដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ហើយនិងបន្តធ្វើការងារជាមួយកម្ពុជាទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យឈានដល់កម្រិតថ្មីមួយទៀត។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប លោក រ៉ុង ឈុន មិនធ្វើអត្ថាធិប្បាយទៅលើព្រះបន្ទូលរបស់អង្គព្រះមហាក្សត្រឡើយ ក៏ប៉ុន្តែលោកថា លោកមិនចង់ឃើញកម្ពុជាដើរជាន់ដានប្រវត្តិសាស្ត្រនោះទេ។ ដានប្រវត្តិសាស្ត្រនោះ គឺការពឹងផ្អែកសឹងទាំងស្រុងទៅលើមហាអំណាចកុម្មុយនិស្តចិន ដែលនាំឱ្យកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិល និងការបែកបាក់ជាតិអស់រយៈពេលរាប់សិបឆ្នាំ។
អ្នកឃ្លាំមើលសង្គមរូបនេះ សង្កត់ធ្ងន់ថា ការរីកចម្រើនទៅមុខរបស់កម្ពុជា មិនមែនពឹងផ្អែកទៅលើទំនាក់ទំនងល្អជាមួយតែប្រទេសចិនមួយនោះទេ ក៏ប៉ុន្តែគឺត្រូវមានទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសទាំងអស់៖ «មិនចំពោះតែចិន ហើយផាត់ចោលមហាអំណាចផ្សេងៗ អាហ្នឹងយើងមើលឃើញថា វាមិនមានផលចំណេញសម្រាប់ពលរដ្ឋ ហើយនិងជាតិនោះទេ។ អ៊ីចឹងត្រូវតែមានទំនាក់ទំនង ចិនក៏យើងមានទំនាក់ទំនង អាមេរិកក៏យើងមានទំនាក់ទំនង សហគមន៍អឺរ៉ុបក៏យើងមានទំនាក់ទំនងល្អ ទាំងអស់គ្នា ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ»។
ទំនាក់ទំនងល្អរវាងព្រះរាជវង្សានុវង្សកម្ពុជាជាមួយនឹងប្រទេសចិននេះ បានកើតមានតាំងតែពីជំនាន់សម្តេចឪ ព្រះបរមរតនកោដ្ឋមកម្ល៉េះ ហើយទោះជានៅក្នុងរបបខ្មែរក្រហម ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ឬរបប ហេង សំរិន របបរដ្ឋកម្ពុជា និងក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសក្តី ក៏ចិននៅតែបន្តជួយជ្រោមជ្រែងដល់ព្រះរាជវង្សានុវង្សខ្មែរដដែល។ ដោយឡែក នៅសម័យបច្ចុប្បន្ននេះវិញ ថ្វីដ្បិតតែស្ថាប័នព្រះមហាក្សត្រហាក់មិនសូវមានឥទ្ធិពលដូចពេលមុនក្តី ក៏ប្រទេសចិននៅតែផ្ដល់ការគាំទ្រផ្នែកសុខភាព ការអប់រំ ជាដើម ដល់ព្រះរាជវង្សានុវង្សរបស់ខ្មែរដដែល។
ទំនងជាដោយសារហេតុផលនេះហើយ ទើបស្ថាប័នព្រះមហាក្សត្រខ្មែរចាត់ទុកប្រទេសចិន ជាមិត្តដ៏ជិតស្និទ្ធ និងតែងលើកសរសើរពីគុណបំណាច់របស់ចិនក្នុងការរួមចំណែកអភិវឌ្ឍកម្ពុជា។
ទោះជាយ៉ាងណា ពលរដ្ឋមួយចំនួនហាក់មិនពេញចិត្តឡើយ ចំពោះថ្នាក់ដឹកនាំកម្ពុជាដែលមើលឃើញតែពីជ្រុងវិជ្ជមាននៃទំនាក់ទំនងជាមួយប្រទេសចិននេះ ហើយរឹតតែមិនគាំទ្រជំហរលម្អៀងខ្លាំងទៅរកប្រទេសចិន ថែមទៀត។
ពលរដ្ឋមួយរូបនៅខេត្តតាកែវ ថ្លែងថា លោកចង់ឃើញប្រទេសកម្ពុជាមានទំនាក់ទំនងល្អជាមួយក្រុមប្រទេសប្រជាធិបតេយ្យ ពីព្រោះអតីតកាល កម្ពុជាបានផុងខ្លួនក្នុងរបបកាប់សម្លាប់ និងភាពខ្មៅងងឹត ក៏ដោយសារតែមនោគមវិជ្ជាក្រហមឆ្អិនឆ្អៅដែលជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយប្រទេសចិននេះឯង។ លោកថា មហាអំណាចកុម្មុយនិស្តមួយនេះ ជួយជ្រោមជ្រែងតែក្រុមអ្នកកាន់អំណាចប៉ុណ្ណោះ ដោយពួកគេមិនបានគិតគូរដល់ផលប្រយោជន៍ពិតប្រាកដរបស់ពលរដ្ឋខ្មែរឡើយ៖ «ពលរដ្ឋខ្មែរតាំងពីសម័យព្រះករុណា ( នរោត្តម សីហនុ ) មក ទាំងអស់គ្នាហ្នឹង គឺគាត់មិនចង់ទៅនៅខាងក្រហមទេ ប៉ុន្តែដល់ពេលមេដឹកនាំយើង ចេះតែចាប់ខាងក្រហមអ៊ីចឹងទៅ។ គាត់ក៏មិនពេញចិត្តដែរ ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច។ វាបែរទៅជាយ៉ាងអ៊ីចឹងរហូតដល់សព្វថ្ងៃនេះ។ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមសំណូមពរទៅដល់ថ្នាក់ដឹកនាំប្រទេស និងព្រះមហាក្សត្រផងដែរ ថាសូមកុំឱ្យងាកទៅខាង និងឈរតែនៅខាងចិនពេក។ គួរតែឈរនៅខាងបណ្ដាប្រទេសលោកសេរីផងទៅ ដើម្បីឱ្យមានសេរីភាព ឱ្យមានការអភិវឌ្ឍជឿនលឿន ហើយមានការគោរពសិទ្ធិមនុស្សទៅថ្ងៃអនាគត»។
ចំណែកពលរដ្ឋមួយរូបទៀតនៅខេត្តព្រៃវែង បញ្ចេញយោបល់ថា ការផ្ដេកផ្ដួលខ្លាំងពេកទៅរកចិនបានធ្វើឱ្យកម្ពុជាជួបនូវវិនាសកម្មធ្ងន់ធ្ងរកាលពីអតីតកាល ហើយនៅសម័យបច្ចុប្បន្ននេះវិញ ឥទ្ធិពលចិនក៏បានធ្វើឱ្យពលរដ្ឋខ្មែរមានកង្វល់រឿងសន្តិសុខសង្គម និងអនាគតរបស់ជាតិទៅថ្ងៃមុខដែរ។ លោកស្នើឱ្យអង្គព្រះមហាក្សត្រមានព្រះរាជតម្រិះឡើងវិញអំពីភាពអវិជ្ជមានទាំងឡាយជុំវិញទំនាក់ទំនងជាមួយប្រទេសចិន៖ «ខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំចង់ឱ្យព្រះអង្គព្រះតម្រិះនូវទិដ្ឋភាពជាក់ស្ដែង។ យើងឃើញហើយថា ជាក់ស្ដែង គឺប្រជាពលរដ្ឋរងគ្រោះដោយសារចិន មិនមែនប្រជាពលរដ្ឋបានផលពីចិនមកទេ។ ផលពីចិននេះ គឺតិចណាស់ចំពោះប្រទេសកម្ពុជាយើង តែអ្វីដែលយើងបាត់បង់ទៅចិន គឺវាច្រើន។ យើងបាត់បង់តាំងពីសម្បត្តិធនធានធម្មជាតិ សន្តិសុខសង្គម។ យើងបាត់បង់អស់ហើយទៅលើជនជាតិចិន»។
ក្រៅពីអង្គព្រះមហាក្សត្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគ្រាក់ៗរបស់លោក ក៏តែងលើកសរសើរនូវគុណសម្បត្តិរបស់ចិនផងដែរ។ ជាងនេះទៅទៀត របបក្រុងភ្នំពេញបានបង្ហាញជំហរលម្អៀងខ្លាំងទៅរកក្រុងប៉េកាំង ក្រោយពេលដែលរបបនេះបានបំផ្លាញឫសគល់ប្រជាធិបតេយ្យនៅកម្ពុជា។ ជាការឆ្លើយតប រដ្ឋាភិបាលចិនបានផ្តល់ជំនួយ និងកម្ចី រាប់រយលានដុល្លារបន្ថែមទៀត ដល់របបលោក ហ៊ុន សែន ក្រោយព្រឹត្តិការណ៍បោះឆ្នោតដែលត្រូវបានក្រុមប្រទេសប្រជាធិបតេយ្យចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ។ ថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់ បានប្រកាសគាំទ្រលោក ហ៊ុន សែន និងរបបរបស់លោក ក្នុងការរក្សាអំណាចនៅកម្ពុជាបន្តទៅទៀត ដោយមិនខ្វល់នឹងការរិះគន់ និងការគំរាមដាក់ទណ្ឌកម្មពីក្រុមប្រទេសប្រជាធិបតេយ្យនោះឡើយ។
ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា និន្នាការបែបនេះកំពុងរុញច្រានកម្ពុជាឱ្យកាន់តែឃ្លាតឆ្ងាយពីក្រុមប្រទេសប្រជាធិបតេយ្យ ហើយបន្តិចម្តងៗនឹងធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងវិបត្តិសង្គម ដោយសារការរងទណ្ឌកម្មពីសហគមន៍អន្តរជាតិរឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
