រដ្ឋលេខាធិការក្រសួងការបរទេសមួយរូបត្រូវតែងតាំងជាទូតប្រចាំប្រទេសថៃ
2016.12.30
![ឡុង វិសាលោ ខៀវ សុភ័គ ៦២០ ឡុង វិសាលោ ខៀវ សុភ័គ ៦២០](https://www.rfa.org/khmer/news/politics/cam-govt-tells-about-australia-refugees-09292014071338.html/longvisalor620.jpg/@@images/f4a973c8-197c-4411-ae0e-cf9ccd658d34.jpeg)
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ឡុង វិសាលោ ត្រូវតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសថៃ។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះកាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៦។
លោក ឡុង វិសាលោ មានអាយុ៧០ឆ្នាំ គឺជាមន្ត្រីជាន់ខ្ពស់មួយរូប ដែលបម្រើការងារក្នុងក្រសួងនេះ អស់រយៈពេលប្រមាណជា២០ឆ្នាំមកហើយ។ កាលពីសម័យរដ្ឋកម្ពុជា លោកធ្លាប់ធ្វើជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសគុយបា។ នៅឆ្នាំ១៩៨៧ លោកត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស រហូតដល់ឆ្នាំ១៩៩៣។ លុះដល់ឆ្នាំ១៩៩៨ លោកក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេសនេះសាជាថ្មី រហូតមកដល់បច្ចុប្បន្ន មុននឹងត្រូវតែងតាំងជាទូតប្រចាំប្រទេសថៃនៅចុងឆ្នាំនេះ។
អាស៊ីសេរីមិនអាចសុំបំភ្លឺពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានទេនៅថ្ងៃទី៣០ ខែ ធ្នូ ជុំវិញមូលហេតុនៃការតែងតាំងនេះ ឬថាតើលោក ឡុង វិសាលោ នឹងត្រូវអស់តួនាទីពីរដ្ឋលេខាធិការក្រសួងយ៉ាងណា?
ប៉ុន្តែកូនប្រុសមួយរូបរបស់លោក ឡុង វិសាលោ ដែលកំពុងបំពេញការងារ ជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង គឺលោក ឡុង ឌីម៉ង់ ឲ្យអាស៊ីសេរីដឹងថា បើមានព្រះរាជក្រឹត្យតែងតាំងជាឯកអគ្គរាជទូតនោះ តួនាទីរដ្ឋលេខាធិការក្រសួងការបរទេសរបស់ឪពុកលោក គឺលែងមានទៀតហើយ។
ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង និងជាអតីតអ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បានសរសេរក្នុងហ្វេសប៊ុក (Facebook) របស់លោកថា ស្ទើរមួយជីវិតរបស់ឪពុកលោក បានលះបង់សេចក្ដីសុខដើម្បីជាតិ ប្រជាជន និងលើកកិត្តិយសគ្រួសារខ្លួនឲ្យថ្លៃថ្នូរក្នុងសង្គម ព្រមទាំងបណ្ដុះបណ្ដាលកូនៗឲ្យចេះតស៊ូ ប្រឹងប្រែង អត់ធ្មត់ដើម្បីជោគជ័យទាំងក្នុងជីវិត និងការងារបម្រើជាតិនិងពលរដ្ឋខ្មែរ៕