ក្រុម​ប្រឹក្សា​​ក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូស៊ែត នៃ​សហរដ្ឋ​អាមេរិក ឯកភាព​គាំ​ទ្រ​សេចក្ដី​ស្នើ​ច្បាប់ ស្ដីពី «ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឆ្នាំ​២០១៨»

ក្រុម​ប្រឹក្សា​​ក្រុង​ឡូវែល(Lowell) ដែល​មាន​សមាជិក ៩​រូប ក្នុង​​​រដ្ឋ ម៉ាស្សាឈូស៊ែត (Massachusetts) សហរដ្ឋ​អាមេរិក ឯកភាព​​គាំ​ទ្រ​​សេចក្ដីស្នើ​​ច្បាប់​ ស្ដី​ពី «ប្រជាធិបតេយ្យ​នៅកម្ពុជាឆ្នាំ​២០១៨» (លេខ​H.R. 5754) ​នៅ​ថ្ងៃ​ទី​១៤ សីហា បន្ទាប់​ពី​ត្រូវ​បាន​​រដ្ឋសភា​សហរដ្ឋអាមេរិក​អនុម័ត​កាល​ពី​ថ្ងៃ​ទី២៦ ខែ​កក្កដា ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​លោក​ ហ៊ុន សែន និង​​បុគ្គល​​ស្និទ្ធ​នឹង​លោក ហ៊ុន សែន​​ចំនួន ១៦​នាក់​ទៀត ចំពោះ​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នេះ​បើ​តាម​ការចុះ​ផ្សាយរបស់​សារព័ត៌មាន​​ក្នុង​ក្រុង​ឡូវែល​ (lowellsun.com)។

ក្រុង ​ឡូវែល (Lowell) នៃ​រដ្ឋ​ម៉ាស្សាឈូស៊ែត (Massachusetts) ​ជា​​ទីក្រុង​ដែល​មាន​សហគមន៍​​ខ្មែរ​​​​​ធំ​​ជាង​គេ​លំដាប់​ទី​២ ​ដែល​​មាន​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​ប្រមាណ ​៣ម៉ឺន​នាក់​។

អភិបាល​រង​ក្រុង​ឡូវែល​​​ដែល​មាន​ដើម​កំណើត​ខ្មែរ លោក នួន វាសនា​ ថ្លែង​ក្នុង​កម្មវិធី​ទូរទស្សន៍​​អាស៊ី​សេរី​ កាល​ពីថ្ងៃ​ទី​​១៣ ខែ​សីហា​ថា នៅ​ពេល​ក្រុម​ប្រឹក្សាក្រុង​ឡូវែល​​ឯកភាព​​គាំ​ទ្រ​សេចក្ដី​ស្នើ​ច្បាប់​លេខ ​H.R. 5754 នេះ​ហើយ ក្រុម​ប្រឹក្សា​​​ទាំង​ ៩​រូប​​​នឹងបន្ត​ស្វែង​រក​​ការ​គាំ​ទ្រ​ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីរ​រូប​​ នៃ​រដ្ឋ​ ម៉ាស្សាឈូសេតស៍ គឺ​​​អ្នក​ស្រី អេលីហ្សាប៊ែត វ៉ារែន (Elizabeth Warren) និង​លោក​ អ៊ែត​វើត​ ម៉ាកឃី (Edward Markey) ​ដើម្បី​​ជំរុញ​ឲ្យ​អ្នក​ទាំង​ពីរ​គាំ​ទ្រ​​​​​ការ​អនុម័ត​សេចក្ដីស្នើ​ច្បាប់​នេះ​នៅ​​ព្រឹទ្ធសភា។

អ្នកច្បាប់​អន្តរជាតិ និង​ជាមេធាវីជនជាតិអង់គ្លេសលោក រីឆាត រ៉យជើរ (Richard Rogers) ​ពន្យល់​ថា​សេចក្ដី​ស្នើ​ច្បាប់ ស្ដី​ពី «ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨» អាច​ត្រូវ​ការ​ពេល​ប្រាំ​មួយ​​ខែ ឬ ក៏​ឆាប់​ជាង​នេះ អាស្រ័យ​ទៅ​លើ​ភាព​បន្ទាន់ និង​ឆន្ទានុសិទ្ធិ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ត្រូវ​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់៖ « ពេលដែលសំណើច្បាប់នេះ ត្រូវបានអនុម័ត និងដាក់ឲ្យចូលជាធរមានរួចច្បាស់ណាស់ វានឹងមានឥទ្ធិពលខ្លាំង។ ប៉ុន្តែឥទ្ធិពលនេះ គឺចាំរហូតដល់ ១៨០ថ្ងៃក្រោយចេញច្បាប់នេះសិន ទើបឃើញច្បាស់។ ពេលនោះយើងនឹងឃើញបញ្ជីរាយនាមបុគ្គល ដែលត្រូវរងទណ្ឌកម្ម។ ទណ្ឌកម្មទាំងនោះរួមមាន ការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីទាំងនោះ ដែលមាននៅសហរដ្ឋអាមេរិក ទាំងជាទ្រព្យបុគ្គល ជាក្រុមហ៊ុន និងការហាមឃាត់ទិដ្ឋាការធ្វើដំណើរមកកាន់ទឹកដីអាមេរិក។ មានន័យថា មន្ត្រីរបបលោក ហ៊ុន សែន មិនអាចជាន់ដីអាមេរិកបានទេ លើកលែងតែក្នុងករណីមកប្រជុំអង្គការសហប្រជាជាតិប៉ុណ្ណោះ។ ទណ្ឌកម្មនេះ គឺដាក់លើជនទាំងឡាយណា ដែលបានចូលដៃចូលជើង ក្នុងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា និងជនដែលរំលោភសិទ្ធិមនុស្ស ដែលពាក់ព័ន្ធនឹងការបំផ្លាញប្រជាធិបតេយ្យនេះដែរ។ បើនិយាយពីជនដែលជាប់ពាក់ព័ន្ធវិញ គឺមានច្រើនស្អេកស្កះនៅស្រុកខ្មែរ។ ដូច្នេះ បញ្ជីខ្មៅច្បាស់ជាវែងខ្លាំងណាស់ហើយ »

បុគ្គល​ទាំង ១៧​រូប​ ដែល​ត្រូវ​បាន​រាយ​នាម​ក្នុង​បញ្ជី​ដាក់​ទណ្ឌ​កម្ម​នោះ រួម​មាន លោក ហ៊ុន សែន លោក ស ខេង ​​ជា​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ចាំ​ផ្ទះ លោក ទៀ បាញ់ ​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​​ និង​មន្ត្រី​សំខាន់ៗ ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន មួយ​ចំនួន​ទៀត។

​ជុំវិញ​ការ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​នេះ អ្នក​នាំ​ពាក្យ​​របប​លោក ហ៊ុន សែន លោក ផៃ ស៊ីផាន ធ្លាប់​អះអាង​​ថា ទណ្ឌកម្ម​​នេះ​មិន​ប៉ះពាល់​អ្វី​ដល់​កម្ពុជា​ទេ ព្រោះ​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ មិន​ចំណុះ​ក្រោម​ឥទ្ធិពល​សហរដ្ឋអាមេរិក​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។