ក្រសួង​មហាផ្ទៃ​សន្យា​រក​មុខ​អ្នក​គំរាម​សម្លាប់​អ្នកស្រី កុយ ពិសី និង​លោក សុខ ទូច

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​ការ​គំរាម​សម្លាប់​អនុ​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​​ព្រំដែន អ្នកស្រី កុយ ពិសី និង​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា គឺ​លោក​បណ្ឌិត សុខ ទូច។

អ្នកស្រី កុយ ពិសី ចាត់​ទុក​ថា ការ​ប៉ុនប៉ង​សម្លាប់​អ្នកស្រី​ដោយ​ក្រុម​មនុស្ស​មួយ​ចំនួន​មិន​ស្គាល់​អត្តសញ្ញាណ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facecbook) គឺ​ជា​ការ​ប្រមាថ​អាយុ​ជីវិត និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នកស្រី។

នេះ​ជា​លើក​ពីរ​ហើយ​បន្ទាប់​លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​ផង ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញា​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​គំរាម​សម្លាប់។

ការ​គំរាម​សម្លាប់​នេះ ត្រូវ​បាន​អ្នកស្រី កុយ ពិសី អះអាង​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ថា ធ្វើ​ឡើង​តាម​រយៈ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជា​ច្រើន​ថ្ងៃ​មក​ហើយ ក្រោយ​ពី​ស្ថានការណ៍​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម បាន​ផ្ទុះ​ជា​ថ្មី​ឡើង​វិញ។

លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា ផ្អែក​លើ​បទ​ពិសោធន៍ ការ​គំរាម​សម្លាប់​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​សាមី​ខ្លួន​​បាន​ដឹង​ជា​មុន វា​ជា​មធ្យោបាយ​ល្អ​ជា​ជាង​ការ​មិន​ឲ្យ​ដំណឹង ប៉ុន្តែ​សម្លាប់​តែម្ដង។ លោក ខៀវ សុភ័គ ប្រៀបធៀប​ថា មិន​ខុស​ពី​ឆ្កែ​ដែល​ព្រុស ប៉ុន្តែ​ជា​ឆ្កែ​កម្រ​ខាំ។ ហេតុ​នេះ​លោក​ចាត់​ទុក​ថា បញ្ហា​នេះ​ទំនង​ជា​មាន​សុវត្ថិភាព​ជាង​ការ​មិន​គំរាម។ បើ​ទោះ​ជា​បែប​ណា មន្ត្រី​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា នគរបាល​យុត្តិធម៌ ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​សន្តិសុខ​សាធារណៈ នឹង​ស្វែង​រក​មុខ​សញ្ញា​អ្នក​ដែល​គំរាម​សម្លាប់​នេះ ព្រោះ​វា​ជា​បទល្មើស​ដែល​ចាំបាច់​ត្រូវ​ចាត់​វិធានការ។ លោក​បន្ត​ថា «ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សមត្ថកិច្ច​របស់​យើង​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា ដើម្បី​ស្វែងរក​អ្នក​ដែល​ប្រើប្រាស់​ហ្វេសប៊ុក ឬ​ដែល​ប្រើប្រាស់​អំពើ​របៀប​ហ្នឹង ព្រោះ​ថា​អំពើ​ដូច​នេះ​អាច​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់។ សមត្ថកិច្ច​របស់​យើង​ក៏​កំពុង​មាន​វិធានការ»

ពាក់ព័ន្ធ​រឿង​​នេះ អ្នកស្រី កុយ ពិសី អនុ​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ទទួល​បន្ទុក​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ សីហា ថា អ្នកស្រី​នៅ​មិន​ទាន់​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​ការ​ប៉ុនប៉ង​សម្លាប់​អ្នកស្រី​នៅ​ឡើយ​ទេ។

មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​រូប​នេះ ថ្លែង​ទៀត​ថា ខ្លួន​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ទទួល​បាន​សារ​គំរាម​សម្លាប់ និង​ប្រើប្រាស់​ពាក្យពេចន៍​មិន​ថ្លៃថ្នូរ​ជា​ហូរហែ​មក​នេះ តាម​រយៈ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អ្នកស្រី​បន្ត​ថា «ខ្ញុំ​ឥត​បាន​ប្ដឹងផ្ដល់​អី​ទេ​ប្អូន គ្រាន់​តែ​ការ​ប្រមាថ​ហ្នឹង​វា​មាន​ពីរ មួយ គឺ​គាត់​ជេរ​ប្រមាថ​តែ​ម្ដង ប្រើ​ពាក្យ​អសុរោះ​ដែល​ខ្ញុំ​គិត​ថា គាត់​មិន​គួរ​ណា​និយាយ​ហ្នឹង​មក​កាន់​ខ្ញុំ​ទេ។ ធម្មតា​មនុស្ស​យើង​មិន​ដែល​មាន​គំនុំ​អី​ជាមួយ​គ្នា​ផង ហើយ​អ្វី​ដែល​ខ្ញុំ​មាន​មតិ​យោបល់​កន្លង​មក​ហ្នឹង ខ្ញុំ​មិន​មែន​ជា​អ្នក​នយោបាយ​ដែល​ចេះ​តែ​ស្រែក ដែល​ថា​យើង​មិន​បាន​ធ្វើ​រឿង​ហ្នឹង»

ជុំវិញ​រឿង​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា លោក​បណ្ឌិត សុខ ទូច ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក ម្នាក់​សរសេរ​គំរាម​សម្លាប់ ដោយ​ចោទ​ប្រកាន់​ថា លោក​លក់​ក្បាល​ឲ្យ​វៀតណាម ក្នុង​រឿង​ព្រំដែន។ ការ​គំរាម​សម្លាប់​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ម្ដង​ទៀត។ ប្រហែល​ជា​រឿង​នេះ​ហើយ​មើល​ទៅ ដែល​ទំនង​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​មិន​ពេញចិត្ត​ចំពោះ​ការ​បកស្រាយ​របស់​លោក សុខ ទូច និង​អ្នកស្រី កុយ ពិសី ក្នុង​រឿង​ព្រំដែន​នេះ ហើយ​ជំរុញ​ឲ្យ​មាន​ការ​គំរាម​ដូច្នេះ តាមរយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

លោក អំ សំអាត មន្ត្រី​ជាន់ខ្ពស់​អង្គការ​លីកាដូ (LICADHO) បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ត្រូវ​ចាត់​វិធានការ​រក​មុខ​អ្នក​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ ដើម្បី​រក្សា​សុវត្ថិភាព​ចំពោះ​អ្នក​ដែល​ត្រូវ​គេ​គំរាម​សម្លាប់។ បើ​ទោះ​ជា​បែប​ណា លោក អំ សំអាត បង្ហាញ​ក្តី​កង្វល់​ថា សូម​ឲ្យ​ស៊ើប​អង្កេត​ដោយ​ផ្អែក​លើ​ជំនាញ​បច្ចេកទេស និង​ម៉ត់ចត់ ដើម្បី​ចៀសវាង​ការ​ដាក់​បន្ទុក​រឿង​ត្រូវ​ឲ្យ​ក្លាយ​ទៅ​ជា​ខុស​បាន។ លោក​បន្ត​ថា «យើង​ជា​សង្គម​ស៊ីវិល បាន​ន័យ​ថា យើង​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​គំរាម​ទៅ​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់ ដែល​និយាយ​ទាក់ទង​ទៅ​លើ​ផែនទី។ អ៊ីចឹង​ទៅ​ជា​សារ​យ៉ាង​ណា​ក៏ដោយ វា​ជា​គំរាម​កំហែង»

បើ​ទោះ​ជា​បែប​ណា អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ស្ថានភាព​នៃ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​តែ​មាន​កំណើន​ខ្ពស់​នៅ​កម្ពុជា។ អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា មូលហេតុ​នេះ ដោយ​សារ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​មាន​ភាព​ធូររលុង​ដែល​ជំរុញ​ឲ្យ​អ្នក​មាន​លទ្ធភាព ឬ​កូន​មន្ត្រី​មាន​អំណាច​មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​ដោយ​ពុំ​គិត​ពី​ទោស​នៃ​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។