សមាជិក​សភា​អូស្ត្រាលី​មិន​អត់​ឱន​សម្ដី​លោក ហ៊ុន សែន និង​មិន​ស្វាគមន៍​វត្តមាន​នាយករដ្ឋមន្ត្រី​ខ្មែរ

ដោយ មួង ណារ៉េត
2018-02-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​សភា​អូស្ត្រាលី ពី​ខាង​គណបក្ស​ប្រឆាំង លោក គ្រីស បាវ៉ិន (Chris Bowen) ថ្លែង​នៅ​ក្នុង​សភា​អូស្ត្រាលី នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
សមាជិក​សភា​អូស្ត្រាលី ពី​ខាង​គណបក្ស​ប្រឆាំង លោក គ្រីស បាវ៉ិន (Chris Bowen) ថ្លែង​នៅ​ក្នុង​សភា​អូស្ត្រាលី នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
Screenshot

សមាជិកសភា​អូស្ត្រាលី ម្នាក់​ទៀត​ព្រមាន​ថា  លោក​មិន​អត់ឱន​ឲ្យ​លោក ហ៊ុន សែន និង​មិន​ស្វាគមន៍​វត្តមាន​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-​អូស្ត្រាលី នៅ​ខែ​មីនា នេះ​ទេ។ លោក​អះអាង​ថា តំណាងរាស្ត្រ​អូស្ត្រាលី ដទៃ​ទៀត​នៅ​ក្នុង​រដ្ឋសភា​អូស្ត្រាលី នឹង​ក្រោក​តវ៉ា​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​លោក ហ៊ុន សែន។

សមាជិក​សភា​អូស្ត្រាលី ពី​ខាង​គណបក្ស​ប្រឆាំង​មួយ​រូប​ទៀត និង​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ស្រមោល​ទទួល​បន្ទុក​ផ្នែក​រតនាគារ បញ្ជាក់​ជំហរ​របស់​លោក និង​តំណាងរាស្ត្រ​អូស្ត្រាលី ដទៃ​ទៀត​ថា ពួកគាត់​មិន​អាច​ទទួល​យក​បាន​នូវ​សម្ដី​ដ៏​ហិង្សា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ដាច់​ខាត។

លោក គ្រីស បាវ៉ិន (Chris Bowen) ថ្លែង​នៅ​ក្នុង​សភា​អូស្ត្រាលី នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ នេះ​ថា ពួក​លោក​មិន​អត់​ឱន​ឲ្យ​លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​មួយ​រូប​រួច​ខ្លួន​ពី​ការ​ប្រើប្រាស់​សម្ដី​បែប​គំរាមកំហែង​ដល់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​អូស្ត្រាលី បែប​នេះ​នោះ​ទេ ហើយ​ប្រទេស​អូស្ត្រាលី មិន​ស្វាគមន៍​មេដឹកនាំ​បែប​នេះ​នោះ​ដែរ៖ «នៅ​ខែ​មីនា ប្រទេស​អូស្ត្រាលី នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន-​អូស្ត្រាលី។ សម្រាប់​អូស្ត្រាលី ​ព្រឹត្តិការណ៍​នេះ​មាន​សារសំខាន់​ខ្លាំង​ណាស់ ហើយ​យើង​សង្ឃឹម​ថា នឹង​ទទួល​បាន​ជោគជ័យ​ត្រចះត្រចង់​ពី​កិច្ច​ប្រជុំ​នោះ។ ដោយសារ​តែ​នេះ​ជា​កិច្ចប្រជុំ​អាស៊ាន ដូច្នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ត្រូវ​ធ្វើ​ទស្សនកិច្ច​មក​កាន់​ប្រទេស​អូស្ត្រាលី។ ប៉ុន្តែ លោក ហ៊ុន សែន ថ្មីៗ​នេះ បាន​បង្ក្រាប​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ គាត់​បិទ​សារព័ត៌មាន​ដែល​ហ៊ាន​ផ្សាយ​រិះគន់​គាត់ គាត់​បាន​ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ដាក់​គុក។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មួយ​ចំនួន​ក៏​ត្រូវ​លោក​ចាប់​ដាក់​គុក​ដែរ»

លោក គ្រីស បាវ៉ិន ថ្លែងបន្ត​​ដូច្នេះ៖ «ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ថ្មីៗ​នេះ​លោក ហ៊ុន សែន ថ្លែង​សារ​ជា​សាធារណៈ ដែល​អស់​លោក​ទាំង​អស់​អាច​បើក​មើល​តាម​បណ្ដាញ YouTube នោះ​អស់​លោក​នឹង​ឃើញ​ច្បាស់។ នៅ​ក្នុង​ការ​ថ្លែង​សារ​នោះ លោក ហ៊ុន សែន និយាយ​ថា ពេល​គាត់​មក​អូស្ត្រាលី បើ​មាន​អ្នក​តវ៉ា​ណា​ហ៊ាន​ធ្វើ​រូប​ទីងមោង​គាត់ និង​ដុត​រូប​ទីងមោង​នោះ គាត់​នឹង​តាម​វ៉ៃ​ដល់​ផ្ទះ ហើយ​ចាប់​ក្របួច​ទាំង​អស់។ ដោយសារ​តែ​សម្ដី​បែប​នេះ ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី ខឹងសម្បា​លោក ហ៊ុន សែន យ៉ាង​ខ្លាំង ហើយ​ក៏​មាន​ការ​ភ័យ​ខ្លាច​ដែរ។ ដូច្នេះ​ក្នុង​នាម​យើង​ជា​តំណាងរាស្ត្រ យើង​ទាំង​អស់​គ្នា​ត្រូវ​បង្ហាញ​ប្រាប់​ពលរដ្ឋ​ទាំង​នោះ​វិញ​ថា យើង​មិន​អត់ឱន​ឲ្យ​នរណា​ប្រើ​សម្ដី​ប្រមាថ និង​ហិង្សា​បែប​នេះ​ជា​ដាច់ខាត មិន​ថា​អ្នក​នោះ​ជា​ប្រមុខ​រដ្ឋាភិបាល​របស់​ប្រទេស​មួយ ឬ​ជា​មេដឹកនាំ​របស់​ប្រទេស​អាស៊ាន​នោះ​ក៏ដោយ។ យើង​ត្រូវ​តែ​ក្រោកឈរ​ដើម្បី​គាំទ្រ​ពលរដ្ឋ​ខ្មែរ និង​ការពារ​សិទ្ធិ​របស់​ពួកគាត់​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី។ យើង​នឹង​ការពារ​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​រង​ការ​បំភិតបំភ័យ ឬ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ឬ​ធ្វើ​បាប​នោះ​ឡើយ។ យើង​ត្រូវ​តែ​​ក្រោក​ឈរ​ដើម្បី​គាំទ្រ​ពលរដ្ឋ​ខ្មែរ និង​ការពារ​សិទ្ធិ​របស់​ពួកគាត់​​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី។ យើង​ជា​អ្នក​តំណាងរាស្ត្រ​ទាំង​អស់​នៅ​ទី​នេះ នឹង​ក្រោក​ឈរ​ប្រឆាំង​ជន​បែប​លោក ហ៊ុន សែន នេះ​ផង​ដែរ។ ទោះបីជា​លោក ហ៊ុន សែន មាន​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ លោក​មិន​អាច​មក​ជាន់​ដី​អូស្ត្រាលី ដោយ​ធ្វើ​ចរិត​បែប​នេះ​បាន​ជា​ដាច់​ខាត»

​ប្រតិកម្ម​ខ្លាំងៗ​ជា​បន្ត​បន្ទាប់​ពី​សមាជិក​សភា​អូស្ត្រាលី​នេះ ធ្វើ​ឡើង​នៅ​ពេល​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-​អូស្ត្រាលី កាន់​តែ​ខិត​ចូល​មក​ដល់។ នៅ​មុន​នេះ​តំណាងរាស្ត្រ​អូស្ត្រាលី ពីរ​រូប​ផ្សេង​ទៀត គឺ​លោក អែនថូនី ប៊ើន (Anthony Byrne) និង​លោក ម៉ាក បាត់លើរ៍ (Mark Butler) ក៏​សម្ដែង​ការ​មិន​ស្វាគមន៍​លោក ហ៊ុន សែន ដែរ។ តំណាងរាស្ត្រ​ទាំង​នោះ​សុទ្ធតែ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ប្រាប់​ទៅ​លោក ហ៊ុន សែន ឲ្យ​ដក​ការ​គំរាម​វាយ​បាតុករ​ទៅ​វិញ​ជា​បន្ទាន់ ព្រោះ​ការ​គំរាមកំហែង​បែប​នេះ គឺ​បំពាន​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ដែល​ប្រទេស​អូស្ត្រាលី ប្រកាន់​ខ្ជាប់​ម៉ឺងម៉ាត់​បំផុត។

អាស៊ីសេរី ព្យាយាម​ទាក់ទង​មន្ត្រី​របប​លោក ហ៊ុន សែន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ប្រតិកម្ម​របស់​លោក គ្រីស បាវ៉ិន ដែរ​ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ នេះ ប៉ុន្តែ មិន​ទាន់​អាច​ទាក់ទង​បាន។ ទោះ​ជា​យ៉ាង​នេះ​ក្តី ទាំង​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​មន្ត្រី​នាំ​ពាក្យ​បក្សកាន់អំណាច លោក សុខ ឥសាន សុទ្ធ​តែ​ធ្លាប់​បញ្ជាក់​ជំហរ​គាំទ្រ​ប្រសាសន៍​មេ​កើយ​របស់​ពួក​លោក​ដូចៗ​គ្នា ដោយ​អះអាង​ថា សម្ដី​បែប​ហិង្សា​នេះ មិន​ខុស​ឆ្គង​អ្វី​នោះ​ទេ ព្រោះ​លោក ហ៊ុន សែន ក៏​មាន​សិទ្ធិ​បញ្ចេញ​មតិ​ដូច​អ្នក​ដទៃ​ដែរ។

លោក ហ៊ុន សែន ខ្លួន​ឯង​ក៏​បាន​អះអាង​ការពារ​ខ្លួន​លោក​ដែរ ថា​បើ​គេ​ហ៊ាន​ប្រើ​ហិង្សា​លើ​រូប​ទីងមោង​ដែល​តំណាង​រូប​លោក នោះ​លោក​ក៏​អាច​ប្រើ​ហិង្សា​ដោយ​វាយដំ​លើ​អ្នក​ដុត​ទីងមោង​លោក​ដែរ៖ «សិទ្ធិ​របស់​ឯង​មាន បើ​សិទ្ធិ​របស់​អ្នក​ឯង​មាន​សិទ្ធិ​ដុត​គេ គេ​មាន​សិទ្ធិ​វ៉ៃ​អ្នក​ឯង មាន​ទាស់​ខុស​អី? អា​ហ្នឹង​សិទ្ធិ​ទៅ​សិទ្ធិ​មក អ្នក​ឯង​ប្រើ​ដល់​ហិង្សា​លើ​រូប​កាយ​គេ​ហើយ អ្នក​ឯង​ចាត់​ទុក​ថា អា​ហ្នឹង​រូប ហ៊ុន សែន ហើយ​យក​ទៅ​ដុត។ តាម​ដល់​ផ្ទះ អត់​ទេ ក្របួច​យក​តែម្ដង!»

​ទោះជា​យ៉ាង​នេះ​ក្ដី សម្ដី​ដែល​ពោរពេញ​ដោយ​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​វាយដំ​មនុស្ស ហើយ​មាន​ធាតុ​ផ្សំ​នៃ​បទឧក្រិដ្ឋ​បែប​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ ថា​ជា​មូលដ្ឋាន​អាច​ឲ្យ​ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី ដាក់​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន បាន។ ជា​ការ​ឆ្លើយ​តប​ ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី កំពុង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ខាង​ស្ថាប័ន​ប៉ូលិស​អូស្ត្រាលី និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ចាត់ការ​រឿង​នេះ​តាម​ផ្លូវ​ច្បាប់​ហើយ។ ពលរដ្ឋ​ទាំង​នោះ​សង្ឃឹម​ថា សមត្ថកិច្ច​អូស្ត្រាលី នឹង​ចាត់ការ​លើ​លោក ហ៊ុន សែន ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ជំនួប​ពិសេស​អាស៊ាន-​អូស្ត្រាលី ចាប់​ពី​ថ្ងៃ​ទី​១៧-​១៨ ខែ​មីនា ខាង​មុខ​នេះ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

dictator Hun Sen criminal minds would face a justice ahead....

Congratulations,to hon-Australian's congressmen who will not welcome former Khmer rouge murder Hun Sen to join Asian-Pacific economic summit incoming day ahead"war crimes against humanity in 1975-1979 and present".We the Cambodian people inside and abroad living around the world would like to appeal to the UN,Superpowers,international community and all 18 nations representatives who signed a Paris Peace Accorded on October 21,1993 to pressure more on this fascist dictator Hun Sen who brutal ruled Cambodian almost 4 decades"using more brutal rule...violent...hash verbals...vulgar...ruthless behavior against all goodwill of mankind...pissoff to anybody...barbaric...evil man...bloodsucker...thirsty power...run mafia business...war criminal conspiracy...war crime aginst humanity...run family business criminal conspiracy in the last 4 decades years...committed atrocity on khmer people daily life...robbed people lands or farms...threatening pple everyday...destroyed or unrest political dissent...fear lose election coming ahead...stir up election turmoils...highly corruption govm't...hit and run...vote fraud every terms...several coups d'etat,and much more.It's a best time to eliminate this monster from the planet earth and to make the whole world are better place to live or to go where everybody wanted and God bless the whole world in peace 4ever.

Mar 06, 2018 01:17 PM

HUN KOMSOT

ពី P PENH

មិនមែនសិទ្ធបញ្ចេញមតិទេនេះជាការគំរាមគំហែងតែម្ដង។ខ្ញុំក៏មិនគាំទ្រដែរ៕

Mar 05, 2018 07:06 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

ហាហាហា-ឥឡូវនេះខ្ញុំចង់ឃើញលោកហ៊ុនសែនលូន ទៅសុំទោស អូស្ត្រាលី។ ខ្ញុំជឿថាពិភពលោកឆ្លាតជាងហ៊ុនសែននិងគណបក្សប្រជាជន។ ពួកគេនឹងរកវិធីដើម្បី (prosecute) ចោទប្រកាន់ លោកហ៊ុនសែន។ Hun Sen, you can run but you cannot hide.

Mar 01, 2018 12:32 AM

ខ្មែរ

ពី ស.រ.អា.

អូស្ត្រាលីគួរបើកឱ្យហ៊ុនសែន ចូលមកក្នុងប្រទេសនេះ ក្នុងពេលខាងមុខ។ ហើយអូស្ត្រាលីគួរបើកសិទ្ធិឱ្យពលរដ្ឋ អូស្ត្រាលីដើមកំណើតខ្មែរ ប្រើសិទ្ធិគ្រប់យ៉ាងដើម្បីការពារ ខ្លួន បើកងកម្លាំងហ៊ុនសែន ហ៊ានដេញវ៉ៃដល់ផ្ទះ ពួកគេ មែននោះ។ ឱ្យគាត់សាកមើលទៅ ថាតើនរណានឹងត្រូវស្លាប់ តៃហោង។

Feb 28, 2018 04:19 PM

គេហទំព័រ​ទាំងមូល