វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ខក​ចិត្ត​ចំពោះ​ការ​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ

ដោយ យ៉ង ចាន់តារា
2017-08-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គេហទំព័រ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)។ Screenshot
គេហទំព័រ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)។ Screenshot
Screenshot

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា អិន.ឌី.អាយ (NDI) សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​ប្រចាំ​កម្ពុជា ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ NDI អះអាង​ថា ខ្លួន​បាន​ធ្វើ​ការ​ជាមួយ​គ្រប់​គណបក្ស​នយោបាយ ពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដើម្បី​គាំទ្រ​អភិបាលកិច្ច​ប្រកប​ដោយ​តម្លាភាព និង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

ការ​សម្ដែង​ការ​ខក​ចិត្ត​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា។

ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ លោក ឃែណេត វ៉ូលេក (Kenneth Wollack) ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ NDI បាន​ជួយ​ពង្រឹង​ស្ថាប័ន និង​ដំណើរការ​ប្រជាធិបតេយ្យ ហើយ​មិន​មែន​ផ្ដោត​តែ​ទៅ​លើ​លទ្ធផល​បោះឆ្នោត​នោះ​ទេ។ លោក​បន្ត​ថា NDI សង្ឃឹម​ថា​រដ្ឋាភិបាល​កម្ពុជា នឹង​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​នេះ៖ «យើង​ពិត​ជា​ភ្ញាក់​ផ្អើល និង​មាន​ក្តី​ក្រៀមក្រំ​ចំពោះ​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នេះ។ អស់​រយៈពេល ២៥​ឆ្នាំ​មក​នេះ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បាន​ធ្វើ​ការ​ជាមួយ​គ្រប់​គណបក្ស​នយោបាយ​ធំៗ ក្នុង​នោះ​ក៏​រួម​មាន​ទាំង​គណបក្ស​កាន់​អំណាច​ផង​ដែរ។ ពួក​យើង​មាន​តម្លាភាព​ចំពោះ​ការ​បំពេញ​ការងារ ហើយ​គ្រប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង គឺ​សុទ្ធតែ​អនុលោម​ទៅ​តាម​ច្បាប់។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន»

កាល​ពី​ថ្ងៃ​ទី​២៣ សីហា ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សម្រេច​បញ្ឈប់​សកម្មភាព​របស់ NDI ដោយ​ក្រសួង​យល់​ថា​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​ការ​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ការ​សម្រេច​នេះ គឺ​បន្ទាប់​ពី​មាន​ការ​ពិចារណា និង​ពិភាក្សា​គ្នា​យ៉ាង​ម៉ត់ចត់​ក្នុង​ចំណោម​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ក្រសួង​ការ​បរទេស បាន​បំភ្លឺ​ថា ការ​សម្រេច​នេះ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​សំខាន់​ចំនួន​២ គឺ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​សារពើពន្ធ ក្នុង​នោះ​សំអាង​ថា NDI ធ្វើ​សកម្មភាព​ដោយ​មិន​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ការ​បរទេស និង​មិន​បាន​ចុះ​បញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​សម្រាប់​ដំណើរការ​បង់​ពន្ធ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ NDI អះអាង​ថា ខ្លួន​បាន​បំពេញ​កាតព្វកិច្ច​ផ្លូវ​ច្បាប់​គ្រប់​បែប​យ៉ាង​សម្រាប់​ការ​ចុះ​បញ្ជី​តាម​រយៈ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​ក្រសួង​បាន​ទទួល​យក​ឯកសារ​សុំ​ចុះ​បញ្ជី​របស់ NDI តាំង​តែ​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ មក​ម្ល៉េះ ក៏ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយតប​ចំពោះ​ឯកសារ​ទាំងនោះ​នៅ​ឡើយ។ នេះ​មាន​ន័យ​ថា ក្រសួង​ការ​បរទេស បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​មាត្រា​១៤ នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​ក្រសួង​ត្រូវ​សម្រេច​ចំពោះ​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​ក្នុង​រយៈពេល ៤៥​ថ្ងៃ​យ៉ាង​យូរ។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​អំពី​បញ្ហា​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ សីហា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា ការ​សម្រេច​របស់​ក្រសួង​ការ​បរទេស​នេះ គឺ​ជា​សេចក្តី​សម្រេច​ផ្លូវការ​ហើយ ដែល NDI ត្រូវ​តែ​អនុវត្ត​តាម។ តែ​យ៉ាង​ណា​លោក​បញ្ជាក់​ថា ក្រោយ​ចាកចេញ​ពី​កម្ពុជា NDI អាច​ស្នើ​មក​ក្រសួង​ការ​បរទេស​កម្ពុជា វិញ ដើម្បី​សុំ​ចុះ​បញ្ជី​សាជាថ្មី​ម្តង​ទៀត។

NDI គឺ​ជា​អង្គការ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​មិន​ស្វែងរក​ប្រាក់​ចំណូល ដែល​ធ្វើ​ការ​ក្នុង​ប្រទេស​ជាង​៦០ នៅ​លើ​ពិភពលោក ដើម្បី​ទ្រទ្រង់ និង​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ តាម​រយៈ​ការ​ចូលរួម​ពី​ពលរដ្ឋ ការ​បើក​ចំហ និង​គណនេយ្យភាព​ក្នុង​រដ្ឋាភិបាល។ ការងារ​របស់ NDI គឺ​ពង្រឹង​សមត្ថភាព​គណបក្ស​នយោបាយ ការ​ដេញដោល​មតិ​ក្នុង​ចំណោម​បេក្ខជន និង​កិច្ច​សន្ទនា​រវាង​គណបក្ស​នយោបាយ ការ​ចូលរួម​របស់​ស្ត្រី និង​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​តាមដាន​ដំណើរការ​បោះឆ្នោត ជាដើម។

នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក ឌុច ពិសិដ្ឋ យល់​ឃើញ​ថា ការ​បិទ​ការិយាល័យ​របស់ NDI ដោយ​ខ្វះ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ជាក់លាក់ គឺ​ជា​សញ្ញាណ​មិន​ល្អ​ឡើយ​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​រួម​ចំណែក​ជួយ​លើក​កម្ពស់​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ«វា​ហាក់​ដូចជា​លឿន​ពេក​ដែរ បើ​យើង​ពិនិត្យ​មើល​នីតិវិធី​ហ្នឹង។ រដ្ឋាភិបាល​គួរ​តែ​មាន​ក្រុម​ការងារ​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​ថា តើ NDI ពិត​ជា​មាន​ផែនការ​ទុច្ចរិត​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ឬ​មួយ​ក៏​យ៉ាង​ម៉េច? បញ្ហា​នេះ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ឈាន​ដល់​ការ​សម្រេច​ចិត្ត​បិទ NDI»

ជុំវិញ​ការ​បិទ​ការិយាល័យ NDI នេះ​ដែរ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​រិះគន់​ចំណាត់ការ​នេះ​ថា​មិន​បាន​ឈរ​លើ​មូលដ្ឋាន​ត្រឹមត្រូវ។ ចំណែក​ឯ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា វិញ បាន​ចោទ​ជា​សំណួរ​ថា តើ​កម្ពុជា មាន​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ដែរ​ឬ​ទេ? ហើយ​ខាង​ក្រសួង​ការ​បរទេស​អាមេរិក នៅ​ឯ​រដ្ឋធានី​វ៉ាស៊ីនតុន ឯណោះ​វិញ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង នៃ​បរិយាកាស​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។

ក្រសួង​ការ​បរទេស​អាមេរិក ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​វិទ្យាស្ថាន NDI ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត អាច​បន្ត​សកម្មភាព​ដ៏​សំខាន់​របស់​ពួក​គេ ដើម្បី​ជួយ​ជំរុញ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ការ​សម្រេច​ចិត្ត​បិទ​ការិយាល័យ NDI ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា នេះ ធ្វើ​ឡើង​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​សារព័ត៌មាន​ហ្វ្រេស​ញូវ (Fresh News) ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដោយ​ស្រង់​ប្រភព​ពី​ហ្វេសប៊ុក (facebook) ហើយ​ចោទ​ប្រកាន់ NDI ថា​បាន​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ ផ្តួល​រំលំ​គណបក្ស​កាន់​អំណាច។

សារព័ត៌មាន​ហ្វ្រេស​ញូវ (Fresh News) នេះ ហាក់​កំពុង​ដើរ​តួនាទី​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់ ព្រម​ទាំង​ព័ត៌មាន​ឯកជន​ជាច្រើន​របស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល។ ព័ត៌មាន​ទាំងនោះ​មាន​ដូចជា​រឿង​អាស្រូវ​ស្នេហា រឿង​ពន្ធដារ និង​រឿង​បដិវត្តន៍​ពណ៌​ជាដើម ដែល​នាំ​ទៅ​រក​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដោយ​អាជ្ញាធរ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ជនបរទេសទាំងនេះមិនដែលសប្បាយចិត្តនឹងឃើញខ្មែរមានសន្តិភាពឫរីកចម្រើនម្តងណាទេ។អ្វីដែលហួសចិត្តគឺក៏មានខ្មែរលក់ខួរឃ្លានអំណាចមួយចំនួនសុខចិត្តទ្រពងពួកវាទៀត។

Aug 25, 2017 06:03 AM

ភវវ្ម័ន

ពី បាវិត ស្វាយ​រៀង​

របបលោកហ៊ុនសែន បានរឹតបន្ដឹងវាយកម្ទេចរាល់សសៃរជីពចរ នៃជីវិតលិទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាស្ទើរទាំងស្រុងហើយមកដល់ថ្ងៃនេះ! ចាប់ផ្ដើមពី អង្គការសង្គមស៊ីវិល មានអង្គការ ការពារសិទ្ធិមនុស្ស អង្គការថែរក្សាការពារបរិស្ថាន អ្នកពង្រឹងផ្នែកច្បាប់និងសិទ្ធិមនុស្ស ដែលជាសម្លេង និងជាទីប្រឹក្សារបស់ប្រជាជនទន់ខ្សោយ ងាយរងគ្រោះត្រូវបានរបបលោកហ៊ុនសែន គាបសង្គត់ចាប់ដាក់គុកមុនគេ ពេលនេះឈានដល់ រើ កកាយបំបិទសម្លេងនិងដកចេញគ្រប់បណ្ដាញជីពចរ ដែលជួយផ្ដល់ព័ត៌មាន ដល់ប្រជាពលរដ្ឋជាពិសេសអ្នកនៅគ្រប់ទីជនបទ ។ សូមកុំភ្លេចប្រវត្តិសាស្រ្ដបក្សប្រជាជនបដិវត្តន៍ឡើងកាន់អំណាច ជាដើមចមនៃរបបវាលពិឃាត! ប្រជាជនខ្មែរកាលទសវត្សរ៍ ១៩៧០ ដោយខ្វះព័ត៌មានត្រូវបានខ្មែរក្រហមយកលិទ្ធិសង្គមនិយមពង្វក់បាន រហូតដល់សម្លាប់ជាតិឯងដើម្បីបម្រើអង្គការលើ ដែលខ្លួនឯងក៏ពុំដឹងថាអង្គការលើជានរណា? ការបោះឆ្នោតសកលជាតិ ឆ្នាំ២០១៨នឹងត្រូវរាំងខ្ទប់សម្លេងរបស់ប្រជាពលរដ្ឋខ្មែរទាំងស្រុង គឺគ្មានអ្វីតវ៉ាជាផ្លូវការបានឡើយ! ពេលនោះមានតែប្រព័ន្ធផ្សព្វផ្សាយរបស់បក្សប្រជាជនហ៊ុនសែន តែប៉ុណ្ណោះ!

Aug 25, 2017 03:35 AM

Kem Ley

ពី California, USA

Hun Sen (former Khmer Rouge) violated our constitution again and again. He ordered the NDI to close the door without approval from the court system. It’s the same as “put you in jail first without proof you are guilty”. It showed that the Hun Sen is dictatorship and ruled by the communist regime.

Aug 24, 2017 07:31 PM

គេហទំព័រ​ទាំងមូល