គ.ជ.ប.ទទួល​បាន​បណ្ដឹង​ចំនួន​១២៥​នៅ​ថ្ងៃ​បោះ​ឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា មាន​បណ្ដឹង​ជាង ១០០​ករណី បាន​កើត​មាន​នៅ​ថ្ងៃ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត។ បណ្ដឹង​ភាគ​ច្រើន ប្ដឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ មាន​ដំណើរ​ការ​ល្អ​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន។

0:00 / 0:00

សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី៥ ខែ​សីហា របស់ គ.ជ.ប បាន​បង្ហាញ​ថា មាន​បណ្ដឹង​សរុប​ចំនួន ១២៥​បណ្ដឹង ត្រូវ​បាន​គណបក្ស​នយោបាយ និង​អ្នក​ពាក់ព័ន្ធ​ប្ដឹង​នៅ​ក្នុង​ដំណាក់​កាល​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា។

ពាក្យ​បណ្ដឹង​ទាំង​នោះ ប្ដឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៩០​បណ្ដឹង និង​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ១៥​បណ្ដឹង។ ក្រៅ​ពី​នេះ ប្ដឹង​ដោយ​គណបក្ស​ផ្សេងៗ ប្រជាពលរដ្ឋ និង​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ជា​ដើម។ ពាក្យ​បណ្ដឹង​ទាំង​នេះ​កើត​មាន​នៅ​ក្នុង​ខេត្ត​ចំនួន​១៧។

របាយការណ៍​ដដែល​បញ្ជាក់​ថា មាន​បណ្ដឹង​ចំនួន ៤១​បណ្ដឹង ត្រូវ​បាន​ប្ដឹង​ទៅ​គណៈកម្មការ​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត។ ក្នុង​នោះ បណ្ដឹង​ចំនួន ៣០​បណ្ដឹង ត្រូវ​ប្ដឹង​បន្ត​ពី​គណៈកម្មការ​ឃុំ​សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត។

យ៉ាង​ណា​ក៏ដោយ នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​នៃ គ.ជ.ប បាន​ឲ្យ​ដឹង​ថា នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ទាក់ទង​បណ្ដឹង​ក្នុង​ថ្ងៃ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ឲ្យ​បាន​គ្រប់​គណៈកម្មការ​ឃុំ​សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​ទេ។

លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា និកហ្វិច (NICFEC) បាន​ឲ្យ​ដឹង​ថា ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​នៅ​ថ្ងៃ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ភាគ​ច្រើន​ទាក់ទង​ការ​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​មាន​ករណី​មាន​អ្នក​បោះ​ឆ្នោត​ជំនួស​ជាដើម។

ទោះ​យ៉ាង​ណា លោក ហង្ស ពុទ្ធា បាន​វាយ​តម្លៃ​ថា ការ​បោះ​ឆ្នោត​មាន​ដំណើរ​ការ​ល្អ និង​ជា​សញ្ញា​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នា​ថ្ងៃ​អនាគត៖ «ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​នៅ​ថ្ងៃ​បោះ​ឆ្នោត​ហ្នឹង គឺ​មាន​ករណី​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត គាត់​អត់​អាច​បោះ​ឆ្នោត​បាន។ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជំនួស និង​ការ​រក​ឈ្មោះ​មិន​ឃើញ។ អ៊ីចឹង​ករណី​ទាំងអស់​នេះ ទោះ​បី​ជា​អ្នក​ខ្លះ​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់ គ.ជ.ប ក៏ដោយ ក៏ប៉ុន្តែ គ.ជ.ប ត្រូវ​តែ​រួម​ចំណែក​ក្នុង​ការ​ទទួល​ខុស​ត្រូវ ដើម្បី​កែ​ទម្រង់​ឲ្យ​ការ​បោះ​ឆ្នោត​លើក​ក្រោយ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ»

ទាក់ទិន​បញ្ហា​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី៥ ខែ​សីហា ដោយ​បាន​ចាត់​ទុក​ស្ថានការណ៍​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ មាន​ដំណើរ​ការ​ល្អ និង​មាន​សុខ​សន្តិភាព។

លោក​បន្ត​ថា បើ​ធ្វើ​ការ​ប្រៀបធៀប​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី៥ ទៅ​នឹង​អាណត្តិ​បោះ​ឆ្នោត​មុនៗ គឺ​អាណត្តិ​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជា​ប្រវត្តិសាស្ត្រ៖ «ប្រកប​ដោយ​ជោគជ័យ ហើយ​សហគមន៍​អន្តរជាតិ​នៅ​ទូទាំង​សកលលោក​តែ​ម្តង ដែល​គេ​កត់​សម្គាល់​ឃើញ​ដូច្នេះ​ថា ការ​បោះ​ឆ្នោត​ប្រកប​ដោយ​រលូន និង​មាន​សន្តិភាព។ ហើយ​មិន​មែន​និយាយ​តែ​មាត់​ទទេ​ទេ គឺ​មាន​ទាំង​លាយលក្ខណ៍​អក្សរ​ថែម​ទៀត​ផង។ ហើយ​ជា​ការ​កត់​សម្គាល់​ឃើញ​ថា វា​មាន​ការ​វិវឌ្ឍន៍​ល្អ​ប្រសើរ​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​ពី​មុនៗ​នៅ​កម្ពុជា ហើយ​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ។ ហើយ​ទន្ទឹម​នេះ​ទៀត តាម​ការ​កត់​សម្គាល់​ឃើញ​ថា សំឡេង​របស់​គណបក្ស​ប្រឆាំង​បាន​កើន​ឡើង​នោះ គឺ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា បាន​បញ្ចេញ​នូវ​ទស្សនៈ​របស់​ខ្លួន ឬ​ក៏​ឆន្ទៈ​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ ដែល​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ការ​រីក​ចម្រើន​នូវ​លទ្ធិប្រជាធិបតេយ្យ»

ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ មាន​គណបក្ស​នយោបាយ​ចំនួន​៨ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង។ ការ​បោះ​ឆ្នោត​នេះ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ រហូត​មក​ដល់​ពេល​នេះ គ.ជ.ប មិន​ទាន់​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​នៅ​ឡើយ​ទេ។ ជាង​នេះ​ទៀត គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បន្ត​តវ៉ា​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ដែល​កើត​មាន​នៅ​ថ្ងៃ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត។

ទាក់ទិន​បញ្ហា​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​រសៀល​ថ្ងៃ​ទី៥ ខែ​សីហា ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ជឿ​លើ​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​លទ្ធផល​បោះ​ឆ្នោត ដែល​មាន​ផ្សាយ​ដោយ​គណបក្ស​នយោបាយ និង​បណ្ដាញ​ព័ត៌មាន​សង្គម។ គ.ជ.ប ទទូច​ឲ្យ​ពលរដ្ឋ​រង់ចាំ​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ដែល​ប្រកាស​ដោយ គ.ជ.ប ដែល​នឹង​ប្រកាស​ក្រោយ​ពី​មាន​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​ការ​ដោះស្រាយ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​របាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​បាន​ចប់​សព្វគ្រប់។ គ.ជ.ប ចាត់​ទុក​ថា ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​លទ្ធផល​បោះ​ឆ្នោត អាច​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ ដែល​នាំ​ដល់​ការ​បំពុល​បរិយាកាស ធ្វើ​ឲ្យ​បាត់​សណ្ដាប់ធ្នាប់​របៀប​រៀប​រយ និង​សន្តិសុខ​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។