សកម្មជនគណបក្សប្រឆាំងនៅខេត្តឧត្ដរមានជ័យមួយចំនួនត្អូញត្អែរថា មួយរយៈចុងក្រោយនេះអាជ្ញាធរបានដាក់កម្លាំងប៉ូលិស និងប្រជាការពារភូមិតាមដានសកម្មភាពរបស់ពួកគាត់ស្ទើរគ្រប់ទីកន្លែង ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីក្នុងការរស់នៅ។ មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកសកម្មភាពនេះថា ជាទង្វើខុសច្បាប់។
ប្រធានគណបក្សសង្គ្រោះជាតិក្រុងសំរោង ខេត្តឧត្ដរមានជ័យលោក ធួក ធឿយ ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៤ ឧសភាថា មួយរយៈចុងក្រោយនេះ មានមេភូមិ ប្រជាការពារភូមិ និងប៉ូលិសមូលដ្ឋាន តាមដានឃ្លាំមើលសកម្មភាពរបស់លោកគ្រប់ទីកន្លែង ជាពិសេស នៅកាលពីថ្ងៃទី៩ ឧសភា ពេលលោកចេញដំណើរទៅគាំទ្រកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចូលបំភ្លឺតុលាការខេត្តបាត់ដំបង ប៉ុន្តែបានអាក់ខានទៅវិញ បន្ទាប់ពីប៉ូលិសក្នុងខេត្តមួយនេះបានឃាត់រថយន្តរបស់លោកសាកសួរចាប់កំហុសជាច្រើនកន្លែង ដែលខុសពីពលរដ្ឋដទៃពុំមែនសកម្មជនបក្សប្រឆាំងនោះ។ លោកថា ការធ្វើបែបនេះ រំខានខ្លាំងដល់សេរីភាពដើរហើររបស់លោក៖ «យើងចង់ទៅណាគេមានបណ្ដាញមើលយើងទាំង ថ្ងៃដែលខ្ញុំទៅបាត់ដំបង គេកាក់ឡាងខ្ញុំហើយប័ណ្ណបើកបរបរមានទាំងអស់ តែគេចោទថាកង់ឡានខ្ញុំអស់ក្រឡា ប៉ូលិសប៉ុស្តិ៍នៅចុងកាល់ ហើយគេកាក់ខ្ញុំរួចហើយគេហៅប៉ូលិសចរាចរមកត្រួតពិនិត្យ តែតាមការត្រួតពិនិត្យប៉ូលិសរដ្ឋបាលប៉ុស្តិ៍អ្នកកាក់ខ្ញុំទេ។ខ្ញុំស្នើឱ្យអង្គការជាតិនិងអន្តរជាតិជួយអន្តរាគមន៍ដល់ពួកខ្ញុំផង ដើម្បីដើរហើររកស៊ីបានដូចគេ » ។
ការដាក់កម្លាំងតាមដាននេះមិនមែនមានចំពោះសកម្មជនតែម្នាក់លោកនោះទេ គឺសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិជាច្រើននាក់ទៀតក៏សមត្ថកិច្ចតាមដានយ៉ាងតឹងរ៉ឹងដែរ ហើយពួកគាត់បានត្អូញត្អែរលើបញ្ហានេះគ្រប់គ្នា ប៉ុន្តែអ្នកខ្លះមិនហ៊ានបញ្ចេញមតិនោះទេ ព្រោះខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញដល់ក្រុមគ្រួសាររបស់ពួកគាត់ធ្វើឱ្យមិនអាចរស់នៅក្នុងស្រុកបាន។
សមាជិកក្រុមប្រឹក្សាឃុំអំពិលជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ អ្នកស្រី ស្លោម ចរិយា ប្រាប់អាស៊ីសេរីថា ចាប់តាំងពីអ្នកស្រីទៅគាំទ្រសកម្មជនបក្សប្រឆាំងចូលបំភ្លឺតុលាការខេត្តបាត់ដំបងមក គឺប៉ូលិសជាច្រើននាក់តែងតែមកឃ្លាំមើលផ្ទះរបស់អ្នកស្រីជាញឹកញាប់ និងមានសកម្មភាពទ្វេដង បើប្រៀបនឹងពេលមិនទាន់មានការកោះហៅសកម្មជនចូលបំភ្លឺតុលាការនោះ៖ «ស ម្រាប់ខ្ញុំគិតថាវាមិនសមចំពោះខ្ញុំទេ ព្រោះក្រុមគ្រួសារខ្ញុំមិនដែលធ្វើអ្វីខុសទេ តែគេតាមនិន្ទាខ្ញុំរហូត សូម្បីតែរកស៊ីក៏មិនដែលរកស៊ីខុសច្បាប់ដែរ តែខ្ញុំអត់ដែលខ្វល់ទេព្រោះខ្ញុំគិតថា ពួកខ្ញុំអត់បានធ្វើខុសច្បាប់ផង គេធ្វើបែបនេះវាជារឿងនយោបាយ ដែលជាការគំរាមកំហែងធ្វើអោយខ្ញុំធ្វើពួកខ្ញុំតក់ស្លុត កុំអោយពួកខ្ញុំមានការតស៊ូព្យាយាមលើរឿងនយោបាយទៀត » ។
ឆ្លើយតបនឹងបញ្ហានេះអធិការនគរបាលស្រុកបន្ទាយអំពិលលោក ឌៀប សារឿន ប្រាប់អាស៊ីសេរីថា ប៉ូលិសមិនបានតាមដានឃ្លាំមើលសកម្មជនគណបក្សប្រឆាំងដូចការចោទប្រកាន់នោះទេ។លោកអះអាងថា បញ្ហាដែលសកម្មជនប្រឆាំងឃើញប៉ូលិសធ្វើដំណើរឆ្លងកាត់មុខផ្ទះរបស់ពួកគាត់ញឹកញាប់នោះ គឺជាការចុះការពារសុវត្ថិភាពនៅតាមមូលដ្ឋាននិងការចុះចែកអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ តែពួកគាត់បានព្រួយបារម្ភដោយខ្លួនឯងហើយទម្លាក់កំហុសដាក់ប៉ូលិសទៅវិញ៖ «គ្រាន់តែខ្ញុំដើរចែកអត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារ ខ្ញុំដើរបង្ក្រាបបទល្មើសតាមភូមិឃុំរបស់មាន បើថារឿងនយោបាយមិនដែលមានទេ។ខ្ញុំធ្វើការតាមភូមិទើបមកដល់កន្លែងមិញនេះទេខ្ញុំដើររាល់ថ្ងៃបង !» ។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ថ្មីៗ នេះ បានប្រកាសជាចំហម្ដងហើយម្ដងទៀត ថារបបលោកនឹងបន្តតាមកម្ទេចមន្ត្រីគណបក្សប្រឆាំងដោយមិនទុកឱ្យពួកគេមានជីវិតនោះទេ ប្រសិនបើអន្តរជាតិដាក់គំនាបសេដ្ឋកិច្ចលើកម្ពុជានោះ។
ក្រោយការសម្លុតព្រមាននេះ អាជ្ញាធរនៅតាមមូលដ្ឋានតាមដានសកម្មភាព និងរឹតត្បិតសិទ្ធិសេរីរបស់សកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តឧត្ដរមានជ័យលោក ស្រី ណារ៉េន ចាត់ទុកទង្វើរបស់សមត្ថកិច្ចនេះថា ការបំភិតបំភ័យបិទសិទ្ធិសេរីរបស់ពលរដ្ឋដោយខុសច្បាប់ ព្រោះរដ្ឋធម្មនុញ្ញចែងថាពលរដ្ឋគ្រប់រូបមានសិទ្ធិបញ្ចេញមតិ សិទ្ធិចូលរួមគណបក្សនយោបាយ និងសិទ្ធិដើរហើរដោយសេរី៖ «យើងយល់ថាជាការភ័យខ្លួនឯងឬយ៉ាងម៉េចក៏មិនដឹងដែរ វាសំខាន់គឺអាជ្ញាធរនឹងគាត់ចេះតែសង្ស័យៗ អីចឹងទៅ ប៉ុន្តែខ្ញុំយល់ថា សកម្មជនរបស់គណបក្សសង្គ្រោះជាតិគេរំលាយចោលអស់ហើយ បើអីចឹងទេធ្វើយ៉ាងណាផ្ដល់សេរីអោយពួកគាត់រស់បានពេញលេញដូចប្រជាពលរដ្ឋទៅ កុំអោយចេះតែលាបពណ៌សង្ស័យគាត់បែបនេះទៀត » ។
ការធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងនេះបន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្សី បានដឹកនាំពលករខ្មែរប្រមាណ ៨ពាន់នាក់ ធ្វើបាតុកម្មភ្លើងទៀននៅទីលានខាងមុខសាលាក្រុងក្វាងជូ ប្រទេសកូរ៉េខាងត្បូងកាលពីយប់ថ្ងៃទី២០ ខែមេសា។ បាតុកម្មនេះ រៀបចំដោយចលនាយុវជនខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីបង្ហាញឆន្ទៈប្រឆាំងរបបក្រុងភ្នំពេញដឹកនាំដោយលោក ហ៊ុន សែន ដែលបានរំលាយគណបក្សសង្គ្រោះជាតិ និងចាប់ឃុំខ្លួនមេដឹកនាំគណបក្ស គឺលោក កឹម សុខា។ ចាប់តាំងពីពេលនោះមកសមត្ថកិច្ចនៅតាមខេត្តបានតាមដាន ដោយខេត្តខ្លះបានកោះហៅសកម្មជនគណបក្សប្រឆាំងចូលបំភ្លឺតុលាការជាបន្តបន្ទាប់ ដោយចោទប្រឆាំងសាលដីកាតុលាការកំពូលរឿងរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៧។
មន្ត្រីគណបក្សបក្សទាំង ២នាក់នៅខេត្តឧត្តរមានជ័យ អះអាងថា បើទោះបីជាមានគំរាមកំហែងយ៉ាងនេះក្ដីក៏សកម្មជនគណបក្សរបស់លោកបានត្រៀមខ្លួនជាស្រេចដើម្បីទៅស្វាគមន៍លោក សម រង្ស៊ី វិលចូលស្រុកវិញបានគ្រប់ពេល ដោយមិនមានការភ័យខ្លាចនោះឡើយ ព្រោះពួកគាត់យល់ថា ស្ថានការណ៍នយោបាយនៅកម្ពុជាសព្វថ្ងៃមានតែលោក សម រង្ស៊ី និងលោក កឹម សុខា ទេ ដែលជួយស្ដារប្រជាធិបតេយ្យឱ្យរស់នៅឡើងវិញនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
