របប​ភ្នំពេញ​បញ្ជាក់​ជំហរ​ស្វាគមន៍​មេ​ដឹកនាំ​បក្ស​ប្រឆាំង​វិល​ចូល​កម្ពុជា​គ្រប់​ផ្លូវ​និង​គ្រប់​ពេល

0:00 / 0:00

របប​ក្រុងភ្នំពេញ​បញ្ជាក់​ថា របប​នេះ នៅតែ​ស្វាគមន៍​មេដឹកនាំ​គណបក្ស​ប្រឆាំង​វិល​ចូល​កម្ពុជា​វិញ គ្រប់​ផ្លូវ និង​គ្រប់ពេលវេលា ព្រោះ​របប​នេះ រក្សា​គោលជំហរ​ចាប់​លោក សម រង្ស៊ី ឱ្យ​ទាល់តែ​បាន។ ទោះ​យ៉ាង​ណា​ក្ដី ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ខ្លះ បាន​ទៅដល់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ជា​បណ្ដើរៗ ហើយ។

ប្រធាន​ក្រុម​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​មិន​បាន​ហាមឃាត់​យន្តហោះ​​ដឹក លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ឡើយ​។ ទោះបីជា​យ៉ាងណា លោក​ថា ការ​យល់​ព្រម​ដឹក ឬ​មិន​យល់ព្រម ជា​រឿង​របស់​ក្រុមហ៊ុន​យន្តហោះ​នោះ។ លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​រក្សា​ជំហរ​ដដែល គឺ​ចាប់ខ្លួន​លោក សម រង្ស៊ី ឱ្យ​ទាល់តែ​បាន ពេល​វិល​ចូល​ដល់​កម្ពុជា ហើយ​ប្រសិន​បើ​​អ្នកគាំទ្រ ឬ​អ្នក​ហែហម​ធ្វើ​សកម្មភាព​ណាមួយ ដែល​រដ្ឋាភិបាល​យល់ថា ជា​សកម្មភាព​រដ្ឋ​ប្រហា​រ អាជ្ញាធរ​នឹង​បើក​យុទ្ធនាការ​បង្ក្រាប ឬ​កម្ទេច​តែ​ម្ដង៖ «រឿង​យន្តហោះ​ដឹក រង្ស៊ី ជា​រឿង​របស់​ក្រុមហ៊ុន​យន្តហោះ​។ ចំពោះ​ជំហរ​រដ្ឋាភិបាល គឺ​ចាប់ រង្ស៊ី ហើយ​បើ​មាន​សកម្មភាព​ណាមួយ ផុលផុស ដែល​ចាត់​ថា ជា​​សកម្មភាព​ណាមួយ​ធ្វើ​រដ្ឋប្រហារ យើង​នឹង​កម្ទេច ឬ​បង្ក្រាប​។ យើង​មិន​មែន​បិទ​ជើង​យន្តហោះ​ឯណា ខ្ញុំ​អត់​ដឹង​ទេ។ អាហ្នឹង ខ្ញុំ​អត់​ដឹង ខ្ញុំ​អត់​ដឹង តែ​បើ​ធម្មតា គោលបំណង​របស់​រាជ​រដ្ឋាភិបាល គឺ​ចាប់​សម រង្ស៊ី ចាប់​ដាក់គុក ឆ្លើយតប​នឹង​បញ្ជា​របស់​តុលាការ​។ តែ​ប៉ុន​ហ្នឹង ហើយ​ស្ថានភាព​បែប​ណា​មួយ ដែល​កើត​ឡើង ដែល​យើង​មើល​យល់​ឃើញ​ថា ជា​ការ​ញុះញង់ បង្កើន​ឱ្យ​ច្របូកច្របល់​សាធារណៈ ដែល​មាន​ទិសដៅ​រដ្ឋប្រហារ យើង​នឹង​ចាត់វិធានការ ទោះ​តម្លៃ​បែប​ណា​ក៏​ដោយ»។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ របប​ក្រុងភ្នំពេញ ធ្លាប់​ចាត់វិធានការ​ហាម​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់ ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​មក​កម្ពុជា មិន​ត្រូវ​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ឡើង​យន្តហោះ ត្រលប់​មក​ចូល​ប្រទេស​កម្ពុជា​ទេ ហើយ​ត្រូវ​ផ្ដល់​របាយការណ៍​ទៀងទាត់ ក្នុង​ករណី​លោក សម រង្ស៊ី ទិញ​សំបុត្រ​យន្តហោះ​ធ្វើដំណើរ​ចូល​កម្ពុជា។

ប៉ុន្តែ ១​ឆ្នាំ​ក្រោយ​មក លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ បាន​បញ្ជា​ឱ្យ​លុបចោល​បម្រាម​នោះ ដោយ​លែង​ឃាត់ឃាំង​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​ទៀតហើយ ខណៈ​តុលាការ​នៃ​របប​ក្រុងភ្នំពេញ បាន​កាត់​ទោស​លោក សម រង្ស៊ី ជា​បន្តបន្ទាប់។

ប្រតិកម្ម​របស់​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន ធ្វើ​ដោយសារតែ លោក សម រង្ស៊ី ថ្លែងប្រាប់ វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​កាលពី​ទី​១៨ តុលា​ថា លោក​ឈប់​ជ្រើស​រើស​យក​ជម្រើស​ជិះ​យន្តហោះ​ទៅ​ចុះ​នៅ​កម្ពុជា​ទៀតហើយ។ លោក សម រង្ស៊ី ថា គម្រោង​ថ្មី​របស់​លោក​គឺ ដឹកនាំ​ពលរដ្ឋ និង​ពលករ​ខ្មែរ មកពី​គ្រប់​ប្រទេស​បង្កើត​ជា រលក​យក្ស (Tsunami) ដើរ​ចូល កម្ពុជា តាម​ច្រក​ព្រំដែន​គោក​វិញ៖ «ជិះ​យន្តហោះ ម្ដេច​នឹង​កើត បើ​គ្នា​រាប់​ម៉ឺន រាប់​សែន រាប់​លាន​នាក់ ឱ្យ​ទៅ​ជិះ​យន្តហោះ​ម្ដេច​នឹង​កើត មាន​យន្តហោះ​ឯណា ដឹក​ពួក​យើង មានតែ​យើង​ធ្វើដំណើរ​ថ្មើរជើង​គ្រប់​តែ​គ្នា»។

គិត​ត្រឹម​ថ្ងៃ​ទី​១៩ តុលា នៅ​សល់​តែ​ ២១​ថ្ងៃ​ទៀត ដល់​ថ្ងៃ​កំណត់​ដែល​លោក សម រង្ស៊ី សន្យា​វិល​ចូល​ប្រទេស​កម្ពុជា​ហើយ។ បច្ចុប្បន្ន អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ២​នាក់ គឺ​អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង បាន​ទៅដល់​ទ្វីប​អាស៊ី​ហើយ​។ អ្នក​ទាំង​២ កំពុង​ជួបជុំ​សមាជិក​បក្ស​ប្រឆាំង​រត់​ភៀសខ្លួន នៅ​​តាម​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខ​ហួរ សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក (facebook) ភ្ជាប់​នឹង​រូបថត អ្នក​ទាំង​២ ជាមួយ​សកម្មជន​បក្ស​ប្រឆាំង ៦​នាក់​ផ្សេង​ទៀត ដោយ​បង្ហោះ​សារ​ថា ពួកគេ​ជួប​គ្នា ហើយ​ត្រៀមខ្លួន​វិល​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាង​មុខ។

ចំពោះ​ការ​ជុំ​គ្នា​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្បែរ​កម្ពុជា​នេះ លោក ផៃ ស៊ីផាន ប្រាប់​ថា លោក​មិន​អាច​ជម្រាប​បានទេ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​សុំ​ឱ្យ​ថៃ ឬ​អាជ្ញាធរ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ចាប់ខ្លួន​លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ ឱ្យ​កម្ពុជា ឬ​អត់​ទេ​នៅ​ឡើយ​ទេ៖ «អាហ្នឹង ជា​រឿង​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល ខ្ញុំ​មិន​មាន​សិទ្ធិ​អ្វី ទៅ​ជម្រាប​ប្អូន​ឯង ហូរហែ​ទេ»។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់​ថា លោក សម រង្ស៊ី ចាំ​បាច់​ត្រូវតែ​វិល​ចូល​ស្រុក​វិញ តាម​ការ​សន្យា ដើម្បី​បុព្វហេតុ​ជាតិ បើ​មិន​ដូច្នេះ​ទេ ជា​ការ​សម្លាប់​ទឹកចិត្ត​អ្នក​ប្រជាធិបតេយ្យ​។ លោក គឹម សុខ បន្ត​ថា ថ្វី​បើ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី អាច​នាំ​ឱ្យ​មាន​ភាព​តានតឹង ចម្រូងចម្រាស និង​មាន​ហានិភ័យ តែ​បើ​គម្រោង​នេះ​ធ្វើ​បាន​វិញ នោះ​សហគមន៍​អន្តរជាតិ នឹង​បង្កើន​កាតព្វកិច្ច សង្កត់​របប​ក្រុងភ្នំពេញ កុំ​ឱ្យ​ដឹកនាំ​របៀប​ផ្ដាច់ការ​ដូច​សព្វថ្ងៃ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។