អតីតមហេសីទ្រង់ នរោត្តម រណឫទ្ធិ ម្ចាស់ក្សត្រី ម៉ារី រណឫទ្ធិ ថា សុខភាពទ្រង់ រណឫទ្ធិ ប្រសើរឡើងវិញក្រោយសម្រាកព្យាបាលជិតមួយឆ្នាំ។
ម្ចាស់ក្សត្រី បញ្ជាក់ថា ទ្រង់ រណឫទ្ធិ អាចដើរបាននៅពេលដែលសម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុបានយាងសួរសុខទុក្ខព្រះរាជសុខភាពនៅដំណាក់ វាលស្បូវ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល៖ «អត់អីទេឥឡូវហ្នឹងលោកស្រួលបួលជាងមុនច្រើនហើយ។ លោកសោយអីបានពីព្រោះលួងម៉ែទើបយាងមកសួរសុខទុក្ខលោក»។
ទ្រង់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៨ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងខណៈដែលព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា ព្រមទាំងក្រុមគ្រួសារកំពុងធ្វើដំណើរតាមរថយន្ត មកទីក្រុងភ្នំពេញ។
អ្នកម្នាង អ៊ុក ផល្លា បានបាត់បង់ជីវិតនៅតាមផ្លូវ បន្ទាប់ពីបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ខេត្តព្រះសីហនុ។
អាជ្ញាធររបបក្រុងភ្នំពេញបានប្រញាប់ប្រញាល់អះអាងថា គ្រោះថ្នាក់នេះ មិនមែនជាការប៉ុនប៉ងធ្វើឃាតទេ ប៉ុន្តែសំណុំរឿងនៅមិនទាន់ស៊ើបអង្កេតបញ្ចប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
